38 C
Phnom Penh

ក្រុមអ្នក​បើកបរ​រថយន្ត​ឈ្នួល​បិទ​ច្រកត្រួតពិនិត្យ​ប៉ោយប៉ែត ដើម្បីតវ៉ា​គោលការណ៍ពន្ធថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​ក្រុម​អ្នក​បើក​បរ​រថយន្ត​ឈ្នួល​បាន​ធ្វើ​ការ​តវ៉ា​​ កាលពីម្សិលមិញ នៅ​ប៉ុស្តិ៍ត្រួតពិនិត្យគយ​ ក្នុងក្រុង​ប៉ោយប៉ែត ទាក់ទងការទាម​ទារឲ្យបង់​ពន្ធ​ពីសំណាក់​មន្ត្រីគយ ដែល​អ្នកតវ៉ា​ទាំងនោះ​លើកឡើងថា ​ពន្ធ​ថ្មីនេះគឺថ្លៃហួសប្រមាណ​ ហើយថ្លៃលើ​សបរិមាណ​ទំនិញទៅទៀត។

​នៅ​ឯ​ប៉ុស្តិ៍​ត្រួតពិនិត្យកាលពីម្សិល​មិញ​ អ្នក​បើកបរ​រថយន្ត​ឈ្នួល​ជាង​៥០នាក់​ បាន​បិទ​ផ្លូវ​អស់រយៈ​ពេល​មួយម៉ោង និងបានទាម​ទារ​ឲ្យមន្ត្រីគយ​ប្រគល់​រថយន្ត​របស់​អ្នក​បើក​បរ​រថយន្ត​ឈ្នួលម្នាក់​ ដែលឡានរបស់គាត់ត្រូវបាន​មន្ត្រីគយយក​ទៅរក្សាទុក​កាលពីដើម​សប្តាហ៍​នេះ​ ​ដោយ​សារ​តែ​អ្នក​បើកបរ​រថយន្ត​ឈ្នួលរូបនោះ​មិន​បាន​បង់​ពន្ធ​ត្រឹមត្រូវ​ លើទំនិញ​ដែល​គាត់បានដឹក។

លោក សែម យុន អាយុ ៣៥ឆ្នាំ បាន​លើក​​ ​​ឡើងថា ​រថយន្ត​តូយ៉ូតា កាំរី របស់​លោក ​ត្រូវ​ បាន​មន្ត្រី​គយយកទៅទុក​ កាលពីថ្ងៃទី​៧​ខែ​ធ្នូ នៅវេលា​ម៉ោង​ប្រហែល​៤: ៣០​នាទី ដោយ​សារ​​​តែ​លោក​មិន​បាន​បង់​ពន្ធ​ដែលមានចំនួន​រហូត​ដល់​ទៅ​៥០០ដុល្លារ​ ឲ្យ​មន្ត្រីគយ សម្រាប់ ការ​ដឹក​ម្រេច​ក្រៀម​ប្រហែល​ជា១០០​គីឡូ ក្រាម​ ពី​ក្រុង​ប៉ោយប៉ែត ទៅ​កាន់ទីរួមខេត្ត​បន្ទាយ​មាន​ជ័យ។

លោកបាន​មានប្រសាសន៍ថា “មន្ត្រីពន្ធ​ដាបានដើរ​សំដៅ​មក​រក​ឡានរបស់ខ្ញុំ ​ហើយ​ក៏​បានឃាត់​ឡានរបស់ខ្ញុំ នៅពេល​ដែល​ខ្ញុំ​ទៅ​ដល់​ប៉ុស្តិ៍ត្រួតពិនិត្យ។ ពួកគេ​បាននិយាយថា ខ្ញុំត្រូវតែបង់ពន្ធ ទៅតាមបរិមាណទំនិញ​ដែលខ្ញុំបានដឹក ប៉ុន្តែ ​ពួក​គេ​មិន​បានប្រាប់​ថា តើ​ខ្ញុំ​គួរ​តែ​បង់ប៉ុន្មាន​ទេ​ សម្រាប់​ម្រេច​របស់ខ្ញុំ​ពួក​គេ​គ្រាន់​តែ​និយាយថា ខ្ញុំ​ត្រូវ​បង់​ប្រហែល​ជា​៣០០ដុល្លារទៅ​៥០០ដុល្លារ”​។

លោក សែម យុន បាន​ឲ្យដឹងបន្ថែម​ទៀត ថា លោក​បានបដិសេធ​មិន​បង់ប្រាក់​ពិន័យ​នៅ​ប៉ុស្តិ៍ត្រួតពិនិត្យគយ​ចល័ត ក្នុងភូមិ​កូន​ដំរី ​ឃុំ ផ្សារកណ្តាល និងបានព្យាយាម​ស្នើឲ្យ​មន្ត្រីគយប្រគល់រថយន្ត​ឲ្យ​លោកវិញ ក៏ប៉ុន្តែ ​មន្ត្រីទាំងនោះបានបដិសេធ​មិនប្រគល់រថយន្តរបស់​លោក​វិញទេ។ លោកបាន​និយាយថា “ខ្ញុំ​បាន​ស្នើ​ សុំពួកគេ​អស់​រយៈពេលបីបួនថ្ងៃ​​មក​ហើយ​”។

បន្ទាប់មក កាលពីម្សិលមិញ ​អ្នក​បើក​បរ​យ៉ាងតិច​៥០នាក់​ បាន​យក​រថយន្ត​របស់​ខ្លួន​ ទៅកាន់​ប៉ុស្តិ៍ត្រួតពិនិត្យដដែល​ ដែលស្ថិត​នៅ​ផ្លូវជាតិលេខ​៥ ​និង​បានបិទផ្លូវ​នេះអស់​រយៈពេល​មួយម៉ោង មុនពេល​មន្ត្រីគយយល់ ​ព្រម​ប្រគល់​រថយន្តឲ្យលោក យុន វិញ។ លោក យុន បាន​និយាយ​បន្តថា “នៅពេល ​ពួកគេ [អ្នកបើកបររថយន្ត​ឈ្នួល] តវ៉ាខ្លាំង​ ឡានរបស់ខ្ញុំក៏ត្រូវ​បានប្រគល់​ឲ្យខ្ញុំវិញ ហើយ ​ខ្ញុំមិនបានបង់ប្រាក់​អ្វីទេ​”។

លោក ច័ន្ទ កុសល ស្នងការ​រងនគរ​បាល​ខេត្ត​បាន​បញ្ជាក់​ថា ការ​តវ៉ា​នេះ​បាន​កើត​ឡើង​ កាល​ពីម្សិលមិញ​ ក៏​ប៉ុន្តែលោក​បាន​​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទាក់ទង​នឹង​មូល​ហេតុ​​ដែល​បង្ក​ឲ្យមាន​សកម្មភាព​នេះ​​។ តាំង​ពី​ដើមខែ​វិច្ឆិកាមក​ មន្ត្រី​គយ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ណែ​នាំ​ឲ្យ​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ត្រួត​ពិនិត្យ​ឲ្យបាន​ដិតដល់​ និង​យក​ពន្ធ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ចំពោះ​ទំនិញ​ដែល​ត្រូវ​បាន​នាំចូល​មក​ប្រទេស​នេះ​ ក្នុង​គោលបំណង​កាត់​បន្ថយ​សកម្ម​ភាព​រត់​ពន្ធទំនិញ​ផ្សេង​ៗ​​ និងក្នុង​គោល​បំណង​បង្កើន​ចំណូល​រដ្ឋ​។ អ្នក​ជំនួញ​នានា​បាន​លើក​ឡើង​ថា ការ​អនុ​វត្ត​របប​ពន្ធ​ថ្មី​នេះ​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ឲ្យ​ថ្លៃ​ដើម​នៃ​ទំនិញ​នាំ​ចូល​កើន​ឡើង​គួរ​ឲ្យកត់​សម្គាល់​៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស