ពិធីប្រគល់ពានរង្វាន់ក្រមសីលធម៌អ្នក កាសែតប្រចាំឆ្នាំលើកដំបូង មិនដែលមានពីមុនមកនោះត្រូវបានប្រារព្វធ្វើនៅរាជធានីភ្នំពេញ។ នៅក្នុងពិធីនោះ កាសែតជាតិចំនួនប្រាំ និងស្ថានីយ៍ទូរទស្សន៍ជាតិចំនួនប្រាំបីទទួលបានពានរង្វាន់សរុប១៩ ដើម្បីទទួលស្គាល់ការប្រកាន់ខ្ជាប់វិជ្ជាជីវៈអ្នកសារព័ត៌មានប្រកបដោយក្រមសីលធម៌របស់ពួកគេ។
កាសែតដែលទទួលបានរង្វាន់ទៅតាមផ្នែក ដូចជា តុល្យភាពក្នុងសេចក្តីរាយការណ៍ ភាពត្រឹមត្រូវផ្នែក យេនឌ័រ និងការប្រើភាសា មិនលម្អៀង រួមមាន កាសែតរស្មីកម្ពុជា កោះសន្តិភាព កម្ពុជាថ្មី នគរវត្ត និងកាសែតមនសិការខ្មែរ ហើយស្ថានីយ៍ទូរទស្សន៍ដែលទទួលបានពានរង្វាន់នេះដែរ គឺស្ថានីយ៍ទូរទស្សន៍ បាយ័ន អប្សរា ហង្សមាស អាស៊ីអាគ្នេយ៍ ប៉ុស្តិ៍លេខ៥ ប៉ុស្តិ៍លេខ៣ ប៉ុស៌្តិលេខ៩ និងទូរស្សន៍ ស៊ីធីអិន។
ពានរង្វាន់នេះត្រូវបានបង្កើតឡើងបន្ទាប់ ពីមានការរិះគន់យ៉ាងខ្លាំងអំពីការចាក់ផ្សាយរបស់បណ្តាញទូរទស្សន៍អំពីការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រកាលពីថ្ងៃទី២៨ ខែកក្តដា ដោយសារតែទូរទស្សន៍ទាំងនោះរាយការណ៍លម្អៀងទៅរកគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាច ក្នុងដំណើរឆ្ពោះទៅកាន់ថ្ងៃបោះឆ្នោត និងមិនបានចាក់ផ្សាយការតវ៉ាក្រោយពីការបោះឆ្នោតនោះឡើយ។
អង្គការព័ត៌មានដែលត្រូវបានតែងតាំងឲ្យប្រគល់ពានរង្វាន់ គឺជាផ្នែកមួយនៃគម្រោង រយៈពេលពីរឆ្នាំមួយដែលមានឈ្មោះថា លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈអ្ននកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា តាមរយៈការពិនិត្យតាមដាន និងការតាមដានប្រព័ន្ធផ្សព្វ ផ្សាយកម្មវិធីទូរទស្សន៍ (Improving Jounalism Ethics in Cambodia)។
គម្រោងនេះមានគោលបំណងលើកកម្ពស់ក្រមសីលធម៌អ្នកសារព័ត៌មាន និងជួយលើកស្ទួយឧស្សាហកម្ម ដែលទទួលការរិះគន់ជាយូរមកហើយដោយសារប្រាក់ខែទាប អំពើពុករលួយ និងការរាយការណ៍លម្អៀង។ គម្រោងនេះ ដំណើរការដោយគណៈកម្មាធិការអ្នកកាសែតកម្ពុជាដើម្បីក្រមសីលធម៌ (Cambodian Journalists Council for Ethics ហៅកាត់ CJCE) និងអង្គការឆេមស៍ (Cambodia Health Education Media Service) ដោយទទួលបានមូលនិធិពី មូលនិធិប្រជាធិបតេយ្យរបស់អង្គការសហប្រជាជាតិ (U.N. Democracy Fund)។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងក្នុងពិធីនេះនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា វាជាការទទួលខុសត្រូវរបស់ CJCE ក្នុងការលើកស្ទួយស្តង់ដាប្រព័ន្ធផ្សព្វផ្សាយ។ លោកបានថ្លែងថា “វិជ្ជាជីវៈសារព័ត៌មាន[នៅក្នុងប្រទេសកម្ពុជា]គឺជាវិជ្ជាជីវៈមានសេរីភាពមួយ មិនមែនជាការងាររបស់មន្ត្រីរាជការទេ។ ប្រសិនបើយើងលូកដៃចូល នឹង មានន័យថា រដ្ឋាភិបាលកំពុងតែជ្រៀតជ្រែកក្នុងកិច្ចការវិជ្ជាជីវៈរបស់អ្នកសារ ព័ត៌មាន”។
លោក កាញារីទ្ធ ក៏បានទទួលស្គាល់ផងដែរថា ការពាក់ព័ន្ធក្នុងវិជ្ជាជីវៈសារព័ត៌មាន ប្រកបដោយក្រមសីលធម៌ អាចជាការងារប្រកបដោយគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅពេលវាឈានទៅធ្វើ ការស៊ើបអង្កេតអំពីសកម្មភាពកាប់ឈើខុសច្បាប់ និងអំពើពុករលួយ។ ប៉ុន្តែលោកបានបន្ថែមថា អ្នកសារព័ត៌មាន មួយចំនួន ក៏បានប្រើការងាររបស់ខ្លួនដើម្បីបញ្ចប់រឿងរ៉ាវ ហើយគណៈកម្មាធិការ CJCE ត្រូវតែមានភាពរឹងមាំក្នុងការប្រឈមនឹង អំពើពុករលួយបែបនេះ។ លោកបានមានប្រសាសន៍ថា “ប្រសិនអ្នកកាសែត៣០ភាគរយមិនល្អ វាប៉ះពាល់អ្នកកាសែត១០០ភាគរយ ដូច្នេះបុគ្គលបែបនេះ នឹងត្រូវតែត្រូវបានបណ្តេញចេញ”។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់សិក្សាប្រព័ន្ធផ្សព្វផ្សាយ បានលើកឡើងថា ពានរង្វាន់នេះ មិនមែនជាការទទួលស្គាល់អង្គភាព សម្រាប់ការអវត្តតាមវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ឥតខ្ចោះ ទេ ក៏ប៉ុន្តែជាការផ្តល់ពានរង្វាន់សម្រាប់ការខិតខំប្រឹងប្រែងធ្វើសេចក្តីរាយការណ៍ប្រកបដោយតុល្យភាពជាងមុន។ លោកបានមានប្រសាសន៍ថា “យើងមិនអាចរកបានសេចក្តីរាយការណ៍ប្រកបដោយតម្លាភាព និងភាពត្រឹមត្រូវទាំងស្រុងបានទេ។ ដូច្នេះពានរង្វាន់ទាំងនេះត្រូវបានប្រើសម្រាប់ លើកទឹកចិត្ត និងរិះគន់ផង ដើម្បីជំរុញឲ្យពួកគេគេចចេញពីកំហុស”៕ប៊ុននី