នគរបាលប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា បុរសបួននាក់ដែលជាប់សង្ស័យថា បានជួញដូរស្ត្រីទៅប្រទេសចិនដោយមានលេសថា យកពួកគេទៅរៀបការជាមួយបុរសអ្នកមាននោះ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងភ្នំពេញ កាលពីម្សិលមិញ។
លោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស បានមានប្រសាសន៍ថា ជនសង្ស័យទាំងនេះបានជាប់ពាក់ព័ន្ធនៅក្នុងការនាំស្ត្រីទៅលក់នៅប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយថា នគរបាលមានការចាប់អារម្មណ៍លើពួកគេនៅពេលស្ត្រីពីរនាក់ដែលបានព្រមព្រៀងទៅប្រទេសចិន មានការសង្ស័យអំពីរឿងនេះ ហើយបានទាក់ទងទៅនគរបាល។
លោក កែវ ធា មានប្រសាសន៍ថា “យើងបានចាប់ខ្លួនបុរសបួននាក់កាលពីម្សិលមិញ ដោយសារមានពាក្យបណ្ដឹងពីស្ត្រីពីរនាក់ដែលបានឮថា ពួកគេនឹងទៅប្រទេសចិនតាមប្រទេសវៀតណាម ដោយមិនទៅប្រទេសចិនដោយផ្ទាល់ដូចការសន្យា” ។ លោកបានមានប្រសាសន៍ថា “ពេលនេះអ្នកជួញដូរមនុស្សទាំងនេះបានប្ដូរគោលដៅដោយនាំស្ត្រីឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ទៅប្រទេសវៀតណាម”។
ស្ត្រីទាំងពីរនាក់ ដែលម្នាក់មកពីខេត្តក្រចេះមានអាយុ២០ឆ្នាំ និងម្នាក់ទៀតមកពីខេត្តកំពង់ចាម មានអាយុ២១ឆ្នាំ បានព្រមព្រៀងជាមួយអ្នកជួញដូរមនុស្សដោយជឿថា ពួកគេនឹងបានរៀបការរស់នៅជាមួយគ្រួសារអ្នកមាននៅចិន។ បន្ទាប់ពីបានដឹងថា ពួកគេត្រូវឆ្លងកាត់តាមប្រទេសវៀតណាមនោះ ស្ត្រីទាំងពីរនាក់នេះបានប៉ុនប៉ងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះវិញ។
លោក កែវ ធា មានប្រសាសន៍ថា “ជនរងគ្រោះទាំងពីរនាក់មិនព្រមទៅតាមប្រទេសវៀតណាមទេ ហើយជនសង្ស័យទាំងបួននាក់បានគំរាមពួកគេ និងជម្រិតទារលុយពីពួកគេ”។ លោកបានបន្ថែមថា ស្ត្រីទាំងពីរនាក់បានបង់លុយម្នាក់៥០០ដុល្លារទៅឲ្យជនសង្ស័យជួយដូរមនុស្សទាំងនេះសម្រាប់ថ្លៃធ្វើលិខិតឆ្លងដែន និងទិដ្ឋាការ។
លោកបានមានប្រសាសន៍ថា “រឿងនេះបែកការនៅពេលពួកគេទៅជួបនគរបាល ហើយជនសង្ស័យទាំងបួននាក់ត្រូវឡើងតុលាការនៅថ្ងៃនេះ”។ កាលពីខែវិច្ឆិកា នគរបាលប្រឆាំងការជួញដូរមនុស្សបានចាប់ខ្លួនមនុស្សប្រាំនាក់នៅក្នុងករណីពីរដោយឡែកពីគ្នាចំពោះការប៉ុនប៉ងបញ្ជូនស្ត្រីវ័យក្មេងប្រាំមួយនាក់ទៅរៀបការនៅប្រទេសចិន និងទីក្រុងម៉ាកាវ។
ជនសង្ស័យទំាងនេះត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បន្ទាប់ពីនគរបាលមានការសង្ស័យលើពួកគេ។ នៅពេលនោះ លោក ហ៊ុយ ពេជ្រសុវណ្ណ មន្ត្រីកម្មវិធីនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា ករណីបែបនេះកំពុងកើនឡើងនៅកម្ពុជា ហើយថា គោលនយោបាយកូនមួយដ៏ចម្រូងចម្រាសរបស់ប្រទេសចិនដែលចង់បានតែកូនប្រុសនោះ គឺជាឫសគល់នៃបញ្ហានេះ៕ គឹមហឿន