28 C
Phnom Penh

គណ​បក្ស​សង្គ្រោះ​ជាតិ​ស្នើ​សុំ​ច្បាប់​ចម្លង​នៃ​​កិច្ច​ព្រមព្រៀង​បញ្ជូន​ស្ត្រី​បម្រើការ​ងារ​តាម​ផ្ទះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណ​បក្ស​សង្គ្រោះជាតិ បាន​សរសេរ​លិខិត​​​​​​​ផ្ញើជូន​ស្ថាន​ទូត​សិង្ហបុរី និង​ស្ថាន​ទូត​ម៉ាឡេស៊ី ស្នើ​សុំ​ច្បាប់​ចម្លង​នៃ​សេចក្ដី​ព្រាង​កិច្ច​ព្រម​ព្រៀង​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​ការ​បញ្ជូន​ពល​ករ​ទេសន្ត​រប្រវេសន៍​​ទៅ​​កាន់​​ប្រទេស​ទាំង​ពីរ​នេះ​​ដែល​គណ​បក្ស​​ប្រឆាំង​​លើក​ឡើង​ថា ខ្លួន​មិន​បាន​ដឹង​ពី​​កិច្ច​ព្រម​ព្រៀង​​នោះ​ទេ​។

កាល​ពីខែ​មុន​ក្រសួង​ការ​ងារ​​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​ពិភាក្សា​ជាមួយ​ប្រទេស​​​​​​​​ម៉ាឡេស៊ីដើម្បី​​បន្ត​បញ្ជូន​ស្ត្រី​ប​ម្រើ​ការ​ងារ​តាម​ផ្ទះ​ទៅកាន់​ប្រទេស​នេះ​វិញ​ បន្ទាប់​​ពី​​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​​ចេញ​បម្រាម​ហាម​ឃាត់​កាល​ពីខែ​តុលា ឆ្នាំ​២០១១​ ​​​​​​ចំពេលដែល​មាន​របាយការណ៍​ពី​​ការ​រំលោភ​បំពាន​ និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ជា​បន្ត​​​បន្ទាប់​​​​​​ពីសំណាក់​និយោ​​ជក​របស់​ខ្លួន​។

ស្ត្រី​បម្រើការ​ងារ​តាម​ផ្ទះ​ក៏​បានចាប់​ផ្ដើម​​ទៅ​ប្រទេស​សិង្ហបុរី​ ដែរ​កាលពី​ខែ​កញ្ញា ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សាកល្បង​ដែល​​​នឹង​មាន​​ ពលករ​ខ្មែរ​ប្រហែល​៤០០​នាក់​បម្រើ​ការ​ងារ​ ​តាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​ដែល​​មាន​តែក្រុង​​នេះ​នៅ​ដំណាច់​ឆ្នាំនេះ​។ លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​លោក សុន ឆ័យ សមាជិក​ ​សភា​ជាន់​ខ្ពស់​គណបក្ស​នេះ និង​លោកស្រី​ មូរ សុខហួរ ប្រធាន​កិច្ច​ការ​សាធា​រណៈ​មាន​ខ្លឹម​​សារ​ថា ច្បាប់​ចម្លង​នៃ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ប្រទេស​ទាំង​ពីរនេះ​​មិន​មាន​ការ​ពិនិត្យ​​​​ពិច័យ​ល្អិត​ល្អន់​ពី​រដ្ឋា​ភិបាល​កម្ពុជា​ឡើយ​។

លិខិត​ដែល​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​អង្គារ ហើយ​ផ្ញើ​ទៅកាន់​លោក រ៉ាស្លាន ប៊ីន អាប់​ឌុល​រ៉ាស៊ីត ឯក​អគ្គ​រដ្ឋទូត​ថ្មី​របស់​ប្រទេស​ម៉ាឡេ​ស៊ី​​ប្រចាំ​កម្ពុជា​មាន​ខ្លឹម​សារ​ថា “យើង​សរសេរ​លិខិតផ្ញើជូន​​លោក​​​ពាក់​ព័ន្ធ​នឹង​​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​រវាង​រាជរដ្ឋាភិ​បាល​កម្ពុជា និង​រដ្ឋាភិបាល​ម៉ា​ឡេស៊ី​ ស្ដីពីពល​ករ​ទេសន្ត​រ​ប្រវេសន៍”។
ដោយ​លើកឡើង​​ពី​​កង្វល់​អំពី​សុខុមាល​ភាព​និង​សុវត្ថិភាព​របស់​ពលរដ្ឋ​ខ្មែរ​បម្រើ​ការ​ងារ​នៅ​ក្រៅ​ប្រទេស លិខិត​នេះ​មាន​ខ្លឹម​​​សា​រ​ទៀត​ថា “វា​ជា​កាតព្វ​កិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ក្នុង​ការ​ឃ្លាំ​​មើល​គោល​នយោ​​​​​​​​​បាយ​ និ​ង​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​រវាង​រដ្ឋា​​​ភិបាល​កម្ពុជា​ និង​ប្រទេស​ដទៃ​ទៀត​”។ លិខិត​ដូចគ្នា​​នេះ​ក៏​​បាន​ផ្ញើ​ជូន​​ឯក​អគ្គរដ្ឋទូត​សិង្ហ​បុរី​ផង​ដែរ​។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​កាល​​ ពី​ម្សិលមិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​សុំ​ច្បាប់​ចម្លង​​នៃ​កិច្ច​ព្រម​ព្រៀង​ចំនួន​ពីរ​​ពី​ក្រសួងការ​ងារ​ឡើយ​។ លោក សុន ឆ័យ បានមាន​ប្រសាសន៍​ថា “យើង​បាន​ស្វែង​រក​ច្បាប់​ចម្លង​​ពី​រដ្ឋា​ភិបាល​កម្ពុជា​ ប៉ុន្តែ​យើង​មិន​អាច​ស្វែង​រក​នរណា​​ដែល​មាន​ច្បាប់ចម្លង​នេះ​ទេ”។ យើង​បាន​និយាយ​ទៅកាន់​មនុស្ស​មួយ​ចំនួន​នៅ​អង្គ​ការ​​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ ​​យ៉ាង​ជិត​ស្និទ្ធ​​ជាមួយ​ក្រសួង​ការ​ងារ​ ប៉ុន្តែ​ពួក​គេ​បាន​លើក​​​​​​ឡើង​ថា ពួកគេ​ក៏​មិន​ដឹង​ដែរ​” ។ គេ​មិន​អាច​ទាក់​ទង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការ​ងារ​ ដើម្បីសុំ​ការ​អត្ថា​​​ធិប្បាយ​បានទេ​។

ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​ដាច់​ដោយ​ឡែក​ពីគ្នា​កាលពីម្សិលមិញ លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​មាន​ប្រសាសន៍​ថា លោក ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ បាន​ស្នើ​ឲ្យ​លោក​ អាប់​ឌុលរ៉ាស៊ីត ធានា​ថា នឹង​អនុវត្ត​នូវ​វិធានការ​ទាំងនេះ​ដើម្បី​ការ​ពារ​ពល​ករ​ទេសន្ត​រ​ប្រវេស​​​ន៍​ដែល​ទៅ​បម្រើ​ការ​ងារ​នៅ​ប្រទេ​ស​​ម៉ាឡេស៊ី បន្ទាប់ពីការ​​ដក​បម្រាម​ចេញវិញ​ក្នុង​រយៈ​ពេល​ពីរ​ខែ​​ទៀត​​នេះ​៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស