40.3 C
Phnom Penh

បុរស​ពីរនាក់ត្រូវបានចាប់​ខ្លួន​​ ពាក់ពាន់និងការចាប់រំលោភ​ក្មេង​ស្រី​នៅ​​ខេត្ត​ព្រះសីហនុ​ និង​​កណ្តាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​បុរស​អាយុ​៤៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពីថ្ងៃ​ពុធ ពីបទ​រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ខណៈ​បុរស​អាយុ​២២ឆ្នាំ​ម្នាក់​ត្រូ​វបាន​ចាប់ខ្លួន​នៅ​ក្នុង​ខេត្ត​កណ្តាល​នៅថ្ងៃ​តែ​មួយ​ពី​បទ​រំលោភ​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​។

លោក នៅ​ សាវុធ ប្រធាន​ការិយាល៍យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្នុង​ខេត្ត​ព្រះ​សីហនុ​បាន​ឲ្យដឹង​ថា ឈ្មោះ ងួន​ ពៅ​ ត្រូវ​បាន​ចាប់ខ្លួ​ន​កាល​ពីថ្ងៃ​ពុធ នៅ​ផ្ទះ​របស់ខ្លួន​ក្នុងសង្កាត់​៣ បន្ទាប់​ពីមាន​ពាក្យ​បណ្តឹង​មួយ​ធ្វើ​ឡើង​ជួស​មុខ​ឲ្យក្រុម​គ្រួសារ​ជន​រងគ្រោះវ័យក្មេង​រូប​នេះ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ការពារ​កុមារ​មួយ។

លោក​បាន​មាន​ប្រសាសន៍ថា “យើង​បាន​ចាប់ខ្លួនជនសង្ស័យ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​មួយ​ ពីក្រុមគ្រួសារ​ជន​រងគ្រោះ​ ដែល​រៀបចំ​ដោយ​​អង្គការ​ម្លប់​តាប៉ាង​”។ លោក សាវុធ បាន​ឲ្យដឹង​ថា ម្តាយ​របស់​ជនរងគ្រោះ​ គឺជា​កម្មករ​កាត់​ដេរម្នាក់​ដែល​ពេល​ខ្លះចំណាយ​ពេល​មួយ​សប្តាហ៍​ ឬពីរ​សប្តាហ៍​ចេញ​ទៅឆ្ងាយពី​ផ្ទះ​ ហើយ​បាន​ទុក​កូន​ស្រី​របស់​ខ្លួន​នៅ​ជាមួយ​ជន​សង្ស័យ​ដែល​ជា​មិត្តភក្តិគ្រួសាររបស់​ជន​រង​គ្រោះ​ ជាមួយ​ប្រព​ន្ធ​ជនសង្ស័យ ​និង​កូន​ៗរបស់​ពួកគេ​។

លោក​បាន​មាន​ប្រសាសន៍ថា “កាល​ពី​យប់​ថ្ងៃ​ច័ន្ទ វេលា​ម៉ោង​ប្រហែល​១០​យប់​ ជន​រងគ្រោះ​ដ៏តូច​នេះកំពុង​ដេកតែ​ម្នាក់​ឯង​នៅពេល​នោះជន​សង្ស័យ​បាន​ចាប់​រំលោភ​នាង​ ហើយ​គំរាម​សម្លាប់​ជនរងគ្រោះ ​បើ​សិន​ជា​ជនរងគ្រោះ​ប្រាប់​ម្តាយ​របស់​ខ្លួន​ ឬ​ក៏អ្នក​ឯទៀត”។ កាល​ពីថ្ងៃ​ពុធ​ ម្តាយ​មីង​របស់​ក្មេង​ស្រី​រងគ្រោះ​រូបនេះ​បាន​នាំ​ជនរងគ្រោះ​ទៅ​មន្ទីរ​ ពេទ្យ​ខេត្ត​ បន្ទាប់​ពី​​ក្មេងស្រីរងគ្រោះលែង​សូវ​មាត់ក។ នៅពេលនោះ ​ក្មេង​ស្រី​រង​គ្រោះ​​​បាន​ប្រាប់​ម្តាយ​មីង​របស់​ខ្លួន​នូវ​អ្វី​ដែល​បាន​​កើត​ឡើង​ ខណៈ​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ ​តាម​ផ្លូវ​ទៅកាន់​មន្ទីរ​ពេទ្យ​ ហើយលទ្ធ​ផល​នៃ​ការពិនិត្យ​បាន​​បញ្ជាក់​ថា នាង​ត្រូវ​បាន​​គេ​ចាប់​រំលោភ​។

ដំបូង​ឡើយ ជនសង្ស័យ​ឈ្មោះ ងួន​ ពៅ​ បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ចាប់​រំលោភ​ក្មេង​ស្រី​រង​គ្រោះទេ​ ក៏​ប៉ុន្តែ ពេល​នេះ​ជន​នេះ​ស្ថិត​​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ កំពុង​រងចាំ​ការ​វិនិច្ឆ័យ​ទោស បន្ទាប់​ពី​ត្រូវ​បាន​​សាលា​ដំបូង​ខេត្ត​ចោទ​ប្រកាន់ ពីបទ​​ល្មើសនេះ​ កាលពី​ម្សិល​មិញ។ ដោយឡែក នៅក្នុង​ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាលឯណោះវិញ​ លោក​ នៅ សារាវុធ អធិ​ការ​រង​នគរបាល​ស្រុក​​ បាន​ឲ្យ​​ដឹង​ថា ឈ្មោះ ម៉ៅ ពៅ​ អាយុ​២២​ឆ្នាំ​ជាកម្មករ​ឡឥដ្ឋ ក៏​ត្រូវ​បាន​ចាប់ខ្លួន​​កាល​ពីថ្ងៃ​ពុធ​ផង​ដែរ​ ជា​ថ្ងៃ​ដែល​ជន​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​ចាប​់រំលោភ​ក្មេង​ស្រី​អាយុ​៧​ឆ្នាំម្នាក់​ នៅ​ក្នុង​ឃុំ​ព្រែក​អញ្ចាញ​។

លោក សារាវុធ បាន​មាន​ប្រសាសន៍​ថា បន្ត​ទៀត​ថា “​យើង​បាន​ចាប់ខ្លួន​ជន​សង្ស័យ​ បន្ទាប់​ពី​​គ្រួ​សារ​របស់​ជន​រងគ្រោះ​បាន​​ដាក់​ពាក្យ​បណ្តឹង​ទៅ​ស្នាក់​ការ​នគរបាល​ឃុំ​ព្រែក​អញ្ចាញ​”។ ឪពុក​ម្តាយ​របស់​កុមារ​រងគ្រោះ​បាន​ប្រាប់​នគរបាល​ថា កូន​ស្រី​របស់​ពួកគាត់បាន​ចេញ​ទៅ​លេង​នៅ​ឯបឹង​មួយនៅក្បែរ​ជាមួយ​មិត្ត​ភក្តិ​ប្រាំនាក់​។ ក្នុង​ពេល​ដែល​ក្មេង​ៗ​កំពុង​តែ​ហែល​ទឹក​លេង​ ជន​សង្ស័យ​បាន​ចាប់ក្មេង​ស្រី​ រូប​នេះ ហើយ​ក៏​បានរំលោភនាង​។

ក្មេងស្រី​រងគ្រោះ​កំពុង​​ធូរ​ស្រាលឡើង​​វិញ​ហើយ​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​ ខណៈ​ដែល​ជន​ល្មើសដែលត្រូវ​បាន​ចោទ​ប្រកាន់កំពុង​ត្រូវ​បានឃុំខ្លួន​នៅស្នងការដ្ឋាន​​នគរបាល​ខេត្ត​ មុន​ឡើង​តុលាការ​នៅ​ថ្ងៃ​នេះ ដើម្បីធ្វើ​ការ​ចោទ​ប្រកាន់​ជាផ្លូវការ៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស