មន្ត្រីនគរបាលបានឲ្យដឹងថា កាលពីម្សិលមិញ នគរបាលរាជធានីភ្នំពេញបានឆ្មក់ចូលឃ្លាំងពីរកន្លែងមានឈើគ្រញូងនិងឈើប្រណិតផ្សេងទៀតប្រហែល១១តោន ហើយបានចាប់ខ្លួនអ្នកបើកបររថយន្តម្នាក់និងម្ចាស់ឃ្លាំងម្នាក់។
លោកឧត្តមសេនីយ៍ត្រី ប៉ែន រ័ត្ន ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នគរបាលទទួលបានដំណឹងមួយថា រថយន្តមួយគ្រឿងមានផ្ទុកឈើ ប្រណីត ចេញពីខេត្តពោធិ៍សាត់កាលពីយប់ថ្ងៃអង្គារ សំដៅទៅកាន់ឃ្លាំងមួយនៅក្នុងខណ្ឌ សែនសុខ។
លោកឧត្តមសេនីយ៍ត្រី ប៉ែន រ័ត្ន បានឲ្យដឹងថា “យើងបានរកឃើញឈើគ្រញូងនិងឈើប្រណិតជិត១០តោន ប៉ុន្តែ៨០ភាគរយ គឺជាឈើគ្រញូង ហើយយើងបានឃាត់ខ្លួនអ្នកបើកបរដើម្បីសាកសួរ”។ ក្នុងករណីដោយឡែកមួយ លោកឧត្តមសេនីយ៍ត្រី ប៉ែន រ័ត្ន បានឲ្យដឹងថា នគរបាលរឹបអូសបានឈើប្រណីតជាង១តោន រាប់ទាំងឈើគ្រញូងផង នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
លោក សារុន ចន្ធី ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ក្នុងករណីទី៣នៅខេត្តពោធិ៍សាត់កាលពីល្ងាចថ្ងៃអង្គារ នគរបាលស្រុកក្រគរ រឹបអូសបានរថយន្តមួយគ្រឿងផ្ទុកពេញដោយឈើគ្រញូង និងពាក់ស្លាកក្លែងក្លាយរបស់ក្រុមហ៊ុនប្រេងឥន្ធនៈតេឡា។ លោកបានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនបុរសពីរនាក់ ម្នាក់ជាអ្នកបើកបរ និងម្នាក់ទៀតជាព្រូឡាន”៕ ប៊ុននី