ជំនាញការសត្វព្រៃបានឲ្យដឹងថា សត្វទោចជិតផុតពូជមួយគូត្រូវបានព្រលែងក្នុងព្រៃនៅឧទ្យានបុរាណអង្គរនាថ្ងៃនេះជាផ្នែកនៃការចាប់ផ្ដើមគម្រោងមួយដែលនឹងមានការផ្ដល់ជម្រកជាថ្មីដល់សត្វព្រៃជាច្រើនផ្សេងទៀតដែលបានបាត់ពីតំបន់នេះ។

លោក នីក ម៉ាកស៍ (Nick Marx) ប្រធានកម្មវិធីសង្គ្រោះ និងអភិរក្សរបស់អង្គការសម្ពន្ធមិត្តសត្វព្រៃ ដែលដឹកនាំគម្រោងផ្ដល់ជម្រកថ្មីនេះរួមជាមួយរដ្ឋបាលព្រៃឈើនិងអាជ្ញាធរអប្សរា ដែលទទួលបន្ទុកគ្រប់គ្រងទីតាំងបេតិកភណ្ឌពិភពលោកនេះ បានមានប្រសាសន៍ថា “យើងសង្ឃឹមថា ប្រសិនបើទោចទាំងនេះរស់នៅក្នុងព្រៃនេះបានសុខសាន្ត វាអាចទាក់ទាញសត្វព្រៃផ្សេងទៀត ដែលធ្លាប់រស់នៅទីនេះឲ្យមករស់នៅទីនេះវិញ។ នេះជាជំហានដំបូងតូចមួយឆ្ពោះទៅរកគម្រោងពាក់ព័ន្ធគ្នាមួយទៀតនៅតំបន់ដ៏សំខាន់ក្នុងប្រទេសនេះ” ដោយលោកបានបន្ថែមថា ទោចធំៗគូទី២អាចត្រូវបានព្រលែងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”។
ប្រភេទសត្វផ្សេងៗទៀតដូចជា ស្វា សត្វស៊ីសាច់ជាអាហារតូចៗ និងសូម្បីតែខ្លាឃ្មុំក៏អាចត្រូវបានព្រលែងតាមក្រោយដែរ។ ទោចទាំងពីរក្បាលដែលបានឈានចូលវ័យបង្កាត់ពូជទៅហើយនេះបានកើតនៅក្នុងសួនសត្វភ្នំតាម៉ៅ និងមណ្ឌលសង្គ្រោះសត្វព្រៃ (Wildlife Rescue Center)។ ដោយសារពួកវាត្រូវបានចិញ្ចឹមដោយមេវាផ្ទាល់នោះ វាមានលក្ខណៈធម្មជាតិខុសពីសត្វទោចតូចៗដែលត្រូវបានសង្គ្រោះពីអ្នកជួញដូរសត្វព្រៃ។
លោក ម៉ាកស៍ បានមានប្រសាសន៍ថា សត្វទោចទាំងពីរនេះខ្លាចមនុស្សដោយសារពួកវាធំធាត់តាមលក្ខណៈធម្មជាតិជាមួយមេរបស់វា ឥឡូវពួកវាធំៗល្មមហើយ ហើយស័ក្ដិសមនឹងរស់នៅក្នុងព្រៃណាស់”។ លោក អ៊ឹម សុខរិទ្ធី អ្នកនាំពាក្យអាជ្ញាធរអប្សរា បានឲ្យដឹងថា ក្នុងរយៈពេលជាងមួយទសវត្សន៍នេះសត្វព្រៃជាច្រើនប្រភេទត្រូវបានប្រមាញ់នៅក្នុងឧទ្យាននេះ ប៉ុន្តែការគ្រប់គ្រងព្រៃបានប្រសើរជាងមុន និងច្បាប់ដែលហាមឃាត់ការបរបាញ់បានផ្ដល់លទ្ធភាពឲ្យមានការផ្ដល់ជម្រកជាថ្មីដល់សត្វទោចនេះ។
លោកបានមានប្រសាសន៍ថា “ពួកវាធ្លាប់រស់នៅក្នុងព្រៃនៅអង្គរ ហើយឥឡូវយើងចង់យកពួកវាទៅដាក់នៅទីនោះវិញ ព្រោះនៅទីនោះមានការគ្រប់គ្រងល្អ និងដោយសារមានការយល់ដឹងជាទូទៅក្នុងចំណោមប្រជាពលរដ្ឋក្នុងមូលដ្ឋានផង…ឥឡូវវាជាកន្លែងមានសុវត្ថិភាពសម្រាប់សត្វទោចទាំងនោះ ហើយគ្មានការបរបាញ់អ្វីទៀតទេ”។
សត្វទោចទាំងនេះបាននិងកំពុងរស់នៅក្នុងព្រៃនេះក្រោមការឃ្លាំមើលអស់រយៈពេលប្រាំមួយខែមកហើយ ដោយធ្វើឲ្យវាមានឱកាសសម្របខ្លួនទៅនឹងជម្រកថ្មីមុនពេលពួកវាត្រូវបានព្រលែងនៅព្រឹកនេះ។ បុគ្គលិកចំនួនបីនាក់ត្រូវបានចាត់តាំងឲ្យឃ្លាំមើលទោចទាំងនេះនៅពេលអនាគត”។
លោក សុខរិទ្ធី មានប្រសាសន៍ថា “យើងនឹងតាមដានសុខទុក្ខរបស់វា និងពីការសម្របខ្លួនរបស់វាទៅនឹងធម្មជាតិ ព្រោះពួកវាធ្លាប់រស់នៅដោយមានមេចិញ្ចឹម ដូច្នេះវាពិបាកបន្តិចហើយសម្រាប់ពួកវា”៕ សេរីវុធ