ឧទ្យានជាតិវីរជ័យ, ខេត្តរតនគិរី–ធ្វើដំណើរពីរបីម៉ោងពីភូមិប្រជាជនរស់នៅទៅកាន់តំបន់ដាច់ស្រយាលមួយកន្លែងដែលមានព្រៃភ្នំពណ៌ខៀវស្រងាត់ និងចំណោទខ្ពស់ៗនោះ គេឃើញមានការលួចកាប់ឈើក្នុងតំបន់ការពារយ៉ាងគគ្រឹកគគ្រេង។

ចាប់ពីអ្នកកាប់ឈើដែលបានបោះជំរំនៅក្នុងឧទ្យាននេះ រហូតដល់ក្មេងជំទង់ជិះម៉ូតូដឹកឈើដុំតូចៗ និងអ្នកបើកបររថយន្តដឹកឈើធំៗ ព្រមទាំងកម្មករក្បូនដឹកឈើឆ្លងទន្លេសេសានក្រោយថ្ងៃលិច និងមានអ្នកបើកបររថយន្តធំៗរង់ចាំពួកគេនៅត្រើយម្ខាងទៀតនោះ ការរកស៊ីដឹកឈើធ្នង់ខុសច្បាប់ចេញពីឧទ្យានជាតិនេះកំពុងមានសកម្មភាពយ៉ាងរលូន។
នៅពេលសួរថា តើនរណាជាអ្នកទិញឈើទាំងអស់នេះ ពួកគេទាំងអស់គ្នានិយាយថា មានមនុស្សពីរនាក់ គឺឈ្មួញក្នុងមូលដ្ឋានម្នាក់ឈ្មោះ មេ គ្រី និងឧកញ៉ា ទ្រី ភាព។ កាលពីដើមឆ្នាំនេះ លោក ទ្រី ភាព ដែលមានកាស៊ីណូ ចម្ការកៅស៊ូ និងដីសម្បទានរ៉ែនៅទូទាំងប្រទេស បានទទួលសិទ្ធិផ្ដាច់មុខក្នុងការទិញយកឈើទាំងអស់ ដែលគេបានកាប់នៅក្នុងដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរី។ ដោយមានដីសម្បទានសេដ្ឋកិច្ចជាង១០កន្លែងនៅក្នុងខេត្តនេះ ហើយភាគច្រើននៃដីសម្បទានសេដ្ឋកិច្ចទាំងនោះស្ថិតនៅក្នុងតំបន់មានព្រៃក្រាស់នោះ លោក ទ្រី ភាព ដែលមានដីសម្បទានសេដ្ឋកិច្ចផ្ទាល់ខ្លួនពីរកន្លែងនៅក្នុងឧទ្យានវីរជ័យ មានការមមាញឹកណាស់។
ប៉ុន្តែដោយព្រៃធំៗទាំងអស់មានការការពារពីច្បាប់តិចតួចមិនថា នៅក្រៅ ឬក្នុងដីសម្បទានសេដ្ឋកិច្ចនោះ អង្គការផ្នែកបរិស្ថាន និងសិទ្ធិមនុស្ស និយាយថា ការផ្ដល់ដីសម្បទានធ្វើឲ្យបានបង់ព្រៃឈើនៅក្នុងខេត្តនេះយ៉ាងលឿន។ អង្គការទាំងនេះក៏និយាយដែរថា ដីសម្បទានសេដ្ឋកិច្ចធ្វើឲ្យអ្នកកាប់ឈើខុសច្បាប់កាប់ឈើដោយសេរីនៅក្នុងដីសម្បទានសេដ្ឋកិច្ចនោះ និងស្ទើរតែគ្មានការត្រួតពិនិត្យ ដើម្បីកំណត់ថា តើឈើដែលគេកំពុងលក់ និងទិញនោះ បានមកដោយស្របច្បាប់ ឬយ៉ាងណានោះទេ។
អ្នកនាំពាក្យ និងអ្នកគ្រប់គ្រងក្រុមហ៊ុន អាហរ័ណ នីហរ័ណ ដែលដាក់ឈ្មោះតាមឈ្មោះលោក ទ្រី ភាព បានបដិសេធថា មិនបានជាប់ពាក់ព័ន្ធនៅក្នុងការរកស៊ីឈើខុសច្បាប់នេះទេ។ ពួកគេចោទអ្នកកាប់ឈើខុសច្បាប់ថា បានទៅកាប់ឈើដោយខ្លួនឯង ហើយប្រើប្រាស់ឈ្មោះពាណិជ្ជកររូបនេះដើម្បីលាក់បាំងទង្វើរបស់ខ្លួន។
ធ្វើដំណើរតាមរថយន្តប្រហែលមួយម៉ោងទៅភាគខាងជើងក្រុងបានលុង គឺភូមិតាវែងនៅជិតចំណោទច្រាំងទន្លេសេសានដែលមានសុទ្ធតែភក់។ បន្ទាប់ពីបានធ្វើដំណើរអ៊ូអរតាមទឹកល្អក់ គឺត្រូវធ្វើដំណើរតាមរថយន្តរយៈពេលមួយម៉ោងទៀតទើបទៅដល់ជាយឧទ្យានដែលមានទំហំ ៣៣៣.០០០ហិកតា នៅភាគឦសាន្តខេត្តនេះ ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម និងប្រទេសឡាវ។ នៅទីនោះគ្មានប៉ុស្តិ៍យាម គ្មានសញ្ញាសម្គាល់ពីព្រំប្រទល់ឧទ្យាននេះទេ។
អ្នកនាំផ្លូវរបស់យើង គឺអតីតឧទ្យានុរក្សវីរជ័យ ម្នាក់ដែលបានបដិសេធមិនប្រាប់ឈ្មោះដោយសារខ្លាចមានការធ្វើបាបពីអ្នកកាប់ឈើខុសច្បាប់នៅតំបន់នេះ បានឈប់ភ្លាមនៅត្រង់ផ្លូវបំបែកតូចមួយ។ អតីតឧទ្យានុរក្សរូបនេះ បាននិយាយមុនពេលបន្តដំណើរទៀតថា “ឧទ្យាននេះចាប់ផ្ដើមពីនេះទៅ”។ ពាក់អាវធំដើម្បីការពារសីតុណ្ហភាពត្រជាក់នៅភ្នំនេះ គាត់បាននិយាយតិចតួច និងបើកបរលឿន ហើយអុជបារីជក់ជាប់ជានិច្ច។
ធ្វើដំណើរមិនយូរប៉ុន្មាន មានព្រៃក្រាស់ទៅៗ និងមានដើមឈើខ្ពស់ទៅៗ។ បុរសវ័យក្មេងៗដឹកឈើខ្លឹមជាបន្ទះៗតាមម៉ូតូយ៉ាងលឿនចេញពីឧទ្យាននេះ។ នៅតាមផ្លូវនោះ មានឈើធ្នង់ទើបកាប់ថ្មីៗទុកចោលនៅទីនោះ ឈើខ្លះទើបតែកាប់ផ្ដួល ហើយឈើខ្លះទៀតត្រូវបានអារជាដុំវែងៗរាប់ម៉ែត្ររួចហើយ និងប្រើថ្នាំសរសេរជាលេខដើម្បីត្រៀមដឹកចេញ។
ធ្វើដំណើរបានពីរបីម៉ោងនៅក្នុងឧទ្យាននេះ មនុស្សមួយក្រុមមានគ្នាបួននាក់ស្ថិតនៅជុំវិញភ្នក់ភ្លើងតូចមួយ ហើយសម្លៀកបំពាក់ និងអង្រឹងរបស់ពួកគេ ព្យួរនិងចងភ្ជាប់ជាមួយដើមឈើ ហើយនេះគឺជាកន្លែងបោះទីតាំងសម្រាប់កាប់ឈើមួយ ក្នុងចំណោមទីតាំងជាច្រើននៅក្នុងឧទ្យាននេះ។ នៅលើដីជិតនោះគេឃើញរណារយន្តមួយ និងពូថៅពីរ។
ឌឿន រ៉ា អាយុ១៩ឆ្នាំបាននិយាយដោយទន់ភ្លន់ថា គាត់បានមកដល់ទីនេះកាលពីមួយថ្ងៃមុនេនះ ហើយគ្រោងស្នាក់នៅទីនេះ១០ថ្ងៃទៀត។ បុរសវ័យក្មេងរូបនេះនិយាយថា “ មានមេម្នាក់ឈ្មោះ ម៉ាប់។ គាត់ទទួលខុសត្រូវចំពោះឈើទាំងនេះ ហើយគាត់ឲ្យយើង២០០.០០០រៀលក្នុងមួយម៉ែត្រគូប សម្រាប់ក្រុមខ្ញុំដែលមានគ្នាបួននាក់។ មេខ្ញុំបានប្រាប់ខ្ញុំថា មេភូមិ និងមេឃុំអនុញ្ញាតឲ្យយើងកាប់ឈើនៅទីនេះ”។
នៅក្នុងក្រុងបានលុងឯណោះវិញ ឈើធ្នង់មួយម៉ែត្រគូបអាចមានតម្លៃរហូតដល់៨០០ដុល្លារ ហើយកាន់តែថ្លៃជាងនេះទៅទៀតនៅក្នុងទីក្រុងភ្នំពេញ ឬនៅប្រទេសវៀតណាម។
ប្អូន រ៉ា បាននិយាយថា ឈ្មោះ ម៉ាប់ គឺជាឈ្មួញកណ្ដាលក្នុងការរកស៊ីឈើធំៗ។ គាត់បាននិយាយថា “ខ្ញុំកាប់ឈើឲ្យមេ គ្រី ដែលជាឈ្មួញម្នាក់នៅភូមិតាវែង។ ខ្ញុំធ្វើការងារនេះ ពីព្រោះខ្ញុំត្រូវការលុយ”។
នៅតាមបណ្ដោយផ្លូវលំទៅកាន់ទន្លេនោះ រថយន្តបែកកង់មួយគ្រឿងបានជាប់នៅកណ្ដាលផ្លូវជិតកន្លែងកាប់ឈើនោះ។ អ្នកបើកបរវ័យក្មេងឈ្មោះ អាន ឌី បានចងអង្រឹងដេកភ្ជាប់ពីរថយន្តនោះទៅនឹងមែកឈើមួយ។ នៅពីក្រោយរថយន្តមានឈើធ្នង់ធំៗប្រាំមួយកង់ដឹកឆ្ពោះទៅទន្លេនោះ។
នៅពេលថ្ងៃជិតលិច អាន ឌី កំពុងរង់ចាំឲ្យគេមកជួយ។នៅពេលសួរថា តើឈើទំាងនេះយកចេញពីណា គាត់បាននិយាយថា “យកចេញពីឧទ្យានវីរជ័យ។ ខ្ញុំដឹកឈើនេះឲ្យមេ គ្រី។ គាត់ឲ្យខ្ញុំ២០០ដុល្លារសម្រាប់ដឹកឈើពីរម៉ែត្រគូប ហើយឈើទាំងអស់នេះយកទៅដាក់នៅមាត់ទន្លេសេសាន”។ គាត់បាននិយាយទៀតថា “ មេខ្ញុំបានប្រាប់ខ្ញុំឲ្យដឹកឈើនេះឲ្យក្រុមហ៊ុន ទ្រី ភាព។ ខ្ញុំដាក់ឈើនេះនៅមាត់ទន្លេ ហើយបន្ទាប់មកគេដឹកឈើនេះតាមក្បូនទៅត្រើយម្ខាងទៀត។បន្ទាប់មកគេដឹកតាមរថយន្តទៅកាន់ឃ្លាំងមួយនៅភូមិតាវែង”។
មានឈើធំៗគរនៅតាមមាត់ទន្លេនេះនៅកន្លែងឆ្លងទន្លេពីរកន្លែងផ្សេងគ្នា។ នៅកន្លែងឆ្លងមួយកន្លែង គេបានយកម៉ាស៊ីនភ្លើងតូចមួយបញ្ឆេះបំភ្លឺភ្លើងពេលរៀបចំដឹកឈើ។ យ៉ាងហោចណាស់មានមនុស្សជាង ១០នាក់ ដែលមានវ័យចំណាស់ជាងអ្នកកាប់ឈើ និងអ្នកដឹកឈើតូចៗតាមម៉ូតូ កំពុងវាស់ឈើធំៗ ហើយរមៀលចុះច្រាំងទន្លេដែលមានក្បូនរង់ចាំនៅទីនោះ។
បុរសទាំងនោះបាននិយាយដោយគ្រវីដៃដាក់កាមេរ៉ារបស់អ្នកយកព័ត៌មាន និងមិនព្រមប្រាប់ឈ្មោះថា “កុំថត” ។ ពួកគេនិយាយថា ឈើទាំងនេះគឺជាឈើធ្នង់មកពីឧទ្យានវីរជ័យ។ បុរសម្នាក់និយាយថា “ ឈើនេះមានម្ចាស់ពីរ។ ឈើខ្លះដឹកទៅឲ្យក្រុមហ៊ុន ទ្រី ភាព និងឈើខ្លះទៀតដឹកទៅឲ្យឧកញ៉ា ខ្ញា”។
បុរសរូបនេះនិយាយថា ឧកញ៉ានោះលក់ឈើទាំងនេះទៅឲ្យដីសម្បទានមួយកន្លែងក្នុងចំណោមដីសម្បទានជាង២៤កន្លែងដែលលោក ទ្រី ភាព មានសិទ្ធិផ្ដាច់មុខទិញឈើ។ ងាកមកភូមិតាវែងវិញ មានរថយន្តជាច្រើនគ្រឿងដឹកឈើធំៗតាមផ្លូវជាតិ។
អតីតឧទ្យានុរក្សរូបនេះបាននិយាយថា ចាប់ពីទីនេះទៅឈើភាគច្រើនត្រូវដឹកទៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែននៅក្នុងស្រុកអូរយ៉ាដាវ។ លោក បាននិយាយថា លោកធ្លាប់ល្បាតនៅតំបន់ឧទ្យាននេះសម្រាប់គម្រោងមួយដែលផ្តល់មូលនិធិដោយធនាគារពិភពលោក ហើយគម្រោងនេះបានបញ្ចប់កាលពីឆ្នាំ ២០០៨។បន្ទាប់មកលោកបានបន្តល្បាតឧទ្យាននេះទៀត ប៉ុន្តែធ្វើការឲ្យស្រុកនេះ ហើយមុនពេលឈប់ពីការងារនោះ នៅសល់ប្រាក់ខែជិតពាក់កណ្តាល សម្រាប់បើកហាងលក់គ្រឿងទេសមួយកន្លែងនៅក្នុងទីប្រជុំជនខេត្តនេះ។ លោកបាននិយាយថា សកម្មភាពកាប់ឈើបានកើនឡើង បន្ទាប់ពីធនាគារពិភពលោកបានបញ្ចប់គម្រោងរបស់ខ្លួន។ធនាគារពិភពលោកម៉ត់ចត់ខ្លាំងណាស់។
មុនឆ្នាំ២០០៨មានការកាប់ឈើខុសច្បាប់ខ្លះ ប៉ុន្តែវាគ្រាន់តែជាបញ្ហាតូចតាចប៉ុណ្ណោះនៅទីនេះ។វាមិនមែនជាបញ្ហាធំដូចសព្វថ្ងៃនេះទេ។ លោកបាននិយាយថា ចាប់ពីពេលនោះមក អ្នកកាប់ឈើបានកាប់ឈើជាលក្ខណៈប្រព័ន្ធ ដោយកាប់ឈើដែលមានតម្លៃខ្ពស់ជាមុនហើយបន្តកាប់ឈើផ្សេងៗតាមក្រោយ។លោកបាននិយាយថា “ពួកគេបំផ្លាញឈើគ្រប់ប្រភេទទាំងអស់។ដំបូង ពួកគេកាប់ឈើគ្រញូង បន្ទាប់មកនាងនួន បេង ហើយឥឡូវនេះធ្នង់”។
លោកបន្តថា “ ខ្ញុំមិនពេញចិត្តនឹងសកម្មភាពបែបនេះទេ ពីព្រោះខ្ញុំធ្វើការឲ្យធនាគារពិភពលោក ហើយខ្ញុំមិនដែលបានកាប់ឈើមួយដើមផង។ឥឡផូវនេះពួកគេកាប់ឈើទាំងអស់។ឥឡូវនេះឧកញ៉ាជាច្រើនបានចាប់ផ្តើមរកស៊ីនៅក្នុងខេត្តរតនគិរី ដូច្នេះគេចាប់ផ្តើមបំផ្លាញព្រៃឈើ។ប្រសិនបើការកាប់ឈើនៅតែបន្ត ឈើនឹងលែងមានទៀតហើយ”។
ប៉ុន្តែក្រោយមកអតីតឧទ្យានុរក្សរូបនេះបានសារភាពថា លោកខ្លួនឯងក៏ធ្លាប់ចូលរួមជាមួយក្រុមកាប់ឈើខុសច្បាប់នេះដែរដោយដឹកឈើឲ្យមេ គ្រី ក្នុងមួយម៉ែត្រគូបតម្លៃ១០០ដុល្លារ។ ប៉ុន្តែក្រោយពីបែងចែកឲ្យសមាជិកក្រុមរបស់លោករួច លោកសល់តែ២០ដុល្លារសម្រាប់ខ្លួនឯង។ លោកបាននិយាយថា “ខ្ញុំដឹងថា ខ្ញុំដឹកឈើឲ្យគាត់គឺជារឿងមិនត្រឹមត្រូវទេ ប៉ុន្តែខ្ញុំធ្វើដូចនេះដើម្បីប្រាក់តែប៉ុណ្ណោះ”។
នៅក្រុងបានលុងឯណោះវិញ ក្រុមហ៊ុន ទ្រី ភាព បានបើកអាជីវកម្មក្នុងមូលដ្ឋាននៅឯអគារកម្ពស់បីជាន់មានកញ្ចក់ពណ៌ខៀវបំពាក់ពីខាងមុខ ហើយស្ថិតនៅមិនឆ្ងាយពីរង្វង់មូលនៅក្នុងក្រុងនេះ។ នៅការិយាល័យជាន់ផ្ទាល់ដី លោក ប៉ុល វិសាល ប្រធានរដ្ឋបាលរបស់ក្រុមហ៊ុនប្រចាំខេត្តរតនគិរី កំពុងមមាញឹកត្រួតពិនិត្យឃ្លាំងស្តុកឈើដ៏ធំមួយរបស់ក្រុមហ៊ុននេះក្នុងស្រុកក្បែរខាង។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយបានបង្វែរសំណួរឲ្យទៅសួរលោក ជ័យ សិដ្ឋ ជាប្រធានរដ្ឋបាលប្រចាំការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន ទ្រី ភាព ក្នុងទីក្រុងភ្នំពេញ ដែលក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ។
គេមិនអាចទាក់ទងក្រុមមន្ត្រីឃុំ និងមន្ត្រីស្រុកតាវែង ដើម្បីសុំការអត្ថាធិប្បាយបានទេ។លោក ជួ សុភក្តិ ដែលជាប្រធានមន្ទីរបរិស្ថានខេត្តបានបដិសេធមិនធ្វើអត្ថាធិប្បាយ។ លោក យិន គឹមស៊ាន រដ្ឋលេខាធិការនៅក្រសួងបរិស្ថានបានទទួលស្គាល់ថា មានការកាប់ឈើខុសច្បាប់នៅក្នុងឧទ្យានវីរជ័យ ប៉ុន្តែលោកបានមានប្រសាសន៍ថា វាកើតមានយូរៗម្ដង និងទ្រង់ទ្រាយតូចតែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា“យើងទទួលស្គាល់ថា ការកាប់ឈើខុសច្បាប់កំពុងកើតមាននៅឧទ្យានវីរជ័យ។ ក្រុមការងាររបស់យើងកំពុងធ្វើការងារលើរឿងនេះ ប៉ុន្តែពិបាកទប់ស្កាត់ណាស់។ យើងប្រឹងប្រែងដើម្បីទប់ស្កាត់ការកាប់ឈើ ប៉ុន្តែយើងមិនអាចធ្វើបាន ពីព្រោះមនុស្សមួយចំនួនលួចកាប់ឈើនៅក្នុងឧទ្យាននេះ។ ប៉ុន្តែវាគ្រាន់តែកើតឡើងម្ដងម្កាល មិនមែនកើតឡើងរាល់ថ្ងៃដូចជាលោកនិយាយនោះទេ”។
ក្រុមមន្ត្រីនៅការិយាល័យកណ្ដាលរដ្ឋបាលព្រៃឈើក្នុងទីក្រុងភ្នំពេញបានបដិសេធថា មិនបានដឹងអំពីការកាប់ឈើខុសច្បាប់ណាមួយនៅក្នុងខេត្តរតនគិរីទេ ហើយបានបង្វែរសំណួរឲ្យទៅសួរនគរបាលនិងខណ្ឌរដ្ឋបាលព្រៃឈើក្នុងមូលដ្ឋាន។
លោក ធន់ សារ៉ាត់ អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នៅរដ្ឋបាលព្រៃឈើបានមានប្រសាសន៍ថា“ វាជាកាតព្វកិច្ចរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្នុងការចាត់វិធានការ។ យើងគ្រាន់តែជាអាជ្ញាធរថ្នាក់ជាតិ”។
ប៉ុន្តែលោក វង្ស សុខសេរី ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី មានប្រសាសន៍ថាវាអាស្រ័យទៅលើមន្ទីរបរិស្ថានខេត្តក្នុងការគ្រប់គ្រងឧទ្យានវីរជ័យ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។ នគរបាលក្នុងមូលដ្ឋានក៏មិនចង់ពាក់ព័ន្ធជាមួយបញ្ហានេះផងដែរ។ លោក រ៉ាយ រ៉ៃ ស្នងការនគរបាលខេត្តរតនគិរី មានប្រសាសន៍ថា មន្ត្រីរបស់លោកចូលរួមក្នុងការបង្ក្រាបករណីកាប់ឈើខុសច្បាប់នៅពេលណាខណ្ឌរដ្ឋបាលព្រៃឈើស្នើសុំតែប៉ុណ្ណោះ ដើម្បីចាប់ឡានដឹកឈើហ៊ុបម្ដងម្កាល ប៉ុន្តែថា មន្ត្រីរបស់លោកមិនដែលបានធ្វើការបង្ក្រាបណាមួយនៅក្នុងឧទ្យានវិរជ័យទេ។ លោកបានមានប្រសាសន៍ថា “នេះមិនមែនជាភារកិច្ចរបស់នគរបាលយើងទេ។ យើងគ្រាន់តែសហការនៅពេលណាពួកគេត្រូវការជំនួយពីយើងតែប៉ុណ្ណោះ។ វាជាភារកិច្ចរបស់ខណ្ឌរដ្ឋបាលព្រៃឈើ”។
លោក ឆាយ ធី មន្ត្រីសម្របសម្រួលរបស់អង្គការអាដហុកប្រចាំខេត្តរតនគិរី ដែលបុគ្គលិករបស់លោកបានចុះទៅស្រុកតាវែងដើម្បីស៊ើបអង្កេតករណីកាប់ឈើខុសច្បាប់នៅក្នុងតំបន់នោះ បានមានប្រសាសន៍ថា ការឆ្លើយដាក់គ្នានៅក្នុងចំណោមអាជ្ញាធរមូលដ្ឋាន គឺជារឿងធម្មតាទៅហើយ។ លោក ឆាយ ធី ដែលបំពេញការងារនៅក្នុងផ្ទះបែបខ្មែរមួយខ្នងនៅមិនឆ្ងាយពីការិយាល័យរបស់ក្រុមហ៊ុន ទ្រី ភាព នោះជឿថា កិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលជាមួយអ្នកជំនួញរូបនេះក្នុងការប្រមូលទិញឈើទាំងអស់ដែលត្រូវបានកាប់នៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តនេះ គឺរឹតតែធ្វើឲ្យមានការជួញដូរឈើខុសច្បាប់បន្ថែមទៀត។ លោកបានអំពាវនាវឲ្យលុបចោលអាជ្ញាប័ណ្ណនេះ។
លោកមានប្រសាសន៍ថា “ យើងមើលឃើញថា បន្ទាប់ពីរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណឲ្យលោក ទ្រី ភាព ការកាប់ឈើខុសច្បាប់បានកើនឡើង។ យើងចង់ឲ្យរដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងការកាប់ឈើខុសច្បាប់នេះបើមិនដូច្នោះទេ ព្រៃឈើនឹងត្រូវបំផ្លាញអស់នាពេលអនាគត”។
ការសិក្សាមួយដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ មែរីលែន (University of Maryland) ដោយប្រើប្រាស់រូបភាពទទួលបានពីផ្កាយរណបអាមេរិក និងត្រូវបានចុះផ្សាយក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រ (Science) កាលពីខែមុនបានរកឃើញថា ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ កម្ពុជាមានអត្រាកាប់បំផ្លាញព្រៃឈើលឿនបំផុតលំដាប់ទី៥ក្នុងពិភពលោក។
នៅក្នុងស្រុកតាវែង លោក វាសនា ជានិស្សិតទៅពីភ្នំពេញចុះទៅលេងតំបន់នោះ និងការស្ទាក់ស្ទើរមិនចង់ប្រាប់នាមត្រកូលរបស់ខ្លួននោះ ក៏ បានចាត់ទុកការជួញដូរឈើខុសច្បាប់នេះថា បណ្ដាលមកពីអំពើពុករលួយដែរ។ លោកបាននិយាយថា “បើតាមទ្រឹស្ដីគេនិយាយថា ត្រូវស្រឡាញ់បរិស្ថាន ការពារបរិស្ថាន ប៉ុន្តែតាមពិតគឺផ្ទុយគ្នាស្រឡះ។ នៅទីនេះមានការកាប់ឈើច្រើនណាស់ប៉ុន្តែពិបាកនឹងទប់ស្កាត់។ មានអំពើពុករលួយច្រើនណាស់”។
លោកបាននិយាយថា លោកស្គាល់ឈ្មួញជួញដូរឈើក្នុងស្រុកខ្លះ ប៉ុន្តែលោកមិនប្រាប់ឈ្មោះរបស់ពួកគេទេ។ លោកនិយាយថា រយៈពេលពីរបីសប្ដាហ៍ដែលលោកស្ថិតនៅទីនេះ លោកបានឃើញរថយន្តដឹកឈើរហូតដល់១០គ្រឿងក្នុងមួយយប់ឆ្លងកាត់ទីនេះ ហើយឈើទាំងនោះដឹកចេញពីឧទ្យានវិរជ័យ។ លោកបាននិយាយថា “បើអ្នកស្នាក់នៅទីនេះ អ្នកនឹងឃើញ”៕គឹមហឿន /សូនី