មន្ត្រីក្រសួងការបរទេសមួយរូបបានឲ្យដឹងថា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស នឹងចុះទៅសួរសុខទុក្ខកងទ័ពកងយោធពលខេមរភូមិន្ទដែលឈរជើងនៅតំបន់ប្រាសាទព្រះវិហារនៅថ្ងៃសៅរ៍នេះ ដើម្បីពន្យល់ពីការបកស្រាយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដែលបានសម្រេចគាំទ្រភាគីកម្ពុជា។
កាលពីម្សិលមិញ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា លោក ហោ ណាំហុង អាចនឹងចុះទៅសួរសុខទុក្ខទាហាននៅខេត្តព្រះវិហារនៅព្រឹកថ្ងៃសៅរ៍នេះ ប៉ុន្តែកន្លែងសម្រាប់ជួបជុំគ្នានៅមិនទាន់កំណត់នៅឡើយទេ។ លោកបានមានប្រសាសន៍ថា “ [លោកហោ ណាំហុង] នឹងទៅទីនោះនៅថ្ងៃសៅរ៍ទី៧ធ្នូ ដើម្បីសំណេះសំណាលជាមួយទាហាននិងពន្យល់ប្រាប់ពួកគេពីអត្ថន័យនៃការបកស្រាយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ”។
គួររំឭកថា កាលពីថ្ងៃទី១១ខែវិច្ឆិកា តុលាការយុត្តិ ធម៌អន្តរជាតិក្រុងឡាអេ បានសម្រេចថា ប្រទេសកម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៅតំបន់ព្រះវិហារ និងបានចេញសេចក្តីបង្គាប់ឲ្យប្រទេសថៃដកកងទ័ព កងកម្លាំងនគរបាល ឬអ្នកយាមកាមផ្សេងៗរបស់ខ្លួន ដែលឈរជើងនៅទីនោះឲ្យចាកចេញ ហើយនេះជាសេចក្តីសម្រេចដែលប្រទេសថៃបានយល់ព្រមទទួលយក។
ប៉ុន្តែសេចក្តីសម្រេចដែលរដ្ឋាភិបាលបានបកស្រាយថា ជាជ័យជំនះ “មិនពេញលេញនេះ” គឺនៅបន្សល់ភាពស្មុគស្មាញ ដោយសារតុលាការយុត្តិធម៌អន្តរជាតិមិនបានផ្តល់អ្វីៗគ្រប់យ៉ាងតាមសំណើររបស់ប្រទេសកម្ពុជា ក្នុងនោះរួមទាំងការស្នើឲ្យតម្កល់សាលក្រមឆ្នាំ១៩៦២ដែលសម្រេចផ្តល់តំបន់នេះមកឲ្យកម្ពុជាដោយផ្អែកលើផែនទីសម័យអាណានិគមបារាំងផងដែរ។
សេចក្តីសម្រេចនេះ បានធ្វើឲ្យមានភាពស្រពិចស្រពិលជុំវិញការទាមទាររបស់ប្រទេសថៃក្នុងការកាន់កាប់ដីទំហំ៤,៦គីឡូម៉ែត្រក្រឡាដែលស្ថិតនៅភាគខាងត្បូងនៃព្រំដែនប្រទេសទាំងពីរតាមផែនទីរបស់បារាំង ប៉ុន្តែ អាជ្ញាធរនៅតាមព្រំដែននៃភាគីទាំងពីរបានលើកឡើងថា ខ្លួនមិនរំពឹងថានឹងមានភាពតានតឹងកើនឡើងដោយសារបញ្ហានេះឡើយ។
ឧត្តមសេនីយ៍ទោ ស្រី ឌឹក បានឲ្យដឹងថាលោកនិងទាហានរបស់លោកស្វាគមន៍ការចុះសួរសុខទុកពីសំណាក់រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ។ លោកបានមានប្រសាសន៍ថា “ធម្មតាគាត់តែងចុះមកសួរសុខទុក្ខទាហានរាល់ពីរឬបីខែម្តង ហើយយើងនឹងស្តាប់តាមអនុសាសន៍របស់លោក”៕ស៊ុយឈាង