កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងស្ត្រីជាសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងការពារអ្វីដែលលោក សម រង្ស៊ី បានលើកឡើងអំឡុងការប្រមូលផ្ដុំគ្នានៅក្នុងខេត្តសៀមរាប កាលពីថ្ងៃអង្គារថា លោក ហ៊ុន សែន “អន់ជាងមនុស្សស្រី”។
អំឡុងការប្រមូលផ្ដុំគ្នាលើកដំបូងក្រោយការបោះឆ្នោតនៅក្នុងខេត្តនេះ លោក សម រង្ស៊ី បានចំអកឲ្យលោក ហ៊ុន សែន ដោយបានអំពាវនាវឲ្យលោកយកគំរូតាមនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានសម្រេចឲ្យមានការបោះឆ្នោតមុនកាលកំណត់កាលពីពេលថ្មីនេះ។ លោក សម រង្ស៊ី បានថ្លែងថា “ខ្ញុំសូមអំពាវ ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន អើយ កុំឲ្យអន់ជាងមនុស្សស្រី។ ហេតុអ្វីបានជាលោក ហ៊ុន សែន អន់ជាងមនុស្សស្រីអ៊ីចឹង?” ។
ការនិយាយចំអកនេះត្រូវបានបន្ទរដោយអ្នកគាំទ្ររបស់លោកជាច្រើនដែលបានដើរក្បួនកាត់ក្រុងសៀមរាប ដោយបានស្រែកថា “ហ៊ុន សែន អន់ជាងស្រី!” ។ អ្នកស្រី មូរ សុខហួរ ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីមកពីគណបក្សសង្គ្រោះជាតិ បានបដិសេធថា សម្ដីរបស់លោក សម រង្ស៊ី មិនមែនជាការប្រមាថចំពោះស្ត្រីភេទទេ។ អ្នកស្រីបានមានប្រសាសន៍ថា “លោកត្រូវបកស្រាយពីអ្វីដែលគាត់និយាយឲ្យត្រូវបរិបទ។ បរិបទទាំងមូលគឺថា នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ទុកប្រយោជន៍ជាតិជាធំ ហើយគាត់មានឆន្ទៈចុះចេញពីតំណែងដើម្បីបញ្ចប់ជម្លោះនយោបាយ”។
អ្នកស្រី មូរ សុខហួរ បានអះអាងថា លោក សម រង្ស៊ី ចង់បានន័យថា លោក ហ៊ុន សែន គួរតែយកភាពរឹងមាំរបស់អ្នកស្រី យីងឡាក់ ជាគំរូ។ អ្នកស្រីបានមានប្រសាសន៍ថា “អ្វីដែលលោក សម រង្ស៊ី ចង់និយាយគឺថា គាត់ [ អ្នកស្រី យីងឡាក់] គឺជាស្ត្រី។ ខ្ញុំតែងតែនិយាយថា នៅពេលដែលស្ត្រីធ្វើជាអ្នកដឹកនាំ ពួកគេគិតអំពីផលប្រយោជន៍ជាតិ។ ពេលស្ត្រីធ្វើការសម្រេចចិត្តក៏ដូចគ្នាដែរ គឺពួកគេគិតអំពីប្រយោជន៍រួម”។
អ្នកស្រីបានគូសបញ្ជាក់ថា “ប្រសិនបើគាត់និយាយថា ស្ត្រីអន់ជាងបុរសនោះ ខ្ញុំប្រាកដជាមិនអាចទទួលយកបានទេ ប៉ុន្តែខ្ញុំធ្វើការជាមួយគាត់យូរហើយ ខ្ញុំដឹងថា គាត់គ្មានថ្ងៃប្រើភាសាបែបហ្នឹងទេ”។ អ្នកស្រី កែ សុវណ្ណរតន៍ សមាជិកសភាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមការងារបក្សប្រចាំខេត្តនេះ បានសម្ដែងការយល់ស្របថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺធ្វើឡើងក្នុងបំណងអំពាវនាវឲ្យលោក ហ៊ុន សែន យកគំរូតាមអ្នកស្រី យីងឡាក់ ប៉ុណ្ណោះ។ អ្នកស្រីមានប្រសាសន៍ថា “វាមិនមែនជាការប្រមាថទេ។ គាត់ចង់ប្រៀបធៀបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពាក់ព័ន្ធនឹងភាពក្លាហាន”។
លោក សម រង្ស៊ី ក៏បានលើកឡើងផងដែរថា សម្ដីរបស់លោកត្រូវបានគេយកទៅបកស្រាយខុសបរិបទ និងថា លោកមានបំណងបង្ហាញក្ដីគោរពចំពោះអ្នកស្រី យីងឡាក់ មិនមែនចង់បន្តុះបង្អាប់ស្ត្រីភេទទេ។ លោកមានប្រសាសន៍ថា “ការមានស្ត្រីជានាយករដ្ឋមន្ត្រី គឺជារឿងកម្រខ្លាំងណាស់នៅក្នុងលោកនេះ។ អ្វីដែលខ្ញុំចង់និយាយគឺថា យើងគោរពអ្ន្កស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដោយសារភាពក្លាហាន និងភាពថ្លៃថ្នូរបស់គាត់។ ទោះបីជាគាត់គ្មានហេតុផលផ្លូវច្បាប់ក្នុងការចុះចេញពីតំណែង ដោយសារគាត់ជានាយករដ្ឋមន្ត្រីស្របច្បាប់ដែលបានជាប់ឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យ ហើយការប្រឆាំងគាត់មានតិចក៏ដោយ ក៏គាត់នៅតែដកខ្លួន។ គាត់គឺជាស្ត្រីម្នាក់ [ តែ] លោក ហ៊ុន សែន បែរជាមិនក្លាហានដូចគាត់”៕ សេរីវុធ