រហូតមកទល់ពេលនេះ អត្តពលិកកម្ពុជាដណ្តើមបានមេដាយមាសពីរ មេដាយប្រាក់បួន និងមេដាយសំរឹទ្ធិចំនួនប្រាំពីរនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី២៧ នៅក្នុងរដ្ឋធានីណៃពិដោ ប្រទេសភូមា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៥ ខែធ្នូ ហើយនឹងបន្តរហូតដល់ថ្ងៃទី២២ ខែធ្នូ ដោយពិធីបើកការប្រកួតជាផ្លូវការ នឹងត្រូវធ្វើឡើងនៅថ្ងៃនេះ។
ការដណ្តើមបានមេដាយចំនួន១៣នេះ ធ្វើឲ្យកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី៧ ក្នុងចំណោមប្រទេសចូលរួមប្រកួតប្រែងចំនួន១១ ពោលគឺតាមពីក្រោយប្រទេសភូមាជាម្ចាស់ផ្ទះ ដែលរហូតមកទល់ពេលនេះដណ្តើមបានមេដាយមាសចំនួន១៨និងមេដាយសរុបចំនួន៣៤។
វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ក៏ស្ថិតនៅក្នុងតារាងលើកម្ពុជាដែរ ខណៈដែលសិង្ហបុរី ឡាវ ព្រុយណេ និងទីម័រដណ្តើមបានមេដាយតិចជាងគេ។ កីឡាករ កីឡាការិនីដែលដណ្ដើមបានមេដាយមាសដំបូងសម្រាប់កម្ពុជានៅក្នុងការប្រកួតកាលពីល្ងាចម្សិលមិញ មានឈ្មោះ នី សំណាង ប្រកួតក្នុងវិញ្ញាសាឱបចំបាប់ទម្ងន់៦៣គីឡូក្រាមផ្នែកនារី និងកីឡាករ កៅ ឆេងថុង ក្នុងវិញ្ញាសាឱបចំបាប់ទម្ងន់៨៤គីឡូក្រាមផ្នែកបុរស។
កីឡាករ កីឡាការិនីឱបចំបាប់ផ្សេងទៀតរបស់កម្ពុជាឈ្មោះ ដន សូវ ដណ្តើមបានមេដាយប្រាក់ក្នុងវិញ្ញាសាឱបចំបាប់ទម្ងន់១២០គីឡូក្រាមផ្នែកបុរស រីឯកីឡាការិនីជា ស្រីមាស ក៏ដណ្ដើមបានមេដាយមាសដែរ ក្នុងវិញ្ញាសាឱបចំបាប់ទម្ងន់៦៧គីឡូក្រាមផ្នែកនារី។
វិញ្ញាសាឱបចំបាប់នៅឆ្នាំនេះទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ហើយលទ្ធផលនៃការប្រកួតកាលពីម្សិលមិញបង្ហាញពីការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយកម្ពុជាទទួលបានមេដាយប្រាក់តែពីរប៉ុណ្ណោះក្នុងវិញ្ញាសានេះនៅក្នុងការប្រកួតស៊ីហ្គេមក្នុងឆ្នាំ២០១១នៅប្រទេសឥណ្ឌូណេស៊ី។ ប៉ុន្តែក្រុមបាល់បោះផ្នែកបុរសធ្វើមិនសូវបានល្អប៉ុន្មានទេ បន្ទាប់ពីប្រកួតចាញ់ហ្វីលីពីនដោយពិន្ទុ១០៧-៥៧កាលពីម្សិលមិញ។
ក្រុមកម្ពុជាតំណាងដោយអត្តពលិកចំនួន២០៩រូបដែលចូលរួមប្រកួតប្រជែងនៅក្នុងវិញ្ញាសាកីឡាចំនួន២២ផ្សេងៗគ្នា នៅតែមានសង្ឃឹមថា នឹងដណ្តើមបានមេដាយមាសបន្ថែមទៀតក្នុងវិញ្ញាសាប៉េតង់ ប្រណាំងទូក កាយសម្ព័ន្ធសាច់ដុំ និងតៃក្វាន់ដូ ព្រមទាំងវិញ្ញាសាវ៉ូវីណាំ ជាក្បាច់គុនវៀតណាម និងសីឈិនឡុង បាល់ទាត់ ក្បាច់គុន និងកាយសម័្ពន្ធដែលក្រុមនារីរបស់កម្ពុជាដណ្តើមបានមេដាយសំរឹទ្ធិមួយរួចទៅហើយ។
ថ្លែងកាលពីម្សិលមិញនៅក្នុងពិធីអបអរសាទរទិវាជនពិការអន្តរជាតិនៅកោះពេជ្រនៅក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអបអរសាទរចំពោះអត្តពលិកដែលដណ្តើមបានមេដាយរហូតមកទល់ពេលនេះ ហើយបានមានប្រសាសន៍ថា ពួកគេគួរតែទទួលបានការជំរុញលើកទឹកចិត្តបន្ថែមទៀត បន្ទាប់ពីរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយក្នុងពេលថ្មីៗនេះ ដំឡើងប្រាក់រង្វាន់សម្រាប់អ្នកដណ្តើមបានមេដាយ។
លោកបានមានប្រសាសន៍ថា “ពេលនេះខ្ញុំឮថា យើងដណ្តើមបានមេដាយប្រាក់ និងមេដាយសំរឹទ្ធិមួយចំនួនរួចទៅហើយ។ ប៉ុន្តែពីមុនប្រាក់រង្វាន់សម្រាប់មេដាយមាសមួយដណ្តើមបាននៅស៊ីហ្គេម គឺត្រឹមតែ២៦លានរៀល [ប្រហែល៦.៥០០ដុល្លារ] ហើយពេលនេះប្រាក់រង្វាន់បានកើនដល់៤០លានរៀល [ប្រហែល១០.០០០ដុល្លារ] ហើយ” ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានលើកឡើងទៀតថា ប្រាក់រង្វាន់នឹងដូចគ្នាសម្រាប់អត្តពលិកពិការដែលប្រកួតប្រជែងនៅប៉ារ៉ាឡាំពិក៕សុខុម