នៅថ្ងៃនេះសហគមន៍នានាដែលរងការគំរាមកំហែងដោយគម្រោងសាងសង់ទំនប់វារីអគ្គិសនីចំនួនបីក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នឹងដាក់ញត្តិទៅស្ថានទូតចិនទាមទារឲ្យស្ថានទូតនេះអន្តរាគមន៍ប្រឆាំងក្រុមហ៊ុនចិននានាដែលវិនិយោគលើទំនប់វារីអគ្គិសនី។
ញត្តិដែលសរសេរជាភាសាចិន ភាសាខ្មែរ និងភាសាអង់គ្លេសនេះ ជំរុញឲ្យលោកស្រី ពូ ចៀនគ័រ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា “មេត្តាអន្តរាគមន៍ រឿងក្រុមហ៊ុន Hydrolancang [International Energy] ពិចារណាឡើងវិញអំពីការវិនិយោគរបស់ក្រុមហ៊ុននេះលើទំនប់វារីអគ្គិសនីទន្លេសេសានក្រោម២” ដែលគ្រោងសាងសង់ដោយសហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនរួមរបស់កម្ពុជា។
ការសិក្សាពេលថ្មីៗនេះបានបង្ហាញថា ទំនប់វារីអគ្គិសនីសេសានក្រោម២កម្លាំង៤០០មេហ្គាវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង នឹងជម្លៀសប្រជាពលរដ្ឋចំនួន៥.០០០នាក់ ហើយនឹងជះផលប៉ះពាល់ដល់ប្រជាពលរដ្ឋ១០០.០០០នាក់បន្ថែមទៀត ហើយតាមការរំពឹងទុកថា បរិមាណត្រីក្នុងអាងទន្លេមេគង្គនឹងធ្លាក់ចុះប្រហែល៩,៣ភាគរយ។
បន្ថែមលើទំនប់វារីអគ្គិសនីសេសានក្រោម២ ញត្តិដែលប្រមូលព័ត៌មានដោយបណ្តាញការពារទន្លេសេសាន ស្រែពក សេគង្គ លើកឡើងពីទីតាំងទំនប់វារីអគ្គិសនីដែលត្រូវបានស្នើឡើងចំនួនពីរនៅក្នុងខេត្តរតនគិរី គឺទន្លេសេសានក្រោម៣ ដែលគំាទ្រដោយក្រុមហ៊ុន Sinohydro Resources របស់ចិន ហើយទន្លេស្រែពកបី ដែលក្រុមហ៊ុន Huadian Hong Kong Co. Ltd ទទួលបានសាងសង់ទំនប់វារីអគ្គិសនី។
ញត្តិនេះស្នើឲ្យលោកស្រី ពូ ចៀនគ័រ “ធានាថា ក្រុមហ៊ុនទាំងនេះសិក្សាពីផលប៉ះពាល់ និងពិចារណាឡើងវិញលើការវិនិយោគរបស់ខ្លួនលើគម្រោងផ្សេងៗទៀតដែលអាចនឹងបង្កផលប៉ះពាល់” ជាពិសេសទំនប់វារីអគ្គិសនីសេសានក្រោម៣ កម្លាំង៣០០មេហ្គាវ៉ាត់ និងទំនប់វារីអគ្គិសនីស្រែពកក្រោម៣ ដែលនឹងត្រូវសាងសង់នៅក្នុងតំបន់មួយចំនួននៃស្រុកវើនសៃ ស្រុកតាវែង និងស្រុកលំផាត់ ខេត្តរតនគិរី។
លោក មៀច មាន អ្នកសម្របសម្រួលនៅអង្គការបណ្តាញការពារទន្លេសេសាន ស្រែកពក សេកុងតំណាងឲ្យប្រជាពលរដ្ឋប្រមាណ៧៥.០០០នាក់ដែលអាចរងផលប៉ះពាល់ផ្ទាល់ដោយសារទំនប់ទាំងនេះបានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមហ៊ុនចិនទាំងនេះគួរតែទទួលខុសត្រូវផ្នែកសង្គម និងដកខ្លួនចេញពីការសាងសង់វារីអគ្គិសនី។
លោកមានប្រសាសន៍ថា “ យើងគិតថា នៅពេលក្រុមហ៊ុនចិនទាំងនេះគិតពិចារណាឡើងវិញ រួចដកខ្លួនចេញពីការសាងសង់ទំនប់វារីអគ្គិសនីទាំងនេះ។ ការសាងសង់ដោយក្រុមហ៊ុនក្នុងស្រុកនឹងមិនអាចចាប់ផ្តើមបានឡើយ។ លោកបានមានប្រសាសន៍ទៀតថា តាមសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Sinohydro និងក្រុមហ៊ុន Huadian បានបញ្ចប់ការវាយតម្លៃផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គមរួចហើយដើម្បីសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងខេត្តរតនគិរី។
ការឈូសឆាយដីសម្រាប់សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលត្រូវបានចាប់ផ្តើមកាលពីខែមីនា ដោយក្រុមហ៊ុនមួយរបស់លោក គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបានរដ្ឋាភិបាលផ្អាកកាលពីខែតុលា។ ពេលទាក់ទងបានកាលពីម្សិលមិញ លោក ពុធ ឃឿន តំណាងឲ្យឃុំស្រែគ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ការផ្អាកឈូកឆាយដីនេះ ទំនងគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ៕សុខុម