40.6 C
Phnom Penh

​រៃ​អង្គាសប្រាក់​ដើម្បីជួយ​ជន​រង​គ្រោះ​ដែល​នគរបាល​បាញ់​អំឡុង​ការ​តវ៉ា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​បរទេស​ម្នាក់​ដែល​រស់​នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​បាន​បង្កើត​មូលនិធិមួយ​ ដើម្បី​រៃអង្គាស​ប្រាក់​ឲ្យ​បាន​៣.០០០ដុល្លារ​ក្នុង​ខែ​ក្រោយ​ ដើម្បី​ជួយ​ចំណាយ​ថ្លៃព្យាបាលចំពោះនិស្សិត​មួយ​រូប​ដែលត្រូវ​មន្ត្រី​នគរបាល​បាញ់​ចំ​ឆ្អឹង​ខ្នង នៅ​​អំឡុងពេលការ​តវ៉ា​​​​​រវាងកម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ អេសអិល (SL Garment Factory) កាល​ពីខែមុន​។

លោក ហឿន ចាន់ អាយុ​២៦ឆ្នាំ ជា​និស្សិតច្បាប់​ឆ្នាំទី​៤នៅសាកលវិទ្យាល័យ​ធនធាន​មនុស្ស​បាន​រង​គ្រាប់​កាំភ្លើង​ បន្ទាប់​ពី​ហេតុការណ៍​ប៉ះ​​ទង្គិច​បាន​ផ្ទុះ​ឡើង​ រវាង​កម្មករ​តវ៉ា​ និង​អាជ្ញាធរ​។ លោក ចាន់​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្ត​ភាពខ្មែរ-​សូវៀតភ្លាមៗ។ នៅ​ទី​នោះ លោក​ទទួល​បាន​ការ​វះកាត់​អស់​រយៈ​ពេល​ជាង​២ម៉ោង​​​ ដើម្បី​យក​គ្រាប់​កាំភ្លើង​ចេញ​។ ក្រុម​វេជ្ជបណ្ឌិត​បាន​ប្រាប់​និស្សិត​រូប​នេះ​ថា គាត់​នឹង​លែង​ដើរ​កើត​ទៀត​ហើយ​ ដោយ​សារ​តែ​របួស​របស់​គាត់​។

គ្រួសារ​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ខ្ចី​ប្រាក់​គេ​ចំនួន​១៥លាន​រៀល​ ឬ​ក៏​ប្រហែល​៣.៧៥០ដុល្លារ ​ដើម្បីដោះស្រាយ​ការ​ចំណាយ​នៅ​មន្ទីរពេទ្យ​ ក្នុង​គោល​បំណង​បញ្ជូន​លោក ចាន់ ទៅ​ព្យាបាល​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។ ជន​ជាតិ​នូវែហ្សេឡង់​​ម្នាក់​ឈ្មោះ ហ្វ្រេន សេស្កា អែលឌ្រីច (Francesca Eldridge) បាន​ខិត​ខំ​បង្កើត​កម្មវិធី​រៃអង្គាស​មូលនិធិ​ “សាមគ្គី​ភាព​ជាមួយ​ ហឿន ចាន់”  នៅ​លើ​គេហទំព័រ​ You​Caring.com។ កម្មវិធី​នេះ​បាន​បង្ហាញវីដេអូ​បញ្ជាក់​ពីរូប​ភាព​អំពើ​ហិង្សា​របស់​នគរបាល​ អំឡុង​ការ​តវ៉ា​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ អេសអិល ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយតាម​គេហទំព័រ​ YouTube.com និង​ពិព័រណ៍​នា​អំពី​ស្ថានភាពរបស់​លោក ចាន់។​

គេ​ហទំព័រនេះ​មាន​ខ្លឹមសារ​ថា “គ្រួសារ​របស់​ ហឿន ចាន់ គឺ​ជា​កសិករ​ក្រីក្រ​ និង​កាល​ពី​ពេលថ្មី​ៗនេះ​ បាន​ខ្ចី​ប្រាក់​គេ​… ដោយ​យក​ដី​របស់​ពួកគាត់​ធ្វើ​ជា​ទ្រព្យ​ធានា​ ដើម្បី​ទទួល​បាន​ប្រាក់​យក​ទៅ​បង់​ថ្លៃ​សេវា​វេជ្ជ​សាស្ត្រ​ត្រូវ​បាន​ផ្តល់​ឲ្យកូន​ប្រុស​របស់​ពួកគាត់​។ នេះ​មាន​ន័យ​ថា គ្រួសារ​កសិករ​ក្រីក្រ​នេះ​ប្រឈម​នឹង​ការ​បាត់​បង់​ដី​ធ្លី​ និង​សមត្ថភាព​​ក្នុង​ការ​រក​ប្រាក់ចំណូលផ្គត់​ផ្គង់​ជីវភាព​​ ហើយ​តម្រូវ​ការ​ផែ្នក​វេជ្ជ​សាស្ត្រ​​សម្រាប់​កូន​ប្រុស​របស់​ពួកគាត់​នឹង​នៅ​តែមាន​ ហើយ​ការ​ចំណាយ​ក៏​នឹង​ចំាបាច់​ផង​ដែរ”។

គេហទំព័រ​ដដែល​មាន​ខ្លឹម​សារ​បន្ត​ទៀត​ថា “កម្មវិធី​រៃអង្គាស​ប្រាក់​នេះ ត្រូវ​បាន​បង្កើត​​ឡើង​ក្នុង​គោល​បំណង​ពីរ​គឺ​ទី១ ដើម្បី​បង់ថ្លៃ​ចំណាយ​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ចំនួន​កាល​ពី​ដំបូង​ ​សម្រាប់ ហឿន ចាន់ និង​ទី​២ ដើម្បីជួយគ្រួសារ​របស់​គាត់​សង​បំណុល​គេ​ ដើម្បី​ឲ្យពួកគាត់​រក្សា​បាន​កសិដ្ឋាន​របស់​ពួកគាត់​នឹង​បន្ត​សកម្មភាព​រក​ប្រាក់​ចំណូល​”។ កម្មវិធី​រៃអង្គាស​ប្រាក់​នេះ​គ្រោងនិង​បញ្ចប់​នៅ​ថ្ងៃ​ទី​៨ ខែមករា។

គ្រួសារ​របស់លោក ចាន់ បានលើក​ឡើង​ថា ពួកគាត់​មាន​អារម្មណ៍​សប្បាយ​រីករាយ​​ ដែល​បាន​ឮដំណឹង​អំពី​កម្ម​វិធី​រៃអង្គាសប្រាក់​នេះ​ ហើយ​បាន​បន្ត​ថា ប្រាក់​ទាំង​នេះ​នឹង​ជួយ​​​​បន្ថែម​លើ​ប្រាក់​១.៤០០ដុល្លារ​ដែល​ពួកគាត់​បាន​និយាយថា ​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី​ និង​សម្តេច​ម៉ែ​ នរោត្តម​មុនីនាថ បាន​ប្រទាន​​ឲ្យ​ពួកគាត់​។

អ្នកស្រី ហួន សាខុន អាយុ​៥១ឆ្នាំ​ត្រូវ​ជា​ម្តាយ​របស់​ជន​រង​គ្រោះ​បាន​មាន​ប្រសាសន៍​ថា “នៅពេល​យើ​ង​ទទួល​បាន​ប្រាក់​ពី​ព្រះ​មហាក្សត្រ​ និង​សម្តេច​ម៉ែ​ យើង​ត្រូវ​ប្រញាប់​ប្រញាល់​សង​បំណុល​គេ​វិញ”។ អ្នកស្រី​ ហួន សាខុន​ បាន​ឲ្យដឹង​បន្ថែម​ទៀត​​ថា បំណុល​របស់​គ្រួសារ​អ្នក​ស្រី​ បច្ចុប្បន្ន​ត្រូវ​បាន​ទូទាត់​សង​ប្រចាំ​ខែ​ចំនួន​៤៥.០០០​រៀល​ ឬប្រហែល​១១,២៥ដុល្លារ​៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស