ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទ ម៉ូប៊ីថែល (MobiTel) បានឲ្យដឹងថា ខ្លួនត្រៀមរួចជាស្រេចក្នុងការនាំយកបច្ចេកវិទ្យា 4G មកប្រើប្រាស់នៅពាក់កណ្តាលឆ្នាំក្រោយ ជាហេតុបណ្តាលឲ្យក្រុមហ៊ុននេះអាចក្លាយទៅជាបណ្តាញដំបូងគេដែលនាំឲ្យមានការប្រើប្រាស់សេវាកម្មអ៊ីនធើណិតល្បឿនលឿននៅក្នុងប្រទេសកម្ពុជា។
លោក អៀន វ៉ាតសុន (Ian Watson) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ម៉ូប៊ីថែល បានមានប្រសាសន៍ក្នុងសប្តាហ៍នេះថា “យើងនឹងដំណើរការបច្ចេកវិទ្យា 4G នៅក្នុងត្រីមាសទី២នៃឆ្នាំ២០១៤ អាស្រ័យទៅលើលទ្ធផលនៃកិច្ចពិភាក្យាជាមួបយស្ថាប័នបញ្ញតិករពាក់ព័ន្ធ ទាក់ទងនឹងរឿងអាជ្ញាប័ណ្ណ និងរបៀបល្អបំផុតក្នុងការនាំយកសេវាកម្ម 4G មកប្រើប្រាស់”។
លោក វ៉ាតសុន មិនអាចធ្វើអត្ថាធិប្បាយអំពីចំនួនទឹកប្រាក់ដែលនឹងត្រូវបានវិនិយោគនៅក្នុងគម្រោងបច្ចេកវិទ្យា 4G បានទេ ក៏ប៉ុន្តែលោកបានបង្ហើបថា គម្រោងនេះត្រូវចំណាយ ប្រាក់យ៉ាងច្រើន។ បច្ចេកវិទ្យាឥតខ្សែជំនាន់ទី៤ ដែលមានសមត្ថភាពបញ្ជូនព័ត៌មានក្នុងល្បឿនលឿនជាងស្តង់ដា 4G បច្ចុប្បន្នកំពុងទទួលបាននូវការគាំទ្រពីឧបករណ៍ ដែលអាចប្រើបច្ចេកវិទ្យា 4G តែប៉ុណ្ណោះ ដូចជាទូរស័ព្ទ iPhone 5 ជាដើម។
ការមានកម្រិតនៃគ្រឿងឧបករណ៍ ដែលត្រូវបានប្រើប្រាស់ទូទៅបំផុត និងតម្លៃខ្ពស់នៃឧបករណ៍ដែលអាចប្រើបច្ចេកវិទ្យា 4G មានន័យថា វាមិនមែនជាសេវាកម្មសម្រាប់ ទ្រង់ទ្រាយធំទេ នេះបើយោងតាមប្រសាសន៍របស់លោក ថូម៉ាស់ ហាន់ (Thomas Hundt) ប្រធាននាយកប្រតិបត្តិបណ្តាញទូរស័ព្ទចល័ត ស្មាត (Smart)។ លោកបានមានប្រសាសន៍ថា “យើងត្រូវមានភាពប្រាកដនិយមអំពីបច្ចេកវិទ្យា4G។ វាមិនមែនជាបច្ចេកវិទ្យាសម្រាប់តំបន់ជនបទទេ ពីព្រោះវាមានតម្លៃថ្លៃ។ យើងកំពុងតែជជែកអំពីឧបករណ៍ដែលមានតម្លៃថ្លៃល្មម។ វាជាសេវាកម្មសមនឹងតំបន់ក្រុងជាង”។ ក៏ប៉ុន្តែលោក ថូម៉ាស់ ហាន់ បានបដិសេធមិនបរិយាយលម្អិតអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុមស្មាត ទាក់ទៅនឹងការបញ្ចេញបច្ចេកវិទ្យា 4G ៕សុធា