សាលារាជធានីភ្នំពេញ ក្នុងទិវាសិទ្ធិមនុស្ស អន្តរជាតិកាលពីម្សិលមិញ បានប្រកាសផែនការថ្មីមួយ ដើម្បីលើ់កកម្ពស់កម្រិតជីវភាពនៅតំបន់ក្រីក្របំផុតក្នុងរាជធានីភ្នំពេញ ខណៈដែលតំណាងប្រជាពលរដ្ឋក្រីក្រក្នុងរាជធានីបានបន្តអំពាវនាវដល់សាលារាជធានី ភ្នំពេញចេញប័ណ្ណកម្មសិទ្ធិដីធ្លី ដែលគេត្រូវការជាយូរមកហើយ។
ថ្លែងទៅកាន់មនុស្សចំនួន៦០០នាក់នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក រួមទាំងតំណាងអង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិ បាលចំនួន៤៩ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងអំពីគម្រោងសង់លំនៅដ្ឋានមួយនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើជាភ័ស្តុតាងបញ្ជាក់ថា សាលារាជធានីកំពុងតែធ្វើសកម្មភាពដើម្បីធ្វើឲ្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រក្នុងរាជធានីភ្នំពេញប្រសើរឡើង។
លោកបានថ្លែងថា “មានកិច្ចសហការរវាងសាលារាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិលដើម្បីពង្រឹងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋក្រីក្រនៅរាជធានី”។ លោកបានបន្ថែមថា សាលារាជធានីកំពុង តែសហការជាមួយអង្គការក្រៅរដ្ឋាភិបាលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយ លើគម្រោងសាកល្បងមួយ ដើម្បីអភិវឌ្ឍសំណង់ អនាធិបតេយ្យ គឺភូមិអណ្តូង នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលមានប្រជាពលរដ្ឋជាង១.០០០គ្រួសាររស់នៅ។
លោកបានថ្លែងថា “យើងអាចនិយាយថា យើងអាចធ្វើឲ្យប្រសើរឡើង និងអភិវឌ្ឍន៍តំបន់នេះឲ្យក្លាយជាទីក្រុងតូចមួយ”។ លោកបន្ថែមថា សំណង់បានចាប់ផ្តើមសង់ផ្ទះទទឹង៤ម៉ែត្រ បណ្តោយ៦ម៉ែត្រ ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ៥លានរៀល ឬប្រហែល១.២២០ដុល្លារ។ លោកបានបញ្ជាក់ថា គ្រួសារប្រជាពលរដ្ឋអាចខ្ចី និងសងប្រាក់ទាំងនេះនៅពេលក្រោយបាន។ លោកបានបន្ថែមទៀតថា “នេះមិនមែន ជាសុបិនទេ ប៉ុន្តែ យើងពិតជាបានចាប់ផ្តើម ធ្វើការលើផែនការថ្មីមួយមែន”។
លោក ប៉ា សុជាតិរង្ស បានលើកឡើងទៀតថា លោកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវីល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្របំផុតក្នុងរាជធានីភ្នំពេញ។ លោកថ្លែងថា “ចាប់ពីពេលនេះទៅ វាជាសារដ៏ច្បាស់មួយដល់ សហគមន៍ក្រីក្រក្នុងរាជធានីថា សាលារាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល នឹងប្រមូលកម្លាំងពលកម្ម ធនធាន និងគ្រប់ មធ្យោបាយទាំងអស់ ព្រមទាំងពេលវេលាដើម្បីជួយ និងអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនក្រីក្រក្នុងរាជធានី”។
យោងតាមផែនទីមួយចែកចាយដោយសាលារាជធានីភ្នំពេញ បានបង្ហាញថា គ្រួសារ ប្រជាពលរដ្ឋក្រីក្រសរុប៣២.៥៥៩គ្រួសាររស់នៅក្នុងរាជធានីភ្នំពេញ។ ខណ្ឌប្ញស្សីកែវមានចំនួនប្រជាជន៧.៧៦៦គ្រួសារ បន្ទាប់មកគឺខណ្ឌមានជ័យមាន៧.១៤១គ្រួសារ និងខណ្ឌពោធិ៍សែនជ័យមាន៦.១៦៦គ្រួសារ។
នៅក្នុងកម្មវិធីអបអរសាទរសិទ្ធិមនុស្ស អន្តរជាតិ ដែលស្របតាមគោលការណ៍សិទ្ធិជាមូលដ្ឋានរបស់ប្រជាជនក្រីក្រក្នុងតំបន់ក្រុង លោក ហែម ផាន តំណាងសហគមន៍ចំនួនប្រាំបួន ដែលត្រូវបានជម្លៀសចេញពីកណ្តាលរាជធានីភ្នំពេញទៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានជំរុញឲ្យលោក ប៉ា សុ ជាតិវង្ស ធ្វើឲ្យលំនៅដ្ឋានបច្ចុប្បន្នរបស់ពួកគាត់ស្របច្បាប់។
លោក ហែម ផាន បានឲ្យដឹងថា “ឆ្លៀតឱកាសនេះ យើងសូមប្រគល់ញតិ្តរបស់សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញដោយសង្ឃឹមថា លោកអភិបាលរាជធានីនឹងចេញប័ណ្ណកម្មសិទ្ធិលើអចលនទ្រព្យរបស់យើង ដែលយើងបាន និងកំពុងរស់នៅចាប់តាំងពីឆ្នាំ២០០១មក”។ លោក ហែម ផាត បានបង្ហាញញត្តិចុះហត្ថលេខាដោយប្រជាពលរដ្ឋគ្មានទីជម្រកចំនួន១.០៥០គ្រួសារជូនដល់លោកអភិបាលរាជធានី ប៉ា សុជាតិវង្ស។
ញត្តិនេះមានខ្លឹមសារថា “បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ក្រីក្រចំនួនប្រាំបួនក្នុងរាជធានីភ្នំពេញពិតជាមានការបារម្ភ និងមិនហ៊ានកែលម្អកន្លែងស្នាក់នៅរបស់ខ្លួនឲ្យមានគ្រិះរឹងមាំទេ ពីព្រោះដីដែលយើងរស់នៅ មិនទាន់មានប័ណ្ណ កម្មសិទ្ធិស្របច្បាប់នៅឡើយទេ”៕ប៊ុននី