28 C
Phnom Penh

​មនុស្ស​បួន​នាក់​ត្រូវបានចាប់​ខ្លួនពីបទ​ប៉ុន​ប៉ង​បញ្ជូន​ស្ត្រី​កម្ពុជា​ទៅ​រៀប​ការ​នៅ​ចិន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​បាន​និយាយ​ថា ជន​ជាតិ​ចិន​ម្នាក់​ និង​ខ្មែរ​បីនាក់​ត្រូវ​បាន​នគរ​បាល​ ​​ប្រឆាំង​​​ការ​​​ជួញដូរ​មនុស្ស​​​ចាប់​​​ខ្លួន​​​កាល​​​ពីម្សិលមិញ​​​​​​​​​​ពី​បទ​ប៉ុន​ប៉ង​បញ្ជូន​ស្ត្រី​ទៅ​​​ប្រទេសចិន​ឲ្យ​រៀប​ការ​ជាមួយបុរស​ជន​ជាតិ​ចិន​។

លោកវរសេនីយ៍ទោ កែវ ធា  នាយ​​​​ការិយា​​​ល័យ​​​នគរ​​​បាល​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​រាជធានី​ភ្នំពេញ​ បា​ន​មាន​ប្រសាសន៍​ថា ក្រុម​នេះ​ជាប់​សង្ស័យ​​ពីបទ​​ជួញ​ដូរ​ស្ត្រីជាង​៣០​នាក់ទៅប្រទេស​ចិន​។ លោក​វរសេនីយ៍​ទោ​​មាន​ប្រសាសន៍​ថា លឺ ស៊ីពីង ​អាយុ​៣៥​ឆ្នាំ​ជា​ពាណិជ្ជករ​ជន​​ជាតិ​ចិន​ ព្រម​ទាំង​ ខេង សេង​​​លី អាយុ​៣១​ឆ្នាំ​ ខេង សោភា អាយុ​២៨​ឆ្នាំ​និង​ ដឹក ម៉េត អាយុ​៥៣​ឆ្នាំ ជន​ជាតិ​ខ្មែរ​ ត្រូវ​បាន​ចាប់​ខ្លួន​ដាច់​ដោយ​ឡែក​ពីគ្នា​នៅ​ក្នុង​រាជ​ធានី​​​ភ្នំពេញ បន្ទាប់ពី​​​មាន​​​ការ​ស៊ើប​អង្កេត​អស់​​​រយៈ​​​​ពេល​យ៉ាង​​យូរ​មក​។

លោក​វរសេនីយ៍ទោ កែវ ធា បាន​មាន​ប្រសាសន៍​ថា បុរស​ឈ្មោះ លឺ និង​ ម៉េត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជាមួយ​ស្ត្រី​ខ្មែរ​បីនាក់​ដែល​បាន​កក់​ជើង​ហោះហើរ​​​រួច​​​ហើយ​​​​។ លោក​បាន​បន្ថែម​ថា ឈ្មោះ សេងលី និង​​​​​​ឈ្មោះ សៅភា ត្រូវ​បា​ន​ចាប់​ខ្លួន​នៅពេល​ក្រោយ​​​មក​​​​​​​។ លោក​ កែវ ធា បាន​មាន​ប្រសាសន៍​​ថា ស្ត្រី​​ទាំង​បីនាក់នេះមកពីខេត្ត​កណ្ដាល​ ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់​ស្ពឺ ត្រូវ​បាន​ជ្រើស​​​រើស​​​​​​នៅ​​​ក្នុង​​​​ប្រតិបត្តិការ​មួយ​ដែល​គ្រប់​គ្រង​ដោយ​បុរស​ឈ្មោះ មេ៉ត ប៉ុន្តែ​បាន​​​ធ្វើសកម្មភាព​នៅ​តាម​បណ្ដា​ខេត្ត​​ដោ​យ​បុរស​ឈ្មោះ សេង​​​លី និង​ស្ត្រីឈ្មោះ សៅភា។

លោក​បាន​មាន​ប្រសាសន៍​ថា ប្រតិបត្តិ​ការ​នេះមាន​បំណង​​​​លួង​​​លោម ស្ត្រី​ខ្មែរ “ព្រហ្ម​​​ចារី​យ៍” អាយុ​ចាប់​ពី​១៩​ឆ្នាំដល់​២២​ឆ្នាំ ឲ្យ​​​ទៅ​​​​​​​ប្រទេស​ចិន​ ដោយ​សន្យា​​ថា ពួកគេ​នឹង​ត្រូវ​រៀប​ការ​ជាមួយ​បុរស​ជន​ជាតិ​ចិន។ នាយ​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​​​មនុស្ស​រូប​នេះ​​មាន​ប្រសាសន៍​ថា “មាន​តែ​ក្រសួង​ពីរ​ប៉ុណ្ណោះ គឺ​​ក្រសួង​ការ​បរទេស​ និង​​ក្រសួង​មហាផ្ទៃ​អាច​អនុញ្ញាត​ឲ្យ​ប្រជា​ពល​រដ្ឋ​​រៀប​ការ​ជាមួយ​ជន​បរទេស​ដោយ​ស្រប​ច្បាប់” ។​​​​លោក​អំពាវ​នាវ​ដល់អាជ្ញាធរ​មូល​​ដ្ឋាន​ឲ្យ​អប់​រំ​​​ស្ត្រី​កុំឲ្យចេះ​​​តែ​​​​យល់​ព្រម​ចេញ​ពី​ប្រទេស​ដោយ​ការ​សន្យា​រៀប​ការ​នោះ​។​ លោក​ កែវ ធា ​មាន​ប្រសា​សន៍​​ថា ជន​រង​​គ្រោះ​បីនាក់​ដោយ​សារ​ការ​ជួញដូរ​នេះ​​​​បា​ន​ត្រឡប់​មក​ជួប​ជុំក្រុម​គ្រួសារ​របស់​ខ្លួន​វិញ​ហើយ ចំណែក​ជន​​សង្ស័យ​បួន​នាក់​ទៀត​នឹង​បង្ហាញ​ខ្លួ​ន​នៅតុលាការ​នៅ​ថ្ងៃ​នេះ​៕ សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស