ជនរងគ្រោះ និងលោក ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា អ្នកថតរូបម្នាក់របស់ទូរទស្សន៍ជាតិកម្ពុជា ដែលជាទូរទស្សន៍របស់រដ្ឋ ហៅកាត់ថា ទទក ត្រូវបានរងការវាយដំនៅឯទីលានប្រជាធិបតេយ្យ ខណៈដែលជនរងគ្រោះបានព្យាយាមថតមេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្នុងពិធីជួបជុំមួយដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ។
លោក សេង ចាន់ អាយុ៣៤ឆ្នាំ បានមានប្រសាសន៍ថា លោកត្រូវបានគេទះកំផ្លៀងជាច្រើនដង ហើយច្របាច់ក អំឡុងពេលមាន ជម្លោះជាមួយក្រុមអ្នកវាយប្រហារដែលចោទប្រកាន់លោកថា លោក និងអ្នកផ្សព្វផ្សាយរបស់រដ្ឋមានភាពលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សេង ចាន់ បានមានប្រសាសន៍តាមទូរស័ព្ទថា “មនុស្សម្នាក់បានស្រែកថា វីដេអូ[ផ្សាយអំពីព្រឹត្តិការណ៍របស់គណបក្សប្រឆាំង] ទទក មិនដែលចាក់ផ្សាយឡើយ”។ លោកបានមានប្រសាសន៍ទៀតថា “សង្ឃមួយអង្គបានក្របួចកអាវរបស់ខ្ញុំហើយសួរខ្ញុំថា មកពីណា។ ពួកគេបាននិយាយថា ទទក ចាក់ផ្សាយតែរឿងមិនល្អប៉ុណ្ណោះ មិនដែលចាក់ផ្សាយរឿងល្អនោះទេ”។
បន្ទាប់ពីព្យាយាមពន្យល់ថា ព្រះសង្ឃអង្គនោះគ្មានសិទ្ធិតទល់នឹងរូបលោកនោះទេ លោក សេង ចាន់ បានឲ្យដឹងថា ព្រះសង្ឃអង្គនោះបានបញ្ជាឲ្យអ្នកផ្សេងទៀតវាយគាត់ “ហើយបន្ទាប់មក ពួកគេបានទះក្បាលខ្ញុំជាច្រើនដង ហើយនៅតែបន្តវាយខ្ញុំម្តងម្នាក់ៗ”។ លោក សេង ចាន់ បានឲ្យដឹងថា លោក ក៏បានរងការវាយប្រហារដោយដបទឹកសុទ្ធដែលត្រូវបានគប់ទៅលើរូបលោក ហើយ ក របស់លោកមានស្នាមជាំដោយសារគេច្របាច់។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឆ្លើយតបទៅនឹងហេតុការណ៍នេះនៅតាមទំព័រហ្វេសប៊ុករបស់លោកដោយអំពាវនាវដល់អ្នកយកព័ត៌មានកុំឲ្យចូលរួមព្រឹត្តិការណ៍របស់គណបក្សសង្គ្រោះជាតិនៅពេលខាងមុខ។ លោករដ្ឋមន្ត្រីរូបនេះបានមានប្រសាសន៍ថា ខ្ញុំសូមជូនដំណឹងថា ដើម្បីរក្សាសុវត្ថិភាពអ្នកយកព័ត៌មានរបស់យើង ក្រសួងនឹងមិនបញ្ជូនអ្នកយកព័ត៌មានទៅកាន់ព្រឹត្តិការណ៍របស់គណបក្សសង្គ្រោះជាតិទៀតឡើយ លុះត្រាតែមានការធានាពីមេដឹកនាំគណបក្ស នេះ។ លោកបន្ថែមទៀតថា លោក សេង ចាន់ ត្រូវបានវាយដូចឆ្កែឆ្មា។
លោក គឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ ជាតិកម្ពុជា បានឲ្យដឹងថា លោកយល់ស្របនឹង ប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ។ លោកបានថ្លែងថា “យើងនឹងអនុវត្តតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីដូចដែលលោកបានលើកឡើងថា ត្រូវមានការធានាសន្តិសុខ” ។ លោកបានបន្ថែមទៀតថា ខណៈដែលអ្នកយកព័ត៌មានទូរទស្សន៍ ទទក ត្រូវបានយាយីដោយពាក្យសម្តីកាលពីមុន នេះជាលើកទី ១ហើយដែលអ្នកយកព័ត៌ មានត្រូវបានគេវាយប្រហារលើរាងកាយ។
លោក យ៉ែម ប៉ុញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា លោកបានឮអំពីការវាយតប់នេះ ក៏ប៉ុន្តែ លោកពុំមានសេចក្តីលម្អិតអំពីអ្វីដែលបានកើតឡើងនោះទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានឮអំពីការវាយដំនេះ ក៏ប៉ុន្តែ ខ្ញុំមិនបានឃើញ ឬឮសេចក្តីរាយការណ៍ពេញលេញអំពីហេតុការណ៍នេះទេ។ ខ្ញុំនឹងពិនិត្យ ហើយ សម្រេចនូវអ្វីដែលត្រូវធ្វើ”។
ក្លឹបអ្នកកាសែតកម្ពុជា បានចេញសេចក្តីប្រកាសមួយកាលពីរសៀលម្សិលមិញ ដោយ ថ្កោលទោសការវាយប្រហារនេះ និងបាននិយាយថា សិទ្ធិរបស់អ្នកកាសែតត្រូវបានការ ពារនៅក្នុងរដ្ឋធម្មនុញ្ញ។ សេចក្តីប្រកាសនេះមានខ្លឹមសារថា “វាគួរឲ្យខ្មាស់អៀនដែលរឿងនេះបានកើតឡើងនៅចំទិវាសិទ្ធិមនុស្ស”។
ក្លឹបអ្នកកាសែតកម្ពុជាបានឲ្យដឹងថា “មេដឹកនាំសកម្មភាពតវ៉ាត្រូវតែធានាមិនឲ្យមានអំពើហិង្សាចេញពីក្រុមរបស់ខ្លួន និងធានាថា នឹងគ្មានសកម្មភាពបែបនេះទៀតនៅពេលអនាគត”៕ ប៊ុននី