34 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ជន​ជាតិ​អាមេរិ​ក​ម្នាក់​ពីបទ​រំលោភ​ផ្លូវ​ភេទ​កុមារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃ​សៅរ៍ សាលាដំបូង​រាជធានី​ភ្នំ​ពេញ​ បាន​ចោទ​ប្រកាន់​ ដានីញែល ចនសុន ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​​ជន​ជាតិ​អាមេរិក​​​​​​ពីបទ​រំលោភ​បំពាន​ផ្លូវ​ភេទ​ក្មេ​ង​ប្រុស​ប្រាំ​នាក់​អាយុ​ក្រោម​​១៥​ឆ្នាំ​នៅ​មណ្ឌល​កុមារ​កំព្រា​មួយដែល​លោក​បាន​កាន់​កាប់​នៅ​ក្នុង​ខណ្ឌ​​​​មានជ័យ​ រាជធានីភ្នំពេញ។

លោក ស៊ា​ង សុខ អគ្គព្រះ​រាជ​អាជ្ញារង​បាន​មាន​ប្រសាសន៍​កាលពីម្សិលមិញ​ថា ចនសុន អាយុ​៣៥​ឆ្នាំ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​កាលពីថ្ងៃពុធ ប៉ុន្តែ​ព្រះ​រាជ​អាជ្ញា​បាន​ពន្យា​រពេល​ការ​ចោទ​ប្រកាន់​​​​ជន​​​នេះ ​​​ហើយ​​​បាន​​​សាក​សួរ​បុរស​រូប​នេះ​​រយៈ​ពេល​​​ជាច្រើន​ថ្ងៃ​មុន​ពេល​ធ្វើការ​ចោទ​ប្រកាន់​​​​​​​កាលពីថ្ងៃ​សៅរ៍។ លោក​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​បាន​ចោទ​ប្រកាន់​គាត់​ [កាលពីថ្ងៃសៅរ៍​​] តាម​មាត្រា​៤៣​នៃ​ច្បាប់​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ពីបទ​រំលោភ​បំពាន​ជន​រង​គ្រោះ​ជា​អនីតិជន​ ហើយ​បន្ទាប់មក​បាន​ប្រគល់​ទៅ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ។

លោក ប៉ុល ពិធេយ្យ ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​​​​ពីការ​ចោទ​ប្រកាន់នេះ ហើយ​បាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​ ចនសុន ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​​​បញ្ជូន​គាត់​ទៅ​ពន្ធនាគារ​ព្រៃ​សហើយ​​​ [កាល​​​ពី​​ល្ងា​ច​ថ្ងៃសៅរ៍] បន្ទាប់ពីបុរស​រូប​នេះ​ត្រូវ​សាលា​ដំបូង​រាជធានីភ្នំពេញ​ធ្វើការ​ចោទ​ប្រកាន់​រួច​មក​”។

ការ​ស៊ើប​អង្កេត​ដែល​ដឹក​នាំ​ដោយ​ FBI ​ពាក់ព័ន្ធ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ ដែល​​​បាន​ប្រព្រឹត្ត​ក្នុង​សហ​រដ្ឋ​អាមេរិក​ បាន​​​​រក​​​ឃើញ​​​​ ចនសុន នៅ​មណ្ឌលកុមារ​​​កំព្រា​ ​​Home of Hope នៅ​ក្នុង​សង្កាត់​បឹង​ទំពុន​ ដែល​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​មួយ​ចំនួន​​នៅ​​​ក្នុង​​​​ប្រទេស​កម្ពុជា ដែល​គ្រប់​គ្រង​ដោយ​អង្គការ​​​​​​​​​​គ្រីស្ទាន Hope Transitions ។

ចនសុន ត្រូវគេ​រ​ក​ឃើញ​ថា កំពុង​ស្នាក់​នៅ​​​មណ្ឌល​កុមារ​កំព្រា​ដែល​មិនបាន​ចុះ​​បញ្ជី​ត្រឹម​​ត្រូវ​ ហើយ​​​ការ​​​សម្ភាស​​​​ជាមួយ​កុមារ​​​និង​​​ក្មេង​​​ជំទង់​​​​២៩​នាក់​ ដែល​រស់​នៅ​ជាមួយគាត់​​​​​​​​​នៅ​​​ទី​​​នោះ បន្ទាប់ពី​ការ​ចាប់​ខ្លួន​​​គាត់​​​ បាន​ឈាន​ទៅដល់​ការ​ចោទ​ប្រកាន់​ថា គាត់​បាន​ប្រព្រឹត្ត​​​​​​​ការ​រំលោភ​បំពាន​បែប​នេះ​​​​មែន។

​​​គេ​​​និយាយ​​​ថា រឿង​​​ក្តី​​​គាត់​មាន​ភាព​ស្មុគ​ស្មាញ​ ពីព្រោះ​​​​ការ​ចោទ​ប្រកាន់​​​​នេះ​​​មួយ​​​ផ្នែក​​​​​​ចេញ​​​មក​​​ពី​​​​ការ​ស៊ើប​អង្កេត​របស់​ FBI ដែល​កំពុង​​​​ទាម​​​ទារ​​​ឲ្យ​​​​ធ្វើ​បត្យាប័ន​បុរស​រូប​នេះ​ពីបទ​ឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ត​នៅ​សហ​​​រដ្ឋអាមេរិក ប៉ុន្តែ​នគរ​បាល​បាន​លើក​ឡើង​កាលពីសប្ដាហ៍មុន​ថា ចន​សុន ត្រូវតែ​អនុវត្ត​ទោស​រប​ស់​ខ្លួន​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​ជាមុន​សិន​ ប្រសិន​បើ​គាត់​ត្រូវ​បាន​កាត់​ឲ្យ​​ជាប់​ទោស​នោះ​។

ចនសុន បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​មួយ​ទសវត្សរ៍​មកហើយ ដែល​គាត់​​​ជា​ប្រធានមណ្ឌល​កុមារ​កំព្រា New Hope​​​ of Orphans ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​គ្រីស្ទាន​ ដែលបាន​​​​ចុះ​បញ្ជី​​​​​ជា​​​មួយ​​​​រដ្ឋាភិបាល ហើយ​​​​ ចនសុន បាន​បម្រើ​ការ​ជាទីប្រឹក្សា​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​​​​នៅ​​​មណ្ឌល​​​នេះ។

លោក យី ម៉ូដែន អនុ​ប្រធា​ន​ចុះ​ប្រតិបតិ្ត​ការ​ផ្ទាល់​នៃ​អង្គការ​សកម្ម​ភាព​ដើម្បីកុមារ ជា​អង្គការ​​ក្រៅ​រដ្ឋាភិ​បាល​ប្រឆាំង​​ជន​រួម​ភេទ​ជាមួយ​កុមារ ដែល​បាន​ជួយ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ បាន​​​មាន​​​ប្រសាសន៍ថា អង្គការ​ Hope Transitions ដែល​ ចនសុន ធ្វើ​ការក៏មាន​គម្រោង​ជា​ច្រើន​​ក្នុង​ខេត្ត​ព្រៃ​​វែង និង​ខេត្ត​កំពត​ផង​ដែរ ហើយ​ដំណាក់​កាល​បន្ទាប់​នៃ​ការ​ស៊ើប​អង្កេត​ គឺ​ត្រូវ​តាម​ដាន​រក​បណ្ដាញ​​របស់​ ចនសុន នៅ​ក្នុង​ប្រទេស​កម្ពុជា​​​។ ឥឡូវ​នេះ​ជន​រង​គ្រោះដោយសារ​ ចនសុន ស្ថិត​​​ក្រោ​​មការ​ការ​ពារ​របស់​​អង្គការ Hagar International ៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស