33 C
Phnom Penh

ប្រជានេសាទរំពឹងថាទិន្នផល​ត្រីខ្ពស់​ ខណៈ​រដូវ​កាល​ធ្វើ​ប្រហុក​ឆ្នាំ​នេះ​ចូល​មក​ដល់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ចាប់​ផ្តើម​ពី​ខែ​ធ្នូ​ទៅ​ ឡូ​នេសាទ​​​​នៅ​កណ្តាល​បឹង​ទន្លេសាប​បាន​ក្លាយ​ជា​ទី​ប្រជុំជន​ម្តង​ទៀត​សម្រាប់​អ្នក​ភូមិ​និង​អ្នក​នេសាទ​កម្ពុជា ដែល​ភាគ​ច្រើន​ក្នុង​ចំណោម​ពួក​គេ​ព្យាករ​ថា នេះ​ជា​ឆ្នាំ​ត្រូវ​ប៉ាន់​សម្រាប់​ត្រី​ប្រហុក ដោយ​សារ​ទឹក​ធំ និង​ទិន្នផល​​​ដ៏​ច្រើន​នៃ​ត្រី​រៀល​ធំៗ​ ដែល​គេ​យក​ទៅ​ធ្វើ​ប្រហុកនោះ​។

អ្នក​ស្រី​យូ ស្រីម៉ៅ មក​ពី​សង្កាត់​សំរោង​ក្នុង​ទីក្រុង​ភ្នំពេញ គឺ​ជា​ម្ចាស់​ផែ​បណ្តែត​ទឹក​ចំនួន​ប្រាំ​មួយ។ អ្នក​ស្រី​ព្យាករ​ថា រដូវ​ធ្វើ​ប្រហុក​ឆ្នាំ​នេះ​នឹង​ត្រូវ​ប៉ាន់​ជាង​ឆ្នាំ​មុន ដែល​កាល​នោះ​មិន​សូវ​មាន​ផល​ត្រី​រៀល​ច្រើន​ទេ ដោយ​សារ​ទឹក​តូច។ អ្នក​ស្រី​យូ ស្រីម៉ៅ បាន​និយាយ​ថា “កាល​​​ពី​ឆ្នាំ​មុន ខ្ញុំ​មិន​ចំណេញ​ទេ។ ខ្ញុំ​រក​បាន​ពី​៥០ ទៅ​៦០​លាន​រៀល​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១១​វិញ ខ្ញុំ​រក​បាន​ជិត​២០០​លាន​រៀល​ឯណោះ​។ ប៉ុន្តែ​ឆ្នាំ​នេះ ទឹក​ធំ​ ដែល​មាន​ន័យ​ថា មាន​ត្រី​ច្រើន”​។

ពេល​វេលា​បាន​ខិត​ចូល​ថ្ងៃ​ត្រង់​ទៅ​ហើយ ប៉ុន្តែ​កម្មករ​១៦​នាក់​ក្នុង​ចំណោម​កម្មករ​១៨​នាក់​នៅ​ឡូនេសាទ​​របស់​អ្នក​ស្រី​មិន​ឈប់​ធ្វើ​ការ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ប្រាប់​ឲ្យ​សម្រាក​ហូប​បាយ​ថ្ងៃ​ត្រង់​ដែរ។ អ្នក​ស្រី​បាន​និយាយ​លេង​សើច​ថា “មាន​ពេល​១២​ម៉ោង​​​ធ្វើ​ការ និង​១២​ម៉ោង​ដេក”​។

អ្នក​ស្រី​បាន​ពន្យល់​ថា កម្មករ​មិន​ឈប់​ធ្វើ​ការ​ទេ ប៉ុន្តែ​ប្តូរ​វេន​គ្នា​ហូប​​បាយ​ថ្ងៃ​ត្រង់។​​ ឥឡូវ អ្នក​នេសាទ​​ពីរ​នាក់​ក្នុង​​ចំណោម​​​​១៨​នាក់កំពុង​ដេក​ក្នុង​អង្រឹង​នៅ​ក្បែរ​ផែ។ អ្នក​នេសាទ​ចំណាស់​ជាង​គេ​​ក្នុង​ចំណោម​អ្នក​នេ​សាទ​កំពុង​ធ្វើ​ការ ​អុជ​បារី​ជក់ និង​សម្លឹង​មើល​​​មង ដែល​គេ​កំពុង​តែ​ទាញ​ឡើង​។

ខ្សែ​រ៉ត​ប្រើ​ម៉ូទ័រ​ទាញ​មង​ ដែល​ពោរ​ពេញ​ទៅ​ដោយ​ត្រី និង​មាន​ជាប់​ស្លឹក​ឈើ និង​សំរាម​​ឡើង​លើ​ផែ។ កម្មករ​ទាំង​នេះ​ប្រមូល​ត្រី​ពណ៌​ស​ដូច​ប្រាក់​ ហើយ​ចាប់​ផ្តើម​ប្រមូល​ស្លឹក​ឈើ និង​សំរាម​ចេញ​ពី​ត្រី។ ស្ត្រី​ម្ចាស់​ផែ ដែល​ទើប​តែ​ចម្អិន​អាហារ​ថ្ងៃ​ត្រង់​រួច បាន​ចូល​មក​រើស​យក​ត្រី​ធំៗ​​ពី​គំនរ​​ត្រី​រៀល​​​ដ៏​ច្រើន​សម្បើម។​

មនុស្ស​២០​នាក់​នៅ​ក្នុង​ផែ​នោះ បំពេញ​ការ​ងារ​យ៉ាង​ស្ទាត់​ជំនាញ​ បើ​ទោះ​បី​ជា​ពួក​គេ​ទើប​តែ​ចាប់​ផ្តើម​ប្រមូល​ផល​ត្រី​ប្រចាំ​ឆ្នាំ​មុន​នេះ​មួយ​ថ្ងៃ​ក៏​ដោយ។
អ្នក​ស្រី​យូ ស្រីម៉ៅ បាន​និយាយ​ថា “​យើង​​ប្រមូល​បាន​ត្រី​រៀល​ធំៗ​ចំនួន​ជាង​១,៥​តោន​នៅ​ថ្ងៃ​ទី១ ហើយ​នេះ​ទើប​តែ​​ចូល​ដល់​រដូវ​កាល​ធ្វើ​ប្រហុក​តែ​ប៉ុណ្ណោះ”​។

នៅ​ខេត្ត​កណ្តាល​ក៏​ដូច​ជា​នៅ​ភ្នំពេញ​ដែរ អ្នក​ភូមិ​មក​ពី​ប្រាំមួយ​ស្រុក​បាន​ចាប់​ផ្តើម​ប្រមូល​​​ត្រី​ប្រហុក​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​។ លោក​ឃ្លាំង​ វណ្ណថុល​ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​កណ្តាល បាន​ឲ្យ​ដឹង​ថា អ្នក​​នេសាទ​មួយ​ចំនួន​រក​បាន​ត្រី​​ពី​២០០​ ទៅ​៣០០​គីឡូ​ក្រាម​ក្នុង​រយៈ​ពេល​​តែ​​២០​នាទី​ប៉ុណ្ណោះ។ នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ឯណោះ​វិញ ប្រជា​​ជន​ភាគ​ច្រើន​មិន​ទាន់​ស្វះ​ស្វែង​រក​ត្រី​ទេ ព្រោះ​ពួក​គេ​គិត​ថា ចុង​ខែ​ធ្នូ ឬ​ដើម​ខែ​មករា​ឆ្នាំ​ក្រោយ នឹង​មាន​ត្រី​រៀល​ធំៗ​នេះ​បើ​តាម​​លោក​សេង ពុន ឈឿន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​កំពង់​ឆ្នាំង។ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ប្រជាជន​នៅ​បួន​ស្រុក​បាន​ចាប់​ផ្តើម​ប្រមូលផល​​ត្រី​រៀល​ហើយ។

​ភោគផល​ត្រី​ប្រហុក​​ឆ្នាំ​នេះ​​កើន​ឡើង​ស្រប​ពេល​នឹង​តម្លៃ​ឡើង​ថ្លៃ។ លោក​វណ្ណ​ថុល ​បាន​មាន​ប្រសាសន៍​ថា ​ត្រី​ប្រហុក​អាច​​មាន​តម្លៃ​ចន្លោះ​ពី​១.០០០ ទៅ​១.៣០០​រៀល​ក្នុង​មួយ​គីឡូ​ ចំណែក​​លោក ពុន​ឈឿន វិញ​បាន​មាន​ប្រសាសន៍​ថា វា​អាច​ឡើង​ដល់​១.៥០០​ឯណោះ​ក្នុង​មួយ​គីឡូ។ អ្នក​ស្រី យូ ស្រីម៉ៅ បាន​និយាយ​ថា អ្នក​ស្រី​លក់​ត្រី​រៀល​នៅ​ឡូ​នេសាទ​របស់​អ្នក​ស្រី​ក្នុង​តម្លៃ​១.០០០​រៀល​ក្នុង​មួយ​គីឡូ។

សម្រាប់​លោក សុខ សុវណ្ណ អាយុ​៥៦​ឆ្នាំ ជា​​​អ្នក​ធ្វើ​ប្រហុក​ ដែល​អង្គុយ​នៅ​ច្រាំង​ទន្លេ​សាប​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​ ឆ្នាំ​មុន​មិន​មែន​ជា​ឆ្នាំ​ត្រូវ​ប៉ាន់​ឡើយ ដោយ​ទិញ​បាន​ត្រី​ប្រហុក​​​ពី​អ្នក​នេសាទ​វៀត​ណាម​ត្រឹម​តែ​៥​តោន​ប៉ុណ្ណោះ។ នៅ​ដើម​ខែ​មករា​ឆ្នាំ​ក្រោយ ​​នៅ​ពេល​ទិន្នផល​ត្រី​កើន​ឡើង គាត់​អាច​ទិញ​បាន​៤០ ឬ​៥០​តោន​ក្នុង​មួយ​ថ្ងៃ។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​ប្រកប​មុខ​របរ​នេះ​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ ហើយ​ពេល​ខ្លះ​ខ្ញុំ​ចំណេញ​ច្រើន ប៉ុន្តែ​ពេល​ខ្លះ​ក៏​មិន​ចំណេញ​ដែរ ខ្ញុំ​ខាត​ច្រើន​ណាស់​កាល​ពី​ឆ្នាំ​២០១២ ដែល​មាន​ទឹក​ជំនន់​តូច​ប៉ុណ្ណោះ”។ លោក​ពន្យល់​ថា ទឹក​ជំនន់​រដូវ​វស្សា ថ្វី​បើ​ជា​ការ​បំផ្លិច​បំផ្លាញ​ដល់​កសិករ​ក៏​ដោយ ជា ប្រថ្នូល​ល្អ​នៃ​រដូវ​កាល​ធ្វើ​ប្រហុក​​​ដ៏​កាក់​កប ៕សាវតា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស