លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលរំពឹងថា ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៣ នឹងកើនឡើងជាង១៤,៤ភាគរយ បើធៀបទៅនឹងឆ្នាំមុន។
តម្លៃសរុបនៃទំនិញនាំចូល និងទំនិញនាំចេញនឹងកើនឡើងដល់១៦ពាន់លានដុល្លារគិតត្រឹមដំណាច់ឆ្នាំនេះ ពោលគឺកើនឡើងជាងពីរពាន់លានដុល្លារ បើធៀបទៅនឹងតម្លៃសរុបនៃទំនិញទាំងពីរប្រភេទនេះកាលពីឆ្នាំមុន ដែលមាន១៣,៩៨ពាន់លានដុល្លារ នេះបើយោងតាមលោក គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមុនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា។
លោកបានមានប្រសាសន៍ថា “វិស័យពាណិជ្ជកម្មកំពុងដើរតួយ៉ាងសកម្ម ក្នុងការពង្រឹង និងបង្កើនកំណើនសេដ្ឋកិច្ច។ យើងបានព្យាករដោយសុទិដ្ឋិនិយមថា តម្លៃទំនិញពាណិជ្ជកម្មក្នុងឆ្នាំ២០១៣ នឹងកើនឡើងជិតដល់១៦ពាន់លានដុល្លារ”។ លោក គាត ឈន់ ក៏បានឲ្យដឹងផងដែរថា បរិមាណនាំអង្ករចេញសរុបក្នុងរយៈពេល១១ខែនៃឆ្នាំនេះមាន៣៣២.០០៩តោនដែលជាបរិមាណកើនឡើងជិតទ្វេដងបើធៀបនឹងឆ្នាំ២០១២ ដែលមានបរិមាណនាំអង្ករចេញ ២០៥.៧១៧តោន។ រដ្ឋាភិបាលមានគោលបំណងនាំអង្ករចេញឲ្យបានមួយលានតោនក្នុងមួយឆ្នាំក្នុងឆ្នាំ២០១៥៕ សុធា