32 C
Phnom Penh

​​​សំឡេង​​​រណារយន្ត​​​និង​​​រថយន្ត​​​ដឹក​​​ឈើ​​​​​​លាន់​​​ឭកងរំពងពេញ​​​ព្រៃ​​​​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​លំផាត់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​,​ ខេត្ត​រតនគិរី-​នៅពីក្រោយ​ជញ្ជាំង​ច្រេះ​ចាប់​នៃដេប៉ូឈើ​របស់​ក្រុម​ហ៊ុន​ដូន​ពេញ​​អាហ្គ្រីកូ សំឡេង​រណារ​យន្ត​លាន់ឮពេញ​ព្រៃ​នៅជុំវិញ​នោះ កាលពីរសៀល​ថ្ងៃ​ច័ន្ទ​។

នៅ​ពេល​ដែល​រណារយន្ត​រោទ៍​សំឡេង​ខ្លាំងៗ​​​ពេល​អារ​ឈើ​ រថយន្ត​ធុន​​​​ធ្ងន់​មួយ​គ្រឿង​​​​ដែល​ដឹក​ឈើ​ហុប​វែង​​ៗ​ និងឈើ​អារ​រួច​បាន​បើក​ចូល​តាម​​ទ្វារ​មុខ​​នៃ​ដេប៉ូឈើ​​​​របស់​​​ក្រុម​​​ហ៊ុននោះ ​ធ្វើ​ឲ្យធូលី​ហុយ​សម្ពោង​ម​កលើ​ផ្ទះ​របស់​លោក​ កែវ ស៊ូឡេង។

លោក កែវ ស៊ូឡេង អាយុ៦២​ឆ្នាំ​ ដែល​​​ធ្វើ​​​​ស្រែចម្ការ​នៅ​លើ​ដី​​ជិត​ផ្ទះ​របស់​គាត់​​រយៈ​ពេល​៣១​ឆ្នាំ​មក​នេះ​បាន​និយាយ​ថា គាត់​​ឃើញ​​​រថយន្ត​ធំៗ​​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំបួន​គ្រឿង​ដឹក​ឈើ​ចូល​ដេប៉ូនេះ​រៀង​រាល់​ថ្ងៃ​។ ការ​ដឹក​ឈើ​ចេញ​ចូល​ដេប៉ូ​នេះ​បាន​ចាប់​ផ្ដើម​កាលពីខែ​មីនា​ ប៉ុន្តែ​​​ឈប់​​​​សម្រាក​​​នៅ​រដូវ​វស្សា​ ហើយ​​​បាន​ចាប់​ផ្ដើម​ឡើង​វិញ​កាល​​ពីខែ​មុន​។ លោក ស៊ូឡេង បាន​និយាយ​ថា “ពួក​គេ​ប្រើ​រថយន្ត​ប្រាំបួន​គ្រឿង​ដឹក​ឈើ​ជារៀង​រាល់​ថ្ងៃ ទាំង​នៅ​ពេល​ថ្ងៃ​ និង​នៅ​ពេល​យប់​”។

អ្នក​ភូមិ​និង​មន្ត្រី​មូល​ដ្ឋាន​មួយ​ចំនួន​បាន​ចោទ​ក្រុម​ហ៊ុននេះ​ថា បាន​កាប់​ឈើ​នៅ​ខាង​ក្រៅ​ចម្ការ​កៅស៊ូ​ ​និង​ចម្ការ​ដូង​ប្រេង​ដែល​មាន​ការ​អនុម័ត​ពីរាជ​រដ្ឋាភិ​បាល​​របស់​ខ្លួន​ ដែល​ស្ថិត​នៅ​​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​។ អ្នក​ភូមិ​ដែល​ភាគច្រើន​ជា​ជន​ជាតិ​ភាគ​តិច​ឡាវ​ចោទ​មន្ត្រី​រដ្ឋាភិបាល​ថា មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះការ​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ដែល​មាន​ការ​ការ​ពា​រ​តិច​​តួច​នេះ​។ ពួកគេ​ក៏បាន​​​ចោទ​​​ដែរ​​​ថា ​អ្នក​កាប់​ឈើ​បាន​កាប់​ឈើ​ជ័រ​​ដែល​មាន​អាយុ​ជាង​មួយ​រយ​​​​ឆ្នាំ​​​នៅ​ក្នុង​ព្រៃ​នេះ​​ ជា​ឈើ​ដែល​ពួកគេ​ពឹង​ផ្អែក​​​​លើ​ដើម្បី​រក​ស៊ី​ចិញ្ចឹម​ជីវិត​។

យាម​នៅ​ក្នុង​ប៉ុស្តិ៍​យាម​ធ្វើ​ពីឈើ​​​នៅ​ខាង​ក្រៅ​ដេប៉ូឈើ​របស់​ក្រុម​ហ៊ុន​ដូន​ពេញ​អា​ហ្គ្រី​​​កូ លោក សាន សុភាព បាន​ពាក់​អាវ​ធំ​ពណ៌​ត្នោត​ដែល​មាន​ភ្ជាប់​​សញ្ញា​របស់​ដែន​ជម្រក​សត្វព្រៃ​លំផាត់​នៅ​លើ​ស្មា​។ លោក សុភាព បាននិយាយ​ថា គាត់​ធ្វើ​ការ​​​ឲ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​ ហើយ​ត្រូវ​បានលោក​ អ៊ូ សុធា ​កូន​ប្រុស​របស់​លោក អ៊ូ ​សុធី ប្រធាន​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ចាត់​តាំង​ឲ្យ​យាម​​ដេប៉ូ​ឈើ​របស់​ក្រុម​ហ៊ុន​នេះ​។

នៅពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​​មន្ត្រី​រដ្ឋា​ភិបាល​យាមរោង​អារ​ឈើ​របស់​ក្រុម​ហ៊ុន​​​ឯក​ជន លោក សុភាព មិននិយាយ​ទេ ​​។ គាត់​បាន​​​និយាយ​ថា “ប្រសិនបើ​លោក​ចង់​ដឹង​សួរ​ចៅហ្វាយ​ខ្ញុំទៅ ​ គាត់​ឈ្មោះ​ អ៊ូ សុធា។ ចៅ​​​ហ្វាយ​​​​ខ្ញុំ​ឲ្យ​ខ្ញុំ​មក​យាម​ក្រុមហ៊ុន​នេះ​”។

មន្ត្រីបរិស្ថាន​ និង​ជា​អ្នក​យាម​ដេប៉ូឈើ​រូប​​​នេះ​បាននិយាយ​ថា រថយន្ត​ដែល​​​ដឹក​ឈើ​ពេញៗ​ចូល​​​តាម​​​​ទ្វា​រនេះ​កាលពី​រសៀល​​​​ថ្ងៃ​​​ច័ន្ទ​​​ សុទ្ធ តែ​​​​​​បើក​​​​មកពី​ខេត្ត​មណ្ឌល​គិរី​​​នៅ​​​ជាប់​​​គ្នានោះ ឆ្ពោះទៅ​ភាគ​ខាង​ត្បួង​។

លោក សយ ថៅ​ អធិការ​នគរ​បាល​ស្រុក​លំផាត់​បាន​បញ្ជាក់​ពីកិច្ច​​​ព្រម​​​ព្រៀង​​​រវាង​​ក្រុម​​​​ហ៊ុន​​ដូនពេញ​អាហ្គ្រីកូ និង​មន្ទីរ​បរិស្ថាន​ខេត្ត​។ អធិការ​នគរ​បាល​រូប​នេះ​​​​​បាន​​​និយាយ​ថា “អ៊ូ សុធា ​ជាកូន​របស់​លោក អ៊ូ សុធី ហើយ​​គាត់​​​ដាក់​​​​​សន្តិ​សុខ​​​​នៅ​​​​ក្រុម​ហ៊ុន​នេះខ្លួន​​​ឯង​​​​ ដូច្នេះ​​​ពួកគេ​មិន​ត្រូវ​ការ​ជំនួយ​ពី​អាជ្ញាធរ​របស់យើង​ទេ​”​​​។

ក្រុមហ៊ុន​ដូន​ពេញអាហ្គ្រីកូ មាន​សិទ្ធិ​ស្រប​​ច្បាប់​​ក្នុង​ការ​កាប់​ឈើ​នៅ​ក្នុង​ដី​សម្បទាន​របស់​​​ខ្លួន​ដើម្បី​យក​ដី​ដាំ​ដើម​កៅស៊ូ និង​​ដូង​ប្រេង​។ ប៉ុន្តែ​លោក  ថៅ  បាន​ទទួល​ស្គាល់​ថា អ្នក​ភូមិ​ព្រួយ​​​បារម្ភ​អំពីការ​បាត់​បង់​ដី​របស់​ខ្លួនទៅ​លើ​ក្រុម​ហ៊ុន​នេះ​ និង​ព្រៃ​ដែ​លពួកគេ​អាស្រ័យ​ផល​នៅជុំវិញ​នោះ​។ លោក​បាន​មាន​ប្រសាសន៍អំពី​​​​ការងារ​​​​របស់​​ក្រុម​ហ៊ុន​នេះ​ថា “ឥឡូវ​​នេះ​ប្រជា​ជន​ព្រួយ​បារម្ភ ពីព្រោះ​ពួកគេ​ខ្លាច​បាត់​ព្រៃ​ឈើ និង​ដី​ស្រែ​ចម្ការ​របស់​ខ្លួន​ ហើយ​អាជ្ញាធរ​របស់​យើង​​​​​មិន​អាច​រារាំ​ង​​ពួកគេ​បានទេ ពីព្រោះ​នេះ​គឺ​ជា​​​បទ​បញ្ជា​មក​ពីថ្នាក់ជាតិ​”។

លោក គង់ ស្រ៊ុន អភិបាល​ស្រុ​ក​លំផាត់​​ក៏​បាន​បញ្ជាក់​អំពី​​​​អំណាច​​​​របស់​ សុធី និង​កូន​ប្រុស​របស់​គាត់​​លើ​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​ដែរ​ ហើយ​គាត់​​​​បាន​​​ប្រើ​​​​ពាក្យ​រិះគន់​ខ្លាំង​ៗ​មួយ​ចំនួន​​​ចំពោះ​កិច្ច​​ព្រម​ព្រៀង​នេះ​។​ លោក​បាន​មាន​ប្រសាសន៍​ថា “អ៊ូ សុធី គឺ​ជា​ប្រធាន​ដែន​ជម្រក​សត្វ​​ព្រៃ​លំផាត់​។ កូន​ប្រុស​របស់គាត់​ឈ្មោះ អ៊ូ សុធា គឺ​ជា​បុគ្គលិក​ធ្វើការ​ក្រៅម៉ោង​”។ លោក​បាន​មាន​ប្រសាសន៍​ថា “សព្វ​ថ្ងៃ​​នេះ​មាន​អ្ន​ក​កាប់​ឈើ​ខុស​ច្បាប់​ជាច្រើន​​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នេះ ហើយ​គ្មាន​នរណា​អាច​រារាំង​ពួកគេ​បាន​ទេ​ ពីព្រោះ​តំបន់​នេះ​​ស្ថិត​នៅក្រោមការ​គ្រប់​គ្រង​របស់​លោក អ៊ូ សុធី និង​កូន​​របស់គាត់​”។

អភិបាល​ស្រុក​រូប​នេះ​បាន​​ឲ្យ​ដឹង​ទៀត​ថា “បន្ទាប់ពីយើង​បាន​ទទួល​ព័ត៌មាន​ពីអ្នក​ភូមិ​ថា មាន​មនុស្ស​កំពុង​កាប់​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​ យើង​បាន​ចុះ​ទៅ​ទីនោះ​ដើម្បី​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់​។ ប៉ុ​ន្តែ​យើង​មិន​ដែល​ឃើញ​អ្នក​កាប់​ឈើ​​ទាំង​នោះ​​ទេ ពីព្រោះលោក អ៊ូ សុធី និង​កូន​​របស់​គាត់​ប្រាប់​អ្នក​កាប់​ឈើ​ឲ្យ​​ចាក​ចេញពីកន្លែង​កាប់​ឈើ ហើយ​យើង​​​ឃើញ​តែ​ដើម​ឈើ​ដែល​​​គេ​​​​បានកាប់​រួច​​​ប៉ុណ្ណោះ​”។

ទាំង​អធិការ​នគរ​បាល​រូប​នេះ​ និង​អភិបាល​​​ស្រុក​​មិនមាន​​​​លេខទូរស័ព្ទ​​​របស់​​​​លោក​សុធី ឬកូន​ប្រុស​របស់​គាត់​ទេ​ ហើយអ្នក​ដែល​​​មាន​​​លេខ​​​ទូរស័ព្ទ​​​​​​របស់​​​ពួកគេ​​​ក៏​មិន​ព្រម​​​ប្រាប់​​​ដែរ​។

លោក ស៊ន សុវណ្ណសុង ដែលជា​​​ប្រធាន​​​ផ្នែក​​​​​​នៅ​​​​ដែន​​​ជម្រក​សត្វ​ព្រៃ​​​ស្រុក​លំផាត់ បាននិយាយ​ថា គាត់​​មិន​ត្រូ​វ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​ ឬ​ប្រាប់​​លេខ​ទូរស័ព្ទ​របស់លោក​ សុធី ទេ។

លោក សុវណ្ណសុង បាននិយាយ​ថា “ខ្ញុំ​មិន​ហ៊ាន​ប្រាប់​លេខ​ទូរស័ព្ទ​របស់​គាត់​ទេ ព្រោះ​គាត់​បាន​ហាម​ឃាត់​បុគ្គលិក​របស់​គាត់​ទាំង​អស់​មិន​ឲ្យ​​ប្រាប់​លេខ​ទូរស័ព្ទ​របស់​គាត់​ទៅ​អ្នក​ដទៃ​ឡើយ​​​។ គាត់​បាន​បង្វែ​រ​សំណួរ​ឲ្យ​ទៅសួរ​លោក ជូ​ សុភ័ក្ត្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី ដែល​​​បាន​​បដិសេធមិន​និយាយ​អំពី​រឿង​នេះ​។

កាលពីខែ​មុន​លោក សុភ័ក្ត្រ ​បាន​ប្រាប់​កាសែ​ត​ ឌឹ ខេមបូឌា ដេលី ថា ព្រំប្រទល់​របស់​​​​​ក្រុម​ហ៊ុន​ដូន​ពេញ​អាហ្គ្រីកូ មិនទាន់​បាន​កំណត់​​​​ច្បាប់​លាស់​ទេ​ ដូច្នេះ​គេ​មិន​ដឹង​ថា តើ​ក្រុម​ហ៊ុន​​​នេះ​កាប់​ឈើ​នៅ​ក្នុង​ឬក្រៅ​ដីសម្បទាន​ដែល​​​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​ខ្លួននេះ​​​ឬ​យ៉ាង​ណា​ទេ​។ លោក​បាន​​​ទទួល​​​ស្គាល់​​​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​មួយ​ចំនួន​ប្រហែលជា​កើត​ឡើង​នៅ​ក្នុង​តំបន់នេះ​។

អ្នក​ភូមិ​មូ​ល​ដ្ឋាន​បាន​អះអាង​ថា កា​រ​កាប់​​​ឈើ​​ជ័រ និង​ប្រភេទ​ឈើ​កម្រ​ផ្សេង​ៗ​ទៀត​​​​​កំពុង​កើត​មាន​យ៉ាង​ច្រើន​នៅ​ខាង​ក្រៅ​​​​ព្រំ​​​ប្រទល់​​​ដី​សម្បទាន​។ មេឃុំនិង​អភិបាល​ស្រុ​ក​​​នេះ​បានគាំទ្រ​ការ​អះអា​ងទាំង​នេះ​។

បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ម៉ោង​ពីភូមិ​​ស្រែឈូក​របស់​គាត់​នៅ​​ភាគ​ខាង​ត្បូង​មាត់​ទន្លេ​ស្រែពក ចូល​ជ្រៅ​ទៅក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​នេះ លោក ខែម សុខា បាន​ជាន់​ពី​​​លើ​ដើម​ឈើ​ទាល​ដែល​ទើប​កាប់​​​ថ្មីៗ​ទុក​នៅ​ទីនោះ​។

លោក​ ខែម សុខា ​និង​ជន​ជាតិ​ភាគតិច​ឡាវ​​​ដែល​រស់​នៅ​ក្នុង​ផ្ទះតូ​ច​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីទីនោះ​សម្រាប់​ធ្វើ​ស្រែចម្ការ​ នេសាទ​​​ត្រី និង​យក​ជ័រ​ឈើ​ទាល​ ​និយាយ​​ថា “តើ​លោក​ដឹ​ងទេ​ ដើម​ឈើ​នេះ​មាន​អាយុ​​ប៉ុន្មាន​?​ វា​មាន​អាយុ​ជាង​១០​០​ឆ្នាំហើយ” ។

ជ័រឈើទាល​ដែល​​​មាន​​​​តម្លៃ​៥​០​.០០០​​រៀល​សម្រាប់​៣០​លីត្រ​ គឺ​ជា​ប្រភព​​ដ៏សំខាន់​នៃ​ប្រាក់​ចំណូ​ល​របស់​អ្នក​ភូម​ិនៅ​តំបន់​នេះ​។ ប៉ុន្តែ​ពួកគេ​និយាយ​ថា ​ជ័រ​​​ឈើ​​​​​​ពួកគេ​​​​ធ្លាក់​​ចុះ​យ៉ាង​លឿន​ដោយ​សា​រ​អ្នក​កាប់​ឈើ​។

គាត់​បាន​និយាយ​ថា “ខ្ញុំ​ព្រួយ​បារម្ភ​ ​​​ចំពោះ​​​អ្នក​ភូមិ​នៅ​ទីនេះ​ ព្រោះ​​​ការ​រស់​នៅ​របស់​ពួក​គេ​ពឹង​ផ្អែក​លើ​ឈើ​ជ័រ​។ ប្រសិន​បើ​ពួកគេ​កាប់​ដើម​ឈើ​ទាំង​នោះ​ តើ​យើង​រក​លុយ​យ៉ាង​ម៉េច​ទៅ​?​” នៅ​តាម​មាត់​អូរ​​​រីង​​​ស្ងួត​​​មួយ​ ដើម​ឈើ​ទាល​ និង​ដើម​ឈើ​មាន​តម្លៃ​រាប់​សិប​ទៀត​ត្រូ​វ​បាន​កាប់​រំលំនៅពេល​ថ្មីៗនេះ​ ដោយ​ដើម​ឈើ​ខ្លះ​ត្រូវ​បានគេ​យក​ទៅ​អស់​ហើយ ប៉ុន្តែ​នៅសល់​តែ​គល់​ និង​សម្បក​របស់​វា​ ​​​ហើយ​​​ដើម​ឈើ​ខ្លះទៀ​ត​​ត្រូវ​បាន​រំលំ​​​​រួច​​​ហើយ​​​រង់​ចាំ​អ្នក​កាប់​ត្រឡប់​​​មក​អារ​ជា​ជម្រៀក​វែងៗ​។

