យោងតាមលទ្ធផលនៃការស្ទង់មតិទូទាំងពិភពលោក ដែលអង្គការហ្គាឡាប (Gallup) ទើបនឹងចេញផ្សាយបានបង្ហាញថា ប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ផ្នែកទុក្ខវេទនាទូទាំងសាកលលោកកាលពីឆ្នាំមុន ពោលគឺឈរនៅពីក្រោយប្រទេសប៊ុលហ្គារី និងប្រទេសអាមេនៀ ហើយនេះគឺជាការឡើងចំណាត់ថ្នាក់មួយគួរឲ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០១១នៅពេលដែលប្រទេស នេះឈរនៅចំណាត់ថ្នាក់លេខ១៤។
លទ្ធផលស្ទង់មតិចេញផ្សាយកាលពីសប្តាហ៍មុននៅលើគេហទំព័រអង្គការហ្គាឡាប បានបង្ហាញថា ៣៤ភាគរយក្នុងចំណោមអ្នកចូលរួមសម្ភាសនៃប្រទេសកម្ពុជា បានវាយតម្លៃថា ជីវិតរបស់ពួកគេស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ីន ល្មមនឹងត្រូវបានចាត់ទុកជាស្ថានភាពមានទុក្ខវេទនាក្នុងឆ្នាំ២០១២។កាល ពីឆ្នាំ២០១១អត្រានេះមាន២៦ភាគរយ។
ចំណាត់ថ្នាក់នេះបាននាំឲ្យប្រទេសកម្ពុជា ឈរនៅចំណាត់ថ្នាក់ទី៣រាប់ពីក្រោមតារាងបញ្ជីដែលមាន១៤៣ប្រទេសត្រូវបានធ្វើសម្ភាសកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០១១ ១៤៦ប្រទេសត្រូវបានធ្វើសម្ភាស។ អង្គការ ហ្គាឡាបបានឲ្យដឹងថា ខ្លួនបានសម្ភាសប្រជាជនប្រហែល១.០០០នាក់ ដែលអាយុ១៥ឆ្នាំ ឡើងនៅក្នុងប្រទេសនីមួយៗតាមរយៈទូរស័ព្ទ និងដោយទល់មុខគ្នាផ្ទាល់។
នៅក្នុងតំបន់ ប្រជាជនថៃ២ភាគរយបានឆ្លើយតបថា ពួកគេមានទុក្ខវេទនា ប្រជាជនសិង្ហបុរីដែលឆ្លើយតបបែបនេះមាន៤ភាគរយ ប្រជាជនឥណ្ឌូណេស៊ីមាន៥ភាគរយ ប្រជាជនឡាវ មាន៧ភាគរយ និងប្រជាជនវៀតណាម មាន៩ភាគរយ។ អង្គការ ហ្គាឡាប បានធ្វើចំណាត់ថ្នាក់អ្នកឆ្លើយតប ដោយបែងចែកជាស្ថានភាព “រីកចម្រើន” “មានការលំបាក” ឬក៏ “មានទុក្ខវេទនា” ដោយផ្អែកលើចំណាត់ថ្នាក់នៃចម្លើយបញ្ជាក់ពីជីវិតបច្ចុប្បន្ន និងនៅពេលអនាគតរបស់អ្នកឆ្លើយតបទាំងនោះ ពោលគឺចំណាត់ថ្នាក់នៃចម្លើយតបមានពីលេខ០ដល់លេខ១០ នេះបើយោងតាមសេចក្តីប្រកាសរបស់អង្គការនេះនៅលើគេហទំព័របស់ខ្លួន។
អង្គការនេះ បានចាត់ទុកប្រជា ជនថា មានទុក្ខវេទនា ប្រសិនបើជីវិតបច្ចុប្បន្ន របស់ពួកគេស្ថិតនៅចំណាត់ថ្នាក់ទី៤ ឬក៏ទាបជាងនេះ ហើយជីវិតរបស់ពួកគេក្នុងរយៈពេលប្រាំឆ្នាំស្ថិតនៅចំណាត់ថ្នាក់ទី៤ ឬទាបជាងនេះ។ អ្នកឆ្លើយតបមិនបានប្រើពាក្យទុក្ខវេទនាដើម្បីពិពណ៌នាអំពីខ្លួនឯងទេ។
គុណវុឌ្ឍិដែលអង្គការ ហ្គាឡាប ប្រើក្នុងការស្ទង់មតិប្រជាជនមានលក្ខណៈមិនច្បាស់លាស់ ហើយសំណើសុំឲ្យអង្គការនេះធ្វើសេចក្តីអត្ថាធិប្បាយ មិនទទួលបានការឆ្លើយតបវិញទេកាលពីម្សិលមិញ។ ក៏ប៉ុន្តែ អង្គការនេះពិតជាបញ្ជាក់ពីទំនាក់ទំនងផ្សេងៗ ដោយលើកឡើងថា រង្វាស់នៃសុខាមាលភាពមានទំនាក់ទំនងទៅនឹងប្រាក់ចំណូល កម្រិតវប្បធម៌ និងស្ថានភាពជំងឺ។
អង្គការ ហ្គាឡាប បានលើកឡើងនៅក្នុងគេហទំព័ររបស់ខ្លួនថា “ប្រជាជនដែលមានភាពរីកចម្រើន មានស្ថានភាពជំងឺធូរស្រាលជាង ចំនួនថ្ងៃឈឺតិចជាង និងប្រាក់ចំណូលខ្ពស់ជាង។ លើសពីនេះទៀត ប្រជាជនទាំងនេះមានកម្រិតអប់រំខ្ពស់ និងមានបរិស្ថានការងារប្រសើរជាង។ ប្រជាជននៅបណ្តាប្រទេស ដែលមានភាគរយខ្ពស់ក្នុងចំណោមអ្នកឆ្លើយតបថា ខ្លួនមានភាពរីកចម្រើន ក៏រាយការណ៍ផងដែរថា តំបន់ដែលពួកគេរស់នៅ គឺជាទីកន្លែងល្អមួយសម្រាប់រស់នៅ និងមានជនជាតិ ពូជសាសន៍ និងវប្បធម៌ផ្សេងៗគ្នា។
បើប្រៀបធៀបទៅនឹងអ្នកឆ្លើយតប ដែលមានភាពរីកចម្រើន អ្នកឆ្លើយតបដែលមានទុក្ខលំបាកមានការព្រួយបារម្ភខ្លាំងជាងអំពីប្រាក់កាសសម្រាប់ចាយវាយទៅលើតម្រូវការប្រចាំថ្ងៃ ហើយអ្នកឆ្លើយតបដែលមានទុក្ខវេទនាមិនសូវជាមានកត្តាចាំបាច់ផ្សេងៗដូចជាម្ហូបអាហារ និងទីជម្រកទេ”។
អ្នកស្រី ពង្ស ស៊ាវហ្គិច នាយិការអង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ បានលើកឡើងថា ដោយសារតែប្រជាជនកម្ពុជានៅតែប្រឈមនឹងស្ថានភាពលំបាកៗដូចជា សកម្មភាពទន្ទ្រានយកដី ភាពក្រីក្រ និងកង្វះការអប់រំព្រមទាំងសកម្មភាពចំណាកស្រុក ដើម្បីរកការងារធ្វើ ទុក្ខវេទនាអាចនឹងយ៉ាប់យឺនជាងមុនទៀត។
លោកស្រីបានមានប្រសាសន៍ថា “វាជារឿងគួរឲ្យកត់សម្គាល់ដែលប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបខ្លាំងនៅទូទាំងពិភពលោក។ បញ្ហានេះគួរតែជាសញ្ញាមួយផ្សេងទៀតដែលបញ្ជាក់ប្រាប់រដ្ឋាភិបាលកម្ពុជាថា ស្ថានភាពនេះមិនល្អទាល់តែសោះ បើទោះជាមានការអះអាងថា មានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាបន្តបន្ទាប់ក៏ដោយ”។ ប្រទេសទាំងបី ដែលអ្នកឆ្លើយតបលើកឡើងថា ខ្លួនមានទុក្ខវេទនាតិចបំផុតនោះគឺ ប្រទេសអ៊ីស្លង់ កាតា និងប្រទេសស៊ុយអែត៕ សុធា