31.8 C
Phnom Penh

អាជីវករ​ និង​អតិថិជន​​រក​​ប្រាក់​​​ ចំណូលបាន​​​តិច​ជាង​មុន​ នៅ​ពេល​គោលការ​ណ៍​ពន្ធកាន់​តែ​តឹង​រ៉ឹង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​ប្រាំមួយ​សប្តាហ៍​ បន្ទាប់​ពី​មាន​ការ​ណែនាំ​ឲ្យ​មន្ត្រីគយនានា​​ត្រួត​ពិនិត្យ​ និងប្រមូល​​ពន្ធ​ជាផ្លូវការ​លើ​ទំនិញ​​នាំ​ចូល​​ឲ្យ​បាន​ត្រឹម​ត្រូវនោះ​ អាជីវករ​តាម​ផ្សារ​ និង​អតិថិ​ជន​របស់​ខ្លួន​​បាន​លើក​ឡើង​ថា ពួក​គាត់​រក​ចំណូល​​បាន​តិច​ជាង​មុន​ ដោយ​សារ​តែ​តម្លៃ​ទំនិញ​នាំចូល​មួយ​ចំនួន​បាន​កើន​ឡើង​យ៉ាង​តិច​២០ភាគរយ​។

មន្ត្រី​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ បច្ចុប្បន្ន​​ការ​ព្រមាន​ថា ភោជនីយ​ដ្ឋាន​និងសណ្ឋាគារ​ ក៏​អាចទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​ថ្លៃ​​ទំនិញ​កើន​ឡើង​​ដែរ​  ទោះ​បី​​ជា​ផល​ប៉ះ​ពាល់​ទាំង​នោះ​មិន​ទាន់​កើត​មាន​​ទៅលើ​ខ្លួន​ក៏​ដោយ​ ពីព្រោះ​​ការ​ចំណាយ​ទៅ​លើ​ពន្ធ​ច្រើន​ជាង​មុន​បាន​ដាក់​បន្ទុក​ទៅ​លើ​អ្នក​ប្រើ​ប្រាស​់​ទាំង​ឡាយ​។

លោក  លូ  ម៉េង ​ ប្រធាន​សមាគម​សណ្ឋា​គារ​ កម្ពុជា​ (Cambodia Hotel Association)  បាន​លើក​ឡើង​ថា ថ្លៃ​ទំនិញ​នាំ​ចូល​បាន​កើន​ឡើង​ពី​១៥​ភាគ​រយ​ទៅ​២០​ភាគ​រយ​កាល​ពី​ខែ​មុន។​ លោក លូ ម៉េង ​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​ជឿថា ទំនិញ​ឡើង​ថ្លៃ​ ដោយសារ​តែ​រដ្ឋ​កំពុង​អនុវត្ត​គោល​ការណ៍​ប្រមូល​ពន្ធ​លើ​ទំនិញ​នាំចូល​។​ថ្លៃ​ទំនិញ​នាំចូល​មួយ​ចំនួន​បាន​កើន​ឡើង​ប្រហែល​១៥​ភាគរយ​ទៅ ២០​ភាគរយ​”។

លោក​ លូ ម៉េង បាន​បន្តទៀតថា “យើង​ជា​ប្រតិ​បត្តិករ​សណ្ឋាគារ​កំពុង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ ហើយ​ប្រាក់​ចំណេញ​របស់​យើង​​កំពុង​ធ្លាក់​ចុះ​”។ លោក​បាន​លើកឡើង​បន្ថែម​ ទៀត​ថា  ថ្លៃ​ទំនិញ​លើ​ទី​ផ្សារ​​ទំនង​​ជា​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ​ខាង​មុខ​។ នៅតាម​ផ្សារ​ក្នុងរាជធានី​ភ្នំពេញ​ នៅ​ក្នុ​ង​សប្តាហ៍​នេះ​​ អាជីវករ​បាន​ឲ្យដឹង​ថា ពួកគាត់​បាន​ចំណាយ​ច្រើន​ជាង​មុន​ លើ​ទំនិ​ញ​នាំ​ចូល​កាល​ពីខែ​មុន​ ហើយ​​ពេល​ខ្លះ​ពួកគាត់​ត្រូវ​ដំឡើង​ថ្លៃ​ទំនិ​ញ​ ដើម្បីជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​ចំណាយ​ទាំង​នេះ​។

អ្នក​ស្រី​ ហ៊ាង​ ស្រីល័ក្ខ អាយុ​៣០ឆ្នាំ​ជា​អាជីវករ​នៅ​ផ្សារ​អូរ​ប្ញស្សី​ បាន​ឲ្យដឹង​កាល​ពី​ម្សិលមិញថា ផលិត​ផល​សាច់​នាំចូល​មួយ​ចំនួន​ ដែល​អ្នក​ស្រី​ទិញ​ដុំ​សម្រាប់​យកមក​លក់បន្ត​​បាន​ឡើង​ថ្លៃ​​ក្នុង​ចន្លោះ​ពី​១.០០០រៀល​​ ឬ (ប្រហែល​០,២៥ដុល្លារ​​អាមេរិក​)ទៅ​មួយ​​ដុល្លារ​អាមេរិក​។ អ្នកស្រី​បាន​និយាយ​ថា “អតិថិជន​របស់​ខ្ញុំ​ត្អូញត្អែ​​រយ៉ាង​ច្រើន​។ [អាជីវករ] ដទៃទៀត​បាន​ប្រាប់​ខ្ញុំ​ថា ទំនិញ​ឡើង​ថ្លៃ​ដោយសារ​តែ​ការ​អនុវត្ត​គោល​ការណ៍​ប្រមូល​ពន្ធ​”។

លោក​ ប៊ូ ប៊ុណ្ណារ៉ា​ ប្រធាន​ផ្នែក​ទំនាក់​ទំនង​ សាធារណៈ​នៅ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​ ​បាន​​ឲ្យ​ដឹងថា តាំង​ពីដើមខែ​​វិច្ឆិកា​ មន្ត្រី​គយ​ត្រូវ​បាន​បញ្ជា​ឲ្យ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​លើ​ទំនិញ​នាំចូល​ និង​ប្រមូល​ពន្ធ​ជូន​រដ្ឋាភិ​បាល​ ក្នុង​គោលបំណង​បង្កើ​នចំណូល​រដ្ឋ​។ ម្ចាស់​អាជីវកម្ម​បាន​លើកឡើង​ថា កាល​ពី​មុន​ “ពន្ធ​” នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ ភាគច្រើន​ត្រូវ​បាន​​បង់​ក្នុង​រូប​ភាព​សំណូក​ ​ឲ្យ​ទៅ​មន្ត្រី​គយ​ ដែល​នេះ​ជាសកម្មភាព​មួយ​នៅ​តែបន្ត​កើត​ឡើង ទោះបីជា​មាន​បទ​បញ្ជា​ចេញ​ពី​រដ្ឋាភិបាល​ក៏​ដោយ​។

កាល​ពីម្សិលមិញ​ លោក​ ប៊ុណ្ណារ៉ា​ បាន​បដិ​សេធ​ថា មន្ត្រី​គយ​មិន​​នៅ​តែ​​ទទួល​សំណូក​​ពី​​អ្នក​នាំ​ចូល​នា​នា​ ក្រៅ​ពី​ពន្ធ​ដែ​ល​កំពុង​ត្រូវ​បាន ​អនុវត្ត​ទេ​។ លោក​ក៏​បាន​លើ​កឡើង​ផង​ដែរ​ថា លោក​មិន​ដឹង​អំពី​បញ្ហា​ទំនិញ​ឡើង​ថ្លៃ​ដោយ សារ​គោល​ការណ៍​ថ្មី​របស់​​រដ្ឋាភិបាល​ទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​មិន​ដឹង​អំពីទីផ្សារ​ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា ថ្លៃ​ទំនិញ​កើន​ឡើង​ ឬ​ក៏​ធ្លាក់​ចុះ​ទេ​។ ភារកិច្ច​របស់​យើង​ គឺ​ប្រមូល​ពន្ធ​អាករ​១០០ភាគរយ​ជូន​រដ្ឋ​”។

យោង​តាម​អគ្គនាយក​ដ្ឋាន​គយ​ និង​​រដ្ឋាករ​​​បាន​បង្ហាញ​ថា  មាន​ពន្ធ​បី​ប្រភេទ​ដែល​អ្នក​នាំ​ចូល​ត្រូវ​បង់​ រួម​មាន​ ពន្ធអាករ​​លើ​ទំនិញ​នាំចូល​​ ពន្ធអាករ​លើ​ទំនិញ​ជាក់​លាក់​ និង​អាករ​លើ​តម្លៃ​ទំនិញ​បន្ថែម​។ សម្រាប់​ផលិត​ផល​សំខាន់​ៗ​ និង​វត្ថុ​ធាតុ​ដើម​ អ្នក​នាំចូល​ត្រូវ​បង់​ពន្ធ​៧​ភាគរយ​ សម្រាប់​​ គ្រឿង​ម៉ាស៊ីន​ និងគ្រឿង​បរិក្ខា​ផ្សេង​ៗ​ អ្នក​នាំ​ចូល​ត្រូវ​បង់​ពន្ធ​១៥ភា​គរយ​ សម្រាប់​ផលិត​ផល​សម្រេច​ និង​ទំនិ​ញការ​ពារ​​ដោយ​រដ្ឋា​ភិ​បាល​ អ្នក​នាំចូល​ត្រូវ​បង់​ពន្ធ​៣៥​ភាគ​រយ​ និង​សម្រាប់​ទំនិញ​ប្រណីត​ៗ​​ អ្នក​នាំចូល​ត្រូវ​បង់​ពន្ធ​៥០​ភាគរយ​។

អាករ​លើ​តម្លៃ​បន្ថែម​មាន​១០​ភាគ​រយ​ថេរ​ ដែល​ត្រូវ​បាន​ដាក់​បន្ថែម​លើ​ពន្ធ​ផ្សេ​ងៗ​ទៀត​។ សេដ្ឋ​វិទូ​នានា​បាន​លើកឡើង​ក្នុង​សប្តាហ៍​នេះថា មិន​ទាន់​ដល់​ពេល​ដែល​គួរ​តែ​និយាយ​ថា តើ​ការ​អនុវត្ត​គោល​ការណ៍​ប្រមូល​ពន្ធ​​ និង​ធ្វើ​ឲ្យ​អត្រា​អតិផរណា​សរុប​នៅ​ ក្នុង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កើន​ឡើង​ទេ​។
លោក​ ភីធ័រ​ ព្រីម​ប៊ល (Peter Brimble) សេដ្ឋវិទូជាន់​ខ្ពស់នៅ​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (Asian Development Bank)  បាន​មាន​ប្រសាសន៍​ថា “ត្រូវ​រង​់ចាំមើល​ថា តើ​មាន​ការ​ប្រែ​ប្រួល​អ្វី​បន្ត​ទៀត​ ដើម្បី​​មើល​ឲ្យ​ឃើញ​ថា តើ​អតិ​ ផ​រណា​​​កើនឡើង​ ឬ​យ៉ាង​ណា​”។

លោក​ ស្រី ចាន់ធី ប្រធាន​បណ្តោះ​អាសន្ន​ សមាគមន៍​សេដ្ឋកិច្ច​កម្ពុជា​ (Cambodian Economic Association)​  បា​ន​លើ​កឡើង​ថា នៅ​ពេល​ថ្លៃ​ដើម​ទំនិញនាំចូល​កើនឡើង​ សកម្ម​ភាព​ទិញ​ផលិត​ផល​ក្នុង​ស្រុក​នឹង​ប្រែ​ប្រួល​។ លោក​បានមាន​ប្រសាសន៍ថា “ ប្រជាជន​នឹង​ផ្លាស់ប្តូរ​ពីការ​ទិញ​ទំនិញ​នាំចូល​ ទៅ​ទិញ​ទំនិញ​ក្នុង​ស្រុក​​វិញ​។ ដូច្នេ​ះ​ ក្រោយ​មក​បរិ​មាណ​ទំនិញ​ក្នុ​ងស្រុក​អាច​នឹង​លែង​សូវ​មាន​ ហើយ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​បរិមាណ​តម្រូវ​ការ​បាន​ទេ​…ហើយ​ក្រោយ​មក​ទៀត​ថ្លៃ​ទំនិញ​ទាំង​នោះ​នឹង​កើន​ឡើង​”។

លោក​ ហ្គ្រេក​ ហ៊ីល​ (Greg Hill) ម្ចាស់​អាជីវកម្ម​​ ឡូនស្តារ សាឡន​ និង​ ផ្ទះសំណាក់​ (Lone Star Salon and Guesthouse)  ដែល​មាន​ទី​តាំង​ស្ថិត​នៅ​​ផ្លូវ​លេខ​២៣ ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ឲ្យដឹង​ថា បុគ្គលិក​របស​់លោក​​បាន​ឃើញ​ច្បាស់ថា ថ្លៃ​ទំនិញ​លក់​នៅ​តាម​ផ្សារ​ក្នុង​ស្រុក​​ និង​ផ្សារទំនើ​បកើន​ឡើង​គួរ​ឲ្យកត់​សម្គាល់។

លោក​បាន​មាន​ប្រសាសន៍ថា ​ “ បញ្ហា​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​បុគ្គលិក​របស់​ខ្ញុំ​ក្នុងការ​ដើរ​ទិញ​អីវ៉ាន់​រៀងរាល់ថ្ងៃ​។ ពួកគេ​បាន​រាយការណ៍ថា ថ្លៃ​ទំនិញ​កើន​ឡើង​យ៉ាង​ខ្លាំង​ ពោលគឺ​ប្រហែល​២០​ទៅ​៣០​ភាគ​រយ​​ជា​ពិសេស​ សាច់​ជ្រូក សាច់​គោ គ្រប់​មុខ​”។ លោក ហ៊ីល បាន​បន្ត​ថា លោក​មិន​ទាន់​មាន​ផែនការ​ដំឡើង​ថ្លៃ​សេវាកម្ម​របស់​ខ្លួន​ទេ​ ក៏​ប៉ុន្តែ​ លោក​អាច​នឹង​ផ្លាស់​ប្តូរ​ថ្លៃ​នាពេល​អនាគត។ លោក​ ហីុល បាន​មាន​ប្រសាសន៍ថា “ យើង​នឹង​ស៊ូ​ទ្រាំនឹង​កំណើន​នៃការ​ចំណាយ ​រយៈពេល​ពីរបី​ខែ​ ដើម្បី​ឲ្យដឹង​ថា តើ​មាន​រឿង​អ្វី​ប្រែប្រួល​។ ប្រសិន​បើ​ មិន​មាន​ការ​ប្រែ​ប្រួល​ទេ​ ខ្ញុំ​ត្រូ​វបង្ខំចិត្ត​ដំឡើង​ថ្លៃ​សេវា​កម្ម​នៅ​កន្លែង​របស់​ខ្ញុំ​ហើយ​​”៕​សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស