38 C
Phnom Penh

រដ្ឋាភិបាល​វិលមករក​របៀប​ដឹកនាំចាស់ ​ទោះ​បីបាន​សន្យា​ធ្វើកំណែទម្រង់​ក៏ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុង​សុន្ទ​រកថាមួយ​​ដែល​ស៊ីពេល​រហូត​ដល់​ទៅ៦​ម៉ោង​កាល​ពីខែ​កញ្ញា​​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​សូម​អភ័យ​ទោស​ចំពោះបញ្ហា​ជាច្រើន​ដែល​បានកើត​ឡើង​នៅ​ក្នុង​រដ្ឋាភិបាល​ និង​បាន​សន្យា​ថានឹង​មាន​ការ​កែទម្រង់​ច្រើន​​ជាង​មុន​ក្នុង​រយៈពេល​ប្រាំឆ្នាំ​នៃ​អាណត្តិ​របស់​លោក​។

ក្នុង​គោលដៅ​​ផ្តោត​លើ​អំពើ​ពុក​រលួយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​​កង្វះ​តម្លា​ភាព​នៅ​គ្រប់​ផ្នែក​របស់​រដ្ឋាភិបាល​​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ការ​ក្តាប់​អំណាច​យ៉ាង​ណែនរបស់​គណបក្ស​ប្រជាជន​កម្ពុជា​​​ក្នុង​រយៈពេល​តទៅ​មុខ​ទៀត​នេះ​នឹង​អាស្រ័យ​ទៅលើ​សមត្ថភាព​របស់​គណបក្ស​លោក​ ក្នុងការ​ប្តូរ​ផ្តាច់​លុបបំបាត់​​​ចន្លោះ​ប្រហោង​របស់ខ្លួន​ អំឡុង​មាន​កម្លាំង​ប្រឆាំង​កើត​ឡើង​វិញ​នៅលើ​ឆាក​នយោបាយ​។

លោក​ ហ៊ុន សែន បាន​ផ្តល់​ដំណោះ​ស្រាយ​​ដែល​មាន​៤​ជំហាន​​ដល់រដ្ឋ​​មន្ត្រី​របស់​លោក​​​​ សម្រាប់​បំបាត់​ស្នាម​ប្រឡាក់​ដែល​រដ្ឋ​មន្ត្រី​ទាំង​នោះ​ប្រហែល​ជាបាន​ធ្វើ​ឲ្យ​កើត​មាន​កាន់​តែ​ច្រើន​ចំពោះខ្លួន​ឯង​។ លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ដំបូង លោក​​​ត្រូវ​ប្រើ​កញ្ចក់​ឆ្លុះ​មើល​ខ្លួន​ឯង​។ ទី​២ លោក​ត្រូ​វងូត​ទឹក​សម្អាត​​ខ្លួន​ប្រាណ​​របស់​ លោក​។ ទី​៣ លោក​ត្រូ​វដុះជូត​ខ្លួន​ប្រាណ​​របស់​លោក​ពេល​កំពុង​ងូត​ទឹក​ ក្រែង​លោ មាន​​ក្អែល​។ ទី​៤ លោក​ត្រូវ​ព្យាបាល​ជំងឺ​របស់​លោក​ឲ្យបានជា​សះស្បើយ​”។

លោក​បាន​បន្ត​ថា រដ្ឋមន្ត្រី​នឹង​ត្រូវ​ឈរ​នៅ​មុខ​​កញ្ចក់​ជាច្រើន​ ក្នុងទំរង់​ជាវេទិកា​សាធារណៈ​សម្រាប់​ការ​រិះគន់​ កិច្ច​ប្រជុំ​ជា​មួយ​សង្គម​ស៊ីវិល​ និង​​ការ​បង្ហាញ​ខ្លួន​នៅ​ចំពោះមុខ​សភា​ក្នុង​អាណត្តិ​របស់​ខ្លួន​។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្ត​ថា “ប្រសិន​បើ​លោក​​ទាំង​អស់គ្នា​មិន​អាច​សម្រេច​កិច្ច​ការ​នេះ​បាន​ទេ​ ខ្ញុំមិន​អាច​រង់​ចាំ​ស្លាប់​ជាមួយ​អស់លោក​បាន​ទេ​”។ ក៏​ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ខែក្រោយ​មក​តាំង​ពី​លោក​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​រិះគន់​ខ្លួន​ឯង​គួរ​ឲ្យចាប់​អារម្មណ៍​មក​មាន​សញ្ញា​បន្តិច​បន្តួច ដែល​បង្ហាញ​ពី​​ទំនោរ​នៃ​ការ​កែទម្រង់​ថ្មី​​ កើត​ចេញ​ពី​គណបក្ស​របស់​លោក​​ បន្ទាប់​ពី​គណបក្ស​របស់​លោក​ទទួល​បាន​លទ្ធផល​បោះឆ្នោត​អាក្រក់​បំផុត​ក្នុង​រយៈ​ពេល​២០ឆ្នាំ​កន្លង​មក​នេះ​។

បញ្ហា​ត្អូញ​ត្អែ​រអំពី​ភាព​អន់​​ថយរបស់​រដ្ឋា​​ភិបាលសព្វថ្ងៃ​ ដែលមាន​​ប្រវែង​យ៉ាង​វែង​ ដូចជា​ករណី​បាញ់សម្លាប់​ប្រជាជន​ស៊ីវិល​ដោយ​​មន្ត្រី​នគរ​បាល​ អំឡុង​ការ​តវ៉ា​ពីរករណី​ វប្បធម៌​និទណ្ឌ​ភាព​ដែល​នៅ​តែ​កើត​មាន​ចំពោះលោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ ដែល​​ចូល​ចិត្ត​បាញ់បោះ​ សកម្មភាព​កាប់​ព្រៃ​ការ​ពារ​​យ៉ាង​ច្រើន​នៅខេត្ត​រតនគិរី​ដោយ​ក្រុម​កាប់​ឈើ​ខុស​ច្បាប់​ រឿង​ប្រាក់​រាប់​សែន​​ដុល្លារ​​នៃ​ជំនួយ​​ពីម្ចាស់​ជំនួយ​ផ្សេង​ៗ​ ដែល​ត្រូវ​បាន​មន្ត្រី​ក្រសួង​សុខាភិបាល​យក​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ និង​កាល​ពីពេល​ថ្មី​ៗ​បំផុត​នេះ​ ការ​ដាក់​ទណ្ឌកម្ម​​ពីសំណាក់​សហ​គមន៍​អឺរ៉ុប​មក​លើ​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​រដ្ឋាភិបាល​បាន​លក់​សិទ្ធិ​ចុះ​បញ្ជី​នាវា​ជាតិ​​​ឲ្យ​ទៅ​ក្រុម​ហ៊ុន​ឯកជន​មួយ​ដែល​បាន​​បញ្ចេញ​ទង់ជាតិ​​ដល់នាវា​បរទេស​ ដែល​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​​នៅ​សមុទ្រ​អន្តរ​ជាតិ​។

នៅក្នុង​សុន្ទរកថា កាល​ពីខែ​កញ្ញា​ និង​កម្ម​វិធី​គោល​នយោបាយ​រយៈពេល​ប្រាំឆ្នាំ​ដែល​​​គណបក្ស​ប្រជាជ​នកម្ពុជា​​បាន​បង្ហាញ​ក្នុង​សប្តាហ៍​តែ​មួយ​ លោក ហ៊ុន សែន ក៏​បាន​​សន្យា​សាជាថ្មី​ម្តង​ទៀត​ថា លោកនឹង​ខិត​ខំ​កម្ចាត់​​ចោល​ និង​បង្ក្រាប​អំពើ​ពុក​រលួយ​ ក្នុង​នាម​រដ្ឋាភិបាល​​របស់​​គណបក្ស​ប្រជាជ​នកម្ពុជា​​ ដែល​បាន​​កាន់​​អំណាច​អស់​រយៈពេល​ជាយូរ​មក​ហើយ​នោះ​។ នៅ​ចំពោះមុខ​ស្មារតី​ប្តេជ្ញា​នេះ  ​មាន​ភាព​រី​កចម្រើន​មួយ​ចំនួន​ ដូចជាកាល​ពី​សប្តាហ៍​មុន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់រដ្ឋាភិបាល​បាន​ប្រកាស​ចាប់ខ្លួន​មន្ត្រី​ប្រមូល​ពន្ធដា​ខេត្ត​ព្រះសីហនុ​ ដែលត្រូវ​បាន​រកឃើញថា បាន​គិត​ពន្ធលើស​​ ព្រម​ទាំង​បុគ្គ​លិក​ពីរនាក់​ទៀត​មក​ពី​​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ថាម​ពល​អគ្គិសនី​រដ្ឋ​ សាខាខេត្ត​មណ្ឌល​គិរី​ ដែល​​ត្រូវ​បាន​ចាប់ខ្លួន​ពីបទ​លួច​ប្រាក់​វិក្កយបត្រ​អគ្គិសនី​។

ទោះបីជា​យ៉ាង​ណា របាយការណ៍​លម្អិត​របស់​អង្គការ​មូល​និធិពិភពលោក​ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​នឹង​​ជំងឺ​អេដស៍​ របេង និង​ជំងឺ​គ្រុន​ចាញ់ មាន​ខ្លឹមសារ​ស៊ី​គ្នា​ទៅនឹង​សេចក្តី​ប្រកាស​ឲ្យ​​ក្រសួង​សុខា​ភិបាល​​ និង​មន្ត្រី​របស់​ក្រសួង​នេះ​រួច​ផុត​ពីការ​ចោទ​ប្រកាន់​​ពីបទ​ទង្វើ​ខុស​ឆ្គង​របស់​ខ្លួន​ ទោះបីជា​ពួក​គេ​បាន​យក​ប្រាក់​​រាប់​សែន​ដុល្លារ​ សម្រាប់​​កិច្ច​ការ​សម្រប​សម្រួល​ដំណើរ​ការ​ដេញ​ថ្លៃ​របស់​រដ្ឋា​ភិបាល​ក៏​ដោយ​។ គួរ​បញ្ជាក់​ថា របាយ​ការណ៍​នេះ​បាន​លាត​ត្រដាង​ថា អំពើ​ពុក​រលួយក្នុង​ចំណោម​មន្ត្រី​សុខា​ភិបាល​​ធ្វើ​ឲ្យ​​មាន​ការ​បាត់​បង់​ប្រាក់​ប្រហែល​១២​លាន​ដុល្លារ​ ដែលជាមូល​និធិ​ជំនួយ​សម្រាប់​ប្រទស​កម្ពុជា​។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​មិន​ទាន់​​ស៊ើប​អង្កេត​ករណី​លើក​ឡើង​ក្នុង​របាយការណ៍​របស់​អង្គការ​មូល​និធិ​ពិ​ភព​លោក​នៅ​ឡើយ​ទេ​។​ នៅក្នុង​សុន្ទរកថា​របស់លោក​កាល​ពី​ខែ​កញ្ញា​ លោក ហ៊ុន សែន ក៏​បាន​សន្យា​ថា នឹង​ជំរុញ​សកម្ម​ភាព​បន្ថែម​ទៀត​ ដើម្បី​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ផង​ដែរ​ ។

ឯកសារ​គោល​នយោបាយ​កែ​ទម្រង់​​របស់​​គណបក្ស​ប្រជាជ​នកម្ពុជា​​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​អាណត្តិ​នេះ​គណបក្ស​កាន់​អំណាច​នឹង​បញ្ឈប់​សកម្មភាព​លួច​កាប់​ព្រៃ​ដែលត្រូវ​បាន​ហាម​ឃាត់​អស់​រយៈ​ពេល​ជាច្រើន​​ទសវត្សរ៍​ តាម​រយៈ ​“ការ​រក្សា​គម្រប ​ព្រៃ​ដោយ​ពង្រឹង​កិច្ច​ការ​ពារ​ព្រៃឈើ​ ការ​អនុ​វត្ត​ច្បាប់​ព្រៃឈើ​ឲ្យ​បាន​តឹង​រ៉ឹង​ជាង​មុន​ និង​ការ​ទប់​ស្កាត់​​បទល្មើស​ព្រៃឈើ​”។

ក៏​ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​​អង្គកា​រ​សិទ្ធិ​មនុស្ស​ និង​អង្គការ​ត្រួត​ពិនិត្យ​ធនធាន​ធម្មជាតិ​អន្តរជាតិ​នានា​ បាន​រាយ​ការណ៍​ថា ​អ្នក​កាប់​ឈើ​ខុស​ច្បាប់​​នៅ​តែ​បន្ត​សកម្ម​ភាព​របស់ខ្លួន​ ជាពិសេស​នៅ​ក្រោយ​ ពេល​បោះឆ្នោត​កាល​ពីខែកក្កដា ជាហេតុ​​បណ្តាល​ឲ្យ​ព្រៃឈើ​នៅខេត្ត​រតនគិរី​​ ត្រូវ​បាន​កាប់​បំផ្លាញ​បន្ថែម​ទៀត​។

លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ មក​ពី​គណបក្ស​ប្រជាជ​នកម្ពុជា​​បាន​លើក​ឡើង​កាល​ពីម្សិលមិញថា ​ទោះ​បី​ជា​មាន​ករណីរំលោភ​ជាច្រើន​កើត​ឡើង​​តាំង​ពី​ពេល​បោះឆ្នោត​កាល​ពីខែ​កក្កដាក៏​ដោយ​ ក៏ការសន្យា​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ថានឹង​មាន​សេរីភាព​ច្រើន​ជាង​មុន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​​​ ត្រូវ​បាន​គេ​មិន​យក​ចិត្ត​ទុក​ដាក់​​ទេ​។

(​កាល​ពីថ្ងៃ​ច័ន្ទ លោក​ ផៃ ស៊ីផាន បាន​ផ្ញើ​អត្ថ​បទ​កាសែត​​របស់​សារព័ត៌មាន​មនសិការខ្មែរ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​គណ​បក្ស​ប្រឆាំង​​​ទៅ​តុលាការ​យោធា​ស​ម្រាប់​ការ​ស៊ើប​​អង្កេត​ជាផ្លូវ​ការ​​ ពីព្រោះ​កាសែត​នេះបាន​​ចុះ​ផ្សាយ​អត្ថបទមួយ​ដែល​ចោ​ទ​ប្រកាន់​ថា ​យោធា​បានជួយ​គណបក្ស​ប្រជាជ​ន​កម្ពុជា​​​ក្នុង​ការ​លួច​បន្លំការបោះឆ្នោត​កាល​ពីថ្ងៃ​ទី​២៨​ ខែកក្កដា​)។

លោក​ ផៃ​ ស៊ីផាន បានមាន​ប្រសាសន៍​អំពី​ការ​សន្យា​កែទម្រង់​របស់​គណបក្ស​​កាន់​​អំណាច​ថា “កម្មវិធី​កំណែទម្រង់​គឺ​និយាយ​អំពី​ការផ្លាស់​ប្តូរ​គំនិត​របស់​មនុស្ស​ ដូច​គ្រឿង​អេឡិចត្រូនិក និង​ម៉ាស៊ីន​កុំព្យូទ័រ​ដែរ”។ លោក​បាន​មាន​ប្រសាសន៍​បន្តទៀត​ថា “យើង​ត្រូវ​អប់​រំមនុស្ស​ឲ្យផ្លាស់ប្តូរ​ផ្នត់​គំនិត​​របស់ខ្លួន​ដើម្បី​រួប​រួមគ្នា​។ ក្នុង​រយៈពេល​ពីរ​ខែ​បន្ទាប់​ពី​រដ្ឋាភិបាលកែ​ទម្រង់​​ត្រូវ​បាន​បង្កើត​ឡើង​​ រដ្ឋាភិបាល​​បាន​និង​កំពុង​អប់​រំ​​មនុស្ស​ឲ្យកែទម្រង់​មនុស្ស។ សម្តេច​នាយក​រដ្ឋមន្ត្រី​ផ្ទាល់​បានថ្លែង​ទៅកាន់​មន្ត្រី​រដ្ឋាភិ​បាល​​ថា ប្រសិន​បើ​​មន្ត្រី​ទាំង​នោះ​មិន​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ទេ​នោះ​ ពួកគាត់​នឹង​ត្រូវ​ពិន័យ។​ ដូច្នេះនរណាក៏ដោយឲ្យ​តែ​ដឹង​ថា មាន​អំពើ​ពុក​រលួយ​នៅក្នុងវិស័យ​សាធារណៈ​សូម​ជូន​ដំណឹង​មក​”។

ក៏​ប៉ុន្តែនេះមិន​មែនជា​លើក​ទី​១​ទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​​​ ពោលគឺលោក ហ៊ុន សែន បាន​សន្យា​ធ្វើកំណែទម្រង់​ មុន​ពេល​លោក​វិល​ទៅ​រក​ទម្លាប់​កែលែង​​ឡើង​របស់​គណបក្ស​កាន់​អំណាច​ ដែល​ចូល​ចិត្ត​ប្រើល្បិច​កល​នយោ​បាយ​។ ក្នុងកិច្ច​ខិត​ខំប្រឹង​ប្រែង​ជំរុញ​ឲ្យមាន​​ការ​កែទម្រង់​ទ្រង់​ទ្រាយ​ធំនៅក្នុង​​វិស័យ​បរិស្ថាន កាល​ពីខែ​មករា ឆ្នាំ​១៩៩៩​ ពោល​គឺ​រយៈពេល​មួយខែ​ បន្ទាប់​ពីលោក ហ៊ុន សែន​បាន​បញ្ចុះ​បញ្ចូល​គណបក្ស​ហ្វ៊ុនស៊ីន​ប៉ិច​ដែល​មាន​កម្លាំង​ចុះខ្សោយ​ឲ្យ​គាំទ្រ​គណបក្ស​ប្រជាជ​ន​កម្ពុជា​​​​សម្រាប់​អាណត្តិ​ថ្មី​របស់​រដ្ឋា​ភិបាល​ លោក​ ហ៊ុន សែន បាន​ណែនាំ​លោក កែ គឹមយ៉ាន អតីត​អគ្គមេបញ្ជាការ​ទើប​តែង​តាំង​ថ្មី​ ឲ្យបញ្ចប់​​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​រយៈពេល​បីខែ​យ៉ាង​យូរ​”។

រយៈពេល​មួយខែ​ក្រោយ​មក​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បានលើក​ឡើង​​សាជាថ្មី​ថា លោក​បាន​​ផ្តោត​អាម្មរណ៍​ខ្លាំង​​ទៅលើ​ការ​បញ្ឈប់​សកម្មភាព​កាប់ឈើ​ខុស​ច្បាប់​ និង​បាន​ជំរុញ​ឲ្យ​រដ្ឋ​មន្ត្រី​ និង​​មន្ត្រី​យោធា​​រ​បស់​លោក​​ឲ្យ​បង្កើន​ស្មារតី​យក​ចិត្ត​ទុក​ដាក់​ឲ្យដល់​កម្រិត​អតិបរមា ដើម្បី​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើនៅក្នុង​ប្រទេស​កម្ពុជា​។

ក្រោយ​មក​ទៀត​ក្នុង​ខែដដែលនោះ​​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ គឺលោក ម៉ុក​ ម៉ារ៉េត​ បាន​ប្រកាស​សំណើអនុក្រឹត្យ​មួយ​ដើម្បីបង្កើត​គណៈកម្មាធិការ​ជាតិ​ត្រួត​ពិនិត្យ​​សកម្មភាពកាប់ឈើ​ខុសច្បាប់​។ លោក​បាន​​មាន​ប្រសាសន៍កាល​ពីខែ​ កុម្ភៈ ឆ្នាំ​១៩៩៩​ថា “យើង​បានស្នើ​សុំ​អនុម័ត​អនុក្រឹត្យ​នេះ​ក៏​ប៉ុន្តែ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា វា​មិន​មែន​ជារឿង​ចាំបាច់​ទេ​ ហើយ​ទុក​ឲ្យ​ក្រសួង​បរិស្ថាន​ធ្វើការ​ងារ​របស់ខ្លួន​ចុះ​”។

រយៈពេល​ពីរឆ្នាំក្រោយ​មក​ទៀត​ពោល​គឺកាល​ពី​ឆ្នាំ​២០០១​ លោក ហ៊ុន សែន បាន​ខិតខំ​បន្ត​ការ​សន្យា​បញ្ឈប់​សកម្មភាព​កាប់​បំផ្លាញ​​ព្រៃ​ឈើ​​ ដោយ​លើក​ឡើង​ថា​ ការ​បាត់​បង់​ព្រៃឈើ​យ៉ាង​ច្រើន​នៅក្នុង​ប្រទេស​គឺជា​ “កំហុស​ដ៏ធំ​បំផុត​” របស់លោក​​នៅ​ក្នុង​ទសវត្សរ៍​​ឆ្នាំ​១៩៩០​។ លោក​បាន​ប្តេជ្ញាថា “ខ្ញុំ​ នឹង​មិន​ធ្វើ​ឲ្យមាន​កំហុ​សនោះម្តង​ទៀត​ទេ​”។​

ផែនកា​រ​បញ្ឈប់​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​​ទំនង​ជា​បាន​ទទួល​ជោគជ័យ​​ នៅ​ពេល​ដែល​លោក​ ហ៊ុន សែន​ ប្រកាស​នៅក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​អាស៊ាន​​ក្នុង​រាជ​ធានីភ្នំពេញកាល​ពីឆ្នាំ​២០០១​ថា ការកាប់​ឈើ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​លុប​​បំបាត់​​ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដំបូង​នៃអាណត្តិ​ទី​២​របស់រដ្ឋាភិបាល​គណបក្ស​ប្រជាជ​ន​កម្ពុជា​​​។

លោក​ ហ៊ុន សែន បានមាន​ប្រសាសន៍​ ក្នុង​បំណង​សម្តែង​ការ​ពេញចិត្ត​ការអនុវត្ត​  “យន្តការ​ត្រួត​ពិនិត្យបទល្មើស​ព្រៃឈើ ដែល​​ត្រូវ​បាន​ពង្រឹង​” ថា “អំពើ​ពុក​រលួយ​ និង​ស​កម្មភាពខុស​ច្បាប់​នៅក្នុង​វិស័យ​ព្រៃ​ឈើ​ត្រូវ​បាន​លុប​បំបាត់​​ តាម​រយៈ​ការ​អនុវត្ត​វិធាន​ការ​តឹង​រ៉ឹង​ ​ដោយមាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​[កម្លាំង​ទាហាន​]​ នគរបាល​ [និង​] អាជ្ញាធរ​”។

ក៏​ប៉ុន្តែ រយៈពេល​ប្រាំពីរ​ខែ​ក្រោយ​មក​លោក​ ហ៊ុន សែន​ បាន​ទទួល​ស្គាល់​ថា បញ្ហា​ក្រមហ៊ុន​កាប់​ឈើ​ខុសច្បាប់​នៅតែ​បន្ត​កើត​មាន​ ជាហេតុ​នាំឲ្យ​មាន​ការ​ផ្អាក​ការ​ផ្តល់​​ដី​សម្បទាន​កាប់ឈើ​ជាបណ្តោះអាសន្ន​​។ ជា​ថ្មីម្តង​ទៀត​ លោក ហ៊ុន សែន ក៏បាន​សន្យា​បញ្ឈប់​សកម្ម​ភាពកាប់​បំផ្លាញ​ព្រៃឈើ​។

លោក​បាន​មាន​ប្រសាសន៍​នៅក្នុង​ពិធី​បើក​​ដំណើរការគម្រោង​ផ្លូវថ្នល់​មួយ​នៅ​ខេត្ត​កំពត​​កាល​ពីខែ​ធ្នូ​ ឆ្នាំ​២០០១​ថា “ប្រសិន​ បើ​​​ក្រុមហ៊ុន​កាប់​ឈើ​ មិន​គោរពតាម​បទ​បញ្ជា​ទេ​នោះ​ យើង​នឹង​ដក​អាជ្ញាប័ណ្ណ​របស់​ពួក​គេ​។ ប្រសិន​បើ​អ្នក​ហ៊ាន​ [​មិន​គោរ​ព​តាម​បទ​បញ្ជា​] និង​ប្រសិន​បើ​ខ្ញុំ​មិន​ដក​សម្បទាន​ដី​ព្រៃឈើ​របស់​អ្នក​ និង​បិទរោង​ចក្រ​របស់​​អ្នក​​ទេ​នោះ​ ខ្ញុំនឹង​កាត់​ក​ខ្ញុំចោល​”។

យោង​តាម​អត្ថបទ​សិក្សា​ស្រាវជ្រាវ​បោះ​ពុម្ពផ្សាយ​ដោយ​ទស្សនាវដ្តី​ “វិទ្យាសាស្ត្រ” កាល​ពីខែ​មុន​ បាន​បង្ហាញថា ប្រទេសកម្ពុជា​បាន​បាត់​បង់ព្រៃ​ជិត​១២.៦០០គីឡូម៉ែត្រ​ក្រឡា​ក្នុង​ចន្លោះពីឆ្នាំ​២០០០​ដល់ឆ្នាំ​២០១២  និង​ទទួល​បាន​ដីថ្មី​វិញ​តែ​១.១០០គីឡូម៉ែត្រ​ក្រឡា​ ប៉ុណ្ណោះ​ ពោល​គឺ​ទំហំបាត់​បង់​សរុប​មាន​៧,១​ភាគរយ​នៃ​ព្រៃ​របស់​ប្រទេស​នេះ​។

អត្ថបទ​សិក្សា​ស្រាវជ្រាវ​ដដែល​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា មាន​តែ​ប្រទេស​ម៉ាឡេ​ស៊ី​ ឥណ្ឌូណេស៊ី​ ប៉ារ៉ាហ្គាយ និង​ប្រទេស​ក្វាតែម៉ាឡា ប៉ុណ្ណោះ​ ដែលមាន​​អត្រា​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់ជាង​​ក្នុង​រយៈ​១២​ឆ្នាំ​​នេះ​។ កាល​ពីខែ​តុលាឆ្នាំមុន ឯកសារ​នាំចូល​របស់​ប្រទេស​ចិន​បាន​បង្ហាញថា ឈើ ចំនួន​៣៦.០០០​ម៉ែត្រគូប​ ដែល​ជាឈើ​ប្រភេទ​ប្រណីត​ ត្រូវ​បាន​កត់ត្រា​ថា ត្រូវ​បាន​នាំចូល​ពីប្រទេស​កម្ពុជា​ទៅក្នុង​ប្រទេស​ចិនក្នុង​ចន្លោះ​ពីខែ​មករា​ ឆ្នាំ​២០០៧​ ដល់​ខែ​សីហា​ ឆ្នាំ​២០១២។តាម​ច្បាប់​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា ​ការ​កាប់​ឈើប្រណីត​ត្រូវ​បាន​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង​។លទ្ធផល​នៃការ​ស្រាវជ្រាវ​រក​ឈើ​ប្រណីត​តាម​គេហ​ទំព័រ​ជូញ​ដូរ​ចិន​មួយ​ឈ្មោះ អាលីបាបា (Alibaba) ​ បាន​បង្ហាញ​ពី​ភ្នាក់ងារ​ក្នុង​ប្រទេសកម្ពុជា​ដែលលក់​ឈើ​ឲ្យ​ប្រទេស​ចិន​ក្នុង​តម្លៃខ្ពស់​ដល់​៣៥.០០០ដុល្លារ​ក្នុងមួយ​ម៉ែត្រគូប​។ ការ​សន្យា​​កម្ចាត់​អំពើ​ពុក​រលួយក៏មាន​ប្រវតិ្ត​មួយ​ផង​ដែរ​។

លោក​ ហ៊ុន សែន ដែល​បាន​ទទួល​ស្គាល់​បរាជ័យ​ក្នុងផ្នែក​អភិបាល​កិច្ច​ល្អ​​ អំឡុង​អាណត្តិ​ដំបូង​ក្នុង​ចន្លោះឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​១៩៩៧​ បាន​សន្យាចាប់​ផ្តើម​សាជាថ្មី​នៅក្នុង​ពេល​ចាប់​ផ្តើម​អាណត្តិទី​២​របស់​លោកនៅ​​ក្នុង​ឆ្នាំ​១៩៩៨​។

គួររំឭក​ថា ឆ្នាំ​១៩៩៧​បាន​​បញ្ចប់​ទៅ​ដោយ​មាន​កម្លាំ​ង​ស្មោះត្រង់​នឹង​លោក​ ហ៊ុន សែន យក​ឈ្នះលើ​កម្លាំង​ស្មោះ​ត្រង់​ នឹង​ព្រះអង្គ​ម្ចាស់​ នរោត្តម រណប្ញរិទ្ធ​ អតីត​នាយករដ្ឋមន្ត្រី​ទី​១​ ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា ក្នុង​រាជធានីភ្នំពេញ​។​ លោក ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​​​​សមាជិក​សភា​នៅ​រដ្ឋ​សភា មុន​ពេល​បង្កើត​​រដ្ឋា​ភិ​បាល​ថ្មី​របស់លោក​​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨​ថា “ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍ​ក្នុង​គោល​បំណង​ប្រឆាំង​ និង​ធ្វើ​ឲ្យ​​ទន់​ខ្សោយ​ និង​បញ្ចប់​​យ៉ាង​ពេញលេញ​លើ​​ការ​រំលោភ​អំណាច​ និង​ការ​ល្មើស​ច្បាប់​​ នឹង​ធ្វើ​ឲ្យ​ច្បាប់​​ពិតជា​អ្នកការពារ​អ្នក​ទន់ខ្សោយ​”។

រយៈពេល​ពីរ​ខែ​ក្រោយ​មក​ លោក​បាន​មាន​ប្រសាសន៍​ក្នុង​បំណង​​ចង់​បាន​មូល​និធិ​ជំនួយ​ពី​ម្ចាស់​ជំនួយ​បរទេស​វិញ​ថា “ប្រសិន​បើ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ យើង​មិន​អាច​ទទួល​ជោគ​ជ័យ​ក្នុងកម្មវិធីកំណែ​ទម្រង់​ទេ​នោះ ខ្ញុំ​នឹង​លាលែង​ពីមុខ​តំណែង​ជានាយក​រដ្ឋ មន្ត្រី”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “មុន​ពេល​ខ្ញុំ​ចុះចេញ​ពីតំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ ខ្ញុំ​នឹង​ដក​អ្នក​ទាំង​ឡាយ​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ចេញ​”។

យោង​តាម​សន្ទស្សន៍​យល់​ដឹង​ពីអំពើ​ពុក​រលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ (Tran​sparency International) ​ បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃអង្គារ ​បានបង្ហាញថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ឈរ​នៅចំណាត់​ថ្នាក់​​ទី​១៦០​នៅ​ក្នុង​ចំណោម​១៧៥ប្រទេស​​ ពោល​គឺ​នៅពី​ក្រោយ​​​ប្រទេស​ស៊ីម​បាវ៉េ ប៉ុន្តែ ឈរនៅលើ​ប្រទេសហ្គីណេអេក្វាទ័រ​។

ប្រវត្តិនៃ​ការសន្យា​ដែល​ទទួល​បរាជ័យ​ និង​ចេះតែមាន​បន្ត​បន្ទាប់​​ សម្រាប់​ការ​កែ​ទម្រង់​ពីលោក ហ៊ុន សែន មិន​មែនជា​រឿង​គួរ​ឲ្យភ្ញាក់​ផ្អើ​លទេ​ នេះបើ​តាម​ប្រសាសន៍​របស់លោក ខាល​ ថៃយ័រ (Carl Thayer) អ្នក​ជំនាញការ​ផ្នែក​តំបន់​អាស៊ីអាគ្នេយ៍​​ នៅ​សាលាបណ្តុះបណ្តាល​កង​កម្លាំង​ការ​ពារ​ជាតិ​អូស្ត្រាលី​ នៃទីក្រុង​កង់​ប៉េរ៉ា​។

លោក​ ថៃ​យ័រ បាន​លើក​ឡើង​ទៀត​ថា លោក​ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​តម្លៃនៃ​ការរិះគន់​ខ្លួន​ឯង​ម្តងម្កាល​ ​សម្រាប់​​ការ​រស់​រាន​​របស់​​ពួក​ផ្តាច់​ការ​។ ក៏​ប៉ុន្តែ ការរិះគន់​ខ្លួន​ឯង​បែ​បនេះ​ គឺគ្រាន់​តែ​ធ្វើ​ឡើង​ដើម្បីបង្គ្រប់​កិច្ច​ ដោយ​គ្រាន់​តែ​​រិះគន់​​ខ្លួន​ឯង​នៅ​ពេល​គណបក្ស​របស់ខ្លួន​មាន​បញ្ហា​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ថៃយ័រ​ ។ លោក​បាន​មាន​ប្រសាសន៍​ថា ​“ ការ​សន្យា​របស់លោក ហ៊ុន សែន ថា​នឹង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ និង​អនុវត្ត​កម្ម​វិធី​កំណែ​ទម្រង់​ផ្សេងៗ​ មិនមាន​អ្វីលើស​ពី​ស្ថាន​ភាព​​ពី​មុន​សម្រាប់​មន្ត្រី​គណបក្ស​ដែល​ពូកែខាង​លេង​ល្បិច​ ដោយ​រិះគន់ខ្លួន​ឯង​ ក្នុងក្តីរំពឹង​ថា នឹង​មិន​មាន​ការ​ផ្លាស់ប្តូរ​ពិត​ប្រាកដ​ទេ​”៕ សុធា​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស