26 C
Phnom Penh

រដ្ឋាភិបាល​នឹង​វាយ​កម្ទេច​​ផ្នែក​ខ្លះ​​នៃ​អគារ​ពីរ​​នៅ​ជិត​ព្រះ​បរម​រាជ​វាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​អះ​អាង​កាល​ពី​ម្សិល​មិញ​ថា សាលា​​រាជ​ធានី​នឹង​វាយ​កម្ទេច​ផ្នែក​ខ្លះ​​នៃ​អគារចំនួន​​ពីរ ​ដែល​ស្ថិត​​នៅ​ជិត​ព្រះ​បរម​រាជ​វាំង​ ព្រោះ​អគារទាំង​ពីរ​នេះ​សាង​សង់​លើស​​​​​​​កម្ពស់​​កំណត​់​ដែលមាន​ចែង​នៅ​ក្នុង​កិច្ច​​សន្យា ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា នឹង​ធ្វើការ​វាយ​​​​​​​​​កម្ទេច​ចោល​នៅ​ពេល​ណា​ទេ។

លោក ប៉ា សុជាតិ​វង្ស បាន​មាន​ប្រសា​សន៏​ថា​ “យើង​នឹង​ចាត់​វិធាន​ការ​នៅ​ពេល​ឆាប់​ៗ​នេះ។ យើង​មិន​អនុញ្ញាត​​ឲ្យ​ម្ចាស់​​អគារ​ទាំង​ពីរ​នេះ​ [រួច​ខ្លួន​ពី​បញ្ហានេះ] ទេ ពីព្រោះ វា​ជា​បទ​បញ្ជា​របស់​រដ្ឋា​ភិ​បាល”។ លោក​បាន​មាន​ប្រសាសន៍ថា “នៅ​ពេល​ឆាប់ៗនេះ យើង​នឹង​ [វាយ​​កម្ទេច​​​​ផ្នែក​​​ខ្លះ​​​នៃ​​​អគារ​ទាំង​ពីរ​នេះ] ប៉ុន្តែ​ខ្ញុំ​មិន​អាច​ប្រាប់​ពី​​​កាល​បរិច្ឆេទ​ជាក់​លាក់​បាន​ឡើយ”។

កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា លោក ប៉ា សុជាតិ​ វង្ស​ អភិបាល​​​រាជធានីភ្នំពេញ​​​បាន​ពន្យារ​ពេល​ឲ្យ១០ថ្ងៃ​ បន្ទាប់​ពី​​​កាល​កំណត់​​៣០ថ្ងៃ​ដំបូង​បាន​​កន្លង​ផុត​ទៅ​។
អគារ​មួយ​ដែល​កាន់​កាប់​ដោយ​ក្រុម​ហ៊ុន វឌ្ឍនៈស្ថិត​​នៅ​តាម​បណ្តោយ​តីរវិថី​ព្រះ​ស៊ី​​​សុវ​ត្ថិ និង​អគារ​មួយ​ទៀត​​កាន់​កាប់​ដោយ​ពាណិជ្ជករ​ក្នុង​ស្រុក​​​ម្នាក់​ស្ថិត​នៅ​ផ្លូវ​លេខ​១៩​ខាង​ក្រោយ​​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

នៅក្នុង​កិច្ច​សន្យា អគារ​វឌ្ឍនៈនេះ​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​សាងសង់​កម្ពស់តែ​១៤​ម៉ែត្រ ​​​​​​ប៉ុន្តែ​បាន​សាងសង់​​រហូត​ដល់​ជាង​២០ ម៉ែ​ត្រ​​ឯណោះ និង​អគារ​មួយ​ទៀត​ជា​សំណង់​សណ្ឋា​​​គារ​នោះ ​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​សាងសង់​កម្ពស់​​​​២៤,៥ម៉ែត្រ ប៉ុន្តែឥឡូវ​នេះ​សាងសង់​​រហូត​ដល់ជាង៣៤,៥ម៉ែត្រ​ឯណោះ។ ​​ចាប់តាំង​ពី​មាន​ការ​ចេញ​សេចក្តី​ប្រកាស​​កាលពី​ចុង​ខែ​តុលាមក អគារ​វឌ្ឍនៈ​​នេះ​បាន​ផ្អាក​កា​រ​សាងសង់​ ប៉ុន្តែ​អគារ​មួយ​ទៀត​នៅ​តែ​​បន្ត​ការ​សាង​សង់​ដដែល​។

លោក ស៊ិន គឹមហេង ម្ចាស់​អគារ​ដែល​ស្ថិត​នៅ​​តាម​ផ្លូវលេខ​១៩​បាន​និយាយ​កាល​ពីម្សិលមិញ​ថា នៅ​ពេល​ទទួល​​បាន​ព័ត៌មាន​នេះកាល​ពី​ខែ​តុលាថា អគារ​​របស់​លោក​នឹង​ត្រូវ​វាយ​កម្ទេចចោល​​​ផ្នែកខ្លះ​​​​នោះ ​ប្រពន្ធ​របស់​លោក​បាន​ធ្លាក់​ខ្លួនឈឺ​ភ្លាម​។ លោក គឹមហេង ​បាននិយាយ​ថា ប្រពន្ធ​របស់​ខ្ញុំ​បានធ្លាក់​ខ្លួនឈឺ​ជា​ទម្ងន់​ បន្ទាប់​ពីទទួល ​បានព័ត៌មាន​ពីការ​វាយ​កម្ទេចផ្នែក​​​ខ្លះ​​​នៃ​​​​អគារ​​​​​​​​​​នេះ​ចោល​​នោះ ពី​​​ព្រោះ​យើង​ជំពាក់​លុយ​​​​​​​​​​​​​ធនាគារ​​​​​​​ច្រើន​ណាស់​”៕សារុន ​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស