ស្នូរផ្ទុះយ៉ាងខ្លាំងមួយបានលាន់ឮនៅពីលើប្រាសាទព្រះវិហារកាលពីព្រឹកម្សិលមិញ បណ្តាលឲ្យមានការភ្ញាក់ផ្អើលឆោឡោក្នុងចំណោមទាហានកងយោធពលខេមរភូមិន្ទ ដែលឈរជើងនៅបរិវេណប្រាសាទព្រះវិហារ ខណៈយន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានផ្ទុះនៅកណ្តាលអាកាស។
ឧត្តមសេនីយ៍ទោ ស្រី ឌឹក មេបញ្ជាការយោធភូមិភាគ៣នៅប្រាសាទព្រះវិហារបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែលជា១០និង៤០នាទីព្រឹក។ លោកបានមានប្រសាសន៍ថា “ថ្ងៃនេះ នៅវេលាម៉ោង១០និង៤០នាទីព្រឹក យើងបានឃើញពន្លឺ និងបានឮសំឡេងយន្តហោះគ្មានមនុស្សបើកមួយគ្រឿងផ្ទុះនៅលើមេឃលាន់ឮដូចរន្ទះ”។
លោកបានបន្ថែមថា ក្រោយ មក ទាហាន របស់លោកបានរកឃើញកម្ទេចកម្ទីយន្តហោះនៅក្បែរនោះ។ លោក រ័ត្ន សុភា ប្រធានមន្ទីរព័ត៌មានខេត្តបានមានប្រសាសន៍ថា “ នេះគឺជាលើកទី៤ហើយដែលមានយន្តហោះផ្ទុះនៅពីលើខេត្តនេះ” ដោយលោកបានសំដៅលើហេតុ ការណ៍កន្លងមកមួយករណីក្នុងឆ្នាំ២០០៧ និងពីរករណីទៀតក្នុងឆ្នាំ២០១១ ដែលយន្តហោះគ្មានមនុស្សបើកទាំងនោះត្រូវបានសង្ស័យថា ជារបស់ប្រទេសថៃ ប៉ុន្តែ ត្រូវអាជ្ញាធរថៃបដិសេធមិនទទួលខុសត្រូវ។
ឧត្តមសេនីយ៍ទោ ស្រី ឌឹក បានបញ្ជាក់ថា លោកមិនអាចធ្វើការប៉ាន់ស្មានពីប្រភពយន្តហោះដែលបានផ្ទុះកាលពីម្សិលមិញនេះទេគឺរហូតទាល់តែមានការស៊ើបអង្កេតរួចសិន៕ ប៊ុននី/សេរីវុធ