យោងតាមរបាយការណ៍ដែលក្រុមហ៊ុនស្រាវជ្រាវហិរញ្ញវត្ថុសហរដ្ឋអាមេរិកមួយ បានចេញផ្សាយក្នុងថ្ងៃនេះ បានបង្ហាញថា ប្រទេសកម្ពុជាបានបាត់បង់ប្រាក់ជាមធ្យម១៣៣លានដុល្លារក្នុងមួយឆ្នាំ ក្នុងចន្លោះពីឆ្នាំ២០០២ដល់ឆ្នាំ២០១១ ដោយសារតែមានបទល្មើសផ្សេងៗ ដូចជា សកម្មភាពគេចវេសមិនបង់ពន្ធលើទំនិញនាំចូល និងនាំចេញ ចលនារូបិយវត្ថុខុសច្បាប់ និងសកម្មភាពរត់ពន្ធទំនិញផ្សេងៗ។
របាយការណ៍ដែលមានចំណងជើងថា “រំហូរហិរញ្ញវត្ថុខុសច្បាប់ចេញពីប្រទេសកំពុងអភិវឌ្ឍន៍ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១១” បោះពុម្ពផ្សាយដោយក្រុមហ៊ុន ក្លូប៊ល ហ្វៃណាន់សល អិនថិគ្រីតធី (Globol Financial Integrity) បានប៉ាន់ស្មានថា រំហូរចេញខុសច្បាប់នៃរូបិយវត្ថុពីប្រទេស កំពុងអភិវឌ្ឍន៍ ក្នុងឆ្នាំ២០០១មានចំនួនសរុបប្រហែល១០ដងនៃចំនួនទឹកប្រាក់ជំនួយដែលត្រូវបានចែកចាយទូទាំងសាកលលោកក្នុងឆ្នាំដដែលនេះ។
សេចក្តីប្រកាសព័ត៌មានអំពីរបាយការណ៍នេះមានខ្លឹមសារថា “ រំហូរចេញនៃទឹកប្រាក់ចំនួន៩៤៦,៧.០០០លានដុល្លារតាមច្រកខុសច្បាប់ក្នុងឆ្នាំ២០១១ គឺជាចំនួនទឹកប្រាក់បាត់បង់ដែលកើនឡើង១៣,៧ភាគរយ បើធៀបនឹងឆ្នាំ២០១០ ដែលប្រទេសកំពុងអភិវឌ្ឍន៍បាត់បង់អស់៨៣២,៤.០០០លានដុល្លារ និងជាចំនួនទឹកប្រាក់បាត់បង់កាន់តែច្រើន បើធៀបនឹងឆ្នាំ២០១២ ដែលចំនួនទឹកប្រាក់ហូរចេញខុសច្បាប់មានសរុបតែ២៧០,៣.០០០លានដុល្លារប៉ុណ្ណោះ”។
សេចក្តីប្រកាសព័ត៌មានអំពីរបាយការណ៍ដដែលមានខ្លឹមសារបន្តទៀតថា “ លទ្ធផលប៉ាន់ស្មាននៅក្នុងរបាយការណ៍សិក្សាស្រាវជ្រាវនេះបានបង្ហាញថា ប្រទេសកំពុងអភិវឌ្ឍន៍បាត់បង់ប្រាក់សរុបចំនួន៥,៩ពាន់ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ ពោល គឺគិតចាប់តាំងពីឆ្នាំ២០០២ដល់ឆ្នាំ២០១១”។
លោក ប្រាយអិន ឡឺប្ល៊ង់(Brian LeBlanc) សហអ្នកនិពន្ធរបាយការណ៍នេះត្រូវបានដកស្រង់សម្តីថា “ប្រទេសក្រីក្របានបាត់បង់ប្រាក់ជិត១.០០០ពាន់លានដុល្លារពីសេដ្ឋកិច្ចរបស់ពួកគេក្នុងឆ្នាំ២០១១ ដែលគួរតែអាចត្រូវបានវិនិយោគទៅលើអាជីវកម្មក្នុងស្រុកសេវាថែទាំសុខភាព អប់រំ ឬក៏ហេដ្ឋារចនាសម្ព័ន្ធ នេះគឺជាទឹកប្រាក់១.០០០ពាន់លានដុល្លារ ដែលគួរតែអាចត្រូវបានប្រើប្រាស់ដើម្បីជួយប្រជាជនឲ្យងើបផុតពីភាពក្រីក្រ និងជួយសង្គ្រោះជីវិតរបស់ពួកគាត់”។
របាយការណ៍ដដែលក៏បានបង្ហាញពីទិន្នន័យថ្មីបំផុត ទាក់ទងទៅនឹងរំហូរចេញខុសច្បាប់ នៃសាច់ប្រាក់ ពីប្រទេសកំពុងអភិវឌ្ឍន៍។ អង្គការតម្លាភាពអន្តរជាតិ កាលពីសប្តាហ៍ មុនបានចេញសន្ទស្សន៍យល់ដឹងអំពីអំពើពុករលួយប្រចាំឆ្នាំរបស់ខ្លួន។ សន្ទស្សន៍នេះបានបង្ហាញថា ប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ១៧ដែលមានអំពើពុករលួយច្រើនបំផុតនៅលើពិភពលោក។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការ តម្លាភាពអន្តរជាតិកម្ពុជាបានលើកឡើងថា ខណៈដែលអង្គការរបស់លោកមិនបានសើុប អង្កេតក្នុងកម្រិតដិតដល់បំផុតទៅលើអំពើពុករលួយនៅតាមតំបន់ព្រំដែននៃប្រទេសកម្ពុជានោះ ការបាត់បង់ប្រាក់ដ៏ច្រើនដោយសារពាណិជ្ជកម្មខុសច្បាប់មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ដោយសារតែមានភាពធូររលុងក្នុងផ្នែកអភិបាលកិច្ចពាណិជ្ជកម្ម។
លោក ព្រាប កុល បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាមិនសុំាទៅនឹងពាណិជ្ជកម្មខុសច្បាប់ទេ ហើយនៅក្នុងតុំបន់អាស៊ីអាគ្នេយ៍ ប្រជាជនអាចទាញយ៉ាងងាយថា ប្រទេសកម្ពុជាមានសកម្មភាពបែបនេះ ដោយសារតែនីតិរដ្ឋរបស់ខ្លួនមានភាពទន់ខ្សោយ និងខ្វះការត្រួតពិនិត្យសកម្មភាពខុសច្បាប់បែបនេះ”៕ សុធា