28 C
Phnom Penh

រដ្ឋាភិបាល​​​ឈប់​​​ជំទាស់​​​នឹង​​​​​​តួលេខ​​​អំពី​​​គម្រប​​​ព្រៃឈើ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ រដ្ឋបាល​​​ព្រៃ​​​ឈើ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួនមិន​​​ធ្វើអត្ថាធិប្បាយអំពី​​​ភាព​​​ត្រឹម​​​ត្រូវ​​​នៃ​​​ផែនទី​​​ថ្មី​​​ដែល​​​បង្កើត​​​ឡើង​​​តាម​​​​​​ទិន្នន័យ​​​ផ្កាយ​​​រណប​​​នេះ​​​ទេ។ ​​​ផែន​​​ទី​​​ថ្មី​​​នេះ​​​​​​បង្ហាញថា រដ្ឋាភិ​​​បាល​​​បាន​​​និយាយ​​​បំផ្លើ​​​ស​​​ជា​​​ច្រើន​​​អំពី​​​​​​គម្រប​​​ព្រៃ​​​ឈើ។

ផែន​ទី​​ប្រើ​ប្រាស់​ទិន្នន័យ​ផ្កាយ​រណប​អាមេរិក​នៃ​សាកល​វិទ្យាល័យ​ម៉ារីលែន​ បង្ហាញពី​ការ​បាត់​បង់​គម្រប​ព្រៃ​ឈើ​យា៉ង​ច្រើន​នៅ​កម្ពុជា​​​ចន្លោះ​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១២​។  រដ្ឋាភិបាល​​កំពុង​ធ្វើការ​វាយ​តម្លៃ​ថ្មី​អំពី​តួលេខ​គម្រប​ព្រៃ​ឈើ​នេះ។ University of Maryland
ផែន​ទី​​ប្រើ​ប្រាស់​ទិន្នន័យ​ផ្កាយ​រណប​អាមេរិក​នៃ​សាកល​វិទ្យាល័យ​ម៉ារីលែន​ បង្ហាញពី​ការ​បាត់​បង់​គម្រប​ព្រៃ​ឈើ​យ៉ាង​ច្រើន​នៅ​កម្ពុជា​​​ចន្លោះ​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១២​។  រដ្ឋាភិបាល​​កំពុង​ធ្វើការ​វាយ​តម្លៃ​ថ្មី​អំពី​តួលេខ​គម្រប​ព្រៃ​ឈើ​នេះ។ University of Maryland

កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ វិបសាយ​​​ Open Development Cambodia (អូឌីស៊ី) ជា​​​​​​​វិប​​​សាយ​​​បង្ហាញ​​​​​​ទិន្នន័យ​​​ផ្សេងៗ​​​ជា​​​​​​សាធារណៈ​​​​​​នោះ បាន​​​ផ្សព្វផ្សាយ​​​ផែនទី​​​ដែល​​​​​​ប្រើ​​​ប្រាស់​​​ទិន្នន័យ​​​ផ្កាយ​​​រណប​​​អាមេរិក ដែល​​​បង្ហាញ​​​ថា ព្រៃ​​​ឈើ​​​បច្ចុប្បន្ន​​​គ្រប​​​ដណ្ដប់​​​លើ​​​ផ្ទៃ​​​ដីតែ​​​៤៦​​​,៣​​​ភាគ​​​រយ​​​ប៉ុណ្ណោះនៃ​​​ផ្ទៃ​​​ដី​​​ប្រទេស​​​កម្ពុជា​​​ទាំង​​​មូល​​​ ហើយ​​​ថា មាន​​​​​​អត្រា​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ​​​កំពុង​​​កើន​​​ឡើង​​​យ៉ាង​​​លឿន។

កាលពី​​​ឆ្នាំ​​​២០១០​​​​​​ជា​​​ពេល​​​ចុង​​​ក្រោយ​​​ដែល​​​រដ្ឋាភិបាល​​​បញ្ចេញ​​​​​​តួលេខ​​​របស់​​​ខ្លួន​​​នោះ រដ្ឋាភិបាលបាន​​​​​​លើក​​​ឡើង​​​ថា ព្រៃឈើ​​​គ្រប​​​​​​​​​ដណ្ដប់​​​​​​លើ​​​ផ្ទៃ​​​ដីកម្ពុជា​​​ប្រហែល​​​៥៧​​​ភាគរយ​​។​​​ ចាប់​​​តាំង​​​ពីពេល​​​នោះ​​​មក​​​រដ្ឋា​​​ភិ​​បាល​​​ក៏​​​បាន​​​និយាយ​​​ដែរ​​​ថា កម្ពុជា​​​​​​​​​កំពុង​​​ធ្វើ​​​ដំណើរ​​​​​​ដោយ​​​រលូ​​​ន​​​ឆ្ពោះ​​​ទៅ​​​រក​​​​​​គោល​​​ដៅ​​​​​​របស់​​​ខ្លួន​​​ដែល​​​​​​​​​ថា នឹង​​​មាន​​​គម្រប​​​ព្រៃ​​​ឈើ​​​៦០​​​ភាគរយ​​​ត្រឹម​​​ឆ្នាំ​​​២០១៥​​​។

កាលពីម្សិលមិញ លោក មាស មករា ប្រធាន​​​ផ្នែក​​​គ្រប់​​​គ្រង​​​ព្រៃ​​​ឈើ​​​ និង​​​ព្រៃ​​​សហ​​​គមន៍​​​នៅ​​​​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​មិន​​​អាច​​​​​​បញ្ជាក់​​​ថា តើ​​​តួលេខ​​​របស់​​​​​​ អូឌីស៊ី ​​​​​ត្រឹម​​​ត្រូវ​​​ឬមិន​​​ត្រឹម​​​ត្រូវ​​​នោះទេ ព្រោះ​​​រដ្ឋា​ភិបាល​​​​​​​កំពុង​​​​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​ថ្មី​​​អំពីគម្រប​ព្រៃឈើ​​​ ហើយ​​​​​​នឹង​​​បញ្ចប់​​​ត្រឹម​​​ឆ្នាំ​​​២០១៥​​​។ លោក​​​ក៏​​​បាន​​​​​​បដិសេធ​​​មិន​​​ប្រាប់​​​ថា តើ​​​រដ្ឋា​​​ភិបា​​​ល​​​ជឿ​​​ថា តួលេខ​​​​​​ឆ្នាំ​​​២០១០​​​របស់​​​ខ្លួន​​​អំពី​​​គម្រប​​​ព្រៃ​​​ឈើ​​​​​​​​ត្រឹម​​​ត្រូវ​​​​​​​​​​​​ឬ​​​អត់​​​​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​យើង​​​មិនទាន់​​​អាច​​​ប្រាប់​​​បាន​​​ទេ​​​។ បន្ទាប់ពី​​​ការ​​​វាយ​​​តម្លៃ​​​ថ្មី​​​របស់​​​រដ្ឋាភិបាល​​​​​​ យើង​​​នឹង​​​ដឹង​​​ច្បាស់ថែម​​​ទៀត”​។

លោក មករា បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​លម្អិត​​​អំពីការ​​​វាយ​​​តម្លៃ​​​ថ្មី​​​របស់​​​រដ្ឋាភិបាល​​​នេះទេ​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ខុស​​​គ្នារវាង​​​ព្រៃ​​​ធម្មជាតិ ចម្ការ​​​កៅស៊ូ និង​​​ព្រៃ​​​ឈើ​​​ផ្សេង​​​ៗ​​​​​​​​​ទៀត ប៉ុន្តែ​​​​​​ព្រៃ​​​ឈើ​​​ទាំង​​​អស់​​​នេះ​​​នឹង​​​ចាត់​​ជា​​​គម្រប​​​ព្រៃឈើ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​យើង​​​រាប់​​​បញ្ចូលទាំង​​​ចម្ការ​​​កៅស៊ូ និង​​​ចម្ការ​​​​​​ដើម​​​ឈើ​​​ផ្សេងៗ​​​ទៀត​​​។ ​​​យើង​​​គិត​​​ថា ទាំង​​​អស់​​​នេះ​​​គឺ​​​ជា​​​ព្រៃ​​​ឈើ​​​​​​​​​ ហើយ​​​បន្ទាប់​​​ម​​​ក​​​យើង​​​​​​​​នឹង​​​បំបែក​ទៅ​តាម​ប្រភេទ​​នីមួយ​ៗ​”​។

ទោះជា​​​យ៉ាង​​​ណា អង្គការ​​​បរិស្ថាន​​​ និង​​​អង្គការ​​​សិទ្ធិមនុស្ស​​​និយាយ​​​ថា ចម្ការ​​​កៅស៊ូ និង​​​ចម្ការ​​​ដំណាំ​​​យក​​​ផល​​​ផ្សេងៗ​​​ទៀត​​​មិ​​​​​​ន​​​គួរ​​​​​​ចាត់​​​​​​ជា​​​គម្រប​​​ព្រៃ​​​ឈើ​​​ទេ ពីព្រោះ​​​ចម្ការ​​​ទាំង​​​នោះ​​​មិន​​​សម​​​នឹង​​​ជីវៈចម្រុះ​​​​​​ក្នុង​​​​​​​​​ព្រៃ​​​ធម្មជាតិ ឬ​​​មិន​​​អាច​​​ជំនួស​​​អ្វី​​​ដែល​​​ព្រៃ​​​ធម្មជាតិ​​​ផ្ដល់​​​ប្រយោជន៍​​​ដល់​​​សហគមន៍​​​មូល​​​ដ្ឋាន​​​​​​ដែ​​​ល​​​ពឹ​​​ង​​​ផ្អែក​​​លើ​​​​​​ព្រៃ​​​ទាំង​​​នោះទេ។

តួលេខ​​​គម្រប​​​ព្រៃ​​​ឈើ​​​របស់​​​អូឌីស៊ី ក៏រាប់​​​បញ្ចូលទាំង​​​ចម្ការ​​​កៅស៊ូដែរ​​​។ បើ​​​មិន​​រាប់​​​បញ្ចូល​​​ទាំង​​​ចម្ការ​​​កៅស៊ូទេ តួលេខ​​​នេះ​​​នឹង​​​កាន់​​​តែទាប​​​។ ក្រៅពីការ​​​ជំទាស់​​​នឹង​​​តួលេខ​​​របស់​​​រដ្ឋា​​​ភិបាល​​​អំពី​​​គម្រប​​​ព្រៃ​​​ឈើ​​​នេះ ផែន​​​ទី​​​ថ្មី​​​របស់​​​អូឌីស៊ី បង្ហាញពីការ​​​បាត់​​​បង់​​​គម្រប​​​ព្រៃ​​​ឈើ​​​យ៉ាង​​​ច្រើន​​​ចាប់​​​តាំង​​​ពីឆ្នាំ១៩៧៣​​​មក​​​ គឺ​​​ធ្លាក់​​​ចុះ​​​ពី​​​៧២,១ភាគរយ​​​ ដល់​​​​​​៤៦​​​,៣ភាគរយ នាពេល​​​បច្ចុប្បន្ន​​​ ហើយ​​​​​​ភាគ​​​ច្រើ​​​ន​​​បំផុត​​​បាត់​​​បង់​​​ក្រោយ​​​​​​ឆ្នាំ​​​២០០០។

លោក ធី ទ្រី នាយ​​​ក​​​ប្រតិប​​​ត្តិ​​​អូឌីស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា​ “គេ​​​ដឹង​​​ច្បាស់​​​ថា ប្រទេស​​​កម្ពុជា​​​បាន​​​បាត់​​​បង់​​​ព្រៃ​​​ឈើ​​​យ៉ាង​​​ច្រើន​​​ ជា​​​ពិសេស​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០០០​​​មក​​​ រួមទាំង​​​ព្រៃ​​​ឈើ​​​នៅ​​​ក្នុ​​​​​​ង​​​តំបន់​​​ការ​​​ពារ​​​ផង​​​ដែរ”។ បង្ហាញ​​​ពីការ​​​បាត់​​​បង់​​​ព្រៃឈើ​​​​​ក្នុ​​​ង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ ក្រចេះ និ​​​ង​​​តាកែវ លោក​​​​​បញ្ជាក់​​​ថា “ការ​​​បាត់​​​បង់​​​ព្រៃ​​​​​​ឈើ​​​នេះ​​​មាន​​​កាន់​​​តែ​​​ច្រើន​​​ថែម​​​ទៀត​​​ក្រោយ​​​​​​​​​ឆ្នាំ​​​២០០៩” ។​​​

ផែន​​​ទី​​​របស់​​​អូឌីស៊ី ស្រដៀង​​​គ្នា​​​នឹង​​​ផែន​​​ទី​​​ដែល​​​បង្កើត​​​ឡើង​​​ដោយ​​​អ្នក​​​ស្រាវ​​​​​ជ្រាវ​​​នៅ​​​​​​សាកល​​​វិទ្យាល័យ​​​ម៉ារីលែន ដែល​​​ប្រើ​​​ទិន្ន​​​ន័យ​​​ផ្កាយ​​​​​​រណប​​​របស់​​​អាមេរិក​​​ដូច​​​គ្នា​​​ ហើយ​​​យោង​​​តាម​​​ទិន្នន័យ​​​នោះ ប្រទេស​​​កម្ពុជា​​​មាន​​​អត្រា​​​បាត់​​​បង់​​​ព្រៃ​​​ឈើ​​​លឿន​​​ជាង​​​​​​គេ​​​បំផុត​​​ទី៥​​​នៅ​​​លើ​​​ពិភពលោក​​​ចន្លោះ​​​ពី​​​​​​​​​ឆ្នាំ​​​២០០០​​​ដល់​​​ឆ្នាំ​​​២០១២​​​៕ គឹមហឿន​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស