28 C
Phnom Penh

រដ្ឋាភិបាល​ទទួល​បាន​ជំនួយ​ពី​អាល្លឺម៉ង់ ថ្វីបើ​​បក្ស​ប្រឆាំង​​​ស្នើ​សុំ​ឲ្យ​​ផ្អាក​​កិច្ច​ព្រម​ព្រៀង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​អាល្លឺម៉ង់​បាន​​ប្រកាស​កាលពី​ថ្ងៃ​ពុធថា អាល្លឺម៉ងបាន​​សន្យា​ផ្ដល់​ជំនួយ​ចំនួន​៦៤​លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំក្រោយ​ ​ដែល​ធ្វើ​ឲ្យ​ជំនួយ​ផ្លូវ​ការ​របស់​អាល្លឺម៉ង់​​ដល់​ប្រទេស​កម្ពុជា​​កើន​ឡើង​​​​ច្រើន​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​នេះ​​​។

កញ្ចប់​ជំនួយ​ថ្មី​របស់​អាល្លឺម៉ង់​ដែល​ភាគ​ច្រើន​នៃ​កញ្ចប់​ថវិកា​​នេះ​ គឺ​ចំនួន​​៥៤​លាន​ដុល្លារ​​ នឹង​ចំណាយ​ទៅ​​លើ​វិស័យ​សុខា​ភិបាល និង​អភិវឌ្ឍន៍​ជន​បទ ​ត្រូវ​បាន​សន្យា​ផ្ដល់​​ឲ្យ​កាលពី​ថ្ងៃ​ពុធ ថ្វីបើ​មាន​ការ​អំពាវ​នាវ​ពី​គណ​​​បក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​ប្រទេស​ផ្ដល់​ជំនួយ​ពន្យា​រពេល​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្លូវ​ការ​ជាមួយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន រហូត​ដល់​មាន​ការ​ដោះ​ស្រាយ​ជម្លោះ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​​ពី​ខែ​កក្កដា នេះសិន​ក៏​ដោយ​។

ធនាគារ​ពិភព​លោក​បាន​និយាយ​កាលពី​ខែ​មុន​ថា ខ្លួន​ក៏​កំពុង​រៀបចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​រយៈ​ពេល​ពីរ​ឆ្នាំ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ​ ហើយ​ក៏ទំនង​ជា​មាន​កញ្ចប់​ជំនួយ​​ថែម​ទៀត​សម្រាប់​រដ្ឋាភិបាល​​។ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​៥៥​រូប​របស់​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​កំពុង​ធ្វើ​ពហិការ​មិន​ចូល​រដ្ឋសភា​​ដើម្បី​តវ៉ា​នឹង​ភាព​មិន​ប្រក្រតី​ជាច្រើន​ដែល​​បាន​កើតមាន​ឡើង​នៅ​ពេល​បោះ​ឆ្នោត ​ហើយ​អ្នក​សង្កេត​ការ​ណ៍​ឯក​រាជ្យ​​​​និយាយ​​​ថា​​ ភាព​មិន​ប្រក្រតី​នេះ​ផ្ដល់​ផល​ប្រយោជន៍​ដល់​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ដែលបាន​​ប្រកាស​អំពី​ការ​សន្យា​ផ្ដល់​ជំនួយ​ថ្មី​នេះ​ លោក ចូឃីម​​​ បារ៉ុន​ វ៉ុន​ ម៉ាសល (Joachim Baron von Marschall) ឯក​អគ្គ​រដ្ឋទូត​​​​អាល្លឺម៉ង់ បាន​ជំរុញ​រដ្ឋាភិបាល​ “ឲ្យយក​ចិ​ត្ត​ទុក​ដាក់​​លើ​សំណើ​ឲ្យ​មាន​​កំណែ​ទម្រង់​​ដែល​​​​​​​កើត​ពីការ​បោះ​ឆ្នោត​ពេល​ថ្មីៗ​នេះ​”។

សេចក្ដី​ប្រកាស​នេះ​ក៏​បានលើក​ឡើង​ពី​ប្រសាសន៍​របស់​លោក ឈៀង  យ៉ាណារ៉ា ​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​​ជួយ​ដល់​ទំនាក់​ទំនង​​របស់​រដ្ឋាភិ​បាល​ជាមួយ​​ប្រទេស​ផ្ដល់​ជំនួយដែល​ថា ការ​ប្រឹង​ប្រែង​កែទម្រង់​របស់​រដ្ឋាភិបាល​ផ្ដោត​លើ​អភិបាល​កិច្ច​ល្អ “ជា​ពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​អំពើ​ពុក​រលួយ​”។

កាលពីថ្ងៃអង្គារ មួយ​ថ្ងៃ​មុនពេល​អាល្លឺម៉ង់ និង​កម្ពុជា​​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្ដល់​ជំនួយ​នេះ​ អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​បែរ​​​ឡាំង បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ម្ដង​ទៀត​​​​មក​នៅ​ជិត​បាត​ក្រោម​គេ​ក្នុង​សន្ទស្សន៍​ស្វែង​យល់​ពីអំពើ​ពុក​រលួយ​ប្រចាំឆ្នាំ​របស់​ខ្លួន​ ជា​ចំណាត់​​ថ្នាក់​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ជាច្រើន​​ឆ្នាំ​​មក​ហើយ ដោយ​មិន​មាន​សញ្ញា​ណាមួយ​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ឡើយ​។

លោក​ សុខ ចិន្តា និង​លោក សួន សុធី ដែល​​​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​​ដែរ​នោះ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​នៅ​ពេល​ទាក់​ទង​កាលពីម្សិល​មិញ។

គណបក្ស​ប្រឆាំង​បាន​ស្នើ​សុំ​កុំ​ឲ្យ​​ម្ចាស់​​ជំនួយ​បរទេស​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ណាមួយ​ជាមួយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន  សូម្បី​តែ​នៅ​មុន​ការ​បោះ​ឆ្នោត​ បន្ទាប់​ពី​រដ្ឋសភា​​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជា​​​ជន​កម្ពុជា​​បាន​បណ្ដេញ​តំណាង​​​​​​​រាស្ត្រ​របស់​គណ​បក្ស​ប្រឆាំង​ចេញពី​រដ្ឋសភា​កាលពី​ខែ​មិថុនា។

គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​មួយ​ចេញ​កាលពី​ថ្ងៃទី​២០ ខែ​មិថុនា​ថា “សូម​កុំ​ឲ្យ​​ស្ថាន​ទូត​ បេសកកម្ម​ការ​ទូត និង​​ម្ចាស់​​ជំនួយ​ចម្រុះ​ភាគី​ទាំង​អស់​នៅ​ក្នុង​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ឬ​នៅ​ក្រៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ចុះ​ហត្ថ​លេខា​លើ​កិច្ច​​ព្រម​ព្រៀ​ង​ណាមួយ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ រហូត​ដល់​មាន​ការ​បង្កើត​រដ្ឋ​សភា​ស្រប​ច្បាប់​ថ្មី​ និង​មាន​ការ​បង្កើត​រដ្ឋា​ភិបាលថ្មី​សិន​​”។

បន្ទាប់​ពី​បាន​ចាប់​ផ្ដើម​​កាលពី​ទសវត្ស​រ៍​ឆ្នាំ​១៩៩០​ រដ្ឋាភិបាល​ និង​​ម្ចាស់​​ជំនួយ​ធំៗ​របស់​ខ្លួន​បាន​បើក​កិច្ច​ប្រជុំ​កំពូល​រៀង​រាល់​១៨​ខែ​ម្ដង​។ ដោយ​ពីដំបូង​មាន​ឈ្មោះ​ថា ជា​កិច្ច​ប្រជុំ​របស់​ក្រុមពិគ្រោះ​យោបល់​នោះ រដ្ឋា​ភិបាល​បាន​ប្ដូរ​ឈ្មោះ​កិច្ច​ប្រជុំ​នេះ​ទៅ​ជា​វេទិកា​នៃ​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​សហ​គមន៍​ វិញ ដែល​នៅ​ពេល​នោះ​​ម្ចាស់​ជំនួយ​បាន​សន្យា​ផ្ដល់​ជំនួយ​សម្រាប់​ឆ្នាំ​បន្ទាប់​​ហើយ​រដ្ឋាភិបាល​ព្រម​ព្រៀង​លើ​គោល​ដៅ​កែទម្រង់​​អភិបាល​កិច្ច​ និង​ផ្ដល់​​ព័ត៌មាន​ថ្មីៗ​ដល់​​ម្ចាស់​ជំនួយ​អំពីការ​វិវឌ្ឍ​​ដែល​ខ្លួន​បាន​ធ្វើ​។ កិច្ច​ប្រជុំ​​ថ្នាក់​​ក្រោម​​ស្រដៀង​គ្នា​នេះ​រវាង​​​​តំណាង​​​​​​​​​​​ម្ចាស់​​ជំនួយ​ និង​មន្ត្រី​​រដ្ឋាភិបាល​បាន​ប្រារព្ធ​ធ្វើ​រៀ​ង​រាល​់​ប្រាំមួយ​ខែ​ម្ដង​។

ប៉ុន្តែ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា​មិន​បាន​កោះ​ប្រជុំ​វេទិកា​​នៃ​កិច្ច​សហ​ប្រតិបត្តិការ​នេះ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១០​មក​ ​និង​មិន​បាន​បើក​​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​​ថ្នាក់​ក្រោម​ដើម្បី​សម្រប​សម្រួល​ដៃ​គូ​អភិវឌ្ឍន៍​ ​របស់​រដ្ឋាភិបាល​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​។ រដ្ឋាភិបាល​បាន​អះអាង​ពីដំបូង​ថា ខ្លួន​បាន​​​​លុបចោល​​កិច្ច​ប្រជុំ​របស់​​​ម្ចាស់​​ជំនួយ​​​នេះ​ដោយសារ​​ប្រទេស​ផ្ដល់​ជំនួយ​មាន​​​ការ​លំ​បាក​ផ្នែក​ហិរញ្ញវត្ថុ​ ដោយ​សារ​តែ​វិបត្តិ​ហិរញ្ញ​វត្ថុ​ពិភពលោកដែល​បាន​កើត​ឡើង​ចន្លោះ​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០០៩។

មិន​មាន​ការ​បញ្ជាក់​ប្រាប់​ពីមូល​ហេតុ​​​ក្នុង​ការ​មិន​រៀប​​ចំ​កិច្ច​ប្រជុំ​របស់​​ម្ចាស់​​ជំនួ​យ​នេះ​ទេ ប៉ុន្តែ​ម្ចាស់​​ជំនួយ​បាន​បន្ត​សន្យា​ផ្ដល់​ជំនួយ​កាន់​តែ​ច្រើន​ដោយ​មិនគិត​ពី​​ការ​ដែល​រដ្ឋា​​​ភិបាល​លុប​ចោល​វេទិកា​​នេះឡើយ​។ ការ​ពន្យារពេល​កិច្ច​ប្រជុំ​របស់​ម្ចាស់​ជំនួយ​នេះ​​​កើត​ឡើងស្រប​ពេល​ដែល​មាន​ការ​ផ្ដល់​ជំនួយ​ច្រើន​ពី​ប្រទេស​ចិន​ដល់​ប្រទេស​កម្ពុជា​ និង​មាន​ការ​រិះគន់​ជា​ប្រចាំពី​លោក​ ហ៊ុន សែន ថា ​ម្ចាស់​ជំនួយ​ចាស់​បាន​ដាក់​លក្ខខណ្ឌ​ច្រើន​ពេក​​សម្រាប់​​ជំនួយ​របស់​ខ្លួន​​ ចំណែក​ប្រទេស​​​​​​​ចិន​បាន​ឲ្យ​លុយ​ដោយ​មិន​ទាម​ទារ​ឲ្យ​មាន​​កំណែ​ទម្រង់​ណាមួយឡើយ​។ ស្ថាន​ទូត​អាល្លឺម៉ង់​មិនបាន​​ឆ្លើយ​តប​តាម​សំណើសុំ​ធ្វើ​អត្ថាធិប្បាយ​អំពីកញ្ចប់​ជំនួយ​របស់​ខ្លួន​នេះទេ​។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា ម្ចាស់​​ជំនួយ​បរទេស​គួរ​តែ​ប្រុង​ប្រយ័ត្ន​​ក្នុងការ​សន្យា​ផ្ដល់​ជំនួយ​ដោយ​ផ្ទាល់​ដល់​រដ្ឋា​​​ភិបាល​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​​សូម​​ស្នើ​សុំកុំ​ឲ្យ​មាន​ការ​ផ្ដល់​លុយ​ដោយ​ផ្ទាល់​​ទៅ​ឲ្យ​រដ្ឋាភិបាល​ពុក​រលួយ​។ យើង​មិន​ហាម​ឃាត់​ជំនួយ​​សម្រាប់​គាំទ្រ​​ប្រជាពល​រដ្ឋ​ក្រីក្រ​​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​គាំពារ​សុខភាព​ ឬ​ការ​អប់​រំ​ ឬការ​អភិវឌ្ឍ​សង្គម​ឡើយ។ លុយ​ដែល​​​​ចូល​ក្នុង​ហោប៉ៅ​​របស់​​រដ្ឋាភិបាល​ពុក​រលួយ​​មិនអាច​ទទួល​យក​បានទេ​។ យើង​សង្ឃឹម​ថា ប្រជា​ជន​អាល្លឺម៉ង់ដឹង​អំពីរឿង​នេះ​”។

លោក  សុន  ឆ័យ  ​មាន​ប្រសាសន៍​​បន្ត​ទៀ​ត​ថា “លោក​​​​​​​គិតថា ការ​កាត់​ផ្ដាច់​ជំនួយ​ដល់​​ប្រទេស​កម្ពុជា​អាច​​ជួយ​​​​​​​បាន​តិច​តួច​ក្នុង​ការ​ជំរុញ​​ឲ្យ​រដ្ឋា​​​ភិបាល​​កែ​ទម្រង់​​​​អភិបាល​​កិច្ច​មិន​ល្អ​របស់​ខ្លួន​ ហើយ​ផ្ទុយ​ទៅ​​​វិញ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំងទៅ​​ដល់​ប្រជា​ពល​រដ្ឋខ្មែរ​ក្រីក្រ​”។

លោក ភីធើ ព្រីមបល សេដ្ឋវិទូ​ជាន់​ខ្ពស់​នៅ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ដែល​ជាដៃ​គូរ​ផ្ដល់​ជំនួយ​ដ៏ធំនាពេល​បច្ចុប្បន្ន​របស់​កម្ពុជា​ បាន​មាន​ប្រសាសន៍​កាលពី​​ម្សិលមិញ​ថា គោល​​​ការ​របស់​ធនាគារ​នេះ​មិន​​អនុញ្ញាត​ឲ្យ​ខ្លួន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​កិច្ច​ការ​នយោបាយ​របស់​ប្រទេស​ជា​សមាជិក​ណាមួយ​ឡើយ​។ លោក ព្រីម​បល បាន​មាន​ប្រសាសន៍​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី នឹង​ផ្ដល់​ជំនួយ​ចំនួន​៥២៥​លាន​ដុល្លារ​សម្រាប់​គម្រោង​ថ្នាក់​ជាតិ​ និង​ក្នុង​តំបន់​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៥​។

លោក​ ភិធើ ព្រីមបល បាន​​​ប្រសាសន៍​​​​បន្ថែ​ម​​​​​​​ថា តាម​រយៈ​ក្រុម​ការ​ងារ​​​​ដោះស្រាយ​បញ្ហា​ថ្នាក់​ក្រោម​ ឥឡូវ​នេះ​ ម្ចាស់​​​ជំនួយ​កំពុង​​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល​​នៅ​ក្នុង​ផែន​ការ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​លើក​ក្រោយ​របស់​ខ្លួន​៕​គឹមហឿន

(រាយការណ៍​បន្ថែម​ដោយ​ អូន ភាព​)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស