26 C
Phnom Penh

លោក​ សម រង្ស៊ី ចុះ​ពិនិត្យ​ស្ថាន​ភាព​ព្រៃ​ឡង់​​​​នៅ​ខេត្ត​កំពង់​ធំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំគណបក្ស​ប្រឆាំង​​ និង​សមាជិក​ផ្សេង​ៗ​ទៀតនៃ​​គណបក្ស​​សង្គ្រោះ​ជាតិ​ កាលពីម្សិល​មិញ​ បាន​ចុះ​ពិនិត្យ​​ស្ថាន​ភាពព្រៃឡង់​ ដែលរងការកាប់​​​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរបំផុត​នៅក្នុងខេត្ត​កំពង់​ធំ​ ហើយបានជួបជាមួយ​អ្នក​ភូមិ​ដែល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​តែ​ការ​កាប់​បំផ្លាញ​នេះ​ ហើយ​បានរៀប​ចំ​វេទិកា​សាធារណៈ​នៅទីនោះផងដែរ។

លោក ឡុង​ រី តំណាង​រាស្ត្រ​ជាប់​ឆ្នោត​​​មក​ពី​​គណបក្ស​​សង្គ្រោះ​ជាតិ​ ដែល​បាន​អម​ដំណើរ​ជាមួយ​លោក​ សម រង្ស៊ី ទៅកាន់​ព្រៃ​ឡង់​ បន្ទាប់​ពីបាន​ដឹកនាំ​ក្បួន​ដង្ហែ​កាល​ពីថ្ងៃ​អង្គារ​ ទៅកាន់​ក្រុង​សៀម​រាប​នោះ​ បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​គណបក្ស​ប្រឆាំ​ងរូប​នេះ​បាន​ចុះ​ពិនិត្យ​ក្នុងតំបន់​ព្រៃឡង់ដែល​រងការ​កាប់​បំផ្លា​ញយ៉ាងធ្ងន់ធ្ងរ​។

លោក​បាន​មាន​ប្រសាសន៍ថា “លោក​ប្រធាន​ សម រង្ស៊ី បាន​ចុះ​ទៅ​ដី​សម្បទាន​របស់​ក្រុម​ហ៊ុន ស៊ី អ ស៊ី ខេ (CRCK Company) ហើយ​យើង​បាន​ឃើញ​ឈើ​ជាច្រើន​កំណាត់​ត្រូវ​បាន​ទុក​នៅ​មូល​ដ្ឋាន​របស់​ក្រុម​ហ៊ុន​នេះ​ ​ព្រម​ទាំង​មាន​សកម្មភាពរុក​រាន​ដី​ទ្រង់​ទ្រាយ​ធំ​នៅ​ខាង​ក្រៅ​ដីសម្បទាន​ ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ពួក​គេនោះ​”។

ក្រុម​ហ៊ុន CRCK មាន​ដីសម្បទាន​សេដ្ឋ​កិច្ច​ទំហំ​ ៦.០៤៤ហិកតា​​ ក៏​ប៉ុន្តែ អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុននេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំមក​ហើយ​ថា ក្រុមហ៊ុន​នេះ​កាប់​ឈើ​​នៅខាង​ក្រៅ​ដីសម្បទាន​របស់​ខ្លួន​។ អាជ្ញាធរ​ខេត្ត​កាល​ពីខែ​កុម្ភៈ​ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន CRCK ផ្អាក​សកម្មភាព​កាប់​ឈើ​ជា​បណ្តោះ​អាសន្ន​ បន្ទាប់​ពី​អ្នក​ភូមិ​បាន​តវ៉ា​។

លោក ហឿន​ សុភាព សមាជិក​បណ្តាញ​ប្រជាជន​ព្រៃឡង់​ ដែល​បាន​រៀប​ចំ​ការ​តវ៉ា​កាល​ពីខែ​កុម្ភៈ​នោះ​បាន​ឲ្យ​ដឹង​ថា អ្ន​កភូមិ​ប្រហែល​៣០០នាក់​បាន​ចូល​រួ​ម​ក្នុ​ង​វេទិកា​សាធារណៈ​ ដែលបានរៀប​ចំដោយ​លោក សម រង្ស៊ី នៅ​ ក្នុង​ឃុំ​ សណ្តាន់ បន្ទាប់​ពី​មេដឹកនាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ចុះ​ពិនិត្យតំបន់​នានា​។

លោក សុភាព​ បាន​មាន​ប្រសាសន៍​សំដៅ​ទៅលើ​អ្នក​ភូមិ​ដែល​​រងគ្រោះដោយសារក្រុមហ៊ុន CRCK រុក​រានលើ​ដី​កសិដ្ឋាន​របស់​ពួក​គាត់​ថា “លោក​ប្រធាន​បាន​សន្យា​ធ្វើ​អន្ត​រាគមន៍​ទៅអាជ្ញាធរ​ ដើម្បី​​ទាម​ទារ​យក​ដី​ជូន​អ្នក​ភូមិវិញ ​ដែល​រង​ការរំលោភបំពានពីសំណាក់​ក្រុម​ហ៊ុន​​កន្លងមក”។

លោក សម រង្ស៊ី បាន​លើក​ឡើង​ថា បន្ទាប់​ពីបាន​ឃើញ​មាន​សកម្មភាព​បំផ្លិច​បំផ្លាញ​​ព្រៃឈើ​​យ៉ាងធ្ងន់ធ្ងរបែបនេះ លោក​បាន​សន្យា​ជាមួយ​អ្នក​ភូមិ​ថា ក្រុមប្រឹក្សា​ស្រុក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បានជាប់​បោះឆ្នោត​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១៤​នឹង​ចាត់​វិធាន​ការ​យ៉ាង​សកម្ម ​ដើម្បី​​បញ្ឈប់​​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់នៅ​ក្នុង​តំបន់នេះ​។

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ប្រាប់​ពួកគាត់​ថា យើង​នឹងលាត​ត្រដាង​ករណីរបស់​ពួកគាត់​។ យោង​តាម​លទ្ធផល​នៃការ​បោះឆ្នោត​ឃុំសង្កាត់​កាល​ពី​ឆ្នាំ​មុន​ យើង​នឹង​មាន​ក្រុមប្រឹក្សា​ស្រុក​កាន់​តែ​ច្រើន​នាពេល​ឆាប់​ៗ​នេះ​”។ លោក​បាន​បន្ត​ថា “ពួកគេនឹង​ដាក់​ពាក្យ​បណ្តឹង​​ ធ្វើ​ការ​តវ៉ា​ សហការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​អង្គការ​សិទ្ធិមនុស្ស​ ហើយ​ពួក​គេ​នឹង​គាំទ្រ​សហ​គមន៍​ព្រៃឡង់​ ក្នុងការ​​ល្បាត​​ និង​លាត​ត្រដាង​សកម្មភាព​ខុស​ច្បាប់​​របស់​ក្រុមហ៊ុន​នានា”។

លោក​ អ៊ូច សំអុន អភិបាល​ខេត្ត​កំពង់​ធំ​បាន​លើកឡើង​ថា ការ​ចុះ​ពិនិត្យ​របស់​លោក​សម រង្ស៊ី គឺជា​សកម្មភាព​នយោ​បាយ​ ហើយ​ថា ក្រុមហ៊ុន​ជ័រ​កៅស៊ូ​នេះ​មិនពាក់​ព័ន្ធ​ក្នុង​សកម្មភាព​ខុស​ច្បាប់​នានា​ទេ​។ លោក​ថ្លែង​ថា “វាមិន​ដូច​ការ​អះអាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ថា ក្រុម​ហ៊ុន​នេះ​​រាន​ដី​នៅ​ខាង​ក្រៅ​ដី​របស់​ខ្លួន​ទេ​។ ក្រុមហ៊ុន​នេះ​មាន​ [ដី​ផ្ទាល់​ខ្លួន​] ទំហំ​​១.០០០ ហិកតា​នៅសល់​សម្រាប់​រាន​”៕ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស