អង្គការសកម្មភាពដើម្បីកុមារ ដែលជាអង្គការក្រៅរដ្ឋាភិបាលប្រឆាំងជនរួមភេទជាមួយកុមារ បានលើកឡើងកាលពីម្សិលមិញថា បុរសជនជាតិអាមេរិក ឈ្មោះ ដានីញែល ចនសុន អាយុ៣៥ឆ្នាំ ដែលត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ ពីបទល្មើសផ្លូវភេទជាមួយកុមារប្រព្រឹត្តនៅក្នុងសហរដ្ឋអាមេរិកនោះ ពេលនេះត្រូវប្រឈមនឹងបទចោទប្រកាន់យ៉ាងហោចណាស់ប្រាំករណីបន្ថែមទៀត ពីបទរំលោភក្មេងប្រុសអនីតិជនកម្ពុជានៅអង្គការកុមារកំព្រាមួយក្នុងប្រទេសកម្ពុជា។
ដានីញែល ចនសុន រងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទក្មេងប្រុសដែលស្ថិតក្រោមការមើលថែទាំរបស់ខ្លួន ខណៈពេលបុរសរូបនេះធ្វើជាប្រធានអង្គការគ្រីស្ទាន Hope Transitions ដែលគ្រប់គ្រងគម្រោងមួយចំនួននៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមទាំងមណ្ឌលកុមារកំព្រា Home of Hope នៅក្នុងសង្កាត់បឹងទំពុនផងដែរ ទីដែលជនសង្ស័យរូបនេះបានបំពានផ្លូវភេទក្មេងប្រុសមួយចំនួន។
លោក ប៉ុល ពិថី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា “ ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទពាក់ព័ន្ធនឹងការរំលោភបំពានក្មេងប្រុសអនីតិជនដែលមានអាយុចន្លោះពី១១ឆ្នាំទៅ១៥ឆ្នាំនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការរំលោភបំពានប្រព្រឹត្តនៅក្នុងសហរដ្ឋអាមេរិកផងដែរ”។
លោកមានប្រសាសន៍ថា “ទី២យើងបានរកឃើញថា គាត់កំពុងដំណើរការអង្គការក្រៅរដ្ឋាភិបាលមួយដោយខុសច្បាប់ ដោយគ្មានការអនុញ្ញាតពីក្រសួងមហាផ្ទៃ”។ ទោះបីជាប្រតិបត្តិការឃាត់ខ្លួនធ្វើឡើងរួមគ្នាដោយនគរបាលប្រឆាំងការជួញដូរមនុស្ស និងការិយាលសហព័ន្ធស៊ើបអង្កេត FBI របស់សហរដ្ឋអាមេរិក សម្រាប់បទល្មើសរំលោភបំពានផ្លូវភេទកុមារនៅក្នុងសហរដ្ឋអាមេរិកក្តី ក៏ការស៊ើបអង្កេតមួយក្រោយពីការឃាត់ខ្លួនជនសង្ស័យ បានលាតត្រដាងពីការអះអាងរំលោភបំពានផ្លូវភេទជាច្រើនករណីនៅមណ្ឌលកុមារកំព្រា Home of Hope ដែលផ្តល់ការថែទាំកុមារតូចៗ និងក្មេងជំទងយ៉ាងហោចណាស់៣០នាក់។
លោកបានមានប្រសាសន៍ថា “យើងកំពុងតែបន្តស៊ើបអង្កេត និងកំពុងស្វែងរកថាតើជនសង្ស័យបានរំលោភបំពានជនរងគ្រោះបន្ថែមទៀតឬយ៉ាងណា”។ លោកបានបន្តថា ជនសង្ស័យនឹងចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ដើម្បីទទួលការចោទប្រកាន់ពីបទល្មើសប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា។ លោកបានថ្លែងថា “នៅពេលជនសង្ស័យត្រូវបានផ្តន្ទាទោស និងទទួលទោសចំពោះទង្វើរបស់គាត់នៅក្នុងប្រទេសកម្ពុជារួច គាត់នឹងត្រូវធ្វើបត្យាប័ណ្ណទៅសហរដ្ឋអាមេរិក ដើម្បីទទួលទោសចំពោះបទល្មើសផ្សេងៗទៀតដែលគាត់បានប្រព្រឹត្ត”។
លោក យី ម៉ូដែន អនុប្រធានចុះប្រតិបត្តិការផ្ទាល់របស់អង្គការសកម្មភាពដើម្បីកុមារមានប្រសាសន៍ថា អង្គការរបស់លោកបានជួយសហរដ្ឋអាមេរិក ក្នុងការតាមដានសកម្មភាពរបស់ ដានីញែល ចនសុន នៅក្នុងរាជធានីភ្នំពេញ និងជួយអាជ្ញាធរកម្ពុជាធ្វើការសាកសួរនៅមណ្ឌលកុមារកំព្រា Home of Hope។
លោកមានប្រសាសន៍ថា “យើងកំពុងជួយនគរបាលនិយាយជាមួយកុមារ ហើយរហូតមកទល់ពេលនេះ កុមារប្រាំនាក់ហើយដែលបានផ្តល់សក្ខីកម្មថា ខ្លួនត្រូវគេស្ទាបក្នុងផ្លូវមិនសមរម្យ។ ប៉ុន្តែ យើងគិតថា ប្រហែលជាមានបន្ថែមទៀត” ។ លោកបន្តថា លោកមិនត្រូវបានអនុញ្ញាតឲ្យលើកឡើងពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងករណីនេះទេ ពីព្រោះការស៊ើបអង្កេតកំពុងបន្ត។
នៅក្នុងគេហទំព័ររបស់មណ្ឌលកុមារកំព្រា New Hope for Orphans (NHO)ជាអង្គការក្រៅរដ្ឋាភិបាលចុះបញ្ជីត្រឹមត្រូវដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ បង្ហាញថា ដានីញែល ចនសុន គឺជាទីប្រឹក្សារបស់ក្រុមប្រឹក្សានាយកអង្គការនេះ ជា “ អង្គការគ្រីស្ទានមួយដែលមានគោលដៅស្វែងរក ថែទាំ អប់រំ និងការបញ្ចូលកុមារកម្ពុជា ឲ្យរស់នៅជាថ្មីក្នុងសង្គមខ្មែរ”។
កាលពីម្សិលមិញ លោកស្រី អ៊ី សុម៉ាឡៃ ជាអ្នកផ្តល់ប្រឹក្សានិងជាអ្នកចិត្តសាស្ត្រកុមារនៅមណ្ឌលកុមារកំព្រា New Hope for Orphans បានសម្តែងការភ្ញាក់ផ្អើលចំពោះការចាប់ខ្លួនជនសង្ស័យ ដានីញែល ចនសុន ហើយមានប្រសាសន៍ថា បច្ចុប្បន្នលោក ស៊ីណៃ ភឿក ប្រធានអង្គការរបស់លោកស្រីកំពុងជួយដល់ការស៊ើបអង្កេតនេះ។
លោកស្រីមានប្រសាសន៍ថា “ខ្ញុំស្គាល់[ជនសង្ស័យ] ច្បាស់ណាស់ គាត់នៅទីនេះយូរមកហើយ ប៉ុន្តែពេលនេះគាត់ត្រូវបានចាប់ខ្លួន គេត្រូវការអ្នកបកប្រែម្នាក់សម្រាប់គាត់ ហើយប៉ាស្ទ័រ ស៊ីណៃ បានទៅជួបនគរបាលហើយ។ យើងទាំងអស់គ្នានឹងព្យាយាមជួយគាត់ឲ្យអស់ពីលទ្ធភាព”។ ចំណែកឯលោក ស៊ីណៃ ភឿក វិញបានបដិសេធមិនឆ្លើយបំភ្លឺករណីនេះទេ។ លោកថ្លែងថា “បច្ចុប្បន្នខ្ញុំកំពុងជួបជាមួយនគរបាល”។
លោក យី ម៉ូដែន បានមានប្រសាសន៍ថា កាលពីថ្ងៃច័ន្ទ គណៈគ្រប់គ្រងរបស់មណ្ឌលកុមារកំព្រា New Hope for Orphans បានបញ្ជាក់ថា ដានីញែល ចនសុន ធ្លាប់ជាទីប្រឹក្សារបស់ក្រុមប្រឹក្សានាយក ប៉ុន្តែពេលនេះគាត់លែងពាក់ព័ន្ធនឹងអង្គការនេះទៀតហើយ។ Hope Transitions ជាអង្គការផ្ទាល់ខ្លួនរបស់ ដានីញែល ចនសុន ដែលត្រូវបានចុះបញ្ជីក្រោមឈ្មោះបេសកកម្មគ្រីស្ទាននៃព្រះវិហារ Skyline Baptist នៅក្នុងទីក្រុង North Bend រដ្ឋ Oregon ហើយជីវប្រវតិ្តរបស់គាត់តាមអ៊ីនធើណិតបង្ហាញថា ទីក្រុងកំណើតរបស់គាត់គឺ Coos Bay ដែលនៅក្បែរនោះ។
Hope Transitions ត្រូវបានពណ៌នាថា ជារហស្សនាមរបស់ Wings of Faith Evangelism ជាអង្គការសាសនាមិនស្វែងរកប្រាក់កម្រៃមួយបង្កើតឡើងនៅឆ្នាំ១៩៩៥ ដែលមានអសយដ្ឋាននៅក្នុងទីក្រុង Powderly រដ្ឋតិចសាស នេះបើយោងតាមគណនេយ្យរបស់ ដានីញែល ចនសុន នៅលើគេហទំព័រវេទិកាសហគមន៍ ឈ្មោះ Idealist.org ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។
ការងាររបស់ ដានីញែល ចនសុន ក៏ទទួលបានការឧបត្ថម្ភគាំទ្រផងដែរ តាមរយៈទំព័របរិច្ចាគនៃក្រុមហ៊ុន Nutrition Lifestyles ជាក្រុមហ៊ុនគ្រីស្ទានមួយគ្រប់គ្រងជាលក្ខណៈគ្រួសារនៅក្នុងទីក្រុង Gilmer រដ្ឋតិចសាសដែលបានរៀបចំដំណើររបស់អ្នកស្ម័គ្រចិត្តមួយចំនួនមកកាន់គម្រោងនានារបស់ Hope Transitions នៅក្នុងប្រទេសកម្ពុជា៕ សុខុម