កាលពីម្សិលមិញ នគរបាលប្រឆាំងការជួញដូរមនុស្សបានចាប់ខ្លួនជនជាតិអាមេរិកកាំងអាយុ៣៥ឆ្នាំម្នាក់ ដែលមានតួនាទីជាប្រធានអង្គការគ្រិស្ទានមួយនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ប៉ុន្តែ មិនបានបញ្ជាក់ថា តើជនជាតិអាមេរិកកាំងរូបនេះជាប់សង្ស័យថា បានប្រព្រឹត្តបទល្មើសអ្វីនោះទេ។
គេហទំព័រព័ត៌មានក្នុងស្រុក Cambodia Express News ហៅកាត់ថា CEN បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ដានីញែល ចនសុន (Daniel Johnson) ត្រូវបានចាប់ខ្លួននៅវេលាម៉ោង៩យប់នៅមណ្ឌលកុមារកំព្រា Home of Hope ក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បន្ទាប់ពីមានប្រតិបត្តិការរួមគ្នាមួយដែលមានការចូលរួមពីនគរបាល និងទីភ្នាក់ងារស៊ើបអង្កេត FBI របស់សហរដ្ឋអាមេរិក។ យោងតាមគេហទំព័ររបស់អង្គការគ្រិស្ទាននោះ មណ្ឌលកុមារកំព្រានេះមានកុមារស្នាក់នៅចំនួន៣០នាក់។
លោក ប៉ុល ពិថី ប្រធាននាយកដ្ឋានប្រឆាំង ការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យរូបនេះពិតជាត្រូវបានចាប់ ខ្លួនមែន ហើយកំពុងត្រូវបានឃុំខ្លួនដោយនគរបាលប្រឆាំងការជួញដូរមនុស្ស ក៏ប៉ុន្តែ លោកបានបដិសេធមិនបញ្ជាក់អំពីបទចោទប្រកាន់លើរូបគាត់ឡើយ។ លោកបានមានប្រសាសន៍ថា “ យើងកំពុងធ្វើការ។ ថ្ងៃស្អែកចាំធ្វើសេចក្តីរាយការណ៍ពីរឿងនេះទៅ”។
ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានបង្វែរសំណួរទៅលោក គាត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិដែល មិនអាចទាក់ទងសុំការអត្ថាធិប្បាយបាន។ លោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។
លោក យី ម៉ូដែន អនុប្រធានផ្នែកចុះប្រតិបត្តិការផ្ទាល់របស់អង្គការ សកម្មភាពដើម្បីកុមារ ដែលជាអង្គការក្រៅរដ្ឋាភិបាលប្រឆាំងជនរួមភេទជាមួយកុមារ បានឲ្យដឹងថា អង្គការរបស់លោកមិនអាចធ្វើអត្ថាធិប្បាយ អំពីករណីនេះ នៅពេលនេះបានឡើយ។ លោកបានថ្លែងថា “យើងពិបាកប្រាប់ណាស់ ព្រោះនគរបាលមិនចង់ឲ្យយើងលាតត្រដាតពីករណីនេះទេ ដោយសារវាកំពុងស្ថិត នៅក្រោមការស៊ើបអង្កេតនៅឡើយ”។
មណ្ឌលកុមារកំព្រា Home of Hope ស្ថិតនៅក្នុងចំណោមគម្រោងមួយចំនួនរបស់អង្គការលោក ចនសុន គឺអង្គការ Hope Transition ដែលក៏ត្រូវបានចុះបញ្ជីក្រោមឈ្មោះបេសកកម្មគ្រីស្ទាននៃព្រះវិហារ Skyline Baptist នៅក្រុង North Bend រដ្ឋ Oregon សហរដ្ឋអាមេរិក។
ស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ ពីករណីនេះទេ៕ ប៊ុននី/សេរីវុធ