រថយន្តដឹកទំនិញចំនួន១៣គ្រឿងបានបិទផ្លូវជាតិលេខ៧៣ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃច័ន្ទ ដើម្បីសម្ដែងការតវ៉ាចំពោះការបង្កើនប្រាក់ពិន័យច្រើនហួសពីសំណាក់កន្លែងថ្លឹងទម្ងន់រថយន្តផ្លូវការនៅលើផ្លូវជាតិលេខ៧៣នេះ។
លោក ហុង សុខលី អធិការនគរបាលស្រុកឆ្លូងបានឲ្យដឹងថា ការបិទផ្លូវនេះបានចាប់ផ្ដើមពេលកន្លែងថ្លឹងរថយន្តនេះឃាត់រថយន្តចំនួនបួនគ្រឿងក្នុងចំណោមរថយន្តដឹកដំឡូងមីពីខេត្តក្រចេះទៅខេត្តស្ទឹងត្រែង។ រថយន្តដឹកទំនិញទំាងនេះត្រូវបានពិនិត្យឃើញថា ដឹកលើសទម្ងន់កំណត់ ហើយត្រូវកន្លែងថ្លឹងរថយន្តនេះពិន័យ ប៉ុន្តែលើសតម្លៃធម្មតា ជាហេតុធ្វើឲ្យអ្នកបើកបរទូរស័ព្ទទៅអ្នកបើកបររថយន្តដឹកទំនិញផ្សេងៗទៀត ឲ្យមកចូលរួមបិទផ្លូវជាមួយខ្លួន។ ការបិទផ្លូវរយៈពេលពីរម៉ោងនេះបានបញ្ចប់ទៅវិញបន្ទាប់ពីកន្លែងថ្លឹងរថយន្តនេះ លើកលែងការផាកពិន័យ ដើម្បីកុំឲ្យកកស្ទះចរាចរណ៍។
លោក អ៊ុយ ហឿន អនុប្រធានផ្នែកគ្រប់គ្រងបុគ្គលិកនៅកន្លែងថ្លឹងរថយន្តនេះបាននិយាយថា “រថយន្តដឹកទំនិញដែលបានបិទផ្លូវជាតិទាំងនោះ ត្រូវបានលើកលែងពីការបង់ប្រាក់ពិន័យ ព្រោះថ្ងៃអង្គារ គឺជាថ្ងៃសិទ្ធិមនុស្ស ហើយយើងមិនចង់ឲ្យមានការកកស្ទះចរាចរណ៍ទេ”៕សុធា