34 C
Phnom Penh

លោក ហ៊ុន សែន ដាំ​​​ដើម​​​គ្រញូង​​​ដើម្បីរំឭក​​​ខួបទី​​​៥៥​​​​​​នៃ​​​ទំនាក់​​​ទំនង​​​ការ​​​ទូត​​​ជាមួយប្រទេស​​​​​​ចិន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ប្រធាន​​​​សមាគម​មិត្តភាព​ចិន​-កម្ពុជា​ ដែល​មក​ធ្វើ​ទស្សន​​កិច្ច​បាន​ដាំ​ដើម​ឈើ​នៅ​ក្នុង​បរិវេណ​​​វិមាន​សន្តិ​ភាព​ក្នុង​រាជធានីភ្នំពេញ​កាលពី​ម្សិលមិញ ដើម្បី​​​រំឭក​ខួប​ទី៥៥​នៃ​ទំនាក់​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​។

លោកស្រី គូ ស៊ីវលៀន ប្រធាន​សមាគម​មិត្តភាព​ចិន​-កម្ពុជា​ បាន​ដាំ​កូន​ឈើ​ក្រអូប​​ដែល​គេ​អាច​យក​ទៅ​ផលិតឱសថ​នៅ​ពេល​ដែល​វា​ធំឡើង​ រីឯលោក​ ហ៊ុន សែន បាន​ដាំ​ដើម​គ្រញូង​ ដែល​ដុះ​នៅ​ក្នុង​ព្រៃ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក ស្រ៊ី ថាំរង្គ ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​ ការ​​​​ដាំដើម​ឈើ​នេះ​​គឺ​ដើម្បី​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី គូ ស៊ីវលៀន និង​បង្ហាញ​ពី​កិច្ច​សហ​ប្រតិបត្តិការ​រឹង​មាំ​រវាង​ប្រទេស​ទាំងពីរ​។ លោក​បាន​មាន​ប្រសាសសន៍​ដោយ​មិន​បញ្ជាក់​លម្អិត​ថា “នៅ​​ពេល​យើង​មាន​វិបត្តិ​នយោបាយ​ យើង​ទទួល​ការ​ធ្វើ​ទស្សន​កិច្ច​ពីថ្នាក់​ដឹកនាំចិន​ ដូច​ជា​ក្នុង​ពេ​ល​ថ្មីៗ​នេះ យើង​បានទទួល​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​​”​។

លោក​បន្ថែម​ថា “សម្ដេច​ចាត់​ទុក​ជំនួយ​​របស់ប្រទេស​ចិន​ទាំង​អស់​ថា​ មិន​​ត្រឹម​​តែ​​មាន​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍរបស់​សេដ្ឋ​​​កិច្ច​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ពង្រឹង​​ឯក​រាជភាព​​នយោបាយ​របស់​កម្ពុជា​ដែរ​”។ ការ​ដាំ​ដើម​ឈើ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​​​ដែល​ព្រៃ​ឈើ​កម្ពុជា​កំពុង​ត្រូវ​បាន​កាប់​បំផ្លាញ​​​​ដោយ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​​ដោយ​សារ​ឈើ​​គ្រញូង​មាន​តម្លៃ​ខ្ពស់​ ហើយ​ភាគច្រើន​ត្រូវ​បាន​ដឹក​ទៅ​ប្រទេស​ចិន។

ឯក​សារ​នាំចូល​របស់​ចិន​ដែល​ទទួល​បាន​កាលពីឆ្នាំមុន​បង្ហាញ​ថា​ ឈើ​ប្រណិត​ជាង​៣៦.០០០​ម៉ែត្រ​គូប ដែល​មាន​តម្លៃ​ជាង​៦០​លាន​ដុល្លារ ត្រូវ​បាន​នាំ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​ចន្លោះ​ពីខែ​មករា​ ឆ្នាំ​២០០៧ ដល់​ខែ​សីហា ឆ្នាំ​២០១២​។ លោក ថាំរង្គ បាន​មាន​ប្រសាសន៍​បន្ទាប់​ពីដាំ​កូន​ឈើ​នេះ​ថា​ លោកស្រី គូ ស៊ីវ​លៀន បាន​សរសើរ​ចំពោះ​ការ​អភិវឌ្ឍយ៉ាង​លឿន​របស់​កម្ពុជា​ និង​ចំពោះ​ការ​គាំទ្រ​ចិន​។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រជា​ជន​ចិន​តែង​តែ​គាំទ្រ និង​អរគុណ​កម្ពុជា​ ពីព្រោះ​កម្ពុជា​បាន​គាំទ្រ​នយោបាយ​ និង​ការ​អភិវឌ្ឍ​របស់​ចិន​”។ ចិន​គឺ​ជា​វិនិយោគិន​បរទេស​ធំ​ជាង​គេ​នៅ​កម្ពុជា​។ លោកស្រី គូ ស៊ីវលៀន បានមាន​ប្រសាសន៍​​ថា ពេល​លោកស្រី​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ លោកស្រី​មាន​អារម្មណ៍​ដូចជា​នៅ​ក្នុង​ផ្ទះ​របស់​​​​​​​ខ្លួន​អ៊ីចឹង​”៕គឹមហឿន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស