ក្រុមអ្នកតវ៉ាមួយក្រុមតូចដែលត្រូវបានបង្ខំឲ្យចាកចេញពីសួនច្បារមុខស្ថានទូតសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអង្គារ បានបន្តអំពាវនាវឲ្យរដ្ឋាភិបាលចុះចេញពីតំណែងកាលពីម្សិលមិញ ដោយលើកនេះក្រុមនេះបានជួបជុំគ្នានៅមុខស្ថានទូតបារាំង និងដើរក្បួនជុំវិញរាជធានីភ្នំពេញ។

ក្រុមអ្នកតវ៉ា ដែលមានសមាជិកវ័យចំណាស់ប្រហែល១២នាក់ ត្រូវបាននាំខ្លួនទៅវត្តមួយក្នុងខណ្ឌប្ញស្សីកែវ កាលពីយប់ថ្ងៃអង្គារ ដោយកម្លាំងសន្តិសុខខណ្ឌដូនពេញ បន្ទាប់ពីពួកគាត់បានចំណាយពេលនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក ក្នុងថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ។
លោក កែវ សាន អាយុ៦៤ឆ្នាំ តំណាងក្រុមអ្នកតវ៉ានេះ ដែលមានឈ្មោះហៅក្រៅថា ស្បៃវែង និយាយថា “អាជ្ញាធរចង់យកឧគ្ឃោសនសព្ទ របស់យើងទុក ក៏ប៉ុន្តែយើងមិនអាចបណ្តោយ ឲ្យពួកគេធ្វើបែបនេះបានទេ ហើយប្រសិនបើពួកគេមកយកវា យើងនឹងវាយបកពួកគេ វិញ ពីព្រោះវាគឺជាវិធីតែមួយគត់ដែលយើង អាចប្រើប្រាស់ ដើម្បីផ្សព្វផ្សាយទស្សនរបស់យើង”។
លោកបានលើកឡើងបន្តទៀតថា “ពួកគេនិយាយថា សកម្មភាពដើរក្បួនរបស់ពួកយើងគឺជារឿងខុសច្បាប់ ហើយបានប្រាប់យើងឲ្យឈប់ដើរក្បួន។ ពួកគេមិនអនុញ្ញាតឲ្យពួកយើងទៅដល់គោលដៅរបស់ពួកយើងទេ ហើយចង់បានឧគ្ឃោសនសព្ទរបស់ពួកយើង ក៏ប៉ុន្តែ ពួកយើងមិនព្រមទេ ហើយប្រសិនបើពួកគេចង់បានវា ពួកគេត្រូវសម្លាប់យើងជាមុនសិន”។
ក្រុមនេះត្រូវបានអះអាងថា មានការពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិ ក៍ប៉ុន្តែ លោកស្រី មូរ សុខហួរ ប្រធានកិច្ចការសាធារណៈរបស់គណបក្សនេះកាលពីថ្ងៃអង្គារបានអះអាងថា គណបក្សប្រឆាំង មិនមានការពាក់ព័ន្ធជាមួយបុព្វហេតុរបស់ក្រុមនេះទេ។ ពួកគេបាននិយាយថា ពួកគេសង្ឃឹម ថានឹងតតាំងជាមួយរដ្ឋាភិបាលជុំវិញការបោះឆ្នោតជាតិកាលពីខែកក្កដា ដែលបានបង្កឲ្យមានវិវាទកើតឡើង។
នៅវេលាម៉ោង៨ព្រឹក កាលពីម្សិលមិញពួកគេត្រូវបានស្នើឲ្យចាកចេញពីមុខស្ថានទូតបារាំង និងបានឈប់នៅវត្តកោះ ដែលត្រូវ បានបិទវេលាម៉ោងប្រហែល១១ព្រឹក។ នៅទីនោះពួកគេបានជួបលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ តំណាងសង្កាត់មួយរូប និងនគរបាលចរាចរ។ បន្ទាប់ពីមានការចរចាគ្នាពីរលើក ក្រុមអ្នកតវ៉ានេះត្រូវបានអនុញ្ញាតឲ្យចេញពីវត្តកោះ ដោយព្រះសង្ឃប្រាំមួយអង្គ ដែលបាន មានសង្ឃដីកាថា អាជ្ញាធរគ្មានសិទ្ធិបិទក្លោងទ្វារវត្តទេ។ បន្ទាប់មកពួកគេក៏បានធ្វើដំណើរ ទៅទីលានប្រជាធិបតេយ្យ បន្ទាប់ពីមិនយល់ព្រមត្រឡប់ទៅស្ថានទូតបារាំង ឬក៏ទៅកាន់ស្ថានទូតជប៉ុនតាមផែនការរបស់ពួកគេ។
ទោះបីជាយ៉ាងណា នៅវេលាម៉ោង២រសៀល ពួកគេបានជួបអ្នកតវ៉ាមួយក្រុមដែលមកពីសហគមន៍បឹងកក់ ហើយក៏បានត្រឡប់ទៅស្ថានទូតបារាំងវិញ ជាហេតុធ្វើឲ្យនគរបាលមានការស្រងាកចិត្ត ដោយសារតែខ្លួនបានព្យាយាមជំរុញឲ្យពួកគេត្រឡប់ទៅទីលានប្រជាធិបតេយ្យវិញ ក៏ប៉ុន្តែ ទទួលបរាជ័យក្នុងការធ្វើបែបនេះ។
លោក ជូន ណារិន ស្នងការរងនគរបាលរាជធានីបានមានប្រសាសន៍ថា “យើងបានឯកភាពគ្នាថា ពួកគេនឹងត្រឡប់ទៅទីលានប្រជាធិបតេយ្យវិញ ក៏ប៉ុន្តែ ឥឡូវនេះម៉េចបានជាពួកគេដូរចិត្ត និងចង់ទៅស្ថានទូតបារាំងទៅវិញ?”។
នៅឯស្ថានទូតបារាំងក្រុមអ្នកតវ៉ាបានប្រគល់ញាត្តិមួយ ដើម្បីអំពាវនាវសុំជំនួយជំរុញឲ្យរដ្ឋាភិបាល “គោរពច្បាប់” និងគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១”។ អ្នកតវ៉ាមួយរូបបាននិយាយថា “យើងមិនមានរដ្ឋាភិបាលស្របច្បាប់ទេ”។ អ្នកតវ៉ាមួយរូបផ្សេងទៀតឈ្មោះ អ៊ុកពេជ្រ សំណាង អាយុ៥៥ឆ្នាំ បានលើកឡើងថា ក្រុមអ្នកតវ៉ានេះនឹងបន្តប្រមូលផ្តុំគ្នានៅវត្តភ្នំ ដែលមានកម្លាំងកងរាជអាវុធហត្ថយ៉ាងតិច១០នាក់ត្រូវបានដាក់ពង្រាយ បន្ទាប់ពីពួកគេទៅដល់។
លោកបានលើកឡើងបន្ថែមទៀតថា “ប្រសិនបើយើងនៅស្ងៀមស្ងាត់ពួកគេនឹងមិនខ្វល់ពីពួកយើងទេ។ ដូច្នេះយើងត្រូវធ្វើឲ្យគេឮសំឡេងរបស់ពួកយើង ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនយើង”៕ សុធា