កាលពីម្សិលមិញ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងដល់ពលរដ្ឋខ្មែរឲ្យត្រៀមការពារខ្លួនពីធាតុអាកាសត្រជាក់ ដែល ត្រូវបានរំពឹងថា នឹងកើតឡើងរហូតដល់ពាក់កណ្តាលខែមករា។ ចំណែកឯក្រសួងសុខាភិបាល កាលពីថ្ងៃពុធ បានប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងក្នុងរដូវរងា ដូចជាជំងឺផ្តាសាយ ជាដើម។
ខណៈដែលគេហទំព័ររបស់ក្រសួងធនធានទឹក និងឧតុនិយមនេះបានប្រកាសពី សីតុណ្ហភាពនៅរាជធានីភ្នំពេញថា ២១អង្សាកាលពីយប់មិញ លោក អ៊ុំ រីណា ប្រធាន នាយកដ្ឋានឧតុនិយមរបស់ក្រសួងនេះបានឲ្យដឹងថា នៅក្នុងតំបន់ខ្លះនៃប្រទេស សីតុណ្ហ ភាពធ្លាក់ចុះដល់១៤អង្សា។ លោក រីណា បានមានប្រសាសន៍ថា “អាកាសធាតុត្រជាក់នៅពេលព្រឹក និងពេលយប់ជាពិសេសនៅភ្នំដងរែក [ខេត្តព្រះ វិហារ] ដែលអាកាសធាតុអាចធ្លាក់ចុះ ដល់ចន្លោះពី១៤ទៅ១៥អង្សា”។
លោកបានបន្ថែមថា “យើងបានព្យាករថា អាកាសធាតុត្រជាក់នឹងមានរហូតដល់ពាក់កណ្តាលខែមករា”។ ហើយលោកបានក្រើនរំឭកឲ្យប្រជាពលរដ្ឋស្លៀកពាក់សម្លៀកបំពាក់ក្រាស់ៗ ដើម្បីការពារខ្លួនពីអាកាសធាតុត្រជាក់។ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការយោធភូមិភាគ៣នៃកងយោធពលខេមរ ភូមិន្ទបានឲ្យដឹងថា សីតុណ្ហភាពនៅពេលថ្ងៃធ្លាក់ចុះដល់១៧អង្សាពីសីតុណ្ហភាពធម្មតាប្រហែល៣០អង្សា។ លោកបានមានប្រសាសន៍ថា “ វាមិនមែនជាបញ្ហាទេ ពីព្រោះយើងបានត្រៀមអាវរងាសម្រាប់កងកម្លាំងរបស់យើង”។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា សីតុណ្ហភាពនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ធំ កំពត ព្រះសីហនុ និងខេត្តកោះកុង ត្រូវបានព្យាករថា នឹងធ្លាក់ចុះដល់ចន្លោះពី២២ទៅ៣០អង្សា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុននេះ។
កាលពីថ្ងៃពុធ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានចេញសេចក្តី ក្រើនរំឭករួមមួយ ទាក់ទងទៅនឹងការទប់ស្កាត់ការឆ្លងជំងឺផ្លូវដង្ហើមនៅពេលមានអាកាសធាតុត្រជាក់កើតឡើង។ សេចក្តីក្រើនរំឭកនេះបានបង្ហាញថា ស្ថាប័នទាំងពីរនេះបានឲ្យដឹងថា ការយកចិត្តទុកដាក់ជាពិសេសទៅលើកុមារ និងចាស់ជរា ដែលងាយនឹងធ្លាក់ខ្លួនឈឺអំឡុងអាកាសធាតុត្រជាក់។ ជាពិសេស មនុស្សចាស់ងាយនឹងកើតជំងឺ នៅពេលដែលកើតមានហានិភ័យជំងឺឆ្លង។
សេចក្តីប្រកាសនេះក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងឡាយអំពីរបៀបបញ្ឈប់ការរីករាលដាលជំងឺគ្រុនផ្តាសាយ។ សេចក្តីប្រកាសនេះបន្តថា “ត្រូវប្រើក្រដាសជូតមាត់ដើម្បីទប់ស្កាត់ការក្អក និងកណ្តាស់។ គ្មានក្រដាសជូតមាត់មែនទេ? សូមយកដៃអាវរបស់អ្នកខ្ទប់ក្អក ឬកណ្តាស់ កុំប្រើដៃរបស់អ្នក”៕ប៊ុននី