ព្រះសង្ឃនិងអ្នកគាំទ្រដែលកំពុងដើរក្បួនដើម្បីសន្តិភាពក្នុងរយៈពេល១០ថ្ងៃចូលមករាជធានីភ្នំពេញ ជាផ្នែកមួយនៃការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ បានមានសង្ឃដីកា និងនិយាយកាលពីម្សិលមិញថា វត្តនៅតាមផ្លូវបានព្យាយាមបិទទ្វារមិនឲ្យអ្នកដើរក្បួនចូល ហើយយ៉ាងហោចណាស់ក៏អ្នកដើរក្បួនបានប៉ះទង្គិចជាមួយនគរបាលមួយដងដែរ។

ព្រះសង្ឃប្រហែល១០០អង្គកំពុងដឹកនាំអ្នកដើរក្បួនដែលបានចាប់ផ្ដើមចេញដំណើរកាលពីថ្ងៃអាទិត្យពីចំណុចផ្សេងៗតាមផ្លូវជាតិលេខ៥ឆ្ពោះមករាជធានីភ្នំពេញ។ ព្រះសង្ឃដែលដឹកនាំការដើរក្បួនដើម្បីតវ៉ានឹងលទ្ធផលនៃការបោះឆ្នោតជាតិកាលពីខែកក្កដា ការបណ្ដេញចេញពីដីទាំងបង្ខំ និងការរំលោភសិទ្ធិមនុស្សនោះ មានគម្រោងដាក់ញត្តិរបស់ខ្លួនជូនសមាជិកសភាគណបក្សប្រជាជនកម្ពុជានៅពេលខ្លួនមកជួបជុំគ្នាតាមការគ្រោងទុកនៅមុខរដ្ឋសភានៅថ្ងៃទី១០ធ្នូ ។ ប៉ុន្តែអ្នកដើរក្បួនបាននិយាយថា ខ្លួនមានជំនួយតិចតួចពីវត្តជាច្រើននៅតាមផ្លូវ។
លោក វ៉ន ពៅ សកម្មជនម្នាក់ដែលមិនមែនជាព្រះសង្ឃ ប៉ុន្តែបានចូលរួមការដើរក្បួននៅតាមផ្លូវជាតិលេខ៦ មានប្រសាសន៍ថា នគរបាលមូលដ្ឋានបានប្រើប្រាស់ម៉ូតូរបស់ពួកគេដើម្បីបិទផ្លូវចូលវត្តបារាយណ៍ នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅពេលដែលក្រុមរបស់លោកទៅដល់ទីនោះ កាលពីល្ងាចថ្ងៃអង្គារ ដើម្បីស្នាក់នៅវត្តនោះមួយយប់។
លោក វ៉ន ពៅ មានប្រសាសន៍ថា ដោយមិនរួញរាចំពោះការបំភិតបំភ័យនេះព្រះសង្ឃ និងអ្នកគាំទ្របានសម្រុកចូលទៅក្នុងបរិវេណវត្តនោះដោយរុញផ្តួលម៉ូតូនគរបាល និងប៉ះទង្គិចគ្នាមួយប្រាវជាមួយនគរបាល និងព្រះសង្ឃនៅមូលដ្ឋាននោះ ដែលបានព្យាយាមរារាំងមិនឲ្យក្រុមអ្នកដើរក្បួនចូល។ លោក វ៉ន ពៅ បានបន្ថែមថា “យើងបានរុញផ្ដួលម៉ូតូទាំងនោះ ពីព្រោះអាជ្ញាធរ និងគណៈកម្មាធិការវត្តបានបិទខ្លោងទ្វារវត្តមិនឲ្យយើងចូល។
លោកបានមានប្រសាសន៍ថា ទោះបីជាព្រះសង្ឃនៅវត្តនោះអនុញ្ញាតឲ្យអ្នកដើរក្បួនស្នាក់នៅមួយយប់ក្នុងបរិវេណវត្តនោះក៏ដោយ “ ក៏គណៈកម្មាធិការវត្តបានចាក់សោកុដិលោកទាំងអស់មិនឲ្យព្រះសង្ឃរបស់យើងចូលគង់នៅក្នុងកុដិនោះឡើយ”។
លោក ម៉ម សុខ សមាជិកក្រុមប្រឹក្សាស្រុកបារាយណ៍មកពីគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការវត្តបារាយណ៍បានបញ្ជាក់អំពីការប៉ះទង្គិចគ្នារវាងព្រះសង្ឃ និងអ្នកគាំទ្រជាមួយនគរបាល និងព្រះសង្ឃមូលដ្ឋាន។ លោក ម៉ម សុខ បានចោទអ្នកដើរក្បួនថាមានចរិតមិនល្អ ហើយបានបន្ទោសពួកគេចំពោះការចូលមកដោយគ្មានការអនុញ្ញាតពីព្រះសង្ឃថ្នាក់លើ។ លោកបានមានប្រសាសន៍ថា “ យើងចង់រារាំងពួកគេមិនឲ្យចូល ពីព្រោះពួកគេមិនមានលិខិតអនុញ្ញាតឲ្យស្នាក់នៅក្នុងវត្តនេះទេ។ពួកគេជាភ្ញៀវ ដូច្នេះពួកគេគួរតែស្នើសុំការអនុញ្ញាតពីយើងសិន”។
លោក ឃុន នាងម៉េង នាយប៉ុស្តិ៍នគរបាលឃុំបានបញ្ជាក់ថា មន្ត្រីរបស់លោកមួយចំនួនបានចូលរួមនៅក្នុងហេតុការណ៍នេះ ប៉ុន្តែ លោកបានមានប្រសាសន៍ថា លោកមិនអាចនិយាយអំពីអ្វីដែលបានកើតឡើងបានទេ ពីព្រោះលោកមិនបានស្ថិតនៅទីនោះ។ ទោះជាយ៉ាងណា លោក វ៉ន ពៅ បន្ទោសទៅលើនយោបាយចំពោះការមិនទទួលអ្នកដើរក្បួនឲ្យបានត្រឹមត្រូវនេះ។
លោកបានមានប្រសាសន៍ថា “លោក ម៉ម សុខ គឺជាសមាជិកក្រុមប្រឹក្សាស្រុកមកពីគណបក្សប្រជាជនកម្ពុជា ដូច្នេះគាត់បម្រើគណបក្សប្រជាជនកម្ពុជា”។លោកបានបន្ថែមថា អ្នកដើរក្បួនដែលកំពុងដើរឆ្ពោះមករាជធានីភ្នំពេញ តាមផ្លូវជាតិផ្សេងៗទៀតក៏មានបញ្ហាស្រដៀងគ្នាជាមួយអាជ្ញាធរមូលដ្ឋានដែរ។ លោកបានមានប្រសាសន៍ថា “ អ្នកដើរក្បួនជួនកាលត្រូវដេកនៅតាមចិញ្ចើមផ្លូវជាតិ ឬនៅតាមវាលស្រែ ពីព្រោះទ្វារវត្តភាគច្រើនត្រូវគេចាក់សោបិទនៅពេលយើងទៅឈប់សម្រាកសម្រាប់អាហារថ្ងៃត្រង់ឬសម្រាកពេលយប់នៅទីនោះ”។
នៅតាមផ្លូវជាតិលេខ៤កាលពីម្សិលមិញព្រះតេជគុណ ងឹម សៅសំខាន់ បានមានសង្ឃដីកាថា ព្រះសង្ឃនៅវត្តមួយក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានបិទខ្លោងទ្វារវត្តនៅពេលអ្នកដើរក្បួនចូលឈប់សម្រាកសម្រាប់អាហារថ្ងៃត្រង់។ ព្រះតេជគុណបានមានសង្ឃដីកាថា ព្រះសង្ឃមូលដ្ឋានបានបិទខ្លោងទ្វារវត្តមិនឲ្យយើងចូល ប៉ុន្តែអ្នកដើរក្បួននៅតែអាចបើកទ្វាររុញចូលបាន។
ព្រះអង្គមានសង្ឃដីកាថា “គណៈកម្មាធិការវត្តនោះ បានព្យាយាមបិទខ្លោងទ្វារវត្ត ប៉ុន្តែយើងទាំងអស់គ្នាបានរុញទ្វារនោះចូលតែម្ដង។ ខ្ញុំគិតថា មានបទបញ្ជាមិនឲ្យចូលវត្តនោះពីថ្នាក់លើ”។ នៅតាមផ្លូវជាតិលេខ៥ឯណោះវិញ ព្រះតេជគុណ ប៊ុន ប៊ុនទិញ ដែលដឹកនាំបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងជាអ្នករៀបចំការដើរក្បួនរយៈពេល១០ថ្ងៃនេះបានមានសង្ឃដីកាថា ព្រះអង្គក៏មានបញ្ហាក្នុងការរៀបចំកន្លែងស្នាក់នៅសម្រាប់ក្រុមរបស់ព្រះអង្គដែរកាលពីយប់ម្សិលមិញនៅវត្តមួយក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ព្រះតេជគុណបានមានសង្ឃដីកាថា “ព្រះគ្រូចៅអធិការវត្តនោះខ្លាចអាជ្ញាធរមូលដ្ឋាន ដូច្នេះព្រះអង្គមិនអនុញ្ញាតឲ្យយើងសម្រាកនៅក្នុងវត្តនោះទេ។ អាជ្ញាធរមូលដ្ឋានបានដាក់សម្ពាធមកលើព្រះអង្គមិនឲ្យអនុញ្ញាតឲ្យយើងចូលស្នាក់នៅ។ ប៉ុន្តែយើងបានចរចា ហើយឥឡូវនេះព្រះអង្គអនុញ្ញាតឲ្យយើងចូលហើយ។ យើងបានប្រាប់ព្រះអង្គថា យើងទទួលខុសត្រូវទាំងស្រុង ប្រសិនបើមានបញ្ហាណាមួយ ហើយថា យើងគ្រាន់តែដើរក្បួនដើម្បីយុត្តិធម៌សង្គមប៉ុណ្ណោះ”។
លោក ង៉ែត ចាន់បូ ប្រធាននាយកដ្ឋានកិច្ចការសាសនានៅក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ក្រសួងមិនបានគាំទ្រអ្នកដើរក្បួនទេ “ពីព្រោះពួកគេអាចធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ”។ លោក ចាន់បូ បានបដិសេធថា ក្រសួងមិនបានជាប់ពាក់ព័ន្ធនឹងបញ្ហាដែលអ្នកដើរក្បួនកំពុងជួបប្រទះនៅតាមវត្តនានាទេ។
លោក ចាន់បូ បានមានប្រសាសន៍បន្ថែមថា “ក្រសួងមិនបានណែនាំគណៈកម្មាធិការវត្តទាំងនោះមិនឲ្យអនុញ្ញាតឲ្យព្រះសង្ឃទាំងនោះចូលសម្រាកនៅពេលដើរក្បួននោះទេ ហើយខ្ញុំមិនដឹងអំពីរឿងទាំងអស់នេះទេ”។ ព្រះសង្ឃមួយចំនួនតូច ប៉ុន្តែកំពុងកើនច្រើនឡើងៗបានធ្វើសកម្មភាពប្រឆាំងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពីការបោះឆ្នោតកាលពីខែកក្កដាមក ហើយគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្ររបស់ខ្លួនចោទគណបក្សប្រជាជនកម្ពុជាថា បានលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតនេះ៕ គឹមហឿន