30 C
Phnom Penh

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អំពាវ​នាវ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​បិទ​មណ្ឌល​បន្សាប​គ្រឿ​ង​ញៀន​ទាំង​អស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ជាប់​ឃុំ​នៅ​តាម​មណ្ឌល​បន្សាប​គ្រឿង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​តែ​បន្ត​កើត​មាន​ពេញ​ទំហឹង​​ ហើយ​រដ្ឋាភិបាល​គួរ​តែ​​ដោះ​លែង​អ្នក​ជាប់​ឃុំ​ និង​បិទ​មណ្ឌល​ទាំង​នោះចោល​។

របាយការណ៍​ដែល​មាន​ឈ្មោះ​ថា “ពួក​គេ​ចាត់​ទុក​យើង​ដូច​សត្វ​ធាតុ​” ដែលទទួល​បាន​កាលពីថ្ងៃ​សុក្រ បាន​បង្ហាញ​ថា រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​​បញ្ហា​ធ្ងន់​ធ្ងរ​នៅ​តាម​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ដែល​ធ្លាប់​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​មួយ​មុន​នេះ​កាលពីឆ្នាំ​២០០៩​ឡើយ​។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ដែល​មិន​ទាន់​បញ្ចេញ​ជា​ផ្លូវការ​នេះ​ថា “ រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពីការ​មិន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខុមាល​ភាព​របស់​មនុស្ស​រាប់​ពាន់​​នាក់​ដែល​ភាគ​ច្រើន​ជា​អ្នក​បាត់​បង់​ឱកាស​ និង​ភាគច្រើន​ជាកុមារ​​ដែល​ខ្លួន​បញ្ជូន​ទៅ​មណ្ឌល​ទាំង​នោះ​”។

របាយការណ៍​នេះ​បន្ត​ថា “មិន​គួរ​ជឿខុស​​​ថា មណ្ឌល​ទាំង​នេះ​គ្មាន​បំណង​ជួយ​អ្នក​ញៀន​ថ្នាំ​នោះ​ទេ។ ផ្ទុយ​ទៅវិញ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​រក​ឃើញ​ថា មណ្ឌល​ទាំង​នេះ​​​គឺ​ជា​មធ្យោបាយ​ដើម្បី​ឃុំឃាំង​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​អ្នកដែលជាប់​សង្ស័យ​ថា ​ប្រើ​គ្រឿង​ញៀន ដោយសារ​តែ​គេ​យល់​ថា នឹ​ង​ត្រូវ​ការ​កិច្ច​ខំប្រឹង​ប្រែង​ខ្លាំង​ និង​ចំណាយ​អស់​ច្រើន​ប្រសិន​បើ​កាត់​ទោស​ពួកគេ​នៅ​ក្នុង​ប្រព័ន្ធ​តុលា​ការ​ និង​ឃុំឃាំង​ពួកគេ​ក្នុង​ពន្ធ​នាគារ​”។

មណ្ឌល​បន្សាប​គ្រឿង​ញៀន​ទាំង​នោះ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​រាជធានីភ្នំពេញ​ ខេត្ត​បាត់​ដំបង បន្ទាយ​មានជ័យ​ សៀម​រាប ខេត្ត​​ព្រះសីហនុ និង​កោះកុង ​មាន​សមត្ថ​ភាព​​ផ្ទុក​មនុស្ស​បាន​ចន្លោះពី​​៣០​នាក់​ទៅ​៤០០​នាក់​ ជា​ញឹក​ញាប់​ធ្វើ​សកម្មភាព​ “បោស​សម្អាត​​​តាម​ផ្លូវ​” និង​ដោយ​​គ្មានការ​ស្រាវ​ជ្រាវ​រក​ការ​ពិត​ថា តើ​អ្នក​ទាំង​នោះ​មាន​បញ្ហា​ថ្នាំញៀន​ប្រាកដ​មែន​ឬយ៉ាងណាឡើយ​។

កាលពី​ឆ្នាំ​២០១០​មាន​មណ្ឌល​បែប​នេះ​ចំនួន​១១​ធ្វើ​ប្រតិបត្តិការ​នៅ​​ទូទាំង​ប្រទេស​។ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ថា ចំនួន​មណ្ឌល​ទាំង​នេះ​បាន​ថយ​ចុះ​មក​នៅ​សល់​ត្រឹម​ប្រាំបី ប៉ុន្តែ​អង្គការ​នេះ​បាន​​​គូស​បញ្ជាក់​ថា “ចំនួន​សរុប​នៃ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​ទាំង​នោះ​គឺ​នៅ​ដដែល​”។ ក្រសួង​សង្គម​កិច្ច បើក​ដំណើរ​ការ​មណ្ឌល​​បន្សាប​គ្រឿង​ញៀន​តែ​មួយ​ប៉ុណ្ណោះ ហើយ​​មណ្ឌល​ទាំង​នោះ​គ្រប់​គ្រង​ដោយ​នគរ​បាល​ កង​រាជ​អាវុធហត្ថ​ ឬ​កង​ទ័ព​។

នៅ​​​ក្នុង​មណ្ឌល​ទាំង​នោះ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​​មនុស្ស​បាន​រក​ឃើញ​ថា នៅ​​​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​១០​នាក់​មាន​ម្នាក់​មាន​វ័យ​ក្រោម​១៨​ឆ្នាំ​។ អ្នក​ដែល​ត្រូវ​បាន​សមត្ថកិច្ច​គៀង​ប្រមូល​ចាប់​ខ្លួន​ មិន​ថា​ពួកគេ​ជាកុមារ​ ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ឬ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​នោះ ត្រូវ​​បាន​បង្ខំ​ឲ្យ​ធ្វើការ​ហ្វឹក​ហាត់​ដូច​យោធា​។ ប្រសិន​បើ​ការ​ហ្វឹក​ហាត់​នោះ​ធ្វើមិន​បាន​ល្អ​ទេ អ្នក​ជាប់​ឃុំ​អាច​នឹង​រង​ “ ការ​ដាក់​ទណ្ឌ​កម្ម​ព្រៃ​ផ្សៃ​”។

លទ្ធផល​រក​ឃើញ​នៃ​របាយការណ៍​នេះ​ផ្អែក​លើ​ការ​សម្ភាស​ជាមួយ​មនុស្ស​ចំនួន​៣៣​នាក់​ដែល​ជាប់​ឃុំ​នៅ​តាម​មណ្ឌល​ទាំង​នោះ​ចន្លោះ​ពីពាក់​កណ្ដាល​ឆ្នាំ​២០១១​ដល់​ពាក់​កណ្ដាល​ឆ្នាំ​នេះ​ ហើយ​ពួកគេ​ទាំង​នោះ​គ្មាន​នរណា​ម្នាក់​ “មាន​មេធាវី ឬ​ចៅក្រម​ ឬ​ត្រូវ​បាន​នាំខ្លួន​ឡើង​តុលាការ​នៅ​ពេល​ណាមួយ​ក្រោយ​ពីការ​ចាប់​ខ្លួន​ ឬអំឡុង​ពេល​ឃុំឃាំង​នៅ​ក្នុង​មណ្ឌលទាំង​នោះឡើយ” ។

ការ​សិក្សា​នេះ​បាន​បង្ហាញ​ទៀត​ថា “ការ​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​មណ្ឌល​ទាំង​នេះ​ក៏ចេះ​តែ​បន្ត​កើត​មាន​ដែរ​៖ ដោយ​អតី​ត​អ្នក​ជាប់​ឃុំ​បាន​ប្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ថា ពួក​គេ​បាន​រង​ការ​វាយ​ដំ​ វាយ​នឹង​ទុយោទឹក​ជ័រ ទទួល​ទណ្ឌកម្ម​ឲ្យ​លូន​លើ​កន្លែង​មាន​ថ្ម​មុត​ស្រួច​ ឬ​ឈរ​ក្នុង​ទឹក​ស្អុយ​ រង​ការ​រំលោភ​បំពាន​​​ផ្លូវ​ភេទ​ និង​បង្ខំ​ឲ្យធ្វើការ​”។​

កាលពីខែ​មុន​របាយការណ៍​មួយ​ចេញ​ដោយ​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ​​​ទទួល​បន្ទុកគ្រឿង​ញៀន និង​បទ​ឧក្រិដ្ឋ បាន​លើក​ឡើង​ថា មាន​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ចំនួន​១៣​នៅ​ទូទាំង​ប្រទេស​ ក្នុង​នោះ​ប្រាំមួយ​គ្រប់​គ្រង​ដោយ​រដ្ឋ​ ប៉ុន្តែ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា មណ្ឌលទាំង​នោះ​ “គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​គ្រប់​គ្រាន់​លើ​ការ​បន្សាប​គ្រឿង​ញៀន​”។

តែ​ទោះ​ជា​យ៉ាង​ណា កម្មវិធី​បន្សាប​គ្រឿង​ញៀន​តាម​សហ​គមន៍​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ស្ទឹង​ត្រែង​ និង​បាត់​ដំបង បាន​បង្ហាញ​ពីភាព​​​ជោគ​ជ័យ​ ហើយ​​ពេល​នេះ​កំពុង​តែ​មាន​ផែន​​​ការ​ពង្រីក​បន្ថែម​ទៀត​។ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​លើក​​ឡើង​ថា ក្រសួង​សុខាភិបាល គួរតែ​ពង្រីក​កម្មវិធី​បន្សាប​គ្រឿង​ញៀន​តាម​សហគមន៍​ និង​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​បន្សាប​បែប​នេះ​ត្រឹម​​​ត្រូវ​តាម​លក្ខណៈ​វេជ្ជសាស្ត្រ​ និង​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​បន្ត​ថា “បង្ខំ​មនុស្ស​ឲ្យ​ ‘បន្សាប​គ្រឿងញៀន​’ ​នៅ​តាម​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ បំពាន​លើ​សិទ្ធិ​មួយ​ចំនួន​ធំ​ក្នុង​ចំណោម​សិទ្ធិ​មនុស្ស​របស់​ពួកគេ​ រួ​ម​ទាំង​ការ​ការ​ពារ​ពីការ​ចាប់​ខ្លួន និង​ការ​ឃុំឃាំង​តាម​អំពើ​ចិត្ត​ និង​ការ​បន្សាប​ប្រើ​វិធី​​សាហាវ​គ្មានមនុស្ស​ធម៌”។ ​អង្គការ​នេះ​បាន​លើក​ឡើង​ទៀត​ថា “ ការ​​ល្មើស​ច្បាប់​អន្តរជាតិ​ដ៏​សំខាន់​ទាំង​នេះ​​មាន​ន័យ​​​ថា បុគ្គល​គ្រប់​រូ​បដែល​បច្ចុប្បន្ន​កំពុង​ជាប់​នៅ​ក្នុង​មណ្ឌល​បន្សា​ប​គ្រឿង​ញៀន​ក្នុង​ប្រទេស​​​កម្ពុជា​គួរ​តែ​ទទួល​បាន​ការ​ដោះ​លែង​ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខណ្ឌ​។

ឧត្តម​សេនីយ៍ត្រី ខេង ទីតូ​ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​មាន​ប្រសាសន៍​ថា លោកមិន​បាន​ឮពី​របាយកាណ៍​ថ្មី​នេះទេ ប៉ុន្តែ​ថា កាលពីសប្ដាហ៍​មុន​ក្រសួង​មហាផ្ទៃ​បានចាប់ផ្ដើម​វាយ​តម្លៃ​ស្ថាន​ភាព​នៅ​តាម​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​៕ សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស