30 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​ផែន​ការ​​ជួ​បប្រ​ជុំ​នៅ​ថ្ងៃ​អាទិត្យ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ កឹម​ សុខា​ អនុ​ប្រធាន​គណ​ប​ក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​កាល​ពីម្សិល​មិញ​ថា គណបក្ស​ប្រឆាំង​នឹង​បន្តអនុវត្ត​​ផែ​នការ​របស់​ខ្លួន ​ក្នុង​ការធ្វើ​បាតុកម្ម​រៀង​រា​ល់សប្តាហ៍​ជាលើក​ដំបូង​ក្នុង​រាជ​ធានី​ភ្នំពេ​ញ​​ និង​នៅ​ទូទាំង​ប្រទេស​នា​ថ្ងៃ​អាទិត្យ​។

កាល​ពីថ្ងៃ​អង្គារ​ គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ការ​ដង្ហែ​ក្បួន​ក្នុង​រាជធានី​ភ្នំ​ពេញ​ និង​ក្រុង​សៀម​រាប​ ដោ​យ​លោក​​ ស​ម​ រង្ស៊ី ប្រធាន ​គណ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ដំណើរ​តាម​​យន្ត​ហោះ​ឆ្ពោះ​ទៅ​​ខេត្ត​សៀ​ម​រាប ដែល​ស្ថិត​នៅភាគ​ខាង​លិច​នៃប្រទេ​​ស​កម្ពុជា​​ នា​ពេល​រសៀល​ ដើម្បី​ដឹក​នាំ​ការ​ជួប​ជុំ​ជាលើក​​ដំបូង​នៅ​ក្រៅ​រាជ​ធា​នី ចាប់​តាំ​ង​ពី​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដាមក​។

លោក ​កឹម​ សុខា បាន​ថ្លែង​ថា បន្ទាប់​ពី​ផែន​​ការ​​ជួប​ជុំ​គ្នា​នៅសៀម​រាប ដែល​មាន​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចំនួន​ប្រហែល​១៥.​០​០០នាក់​ចេញ​មក​ស្វាគម​ន៍​ ទទួល​ជោគ​ជ័​យ​ គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​វិល​ត្រឡប់​មក​កាន់​ទីលាន​ប្រជាធិបតេយ្យ​វិញ​ក្នុង​រាជ​ធានី​ភ្នំពេញ​ក្នុង​ថ្ងៃអាទិត្យ​នេះ ហើយ​​បន្ទា​ប់​នេះ​គណបក្ស​នេះ​នឹង​ពង្រីក​កម្មវិធី​​ជួប​ជុំ​លើស​ពី​ទីក្រុង​នេះ​។ លោក​បាន​ថ្លែង​ថា​ “ យើង​នឹង​ធ្វើ​ការ​ជួប​ជុំ​គ្នា​រៀង​រាល់​ថ្ងៃ​អាទិត្យ ហើយ​យើង​នឹង​ធ្វើ​នៅ​​ភ្នំពេញ ឬ​នៅ​តាម​ខេត្ត​”។ លោក កឹម សុខា បាន​ថ្លែង​ថា មេដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​​ប្រជុំ​គ្នា​នៅ​ថ្ងៃ​នេះ​​ ដើម្បី​ពិភាក្សា​​អំពី​គម្រោង​ផែ​ន​ការ​ជាក់​លាក់​របស់​ខ្លួន ​ក្នុង​ការ​ធ្វើ​ការ​ប​ន្ត​កម្មវិធី​ជួប​ជុំ​នៅ​ថ្ងៃ​អាទិត្យ​។

​លោក សម រង្ស៊ី បាន​​ប្រកាស​ជា​លើ​ក​ដំបូង កាល​ពីថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ថា គណ​ប​ក្ស​នេះ​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ជួប​ជុំ​ប្រឆាំង​រដ្ឋាភិ​បាល​នៅ​ក្រៅ​រាជធានី​ភ្នំពេញ។គិត​រហូត​មក​ទល់​ពេល​នេះ​ គេ​ឃើញ​​មាន​​បាតុ​ក​ម្ម​​​ និង​ការ​ដង្ហែក្បួនទ្រង់​ទ្រាយ​ធំ​បីលើកនិង​​មាន​​មនុស្ស​ចូល​រួម​ប្រមាណជា​​២៥.​០​០​០នាក់​​។
លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​​គណ​ប​ក្ស​សង្គ្រោះ​ជាតិ​បានលើកឡើង​ថា លោ​ក​​សង្ឃឹម ​ថា ព្រឹត្តិការណ៍​នៅ​ថ្ងៃ​អាទិត្យ​ក្នុង​រាជធានី​​នឹង​មានចំនួន​អ្នក​ចូលរួម​ប្រហាក់​ប្រ​ហែល​គ្នា​។

លោក ​យឹម ​សុវណ្ណ ​បានមាន​ប្រ​សា​ស​ន៍​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ “យើង​រំពឹង​ថា នឹង​មានអ្នក​គាំទ្រ​ចំនួន​​ប្រហែល​២០.០០០នាក់​​ចូល​រួម​។ ខ្ញុំ​គិត​ថា កម្ម​វិធី​ជួប​ជុំនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោ​ង​៧​ព្រឹក​ ហើយ​នឹង​ដំណើរ​ការ​ពេញ​មួ​យ​ថ្ងៃ​”។

លោក ឡុង​ ​ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យដឹង​ថា សាលា​រាជ​ធា​នី​ បាន​រៀបចំ​កិច្ច​ប្រជុំ​ ជាមួយ​គណ​បក្ស​ស​ង្គ្រោះ​ ជាតិ​ កាល​ពីម្សិល​មិញ។ អំ​ឡុង​កិច្ច​ប្រជុំ​នេះ​អាជ្ញាធរ ​បាន​ព្រម​ព្រៀង​អ​នុ​ញ្ញាត​ឲ្យ​មាន​ការ​ជួប​ជុំ​ ដែល​មាន​អ្នក​ចូល​រួ​ម​តែ​១០.​០០០​នាក់ប៉ុណ្ណោះ។ លោក ​ឌីម៉ង់ បាន​បន្ត​ថា “យើង​មិន​ទា​ន់​ត្រូវ​រ៉ូវ​គ្នា​នៅ​ឡើយ​ទេ​។ ពួក​គេ​ស្នើ​សុំចំនួន​​២០.០០០នាក់​ទៅ​៣០.០​០០នាក់​ ឬ​ច្រើ​ន​ជាង​នេះ​។ ពួកគេ​ក៏​បាន​ស្នើ​ផង​ដែរ​ថា តើ​ពួកគេ​អាច​ដង្ហែ​ក្បួន​នៅ​តាម​​មហាវិថី​សំខា​ន់​ៗ ​ដូចជា ​មហា​វិថី​ព្រះ​មុនី​វង្ស​ និង​មហា​វិថី​ម៉ៅ​សេទុង​ បាន​ដែរ​ ឬ​យ៉ាង​ណា​ ក៏​ប៉ុន្តែ​ បន្ទាប​់​មកពួកគេ​នឹង​បិទ​ផ្លូវ​”។

លោក​ឧត្តម​សេនីយ៍​ត្រី ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជអាវុធ​ហត្ថ​ លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​ថា​​ មន្ត្រី​កង​រាជអាវុធ​ហត្ថ​នឹង​ប​ន្ត​រក្សា​សណ្តាប់​ធ្នាប់​ នៅ​ទីកន្លែងណា​ក៏​ដោ​យ​ឲ្យ​តែ​មាន​ការ​​តវ៉ា​​ធ្វើ​ឡើងនៅ​​ក្នុងរយៈ​​​ប៉ុ​ន្មាន​ខែ​ខាង​មុខ​​នេះ​​ពោល​គឺ​ គ្មាន​បញ្ហា​​ចោ​ទ​ចំពោះ​ការ​ចំណាយ​លើ​ការ​ដាក់​ព​ង្រា​យ​​ ឬ​ការ​ដាក់​ពង្រាយ​បន្ត​​នូវ​កង​កម្លាំង​ប្រដាប់​អាវុធ  ​នោះ​ឡើយ​។

ទោះ​ជាយ៉ាង​ណា​​ លោក​ឧត្តម​សេនី​យ៍​ត្រី​ ខេង ទីតូ បាន​មាន​ប្រសាសន៍ថា ​ចំនួន​មន្ត្រី​រាជ​អាវុធ​ហត្ថ​​ដាក់​ពង្រាយ​នឹង​ប្រែ​ប្រ​ួ​ល ​​ទៅ​តាម​​ឥរិយាបទ​ របស់​មេដឹកនាំ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។លោក​បានមាន​ប្រសាសន៍​បន្តថា “ វា​អា​ស្រ័​យ​ថា តើ​ពួក​គេ​សហ​ការ​ល្អ​ ឬ​អត់​…[​ប៉ុន្តែ]​ ប្រសិន​បើ​ពួកគេ​តវ៉ា អាជ្ញាធរ​នឹង​មាន​ការ​ងារ​ធ្វើ​ច្រើន​”៕ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស