នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា មនុស្សបីនាក់បានស្លាប់ និងប្រាំនាក់ទៀតរបួសធ្ងន់ ខណៈដែលរថយន្តទួរីសមួយគ្រឿង ដឹកកម្មករចម្ការដំឡូងមីបានធ្លាក់ផ្លូវក្រឡាប់នៅតាមផ្លូវជាតិលេខ៧កាលពីរសៀលថ្ងៃពុធ ក្នុងស្រុកមេមុត ខេត្តកំពង់ចាម។
យោងតាមលោក សាន សាធ នាយរងនគរបាលព្រហ្មទណ្ឌស្រុកបានឲ្យដឹងថា កម្មករធ្វើដំណើរពីខេត្តព្រៃវែងទៅខេត្តក្រចេះដើម្បីដកដំឡូងមីនៅទីនោះ។
លោកបានឲ្យដឹងថា “ អ្នកទាំងអស់នោះគឺជាកម្មករដាំដំឡូងមីពីខេត្តព្រៃវែងទៅធ្វើការនៅចម្ការក្រុមហ៊ុនឯកជនមួយនៅក្នុងខេត្តក្រចេះ”។
លោក បេង រិទ្ធី នាយនគរបាលឃុំជាំក្រវៀន បានឲ្យដឹងថា រថយន្តទួរីសនេះបើកលឿនពេក ហើយក៏ធ្លាក់ផ្លូវក្រឡាប់ ។ រថយន្តនេះដឹកកម្មករ២៤នាក់ ប៉ុន្តែ រថយន្តនេះមានតែ១២កៅអីប៉ុណ្ណោះ។ លោកបានបន្តថា “រថយន្តទួរីសនេះផ្ទុកមនុស្សច្រើន និងបើកបរក្នុងល្បឿនជាង៨០គីឡូម៉ែត្រក្នុងមួយម៉ោង”។
លោក រិទ្ធី បានបង្ហាញអត្តសញ្ញាណកម្មករដែលស្លាប់នោះគឺឈ្មោះ ចែម សារ៉ន អាយុ៣៤ឆ្នាំ ប្តីរបស់គាត់ឈ្មោះ យស់ មាឌ អាយុ៣៧ឆ្នាំ និងឈ្មោះ លឹម អូន អាយុ៥៦ឆ្នាំ។ កម្មករប្រាំនាក់ទៀតក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តផងដែរដោយសារគ្រោះថ្នាក់រថយន្តក្រឡាប់នេះ ចំណែកប្រាំមួយនាក់ទៀតកំពុងសម្រាកព្យាបាលដោយសាររបួសស្រាល៕ ប៊ុននី