យោងតាមវេទិកាឆ្លើយតបមនុស្សធម៌ (Humanitarian Response Forum) ហៅកាត់ថា HRF ដែលបានចេញផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីទឹកជំនន់ កាលពីម្សិល មិញបានឲ្យដឹងថា ប្រជាពលរដ្ឋជាង៣១.០០០គ្រួសារត្រូវបានជម្លៀសចេញ ខណៈមនុស្ស១៦៨នាក់បានស្លាប់ដោយសារទឹកជំនន់ឆ្នាំនេះនៅខេត្តចំនួន២០។
ជាទូទៅ ទឹកជំនន់ឆ្នាំនេះមិនបានបង្កផលប៉ះពាល់ខ្លាំងលើកម្ពុជាដូចឆ្នាំ២០១១ ពេលប្រជាពលរដ្ឋជាង៥០.០០០គ្រួសារត្រូវបានជម្លៀសចេញទេ នេះបើយោងតាមវេទិកាHRF ដែលជាបណ្តាញមួយរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការផ្តល់ជំនួយក្រៅរដ្ឋាភិបាល។ របាយការណ៍នេះមានខ្លឹមសារថា “បើធៀបនឹងឆ្នាំ២០១១ ទឹកជំនន់ក្នុងឆ្នាំ២០១៣នេះមានវិសាលភាពតូចជាង ទោះបីជាផលប៉ះពាល់នៅក្នុងខេត្តខ្លះមានទំហំធំជាងឆ្នាំ២០១១ក៏ដោយ។ ផលប៉ះពាល់ខ្លាំងជាងឆ្នាំ២០១១នេះគឺដោយសារកក្តាមួយចំនួន ដូចជា ទឹកជំនន់ខ្លាំងជាងការរំពឹងទុក…ទឹកស្រកយឺតជាងឆ្នាំមុនៗ ទឹកជំនន់ម្តងហើយម្តងទៀត និងទឹកជំនន់លឿនដូចផ្លេកបន្ទោរ ការត្រៀមទុកជាមុននៅមានកម្រិត និងការព្រមានទុកមុននៅមានកម្រិតដែរ”។
នៅក្នុងខេត្តបាត់ដំបង ស្ទឹងត្រែង សៀមរាប រតនគិរី បន្ទាយមានជ័យ និងខេត្តប៉ៃលិន ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញមានចំនួនច្រើនជាងកាលពីពីរឆ្នាំមុន ហើយនៅទូទាំងប្រទេស គ្រួសារប្រជាពលរដ្ឋដែល រងផលប៉ះពាល់ដោយសារទឹកជំនន់មានចំនួនច្រើនជាងមុន គឺប្រហែល៣៧០.០០០គ្រួសារ បើប្រៀបធៀបនឹងឆ្នាំ២០១១ដែលមាន៣៥០.០០០ គ្រួសារ ។ នៅក្នុងខេត្តបាត់ដំបង ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៅក្នុងឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំនោះ៦០.០០០គ្រួសារ។
អង្គការទស្សនៈពិភពលោក (World Vision) ដែលបានផ្តល់ជំនួយដល់ប្រជាពលរដ្ឋចំនួនប្រហែល១២.០០០គ្រួសារ បានលើកឡើងកាលពីម្សិលមិញថា ប្រទេសកម្ពុជាចាំបាច់ត្រូវត្រៀមខ្លួនទប់ទល់នឹងទឹកជំនន់នៅឆ្នាំខាងមុខឲ្យបានល្អជាងមុន ប៉ុន្តែ បានគូសបញ្ជាក់ថា កង្វះការសម្របសម្រួល គឺជាកត្តាចម្បង ដែលបានធ្វើឲ្យកិច្ចប្រឹងប្រែងផ្តល់ជំនួយមានភាពយឺតយ៉ាវ។
លោក ឡេង វីរៈ អ្នកគ្រប់គ្រងការឆ្លើយតបនឹងគ្រោះមហន្តរាយនៅអង្គការទស្សនៈពិភពលោក បានមានប្រសាសន៍ថា “ខ្ញុំគិតថា វាពាក់ព័ន្ធនឹងតួនាទីដឹកនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយច្រើនជាង។ យើងចង់ឲ្យមានការសម្របសម្រួលប្រសើរជាងនេះក្នុងចំណោមអ្នកដើរតួសំខាន់ៗ។ កន្លងមកនេះ ម្នាក់ៗធ្វើការរៀងៗខ្លួន” ដោយបានបន្ថែមថា លោកសង្ឃឹមថា ផែនការសកម្មភាពថ្មីមួយសម្រាប់រយៈពេលបួនឆ្នាំបន្ទាប់នេះនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការមានភាពប្រសើរឡើង។
របាយការណ៍មួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពីការងាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានការគូសបញ្ជាក់ ថា គណៈកម្មាធិការនេះខ្វះបុគ្គលិកច្រើន ហើយជារឿយៗ បុគ្គលិកមិនទាំងដឹងថា មុខងាររបស់ខ្លួនជាអ្វីផងទេ។ គណៈកម្មាធិការនេះក៏មិនបានជួបប្រជុំជាទៀងទាត់ដែរ ហើយពុំមានថវិកាប្រចាំឆ្នាំឡើយ។
លោក កែវ វី ប្រធានខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានច្រាលចោលការរិះគន់នេះកាលពីម្សិលមិញ ដោយលោកបានអះអាងថា គណៈកម្មាធិការនេះបានបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងថាខ្លួនបានសម្របសម្រួលការងាររបស់អង្គការក្រៅរដ្ឋាភិបាលយ៉ាងសមស្រប។ លោកបានមានប្រសាសន៍ថា “អង្គការទាំងនេះបានសហការជាមួយកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ”៕ប៊ុននី/សេរីវុធ