33 C
Phnom Penh

ចៅ​សង្កាត់​​រង​ទី​២​ម្នាក់​​​ចាក់សម្លាប់​កូន​ប្រុសអាយុ៦ឆ្នាំ និងចាក់​​កូនស្រី​ឲ្យ​របួសធ្ងន់​ រួច​ធ្វើ​អត្តឃាត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាននិយាយកាលពីម្សិលមិញ​ថា  ចៅសង្កាត់រង​​ម្នាក់​បានចា​ក់​សម្លាប់​កូន​ប្រុសអាយុ​៦ឆ្នាំ​​​ និង​​​ចាក់​​​កូនស្រី​អាយុ​១៧ឆ្នាំ​​របស់​ខ្លួន​ឲ្យ​រង​របួស​ធ្ងន់​ ហើយ​បន្ទាប់​មក​បាន​ធ្វើ​អត្តឃាត​នៅក្នុង​ផ្ទះរបស់ខ្លួនក្នុងខណ្ឌ​ដូន​ពេញ​ កាល​ពីយប់ម្សិល​​​មិញ​។

យោង​តាមលោក​ សូ ស៊ីថា មន្ត្រី​នគរ​បាល​​សង្កាត់​បាន​ឲ្យ​ដឹង​ថា អ្នកស្រី យ៉ុន សូនីតា អាយុ​​៤១​ឆ្នាំ​ជាចៅ​សង្កាត់​រង​ទី​២ សង្កាត់​ចតុមុខ​មក​​ពីគណបក្ស​ សម រង្ស៊ី។ លោក ស៊ីថា បានមាន​ប្រសាសន៍​ថា នគរ​​បាល​ជឿ​ថា អ្នកស្រី យ៉ុន សូនីតា បាន​ចាក់​កូន​ស្រី​របស់​ខ្លួន​ឈ្មោះ សេង ប៊ុនរ៉ានី អាយុ​១៧​ឆ្នាំ ហើយ​បាន​ចាក់សម្លាប់​កូន​ប្រុស​របស់​ខ្លួន​ឈ្មោះ សេង ប៊ុនរ៉ាសែល អាយុ​៦​ឆ្នាំ បន្ទាប់​មក​បាន​​​ធ្វើ​អត្ត​ឃាត​ដោយ​សារ​អ្នកស្រីជំពាក់​បំណុល​ច្រើន​ពេក។

លោក​ ស៊ីថា ​មាន​ប្រសាសន៍​ថា  “បន្ទាប់​ពី​ចាក់​កូន​ស្រី​របស់​ខ្លួន​ហើយ អ្នកស្រី​បាន​​ចាក់​សម្លាប់​កូន​ប្រុស ​រួច​​សម្លាប់​ខ្លួន​ឯងតែម្តង​”។ លោក ស៊ីថា បន្ថែម​ថា ឧបទ្ទវហេតុ​នេះ​បាន​​​​កើត​ឡើង​នៅ​ម៉ោង​ប្រហែល​១​រំលង​​អធ្រាត្រ​​​បន្ទាប់ពី​អ្នកស្រី​បាន​ទូរស័ព្ទ​ទៅ​ប្ដី​របស់​ខ្លួន​នៅ​សហ​រដ្ឋ​អាមេ​រិក​ ដើម្បី​សុំ​លុយ​មក​សង​បំណុល​ ប៉ុន្តែ​​ប្ដី​អ្នកស្រី​បាន​បដិសេធ​។

កូន​ស្រីទី៣​របស់​អ្នកស្រី យ៉ុន សូនីតា ឈ្មោះ សេង ម៉ាសាទី ដែល​មិន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណីនោះ បាននិយាយ​ថា នាង​កំពុង​ដេក​នៅ​ក្នុង​បន្ទប់​របស់​នាង​ស្រាប់​តែ​នាង​បាន​ឮសំឡេង​នៅ​ជាន់​ខាង​លើ​។ នាង​បាននិយាយ​ថា “ខ្ញុំ​បាន​ឃើញ​បង​ស្រី​​របស់​ខ្ញុំ​ប្រឡាក់​សុទ្ធ​តែ​ឈាម​”  ហើយ​នាង​និង​ជីដូន​របស់​នាង​បាន​ប្រញាប់​​​ប្រញាល់​បញ្ជូន​បង​ស្រី​ទៅ​មន្ទីរ​ពេទ្យ ហើយ​គាត់​នៅ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ​​​កាល​ពីរសៀល​ម្សិលមិញ ដោយ​ទុក​ប្អូន​ប្រុស​តូច​ និង​ម្ដាយ​នៅ​ផ្ទះ​។ នាងបន្ថែម​​ថា “នៅ​ពេល​​យើង​ត្រឡប់​មកពី​មន្ទីរ​ពេទ្យ​វិញ យើង​បាន​ឃើញ​ប្អូន​ប្រុស​ និង​ម្ដាយ​​​របស់​ខ្ញុំ​ស្លាប់​បាត់​ទៅ​ហើយ​”៕​
ប៊ុនរ៉ា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស