កាលពីម្សិលមិញ នគរបាលបានចាប់ខ្លួនបុរសបីនាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបូកស្ត្រីអាយុ១៨ឆ្នាំម្នាក់នៅក្នុងខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃសុក្រ ចំណែកឯជនសង្ស័យប្រាំនាក់ទៀត ដែលជាប់ពាក់ព័ន្ធនៅក្នុងការរំលោភនេះដែរកំពុងរត់គេចខ្លួននៅឡើយ។
លោក ប៉េ ប៊ុនចុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានមានប្រសាសន៍ថា មន្ត្រីរបស់លោកបានចាប់ផ្ដើមស៊ើបអង្កេតបទឧក្រិដ្ឋនេះបន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅអង្គការសិទ្ធិមនុស្សអាដហុក កាលពីថ្ងៃច័ន្ទ ហើយពាក្យបណ្ដឹងនេះត្រូវបានបញ្ជូនបន្តមកកងរាជអាវុធហត្ថ។ លោក ប៊ុនចុង មានប្រសាសន៍ថា “យើងបានចាប់ខ្លួនជនសង្ស័យបីនាក់ ប៉ុន្តែយើងកំពុងស្វែងរកជនសង្ស័យដទៃទៀតដែលជាប់ពាក់ព័ន្ធក្នុងករណីរំលោភបូកស្ត្រីអាយុ១៨ឆ្នាំរូបនេះ”។
លោកបានមានប្រសាសន៍ថា កងរាជអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យឈ្មោះ រិទ្ធ សុភាព អាយុ១៨ឆ្នាំកាលពីថ្ងៃច័ន្ទ ហើយបន្ទាប់មកបានចាប់ខ្លួនឈ្មោះ ញឹម ធ្នូ និង ឃួន វុទ្ធីសែន ដែលមានអាយុ១៩ឆ្នាំដូចគ្នា កាលពីថ្ងៃអង្គារ ប៉ុន្តែយើងកំពុងស្វែងរកជនសង្ស័យប្រាំនាក់ទៀតដែលតាមការអះអាងថា បានជាប់ពាក់ព័ន្ធក្នុងករណីរំលោភបូកនេះដែរ។
លោក ប៊ុនចុង បានមានប្រសាសន៍ថា យើងចាប់ខ្លួនបានជនសង្ស័យបីនាក់នៅផ្ទះរបស់ពួកគេតែម្ដង ហើយយើងកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យដទៃទៀតដែលជាប់ពាក់ព័ន្ធនៅក្នុងករណីរំលោភនេះ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ជនសង្ស័យទាំងបីនាក់នេះសារភាពថា ពួកគេពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋនេះមែន។ លោកបានមានប្រសាសន៍ថា ពួកគេនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃនេះ ដើម្បីធ្វើការចោទប្រកាន់។
ស្ត្រីរងគ្រោះបានប្រាប់នគរបាលថា នាងបានជិះម៉ូតូត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានទៅចូលរួមពិធីបុណ្យនៅវត្តមួយកាលពីថ្ងៃសុក្រ ស្រាប់តែម៉ូតូរបស់នាងខូច ហើយនាងបង្ខំចិត្តចុះបណ្ដើរមកផ្ទះតែម្នាក់ឯងនៅម៉ោងប្រហែល១០និង៣០នាទីយប់។ បុរសឈ្មោះ សុភាព ដែលនគរបាលបាននិយាយថា ត្រូវជាមិត្តប្រុសជនរងគ្រោះ បានដើរមកក្បែរនាង ហើយបានចាប់នាងដោយយកដៃខ្ទប់មាត់។ បុរសរូបនេះបានអូសនាងចូលទៅក្នុងបរិវេណសាលាបឋមសិក្សាមួយ ហើយបានចាប់រំលោភនាងតែម្ដង។ លោក ប៊ុនចុង បានមានប្រសាសន៍ថា បន្ទាប់មកជននេះ “បានហៅមិត្តភក្ដិរបស់ខ្លួន និងមនុស្សប្រហែល១០នាក់ទៀតមកចាប់រំលោភនាងម្នាក់ម្ដងៗ”។
លោក សាយ គីម នាយរងប៉ុស្តិ៍ឃុំទួលពង្រ បានមានប្រសាសន៍ថា ជនរងគ្រោះនិយាយថា បុរសឈ្មោះ សុភាព នេះបានសន្យារៀបការជាមួយនាងប្រសិនបើនាងស្បថថាមិននិយាយពីការរំលោភនេះឲ្យគេដឹង ឬដាក់ពាក្យបណ្ដឹងប្ដឹងខ្លួននោះ ជាសំណើដែលដំបូងឡើយនាងបានទទួលយកដើម្បីរក្សាភាពថ្លៃថ្នូររបស់នាង។ លោកមានប្រសាសន៍ថា “ពីដំបូងជនរងគ្រោះបានយល់ព្រមតាមសំណើរបស់ជនសង្ស័យសុំរៀបការជាមួយនាងប្រសិនបើនាងមិនធ្វើការចោទប្រកាន់ដើម្បីចៀសវាងនូវភាពអាម៉ាស់ដោយសារគេចាប់រំលោភ”។ លោកមានប្រសាសន៍ថា ទោះជាយ៉ាងណា នាងបានប្ដូរចិត្ត ហើយបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃច័ន្ទ៕សារុន