លោក​ សុខា បាន​និយាយ​ថា គាត់​និង​អ្នក​ភូមិ​មួយ​ក្រុម​បាន​ឃើញ​ឈើ​នៅទីនេះ​កាល​ពី​ចុង​ខែ​មុន​។ អ្នក​កាប់​ឈើ​បាន​យ​ក​រថយន្ត​បីគ្រឿង​មក​ដឹក​ឈើ​ទាំង​នោះ​យក​ទៅ​អស់​ហើយ។ ពួកគេ​និយាយ​ថា ពួកគេ​ធ្វើការ​ឲ្យ​ក្រុម​ហ៊ុន​ដូន​ពេញអាហ្គ្រីកូ។ គាត់​បាន​បន្ត​ថា កាលពី​ចុង​ឆ្នាំ​២០១២​​នៅ​​​ឯ​កិច្ច​ប្រជុំ​មួយ​នៅ​សាលា​​​ឃុំ​ លោក សុធី ប្រធានដែន​​​ជម្រក​សត្វព្រៃ​នេះ​ និង​​ជា​តំណាង​​​​​​ក្រុម​ហ៊ុន​ដូន​ពេញ​អាហ្គ្រីកូ បាន​​​ព្រម​​​ព្រៀង​​​ទិញ​យក​ឈើ​ដែល​​​អ្នក​ភូមិ​បាន​កាប់​។

គាត់​បាននិយាយ​ថា “អ្នក​ភូមិ​មិន​ព្រម​ទេ​ ប៉ុន្តែ​ពួកគេ​បាន​​​មក​កាប់​ឈើ​។ ដើម​ឈើ​ដែលពួកគេ​កាប់​នៅទីនេះ​ ពួកគេ​យក​ទៅ​លក់​ឲ្យ​ក្រុម​ហ៊ុន​ដូន​ពេញ​អាហ្គ្រីកូ។ ខ្ញុំ​បាន​ឃើញ​ម្ដង​នៅពេលខ្ញុំ​​ចូ​លទៅក្នុង​ដេប៉ូឈើ​ក្រុម​ហ៊ុននេះ ហើយពួក​គេ​ឲ្យលុយ​ខ្ញុំ​សម្រាប់​​ដើម​ឈើជ័រ​ដែល​ពួកគេ​បានកាប់​ គឺ​២០០​ដុល្លារ​សម្រាប់ដើម​ឈើ​ប្រាំដើម​”។

លោក សុខា បាន​និយាយ​ថា អ្នកកាប់​ឈើ​​​​បាន​​​កាប់​ដើម​ឈើ​ទាំង​នោះ​រួច​ហើយ នៅ​​ពេល​យើង​ឃើញ​ពួកគេ​​ ហើយ​ក្រុម​ហ៊ុន​​​នេះ​​ព្រម​ព្រៀង​ទិញ​បន្ទាប់ពី​តថ្លៃ​គ្នារួច​​។  នៅ​តាម​ផ្លូវ​លំចេញពីដេប៉ូ​ឈើ​នេះ លោក ស៊ូឡេង បាន​និយាយ​ថា គាត់​ក៏ធ្លាប់​បាន​ចូល​ទៅ​ក្នុង​​​​ដេប៉ូឈើ​នេះ​ដែរ​ យក​​​​ត្រីទៅ​​​​លក់​​​ឲ្យ​​​កម្មករ​ ដើម្បី​បាន​លុយ​បន្ថែម​ខ្លះទៀត​។

គាត់​​និយាយ​ថា ពួកគេ​បាន​អា​រ​ឈើ​ទាំង​នោះ​។ បន្ទាប់ពីពួកគេ​អារ​​​​រួច​ហើយ​​ពួកគេ​បាន​​​យក​វាទៅ​ទន្លេ​ស្រែពក​” ។ គាត់​បន្ថែម​​​​​ថា ពេល​ទៅ​ដល់​ទន្លេ​នោះ​ហើយ​​គាត់​មិន​ដឹង​ថា គេយក​ឈើ​នោះទៅ​ណាទេ​។

កាលពីខែ​មុន​ បុគ្គលិក​ប្រចាំ​មូល​ដ្ឋាន​របស់​​អង្គការ​លីកាដូ បាន​ឃើញ​កម្មករ​​​ដឹក​​​​ឈើ​ធំៗ​​​តាម​ក្បូន​ឆ្លង​ទន្លេ​ស្រែពក​ គឺ​ស្រដៀ​ង​គ្នា​នឹង​​​មនុស្ស​​ដែលពួកគេ​បានឃើញ​នៅពេល​ថ្មីៗ​នេះ​​នៅ​ដេប៉ូឈើ​របស់​ក្រុម​ហ៊ុន​ដូន​ពេញ។ យោង​តាម​អង្គការ​អាដ​ហុក​​​ឲ្យ​​​ដឹងថា​ កម្មក​រ​ដឹក​ឈើ​ទាំង​នោះ​អះអាង​ថា ពួកគេ​ធ្វើការ​ឲ្យ​ឧកញ៉ា ទ្រី ភាព ហើយ​ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹក​ពីច្រាំង​ទន្លេ​ម្ខាង​ទៀត​ទៅ​ប្រទេស​​វៀត​ណាម។

រដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​ផ្ដាច់​មុខ​ឲ្យ​លោក​ ទ្រី ភាព​ ទិញ​យក​ឈើ​ទាំង​អស់​ដែល​គេ​បាន​កាប់​​​នៅ​ក្នុង​ដីសម្បទាន​ផ្លូវការ​ជាង​២៤​កន្លែង​ រួមទាំង​ដីសម្បទាន​ផ្ទាល់របស់​ក្រុម​ហ៊ុនដូនពេញ​អាហ្គ្រីកូផង​ដែរ​។ បុគ្គលិក​​​​ក្រុម​ហ៊ុន​ ទ្រី ភាព ​បដិ​សេធ​ថា មិនបាន​ជាប់ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​កាប់​ឈើ​ខុស​ច្បាប់​ទេ​ ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា ពួកគេ​មិន​ដឹ​ង​ថា តើ​ឈើ​ដែលពួកគេ​ទិញ​នោះ​ត្រូវ​បា​ន​កាប់​ដោយ​ស្រប​ច្បាប់​នៅ​ក្នុ​ង​ដីសម្បទាន​​សេដ្ឋកិច្ច​ស្រប​ច្បាប់​ឬអត់​នោះទេ​។

រដ្ឋាភិបាល​បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​​​ជាមួយ​ក្រុម​ហ៊ុន​ ទ្រី ភាព អាច​ជួយ​ទប់​ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​នេះ ប៉ុន្តែ​អង្គការ​សិទ្ធិមនុស្ស​ និង​អ្នក​ភូមិ​ដែល​រស់​នៅ​ជុំវិញ​ដីសម្បទាន​​ក្នុង​ខេត្ត​រតនគិរី និយាយ​ថា តាម​ពិត​វា​មិន​មែនដូច្នេះទេ​។

បន្ទាប់ពីមាន​ការ​ស៊ើប​អង្កេត​រយៈពេល​យូរ​ដោយការ​ចុះទៅផ្ទាល់​ និង​ប្រើ​រូ​បភាព​​​ផ្កាយ​រណប​ អង្គការ​ក្លូបល​វីណេស បាន​និយាយ​​​កាលពីខែមុន​ថា ដីសម្បទាន​របស់​​ក្រុមហ៊ុន​ផ្សេងទៀត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​​​​ក៏​បាន​កាប់​ឈើ​ខុស​ច្បាប់​នៅ​ខាង​ក្នុង​ និង​ខាង​​ក្រៅ​ព្រំប្រទល់​ដីរបស់​ខ្លួន​ដែរ​។

គឹម អ៊ាង ជាតំណា​ង​ក្រុមហ៊ុន​ដូន​ពេញ​អា​ហ្គ្រី​​​កូ ​​​បាន​​​បដិសេធ​មិននិយាយ​អំពីរឿង​នេះទេ។​គឹមហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស