ការយាយីព្រះសង្ឃ និងអ្នកគាំទ្រព្រះសង្ឃដែលកំពុងនិមន្ត និងដើរក្បួនមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងពិធីជួបជុំក្នុងទិវាសិទ្ធមនុស្សអន្តរជាតិ បានបន្តកើតមានកាលពីថ្ងៃសុក្រ នៅពេលរថយន្តស៊េរីទំនើបបីគ្រឿងត្រូវបានប្រើប្រាស់ដើម្បីបិទច្រកចូលទៅកាន់វត្តមួយក្នុងខេត្តកំពង់ស្ពឺ ជាទីដែលអ្នកដើរធម្មយាត្រាគ្រោងនឹងចូលទៅសម្រាកមួយយប់។
ការប្រើរថយន្តបីគ្រឿង ក្នុងនោះមានរថយន្តលុចស៊ីស រថយន្តមីតស៊ុយប៊ីស៊ី ប៉ាហ្ស៉ឺរ៉ូ និងរថយន្តតូយ៉ូតា ហាយលែនឌ័រ ដែលជាកម្មសិទ្ធិរបស់មន្ត្រីសង្ឃជាន់ខ្ពស់នៅក្នុងខេត្តនេះ ដើម្បីបិទផ្លូវចូលទៅកាន់វត្តសាឡូន ពោធិវង្ស បានបណ្ដាលឲ្យអ្នកដើរធម្មយាត្រាប្រមាណ៦៥នាក់បិទកំណាត់ផ្លូវជាតិលេខ៤ ដែលតភ្ជាប់រាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ អស់រយៈពេល៧ម៉ោង។
ព្រះតេជគុណ ព្រីម ហួន ព្រះជន្ម២៥វស្សា ដែលកំពុងដឹកនាំការដើរធម្មយាត្រាពីខេត្តកំពង់ស្ពឺ មកកាន់រាជធានីភ្នំពេញបានមានសង្ឃដីកាថា ព្រះចៅអធិការវត្តសាឡូន ពោធិវង្ស បានអនុញ្ញាតឲ្យអ្នកធម្មយាត្រាទាំងនេះស្នាក់នៅមួយយប់។ ព្រះតេជគុណ ព្រីម ហួន មានសង្ឃដីកាថា “ប៉ុន្តែ មន្ត្រីសង្ឃ មន្ត្រី និងអាជ្ញាធរថ្នាក់ស្រុក និងខេត្ត មិនបានអនុញ្ញាតឲ្យពួកយើងសម្រាកនៅទីនោះឡើយ”។ ព្រះអង្គបានពន្យល់ថា មន្ត្រីមូលដ្ឋាន និងមន្ត្រីសង្ឃបានប្រាប់អ្នកបើករថយន្តឲ្យបិទច្រកចូលទៅកាន់វត្តខាងលើនេះ។
ព្រះអង្គបានមានសង្ឃដីការទៀតថា “អ្នកដើរធម្មយាត្រាបានបិទកំណាត់ផ្លូវជាតិលេខ៤ដើម្បីសុំឲ្យអាជ្ញាធរចរចាស្វែងរកដំណោះស្រាយ។ យើងមិនចង់ឲ្យអាជ្ញាធរទាំងនោះដាក់សម្ពាធលើចៅអធិការវត្តនេះឡើយ”។ ព្រះតេជគុណ ហឿង ស៊ីថា ព្រះចៅអធិការវត្តសាឡូន ពោធិវង្ស បានបញ្ជាក់ថា ព្រះអង្គបានអនុញ្ញាតឲ្យអ្នកធម្មយាត្រាទាំងនេះចូលក្នុងវត្តរបស់ព្រះអង្គ។
ព្រះតេជគុណមានសង្ឃដីកាថា “អាត្មាបារម្ភខ្លាចមន្ត្រីសង្ឃ និងមន្ត្រីថ្នាក់ស្រុក និងខេត្ត នឹងចោទប្រកាន់អាត្មាចំពោះការអនុញ្ញាតឲ្យអ្នកដើរធម្មយាត្រាសម្រាកនៅក្នុងវត្តរបស់អាត្មា។ អាត្មាអនុញ្ញាតឲ្យពួកគាត់សម្រាកនៅក្នុងវត្តរបស់អាត្មា ពីព្រោះអាត្មាយល់ថា យើងទាំងអស់គ្នាសុទ្ធតែជាខ្មែរ”។
លោក ឃុត សុផល អធិការស្រុកសំរោងទង បានបញ្ជាក់ថា អ្នកដើរធម្មយាត្រាបានបិទផ្លូវដើម្បីសងសឹកចំពោះការបិទផ្លូវមិនឲ្យចូលទៅក្នុងវត្តនេះ។ លោកក៏មានប្រសាសន៍ដែរថា អភិបាលស្រុកបានចរចាជាមួយអ្នកដើរធម្មយាត្រាទាំងនេះដើម្បីឲ្យពួកគាត់ឈប់បិទផ្លូវ ប៉ុន្តែលោកបានបដិសេធមិនឆ្លើយបំភ្លឺបន្ថែមទៀតទេ។
អ្នកស្រី សុង ស្រីលាភ សកម្មជនប្រឆាំងការបណ្ដេញចេញម្នាក់មកពីសហគមន៍បឹងកក់ ក្នុងរាជធានីភ្នំពេញ ក៏កំពុងចូលរួមនៅក្នុងធម្មយាត្រាពីខេត្តកំពង់ស្ពឺដែរនោះ បានលើកឡើងថា ក្រោយពីការចរចាជាមួយលោកអភិបាលរួច អ្នកស្រីនិងអ្នកដើរធម្មយាត្រាជាមួយគ្នារួមទាំងព្រះសង្ឃផងត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងវត្តនេះ។ អ្នកស្រីបានចោទសួរថា “ហេតុអ្វីបានជាពួកគេមិនអនុញ្ញាតឲ្យពួកយើងសម្រាកនៅក្នុងវត្តនេះ នៅពេលដែលព្រះចៅអធិការអនុញ្ញាតឲ្យពួកយើងហើយនោះ?”។
ព្រះសង្ឃ និងអ្នកគាំទ្រដែលកំពុងដើរធម្មយាត្រាតាមបណ្ដោយផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ក៏បានរាយការណ៍ពីការយាយីស្រដៀងគ្នានេះដែរ។ព្រះសង្ឃប្រហែល១០០អង្គកំពុងដឹកនាំការដើរធម្មយាត្រារយៈពេល១០ថ្ងៃ ដែលបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យមកកាន់រាជធានីភ្នំពេញ នៅតាមចំណុចផ្សេងៗគ្នាតាមបណ្ដោយផ្លូវជាតិចំនួនប្រាំឆ្ពោះមកកាន់រាជធានីភ្នំពេញ។
អ្នកចូលរួមកំពុងតែអំពាវនាវឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងការបណ្ដេញចេញពីដីធ្លី និងស៊ើបអង្កេតភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដា ដែលបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលជ័យជម្នះពីគណ បក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោត៕សុខុម