កាលពីម្សិលមិញមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ខ្លួនអនុញ្ញាតឲ្យគ្លីនិកមួយដែលអះអាងថា ព្យាបាលជំងឺនានាដូចជា ជំងឺមហារីក និងជំងឺទឹកនោមផ្អែម តាមរយៈការព្យាបាលដោយការបំបាត់ជាតិពុលនោះនៅបើកដំណើរការដដែល ថ្វីបើមានការអះអាងកាលពីមុនថា គ្លីនិកនេះបានបិទរួចហើយក៏ដោយ។
លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីបានមានប្រសាសន៍កាលពីម្សិលមិញថា វាជាកំហុសរបស់ក្រសួងសុខាភិបាលដែលគ្លីនិក Immanuel Bicom True Healing បានបើកដំណើរការដោយគ្មានអាជ្ញាប័ណ្ណ ដោយលោកបានដកពាក្យសម្ដីដែលលោកបានមានប្រសាសន៍កាលពីសប្ដាហ៍មុនថា គ្លីនិកនេះត្រូវបានអាជ្ញាធរបិទរួចហើយ។
លោក សុគន្ធ មានប្រសាសន៍ថា “ហេតុផលដែលគ្លីនិកនេះមិនទាន់ទទួលបានអាជ្ញាប័ណ្ណនោះ គឺដោយសារក្រសួងសុខាភិបាលយឺតយ៉ាវពេក”។ លោកបានបន្ថែមថា គ្លីនិកនេះកំពុងដំណើរការធ្វើអាជ្ញាប័ណ្ណ ប៉ុន្តែគ្លីនិកនេះមិនអាចបង្ហាញថា ខ្លួនបានជួលបុគ្គលិកពេទ្យ ឬវេជ្ជបណ្ឌិតដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវទេ។
លោកស្រី ហេលីណា គុណលឹម ម្ចាស់គ្លីនិកនេះបាននិយាយថា គ្លីនិកដែលបានបើកដំណើរការអស់រយៈពេលជិតបីខែនេះបានព្យាបាលអ្នកជំងឺមួយចំនួន រួមទាំងអ្នកជំងឺមហារីកផងដែរ។ លោកស្រី គុណលឹម អះអាងថា ជំងឺទាំងអស់បង្កឡើងដោយជាតិពុលនៅក្នុងខ្យល់ នៅក្នុងទឹក និងនៅក្នុងអាហារ ហើយអាចព្យាបាលបានដោយប្រើម៉ាស៊ីនដើម្បីយកជាតិពុលទាំងនេះចេញ។
លោក សុគន្ធ មានប្រសាសន៍ថា ប្រសិនបើគ្លីនិកនេះជួលវេជ្ជបណ្ឌិត គ្លីនិកនេះនឹងទទួលបានអាជ្ញាប័ណ្ណ ហើយនៅបើកបាន។ លោកបានមានប្រសាសន៍ថា “ ពួកគេត្រូវមានវេជ្ជបណ្ឌិតត្រឹមត្រូវមុនពេលទទួលបានអាជ្ញាប័ណ្ណ”។ ទោះជាយ៉ាងណា លោក សាំង សារី ប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាលបានមានប្រសាសន៍កាលពីម្សិលមិញថា គ្លីនិកនេះមិនគួរចាប់ផ្ដើមព្យាបាលអ្នកជំងឺទេ ព្រោះត្រូវទទួលអាជ្ញាប័ណ្ណជាមុនសិន។
លោក សារី បានមានប្រសាសន៍ថា “ទោះបីជាពួកគេកំពុងដំណើរការធ្វើអាជ្ញាប័ណ្ណក៏ដោយ ក៏ពួកគេមិនអាចបើកធ្វើអាជីវកម្ម ឬព្យាបាលជំងឺបានដែរនៅពេលនេះ”។ លោកមានប្រសាសន៍ថា គ្លីនិក Immanuel Bicom ដែលស្ថិតនៅសង្កាត់បឹងកេងកងនេះខ្វះបុគ្គលិកសុខាភិបាលដែលមានវិជ្ជាជីវៈ និងមិនមានឧបករណ៍ត្រឹមត្រូវដើម្បីព្យាបាលអ្នកជំងឺដែលមានស្ថានភាពធ្ងន់បានទេ។ លោក សារី បានមានប្រសាសន៍ថា “ ការបើកគ្លីនិកឥតច្បាប់បែបនេះដូចជាសម្លាប់មនុស្សអ៊ីចឹង”។ ប្រសិនបើមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មិនបិទគ្លីនិកនេះទេ នាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាលនឹងបិទគ្លីនិកនេះដោយផ្ទាល់៕ គឹមហឿន