34 C
Phnom Penh

លោក ហោ ណាំហុង ពន្យល់​កងទ័ព​នៅ​ប្រាសាទ​ព្រះវិហារ​អំពី​សាល​ក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សៅរ៍ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរ​ទេស​កម្ពុជា​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ក​ង​ទ័ព​​កម្ពុជា​ដែល​ឈរ​ជើងនៅ​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​លោក​បាន​ពន្យល់​អំពី​សាល​ក្រមនាពេល​ថ្មី​នេះ​​របស់​តុលា​ការ​យុត្តិ​ធម៌​អន្តរជាតិពាក់​ព័ន្ធ​នឹង​តំបន់​ជម្លោះ​ជាប់​ព្រំ​ដែន​ជាមួយ​ប្រទេស​ថៃ​។

ទាហាន​ប្រហែល​១.០០០នាក់​ ដែល​​​ឈរ​​​​​​​​​​​​ជើង​​​នៅ​​​ប្រាសាទ​​​ព្រះវិហារ​​​បាន​មក​ចូល​រួម​ស្តាប់​ការ​ពន្យល់​របស់​លោក ហោ​ ណាំហុង ដែល​អំឡុង​ពេល​នោះ​លោករដ្ឋ​មន្ត្រី​ការ​បរទេស​បាន​ក្រើន​រំឭក​​កងទ័ព​កុំឲ្យ​មាន​ជម្លោះ​​​​​​ម្តងទៀត​ ហើយ​បាន​ពន្យល់​ថា សេចក្តី​សម្រេច​​​​​​​​​​​​​របស់​តុលា​ការយុត្តិធម៌​​​​អន្តរ​ជាតិ (ICJ) នៅ​ក្នុង​ទីក្រុង​ឡាអេ​បានសម្រេច​ប្រគល់​​​តំបន់​ជុំវិញ​ប្រាសាទទាំ​ង​មូល​មក​ឲ្យ​កម្ពុជា​។

លោក ហោ ណាំហុង បាន​ប្រាប់​កងទ័ព​ទាំង​​​នោះថា “ប្រជា​ជន​កម្ពុជា​ដឹង​ថា សង្គ្រាម​​​ផ្តល់​ផលវិបាក​អ្វីខ្លះ​ដល់​យើង​។​យើង​មិន​ចង់​ដោះ​​​ស្រាយ​បញ្ហា​តាម​រយៈ​សង្គ្រាម​នោះ​ទេ។​​​យើង​ស្រឡាញ់​សន្តិភាព”។ លោក​បាន​បន្ថែម​ថា ហេតុ​នេះ​ហើយ​បាន​ជា​រាជរដ្ឋាភិបាល​​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​សុ​​​ំ​​​បក​​​ស្រាយ​​​សាល​​​ក្រម​​​​ទៅ​តុលា​ការយុត្តិ​​​ធម៌​​​​អន្តរ​ជាតិកាលពី​ឆ្នាំ​២០១១ដើម្បី​​​​សម្រេច​​​ថា តើដី​នៅ​តំបន់​ជម្លោះ​នេះ​ជា​កម្មសិទ្ធិ​របស់​​ប្រទេស​ណា​។

លោក​រដ្ឋមន្ត្រី​ការបរទេស​​​មាន​ប្រ​សា​សន៍​​​ថា “សាលក្រម​កាលពី​ខែ​វិច្ឆិកា​​​ឆ្នាំ​២០១៣​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការកំណត់​តំបន់ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​”។លោក ហោ  ណាំហុង ​បាន​មាន​​​ប្រសាសន៍​​​បន្ត​​​​ថា “ការ​តស៊ូក្តី​នៅ​តុលា​​​ការ​យុត្តិធម៌​អន្តរជាតិ​​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨​ខែ​មេសា​ឆ្នាំ​២០១១​ រហូតដល់​ថ្ងៃ​ទី​១១ ​ខែ​វិច្ឆិកាឆ្នាំ​២០១៣ គឺក្នុងរយៈពេល​ជាង​ពីរ​ឆ្នាំ​​នេះ​​ពិត​ជា​​​​ពិបាក​​​ខ្លាំងណាស់​។ខ្ញុំ​សូម​ជំរាប​ជូន​កង​​​ទ័ព​​​ទាំង​អស់​នៅ​ទីនេះ​ថា ថៃ​បាន​ជំទាស់​ដាច់​​​ខាត​ ហើយ​​​​​​ស្នើ​កុំឲ្យ​តុលា​ការ​យុត្តិធម៌​អន្តរ​ជាតិ​​បក​ស្រាយ​សាល​ក្រម​នេះ”។

កាលពី​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​បាន​កំណត់​ថា ទឹកដី​​​​​​​ទាំង​មូល​ជុំវិញ​​​​ប្រាសាទព្រះវិហារ​ ស្ថិត​​​ក្រោម​​​​អធិបតេយ្យ​ភាពរបស់​​​ប្រទេស​​​កម្ពុជា​​​​​​ហើយ​​​​​​​បាន​បង្គាប់​ឲ្យ​​​​​ប្រទេស​ថៃ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​នោះ​។ ទោះ​ជា​យ៉ា​ង​ណា នេះ​មិន​​​​​​​មែន​​​ជា​​​ជ័យ​​​ជម្នះ​ទាំង​ស្រុង​សម្រាប់​ប្រទេស​កម្ពុជា​ទេ ដោយ​សារ​តុ​លា​ការ​​​​​​​​ច្រាន​​​​​​ចោល​​​សំណើ​​របស់​ប្រទេស​កម្ពុជា​​​​ស្នើ​​​ឲ្យ​កំណត់​ព្រំដែន​ផ្លូវ​ការ​​នៅ​ក្នុង​តំបន់​នោះឬក៏​ផ្តល់​តំបន់​​​​​​​​​​ភ្នំមួយ​ទៀត​​នៅ​ក្បែរ​នោះ​មក​ឲ្យខ្លួន​​​។

ភ្លាមៗ​បន្ទាប់ពី​តុលាការ​ប្រកាស​សាល​ក្រម​ លោក​ ហោ ណាំហុង បាន​ហៅ​សេច​ក្តី​សម្រេច​របស់​តុលាការ​ថា ជា “កាដូ”  សម្រាប់​​​​​​ព្រះ​​​រាជាណាចក្រ​​​​កម្ពុជា​ ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា សាល​​​ក្រម​​​នេះ​​​​​​មិនសម្រេចបំណង​​​កម្ពុជា​​​១០០​​​ភាគ​​​រយទេ​​​​​​។ កាលពី​ថ្ងៃសៅរ៍ លោក ហោ ណាំហុង​ បាន​និយាយថា តំបន់​​​​​​ភ្នំ​ដែ​ល​តុ​លាការ​អន្តរ​ជាតិ​មិន​បាន​សម្រេច​នោះ​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​នាពេល​អនា​គត​។លោក​​ថ្លែង​​​ដោយ​​​មិន​បរិយាយ​លម្អិត​ថា “យើង​នឹង​ជជែក​គ្នា​អំពី​បញ្ហា​ភ្នំ​ទ្រព្យ​នាពេល​អនា​គត”។

លោកឧត្តម​សេនីយ៍ទោ​ ស្រី ឌិក មេ​បញ្ជា​ការ​កងអន្តរាគមន៍​កងពល​ធំ​លេខ​៣​ប្រចាំ​តំបន់​ប្រាសាទ​ព្រះ​វិហារបាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា វាជា​រឿង​ធម្មតាដែល​រដ្ឋមន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល​ចុះ​មក​សួរ​សុខ​​ទុក្ខ​និង​សំណេះសំណាល​ជា​មួយ​កងទ័ព​។​​​លោក​បាន​ពន្យល់​បន្ថែ​ម​ពាក់​ព័ន្ធ​នឹង​សាល​ក្រមរបស់​​​តុលាការ​​​យុត្តិធម៌អន្តរជាតិ​​​​​​នេះ​​​​ថា “រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ [​ថៃ​​​​​​​និង​​​​កម្ពុជា​] ​កំពុងតែ​ប្រឹង​ប្រែង​ធ្វើ​ការរួម​គ្នា​ដើម្បី​​​រក្សា​ស្ថានការណ៍​ឲ្យ​​​នៅ​ដដែល​​​”៕សូនី​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស