គ្រួសារថ្មី ជាអង្គការក្រៅរដ្ឋាភិបាលដ៏មានសារៈសំខាន់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើការបណ្ដុះបណ្ដាលកុមារពិការ កំពុងស្ថិតក្នុងដំណើរការធ្វើសមាហរណកម្មបញ្ចូលទៅក្នុងក្រសួងអប់រំ យុវជន និងកីឡា នេះបើតាមប្រធានអង្គការនេះ និងមន្ត្រីរដ្ឋាភិបាលបានបញ្ជាក់កាលពីម្សិលមិញ។
ថ្លែងនៅខាងក្រៅសិក្ខាសាលាថ្នាក់ជាតិស្ដីពីការអប់រំបញ្ចូលគ្នា លោក Herve Roqueplan ប្រធានអង្គការគ្រួសារថ្មី ដែលត្រូវបានបង្កើតឡើង ដើម្បីបណ្ដុះបណ្ដាលកុមារតាមជំរំជនភៀសខ្លួននៅព្រំដែនថៃ ក្នុងឆ្នាំ ១៩៩១បានមានប្រសាសន៍ថា អង្គការក្រៅរដ្ឋាភិបាលនេះមានយុទ្ធសាស្ត្រច្រកចេញច្បាស់លាស់។
លោកបានមានប្រសាសន៍អំពីអង្គការក្រៅរដ្ឋាភិបាលដែលបណ្ដុះបណ្ដាលកុមារ និងជនពិការជាង១.០០០នាក់នៅទីតាំងប្រាំកន្លែងផ្សេងគ្នាទូទាំងប្រទេសនេះថា “យើងកំពុងធ្វើការជាមួយរដ្ឋាភិបាលមួយជំហានម្ដងៗ ហើយយើងសង្ឃឹមថា នឹងប្រគល់ប្រតិបត្តិការឲ្យទៅក្រសួងអប់រំនៅឆ្នាំ២០២១។ យើងប្រើប្រាស់កម្មវិធីសិក្សាថ្នាក់ជាតិរបស់ក្រសួងអប់រំ ហើយគ្រូបង្រៀនរបស់យើងទាំងអស់សុទ្ធតែទទួលបានការបណ្ដុះបណ្ដាលពីរដ្ឋាភិបាល” ដែលនឹងជួយឲ្យអន្តរកាលផ្ទេរការគ្រប់គ្រងប្រព្រឹត្តទៅដោយរលូន។
លោកបានមានប្រសាសន៍បន្ថែមទៀតថា វាដល់ពេលសម្រាប់រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាទទួលខុសត្រូវចំពោះការអប់រំកុមារពិការហើយ។
នៅក្នុងសុន្ទរកថាមួយដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ និងទិវាជនពិការអន្តរជាតិកាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍ដែរថា ក្រសួងអប់រំ យុវជននិងកីឡា ត្រូវតែទទួលខុសត្រូវចំពោះការរក្សាការពារការងារដ៏ល្អរយៈពេល២៣ឆ្នាំរបស់អង្គការគ្រួសារថ្មី។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ប្រសិនបើមិនដូច្នោះទេ នៅពេលអង្គការគ្រួសារថ្មីចាកចេញ កិច្ចការនេះនឹងត្រូវរលាយទាំងស្រុង”។ លោក ចាន់ សុភា ប្រធាននាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីទស្សនរបស់លោក ហ៊ុន សែន កាលពីម្សិលមិញ ហើយបានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិលើវិស័យអប់រំ។ លោកបានមានប្រសាសន៍ថា “សម្តេច ហ៊ុន សែន សន្យាថា នឹងបញ្ចូលកម្មវិធីបង្រៀនកុមារពិការ ឲ្យក្លាយជាផ្នែកមួយរបស់ក្រសួងអប់រំជាផ្លូវការ។ ហើយនោះគឺជាផ្នែកមួយនៃការសម្រេចគោលដៅ១០០ភាគរយនៅក្នុងវិស័យអប់រំក្នុងឆ្នាំ២០១៥”។
លោក Tom Coulter អ្នកជំនាញជនជាតិអង់គ្លេស ផ្នែកអប់រំកុមារគរថ្លង់ ដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា រយៈពេលមួយខែដើម្បីជួយបណ្ដុះបណ្ដាល និងវាយតម្លៃ គ្រូបង្រៀនក្នុងជំនាញរបស់លោក និងដែលធ្លាប់បម្រើការងារនៅក្នុងប្រទេសម៉ាឡាវី ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ប្រទេសថៃ និងប្រទេសអូម៉ង់ បានមានប្រសាសន៍ថា ការដាក់បញ្ចូលការអប់រំជនពិការឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលគឺជាចំណាត់ការវិជ្ជមាន។
លោកបានមានប្រសាសន៍ថា “វិស័យនេះហាក់ដូចជា កំពុងតែទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងពីរដ្ឋមន្ត្រីថ្មី [ហង្ស ជួនណារ៉ុន] ដូច្នេះវាជាពេលដ៏ល្អបំផុត។ ខ្ញុំមើលឃើញគេធ្វើអនុវត្តពីនេះផ្សេងនៅក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ទីដែលរដ្ឋាភិបាលបន្ដចាត់ទុកថា ការអប់រំកុមារពិការជាកិច្ចការរបស់អង្គការក្រៅរដ្ឋាភិបាលតែម្នាក់គត់ ហើយវាជាគំរូដ៏ទន់ខ្សោយមួយ វាមិនបានផលទេ៕ សុខុម