30.1 C
Phnom Penh

លោក​​​ ហ៊ុន សែន បញ្ជា​ឲ្យ​មានការ​អប់រំ​​​​​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញ​សេចក្តី​បញ្ជា​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​កម្មវិធី​អប់​រំ​នៅ​ក្នុង​ប្រព័ន្ធ​សិក្សា​ទូទាំង​ប្រទេស​ ដែលនេះ​ជា​ផ្នែក​មួយ​នៃកិច្ច​ខំប្រឹង​ប្រែង​កាន់​តែ​ខ្លាំង​ ក្នុង​ការ​លប់​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​លាត​ត្រដាង​នៅ​មុន​ទិវា​ប្រឆាំង​អំពើ​ពុករលួយ​អន្តរ​ជាតិ​ ដែល​ត្រូវ​នឹង​ថ្ងៃ​នេះ នឹង​ជា​ថ្ងៃ​អប​អរ​សាទរ​ចំពោះ​លទ្ធផល​នៃការ​ងារ​ចាប់​ជន​ពុករលួយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​សម្រេច​​​បាន​ តាំង​ពី​អង្គភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១០។ លើស​ពី​នេះ​​ទៀត​ សេចក្តីប្រកាស​ដដែល​ក៏​បាន​អំពាវ​នាវ​ឲ្យ​អង្គភាព​​នេះ​ក៏​ដូច​ជា​ក្រសួង​ផ្សេងៗទៀត​ ចាត់​វិធាន​ការ​បន្ថែម​ ដើម្បី​កម្ចាត់​​អំពើ​ពុក​រលួយ​។

លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​នេះ​ថា “បន្ទាប់​ពី​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាត់​វិធានការ​ឯករាជ្យ​ ដើម្បី​អប់​រំ​ និង​ទប់​ស្កាត់​អំពើ​ពុករលួយ​ ដោយ​​មាន​ការ​ចូល​រួម​យ៉ា​ង​សកម្ម​ពី​សំណាក់​ក្រសួង​ទាំង​អស់​ ស្ថាប័ន​ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​”។ លោក​បាន​បន្ថែម​ថា អំពើ​ពុករលួយ​នៅ​តែ​មាន​នៅក្នុង​រដ្ឋាភិបាល​។ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា “ថ្នាក់​ដឹក​នាំ​គ្រប់​ក្រសួង​ ស្ថាប័ន​ នឹង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ ព្រម​ទាំង​វិស័យ​ឯក​ជន​ គួរ​សម្អាត​ខ្លួន​ប្រាណ​របស់​ខ្លួន តាម​រយៈ​ការ​ឆ្លុះ​កញ្ចក់​ ងូត​ទឹក និង​ដុស​ក្អែលចេញ”។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បន្ត​ថា ផែនការ​រយៈពេល​វែង​សម្រាប់​បណ្តុះ​គំនិត​សិស្ស​សាលា​ឲ្យ​ប្រឆាំង​អំពើ​ពុករលួយ​ តាម​រយៈ​កម្ម​វិធី​សិក្សា​ទូទាំង​ប្រទេស​ បច្ចុប្បន្ន​​គួរ​តែ​ត្រូវ​បាន​អនុវត្ត​។ នៅក្នុងសេចក្តី​ប្រកាស​ដដែល​លោក ហ៊ុន សែន បាន​លើក​ឡើង​បន្ថែម​ទៀត​ថា “ក្រសួង​អប់រំ​ យុវជន និង​​កីឡា​ ក៏​បានធ្វើ​សហ​​​​ប្រតិបត្តិការ​យ៉ាង​ល្អ​ ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ក្នុង​ការ​ចងក្រង​មេរៀន​ អំពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សិស្ស​”។

សេចក្តី​ប្រកាស​នេះ​មាន​ខ្លឹមសារ​បន្ត​ទៀត​ថា “ខ្ញុំ​ចង់ឲ្យ​ស្ថាប័ន​ទំាង​ពីរនេះ​ខិត​ខំ​បង្កើត​កម្ម​វិធី​នេះ ឲ្យចាប់​ផ្តើម​… ក្នុង​ឆ្នាំ​សិក្សា​២០១៤​​​-២០១៥។ យើង​មាន​បំណង​ចង់​ឲ្យ​ទំពាំង​ស្នង​ឫស្សី​ធំ​ដឹង​ក្តី​ដោយ​មានទឹក​​ចិត្ត​ស្រឡាញ់​ភាព​ស្មោះ​ត្រង់​ និង​ស្អប់​អំពើ​ពុក​រលួយ​”។
កាលពីសប្តាហ៍​មុន អង្គការ​តម្លាភាព​អន្តរ​​​ជាតិ​ (Transparency International) បាន​ចេញ​ផ្សាយ​សន្ទស្សន៍​យល់​ដឹង​អំពី​អំពើ​ពុក​រលួយ​ប្រចំា​របស់​ខ្លួន​។ សន្ទស្សន៍​នេះ​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​១៦០​ក្នុង​ចំណោម​១៧៧​ប្រទេស​​ ផ្នែក​​​​​​​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​ត្រូវ​បាន​តែង​តាំង​នៅ​ចុង​ខែ​កញ្ញា បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ហើយ​នឹង​ធ្វើ​សកម្មភាព​បង្កើត​កម្មវិធី​អប់​រំ​អំពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​នៅក្នុង​កម្មវិធី​សិក្សា​នៅតាម​សាលា​រៀន​កម្រិត​ចំណេះ​ដឹង​ទូទៅ​នៅ​ទូទាំង​ប្រទេស​។

លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​នឹង​បង្កើត​គណៈកម្មាធិការ​មួយ​ ដើម្បី​ពិនិត្យ​កម្មវិធី​សិក្សា​ឡើង​វិញ ហើយ​យើង​នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​ដាក់បញ្ចូល​កម្មវិធី​នេះ​សម្រាប់​គ្រប់​ឆ្នាំ​សិក្សា​ ​ចាប់​ពី​​ឆ្នាំសិក្សា​បន្ទាប់តទៅ​”។ លោក​​​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​អប់​រំ ​យុវជន​ និង​កីឡា ក៏បាន​ចាប់​ផ្តើម​អនុវត្ត​កម្ម​​​វិធី​កំណែ​ទម្រង់​ប្រឆាំង​អំពើ​ពុក​​​រលួយ​ ដោយ​​​​ជ្រើស​រើស​គ្រូ​បង្រៀន​ថ្មី​ៗ​តាម​រយៈ​ការ​ប្រឡង​ជ្រើស​រើស​ប្រកប​ដោយ​​តម្លាភាព​ផង​ដែរ។

លោក​បាន​បន្ថែម​ថា ក្រសួង​អប់​រំ យុវជន​ និង​កីឡា ក៏​នឹង​បញ្ឈប់​សកម្មភាព​ប្រមូល​ប្រាក់​ប្រចំា​ថ្ងៃ​របស់​គ្រូ​បង្រៀន​ ពី​សិស្ស​ដើម្បី​ផ្គត់​ផ្គង់​បន្ថែម​លើ​ប្រាក់​ចំណូល​បន្តិច​បន្តួច​របស់​ពួកគាត់ នាពេល​ឆាប់​ៗនេះ​ផង​ដែរ។ លោក ហង់ជួន ណារ៉ុន បាន​មាន​ប្រសា​សន៍​ទៀត​ថា “យើង​កំពុង​ចាប់​ផ្តើមពីចំណុច​​តម្លាភាព​ ហើយយើង​នឹង​បង្កើន​ប្រាក់​ខែ​ថ្នាក់​គ្រប់​គ្រង​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ ក៏​ដូច​ជា​ប្រាក់​ខែ​របស់​គ្រូ​បង្រៀន​ផង​ដែរ​។ យើង​ក៏​ត្រូវ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នៅ​ការ​លប់​បំបាត់​សកម្មភាព​ប្រមូល​ប្រាក់​បន្ថែម​ខុស​ច្បាប់​ផង​ដែរ”។

លោក​ ព្រាប កុល នាយកប្រតិបត្តិ​អង្គការ​ តម្លាភាព​អន្តរជាតិ​កម្ពុជា​ (Transparency Intena- tional Cambodia)​ បាន​លើក​ឡើង​ថា លោក​ស្វាគមន៍​សារ​របស់​លោក ហ៊ុន សែន ដែល​លើក​ឡើង​ថា វា​ជា​ការខិត​ខំប្រឹង​ប្រែង​បន្តិច​បន្តួច​​ក្នុង​ការ​លប់​បំបាត់​អំពើ​ពុករលួយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ វា​គឺ​ជា​ការ​វិនិយោគ​ទៅ​លើ​មនុស្ស​ជំនាន់​ថ្មី​ ដោយ​មាន​សង្ឃឹម​ថា នៅពេល​ដែល​ពួកគេ​ធំ​ដឹង​ក្តី​ឡើង​ ហើយ​មួយ​ចំនួន​បាន​ចូល​បម្រើ​ការងារ​ក្នុង​រដ្ឋាភិបាល​ ពួកគេ​នឹង​អនុវត្តការងារ​ដោយ​ប្រកាន់​ខ្ជាប់​និង​ឥរិយាបថ​ប្រកប​ដោយ​ក្រម​សីលធម៌​នៅក្នុង​រដ្ឋាភិបាល​ មិន​ដូច​មន្ត្រី​រដ្ឋា​ភិបាល​នាពេល​បច្ចុប្បន្ន​ទេ​”។ លោក​បាន​បន្ថែមថា លោកសង្ឃឹមថា មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ ផ្ទាល់​ នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លឹម​សារ​នៅក្នុង​សារ​ទាំង​មូ​ល​របស់​នាយករដ្ឋ​មន្ត្រី​​រូប​នេះ​។

លោក​បាន​​បន្ថែម​ទៀត​ថា “ ខ្ញុំ​សង្ឃឹមថា ប្រសិន​បើ​ពួកគេ​មិន​អនុវត្ត​ទេ​ នឹងមាន​ការ​ដាក់​ទណ្ឌកម្ម​ ការ​ចាប់​ខ្លួន​កាន់​​តែ​ច្រើន​ និង​ការ​ផ្តន្ទា​ទោស​កាន់​តែ​ច្រើន​​ចំពោះ​​មន្ត្រី​រដ្ឋា​ភិ​បាល​ រួម​ទាំង​មន្ត្រី​ថ្នាក់​ខ្ពស់​បំផុត​ផងដែរ​”។ កាលពី​ខែមុន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចោទ​ប្រកាន់​បុគ្គលិក​ប្រមូល​ប្រាក់​ទូទាត់​វិក្កយបត្រ​ពីររូប​ ពី​បទ​លួច​បន្លំ​ប្រាក់​ទូទាត់​វិក្កយបត្រ​នៅក្នុង​ខេត្ត​មណ្ឌល​គិរី​ ព្រម​ទាំង​មន្ត្រី​ពន្ធ​មួយ​រូប​នៅ​ខេត្ត​ព្រះសីហនុ​ ពី​បទ​គិត​ប្រាក់ពន្ធ​លើស​ ក៏​ប៉ុន្តែ មិន​ទាន់​បាន​ស៊ើប​អង្កេត​​ករណី​របក​គំហើញ​ថា​ មាន​អំពើ​ពុករលួយ​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ក្រសួង​សុខា​ភិ​បាល​​នៅ​ឡើយ​ទេ​។

នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា អង្គការ​មូល​និធិ​ពិភពលោក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេសដ៍​ របេង និង​ជំងឺ​គ្រុន​ចាញ់​ (The Global Fund to Fight AIDS, Tuberculosis and Malaria) បានចេញ​របាយការណ៍​ដែល​បង្ហាញ​ថា មន្ត្រី​យក​ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ​តាម​រយៈ​អំពើ​សូក​ប៉ាន់​នៅ​ក្នុង​ការ​គ្រប់​គ្រង​ជំនួយ​របស់​អង្គការ​នេះ​ និង​បាន​សម្រប​សម្រួល​ជំនួយ​ទឹក​ប្រាក់​១២​លាន​ដុល្លារ​សម្រាប់​ប្រទេស​កម្ពុជា​។

​​រដ្ឋាភិបាល​រហូត​មក​ទល់​ពេល​នេះ​បាន​ត្រឹម​តែ​ចេញ​សេចក្តី​ប្រកាស​ឲ្យ​មន្ត្រី​ក្រសួង​ដែល​ប្រព្រឹត្ត​ខុស​ក្នុង​ករណី​នេះ​ ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​​ ដោយ​លើក​ឡើង​ថា ភាគី​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​ក្នុង​អំពើ​ពុករលួយ​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​ លើក​លែង​តែ​ក្រសួង​សុខា​ភិបាល​ខ្លួន​ឯង​ចេញ​។ លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​លើក​ឡើងផងដែរ​ថា ការ​ដាក់​ចេញ​នូវ​កម្មវិធី​អប់​រំ​សិស្ស​អំពី​អំពើ​ពុក​រលួយ​នៅក្នុង​រដ្ឋាភិបាល គ្រាន់​តែ​ជា​ចំណាត់​ការ​ថ្មី​បំផុត​មួយ​នៅ​ក្នុង​វិធានការ​ជាច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ អំពើ​ពុក​រលួយ​មិន​គ្រាន់​តែពាក់​ព័ន្ធ​នឹង​ច្បាប់​ប៉ុណ្ណោះ​ទេ​វា​ថែម​ទាំង​ទាក់​ទង​ទៅនឹង​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ផងដែរ ហើយ​នេះ​គឺ​ជា​មូលហេតុ​ដែល​ត្រូវ​មាន​ការ​អប់រំ​ ពោល​គឺ​យុវជន​ត្រូវ​មានការ​យល់​ដឹង​អំពី​ផល​ប៉ះ​ពាល់​អាក្រក់​នៃ​អំពើ​ពុករលួយ​”៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស