27 C
Phnom Penh

ចោរ​លួច​កោដ្ឋ​មាស​តម្កល់​ព្រះ​សារី​រិកធាតុ​ព្រះ​ពុទ្ធ​ពី​ព្រះសក្យមុនី​ចេតិយនៅ​ភ្នំព្រះរាជទ្រព្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពីម្សិលមិញ​ថា សារីរិកធាតុ​ព្រះពុទ្ធ​ដែល​មានព្រះ​កេសា ព្រះទន្ត និង​ព្រះ​អដ្ឋិធាតុដែល​បាន​ដង្ហែ​យក​ទៅ​តម្កល់​នៅ​អតីត​រាជធានីឧត្តុង្គ​ក្នុង​ខេត្ត​កណ្តាល កាលពីឆ្នាំ២០០២​នោះ ត្រូវ​បាន​ចោ​​រ​ចូល​លួច​បាត់​ហើយ​។ នគ​រ​បាល​និយាយ​ថា ឆ្មាំ​ប្រាំមួយ​​​នាក់​ដែលយាមនៅ​​ភ្នំព្រះរាជទ្រព្យត្រូវ​បាន​នាំខ្លួនទៅសាក​សួរ​នៅឯស្នងការខេត្តកណ្តាល។

ព្រះសក្យមុនីចេតិយសម្រាប់​តម្កល់​​​ព្រះសារី​រិកធាតុ​ព្រះពុទ្ធ​នៅ​លើ​កំពូល​ភ្នំ​ឧត្តុង្គ​​​​សាង​សង់​អស់​ថវិកា​៤,៥លាន​ដុល្លារ​។ ​កោដ្ឋ​មាស​តម្កល់​ព្រះសារី​រិកធាតុ​​នៅ​ក្នុង​ព្រះសក្យមុនីចេតិយ​នេះ​ត្រូវ​បាន​ចោរគាស់​ទ្វារ​​​ចូល​លួច​កាលពីយប់​ថ្ងៃ​អង្គារ​។ ស៊ីវ ចាន់ណា
ព្រះសក្យមុនីចេតិយសម្រាប់​តម្កល់​​​ព្រះសារី​រិកធាតុ​ព្រះពុទ្ធ​នៅ​លើ​កំពូល​ភ្នំ​ព្រះរាជទ្រព្យដែលសាង​សង់​អស់​ថវិកា​៤,៥លាន​ដុល្លារ​។ ​កោដ្ឋ​មាស​តម្កល់​ព្រះសារី​រិកធាតុ​​នៅ​ក្នុង​ព្រះសក្យមុនីចេតិយ​នេះ​ត្រូវ​បាន​ចោរគាស់​ទ្វារ​​​ចូល​លួច​កាលពីយប់​ថ្ងៃ​អង្គារ​។ ស៊ីវ ចាន់ណា

លោក សុខ អឿន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កណ្ដាល បាន​មាន​ប្រសាសន៍​ថា ​កោដ្ឋមាសតម្កល់ព្រះ​សារីរិកធាតុ​​​​នៅ​ព្រះ​សក្យមុនីចេតិយ​ដែល​ត្រូវ​បាន​សាង​សង់​អស់​​ថវិកា​រាប់​លាន​ដុល្លារ​នៅ​លើ​កំពូល​ភ្នំ​កម្ពស់​៤២​ម៉ែត្រ​នេះ ត្រូវ​បាន​ចោរចូល​លួច​កាលពីយប់​ថ្ងៃ​ច័ន្ទ ឬ​ឈាន​ចូល​ព្រឹក​ថ្ងៃ​អង្គារ​។
លោក​មាន​ប្រសាសន៍​ថា “កោដ្ឋ​មាស​តម្កល់​សារីរិកធាតុ​ព្រះពុទ្ធនេះ​ត្រូវ​បាន​ចោរ​ចូល​លួចយក​ទៅ​បាត់​ហើយ​​ ហើយ​អាជ្ញាធរ​របស់​យើ​ង​កំពុង​ស៊ើប​អង្កេត​ករណីនេះ​”។

នៅ​ម៉ោង​ប្រហែល​២​រំលង​អធ្រាត្រ​ឈាន​​​ចូល​ថ្ងៃអង្គារ​ ឆ្មាំ​ម្នាក់​នៅ​​ភ្នំ​ឧត្តុង្គ​បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា ​មាន​គេគាស់​​សោ​​​ព្រះ​សក្យមុនីចេតិយ​នៅ​កន្លែង​តម្កល់​ព្រះ​សារី​រិកធាតុ​​។ លោក​បាន​មាន​ប្រសាសន៍​ថា “ឆ្មាំនោះនិយាយ​ថា សោទ្វារ​​របើក ​ដូច្នេះ​ច្បាស់​ជា​មានគេ​គាស់​ទ្វារ​នោះ​ហើយ​” ។ ​លោក​បាន​​មាន​ប្រសាសន៍​ថា “ខ្ញុំ​ស្ទើ​រតែ​គាំង​បេះ​ដូង​នៅ​ពេល​ខ្ញុំ​បាន​ឮព័ត៌មាន​នេះ”។ លោក​បានបន្ថែម​ថា លោក​បាន​ជូន​ដំណឹង​ភ្លាមៗ​ទៅអភិបាល​ខេត្ត​ ស្នង​ការ​នគរ​បាល​ខេត្ត​ និង​អាជ្ញាធរ​ផ្សេង​ៗទៀត​។

លោក​បាន​មាន​ប្រសាសន៍​ថា សារីរិក​ធាតុ​​នោះ​ គឺ​ជា​សារីរិកធាតុ​ព្រះពុទ្ធ​នៅ​កម្ពុជា​ និង​មាន​សារៈសំខាន់​ផ្នែក​វប្បធម៌​ខ្លាំង​ណាស់​​។ លោក អឿន បាន​មាន​ប្រសាសន៍​ថា “សារី​​រិកធាតុ​ទាំង​នេះ​ គឺ​ជា​និមិត្តរូប​នៃ​សាសនា​ និង​​​ជាតិ​របស់​យើង​ ហើយ​សារី​រិក​ធាតុ​នេះ​​តំណាងឲ្យ​វប្ប​ធម៌​ជាតិ​របស់​យើង​”។

លោក​ ផៃ ប៊ុន​ឈឿន អភិបាល​ខេត្ត​កណ្ដាល បាន​បញ្ជាក់​អំពី​ការ​លួច​នេះ​ ហើយ​មាន​ប្រសាសន៍​ថា ឆ្មាំទាំងប្រាំ​មួយ​នាក់​ក្នុង​ចំណោម​ឆ្្មាំទាំងប្រាំ​បួន​នាក់​នៅ​កន្លែង​នោះ​កំពុង​ត្រូវ​បាន​សាក​សួរ​។ លោក ប៊ុន​ឈឿន បាន​មាន​ប្រសាសន៍​ថា “នគរ​បាល​បាន​ហៅ​ឆ្មាំទាំង​ប្រាំ​មួយ​នាក់​មក​សាក​សួរ​។ ប្រសិន​បើ​ពួកគេ​មិន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​បទ​ល្មើស​នេះទេ ពួកគេ​នឹង​ត្រូវ​ដោះ​​​លែង​​”។

កាលពី​ប្រហែល​៦០​ឆ្នាំ​មុន សារីរិកធាតុ​ទាំង​នេះ​ត្រូវ​បាន​​ដង្ហែ​​ពី​ប្រទេស​ស្រីលង្កា មក​កាន់​រាជធានីភ្នំពេញ ដើម្បី​ប្រារព្ធ​ខួប​ទី​២.៥០០​ឆ្នាំ នៃ​កំណើត​ព្រះពុទ្ធ​។ កាលពី​ឆ្នាំ​១៩៨៩​សារីរិកធាតុ​ទាំង​នេះ​ត្រូវ​បាន​តម្កល់​នៅ​ក្នុង​ព្រះ​សក្យមុនីចេតិយ​នៅ​មុខ​ស្ថានីយ៍​រថភ្លើង រហូត​ដល់​ព្រះ​​បរមរតនកោដ្ឋ នរោត្តម សីហនុ សម្រេច​ដង្ហែ​ព្រះ​សារីរិកធាតុ​ទាំង​​​នោះ​ទៅ​តម្កល់​នៅ​អតីត​រាជធានីឧត្តុង្គ​​។

កា​រ​សាង​សង់ព្រះ​សក្យមុនីចេតិយ​​អស់​ទឹក​ប្រាក់​៤,​៥​លាន​ដុល្លារនេះ​​បាន​ចាប់​ផ្ដើម​កាល​ពីឆ្នាំ​១៩៩៥​ ហើយ​ព្រះ​មហាក្សត្រ​ នរោត្តម សីហនុ បាន​ដង្ហែ​ព្រះសារីរិកធាតុ​ដោយ​ផ្ទាល់​ទៅកាន់​កំពូលភ្នំព្រះរាជទ្រព្យ កាលពីឆ្នាំ​២០០២​ និង​មាន​ការ​​ចូលរួម​ពីលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ផង​ដែរ​។

លោក អាស្លី ថម​សុន អ្នកប្រាជ្ញម្នាក់បាន​សរសេរ​ថា ការ​​​ដង្ហែ​ព្រះសារីរិកធាតុ​នោះ គឺ​ជា​ព្រឹត្តិការណ៍​ព្រះពុទ្ធ​សាសនា​ដ៏សំខាន់​បំផុត​ដែល​ត្រូវ​បាន​​ប្រារព្ធ​ធ្វើ​នៅ​កម្ពុជា​ នៅ​ក្នុង​សម័យ​ក្រោយ​របប​ខ្មែរ​ក្រហម​។ ព្រះ​សារីរិក​ធាតុ​ព្រះពុទ្ធ​ត្រូវ​បាន​បែង​ចែក​នៅ​ទូទាំង​អាស៊ី​ ហើយមិនទាន់​មាន​ការ​បញ្ជាក់​​ថា តើ​​ព្រះសារី​រិកធាតុ​នៅ​ភ្នំឧត្តុង្គ​នេះ ពិត​ឬ​មិនពិត​នោះទេ។

លោក ហ្វីលីព ដេឡាហ្គី ប្រធាន​ផ្នែក​វ​ប្ប​ធម៌​នៃ​អង្គការ​យូណេ​ស្កូ​ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ពីការ​លួច​នេះ​ទេ ប៉ុន្តែ​ការ​លួច​វត្ថុបុរាណ​បែប​េនះ​​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កេរ​ដំណែល​វប្បធម៌​របស់​កម្ពុជា​។ លោក ដេឡាហ្គី បាន​មាន​ប្រសាសន៍​ថា “អ្វី​ដែល​​បាត់​ចេញពី​កន្លែង​នេះ​ត្រូវ​ចាត់​ទុក​ថា ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​កេរ​ដំណែល​ខ្មែរ ដូច្នេះ​ខ្ញុំគិត​ថា វា​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចាត់​វិធានការ​ចាំ​បាច់​ដែល​មាន​នៅ​ក្នុង​ច្បាប់​​ និង​ចាត់​វិធាន​ការ​​​ចាប់​ខ្លួន​អ្នក​លួច​”។

លោក​បាន​មាន​ប្រសាសន៍​ថា ព្រះ​សារីរិក​ធាតុ​​ដែល​ត្រូវបាន​ចោរលួច​នេះ​ ទំ​នង​ជា​មាន​គោល​ដៅ​សម្រាប់​ទី​ផ្សារ​ងងឹត​។

លោក​ ដេឡាហ្គី បាន​មាន​ប្រសាសន៍​ថា “មាន​ទីផ្សារ​ងងឹត​សម្រាប់​វត្ថុវប្បធម៌​ ដូច្នេះ​ខ្ញុំ​គិត​ថា ប្រសិន​បើ​នរណា​ម្នាក់​លួច​វត្ថុបែប​នេះ​ ខ្ញុំគិត​ថា គេ​លួច​យ​កទៅ​លក់​។ នៅ​​​ក្នុង​ករណី​ខ្លះ ពួក​គេ​អាច​រក្សា​ទុក​វត្ថុបុរាណ​សម្រាប់​​​​​​​ខ្លួន​ឯង​ ប៉ុន្តែ​​គួរ​តែ​ស៊ើប​អង្កេត​ទៅ​លើ​​ទីផ្សារ​ងងឹត​”។

ឧត្តុង្គ​​ដែលជា​អតីត​រាជធានីខ្មែរ​ពី​សត​​​វត្សរ៍ទី​១៦​ដល់​សតវត្សរ៍ទី​១៩​ និ​ង​នៅ​ចម្ងាយ​ប្រហែល​​៤០​គីឡូម៉ែត្រ​ពី​រាជ​ធានី​​​ភ្នំពេញ​​ មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​​បេតិក​ភណ្ឌ​ពិភពលោក​បណ្ដោះ​អាសន្ន​របស់​អង្គការ​​យូណេស្កូ រួមជាមួយ​តំបន់​ប្រវត្តិសាស្ត្រ​ចំនួន​ប្រាំបីទៀត​នៅ​កម្ពុជា​។

លោក ដេឡាហ្គី បាន​មាន​ប្រសាសន៍​ថា ការ​លួច​វ​ត្ថុ​បែប​នេះ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ចុះ​បញ្ជី​​កន្លែង​នេះ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​​អង្គ​ការ​យូណេស្កូ។
ព្រះតេជគុណ ឃឹម សន ព្រះមេគណ​​​រាជ​ធានី​បាន​មាន​សង្ឃដីកា​ថា ជ​ន​ល្មើស​លួច​ព្រះ​សារីរិកធាតុ​នេះ​នឹង​ត្រូវ​ទទួ​ល​កម្ម​។

ព្រះតេជគុណ​ ឃឹម សន​ បាន​មាន​សង្ឃ​ដីកា​ថា ប្រសិន​បើ​ពួកគេ​ធ្វើ​បែប​នេះ​ ពួកគេ​កំពុង​ធ្វើ​បាប​ខ្លួន​ឯង​។ អាត្មា​សូម​ស្នើ​ឲ្យ​អ្នក​​លួច​ យក​ព្រះ​សារីរិក​ធាតុ​​នោះ​មក​វិញ។ ព្រះ​សារីរិកធាតុ​នេះ​​មាន​សារៈ​សំខាន់​​​ណាស់​សម្រាប់​​ព្រះ​ពុទ្ធ​សាសនា​​​របស់​យើង និង​សម្រាប់​ជាតិ​​យើ​ង​”៕គឹមហឿន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស