27 C
Phnom Penh

 រដ្ឋមន្ត្រី​​​ក្រសួង​មហាផ្ទៃ​​​​​​​និយាយថា គណបក្ស​ប្រឆាំង​បែក​បាក់​គ្នា​​​​ជុំវិញ​​​​ការ​ចរចា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​បន្ទោស​ការ​ចរចា​ដែល​បា​ន​ជាប់​គាំង​ជុំ​វិញ​លទ្ធផល​បោះ​​ឆ្នោត​​ជាតិ​កាលពីខែ​កក្កដាដ៏ចម្រូង​ចម្រា​ស​ទៅលើការ​បែក​បាក់​គ្នា​នៅ​ក្នុង​គណ​​បក្ស​សង្គ្រោះជាតិ ហើយលោក​លើក​ឡើង​ថា មេដឹកនាំ​​គណ​​​បក្ស​​​​នេះ មាន​ចិត្ត​ពីរ​​​​ក្នុង​​​ការ​បន្ត​ការ​ចរចា​។

ការ​ចរចា​​ថ្នាក់​កំពូល​រវាង​លោក​​នាយ​ក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹក​នាំ​​គណបក្ស​​សង្គ្រោះជាតិ ដែល​​​​កំពុង​​​ជំទាស់​​​នឹង​​​​ជ័យ​ជម្នះ​ផ្លូវការ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្នុងការ​បោះ​ឆ្នោត​នេះ បាន​ជាប់​គាំង​បន្ទាប់ពី​មាន​ការ​ចរចា​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ហើយ​មិន​បាន​បន្ត​​ទៀត​ទេ​ចាប់​តាំង​ពីពេ​ល​នោះ​មក​ ដោយ​សារ​​គណបក្ស​ប្រឆាំង​​​បាន​ប្រកាន់​ជំហរ​តឹង​រ៉ឹង​។

បន្ទាប់ពី​ការ​សម្ពោធ​មជ្ឈមណ្ឌល​បណ្ដុះ​​បណ្ដាល​ថ្មីមួយ​របស់អង្គការ ​SOS Children’s Village International នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពីម្សិលមិញ លោក ស ខេង បាន​មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី បាន​លើក​ឡើង​​​អំពី​ប្រធាន​បទ​នៃ​ការ​បន្ត​ការ​ចរចា​ឡើង​វិញ នៅ​ពេល​ដែល​លោក​បាន​ទូរស័ព្ទ​ទាក់​ទង​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​ ដើម្បី​ពិភាក្សា​អំពី​ផែន​ការ​របស់​គណបក្ស​​សង្គ្រោះជាតិ​ក្នុង​ការ​ហែក្បួន​ក្នុង​រាជធានី​នា​រសៀល​ថ្ងៃ​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី ចង់​ចាប់​ផ្ដើម​ការ​ចរចា​ឡើង​វិញ​ ប៉ុន្តែ​លោក​​បន្ថែ​ម​​​ថា លោក កឹម សុខា អនុ​ប្រធាន​​​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ដូច​ជា​ជំទាស់​ដាច់​ខាត​ដដែល។ លោក ស ខេង បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​មាន​ចម្ងល់​អំពី​ឯក​ឧត្តម​ សម រង្ស៊ី …​ដែល​លោក​​​មាន​ប្រសាសន៍​ថា បាន​បើក​ចំហចង់​បន្ត​ការ​ចរចា​។ ប៉ុន្តែ​លោក កឹម សុខា បាន​បិទ​ផ្លូវ​​ចរចា​។ ដូច្នេះ​ខ្ញុំ​មិន​យល់​ពី​បញ្ហា​នេះ​ឡើយ​”។

លោក​បាន​បន្ថែម​ថា គណបក្ស​ប្រជា​ជន​​កម្ពុជា​​ “រក្សារ​គោល​ជំហរ​របស់​ខ្លួន​ ហើយ​គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​ព្យា​យាម​បន្ត​ការ​ចរចា​ជាមួយពួកគេ​”។
លោក​ ស ខេង មិន​បាន​លើក​ឡើង​ពីការ​និយាយ​ជាមួយ​លោក កឹម សុខា ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​នៅ​​​​​កន្លែង​​​​តវ៉ា​របស់គណបក្ស​សង្គ្រោះ​​​​ជាតិ​នៅ​ក្នុង​រាជធានីភ្នំ​ពេញ កាលពីថ្ងៃ​អាទិ​ត្យ​​​​ដើម្បី​​​ជំទាស់​នឹង​លទ្ធ​ផល​បោះឆ្នោត​​ជាតិ​ផ្លូវ​​ការ​នោះ លោក កឹម សុខា នៅប្រកាន់​ជំហរ​ដដែល​​​ដោយ​និយាយ​ទៅកាន់​ក្រុម​មនុស្ស​ថា គណ​បក្ស​ប្រឆាំង​នឹង​ទទួល​យក​តែ​ការ​បោះ​ឆ្នោត​ជា​តិ​ឡើង​វិញ​តែ​ប៉ុណ្ណោះ។

លោក​បាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​ការ​ត្រឡប់ទៅកាន់​តុ​ចរចា​ជា​ការ​មិន​ល្អ​ឡើយ​ ​ “គឺ​សម្លាប់​ជាតិ​របស់​យើង​ទៅ​វិញទេ​”។ គេ​មិនអាច​ទាក់​ទង​លោក សម រង្ស៊ី ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ។ ទោះជា​យ៉ាង​ណា​លោក កឹម សុខា បាន​ច្រាន​ចោល​​ការ​លើ​ក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​រូប​នេះ​ដែលថា មាន​ការ​បែក​បាក់​នៅ​ក្នុង​គណបក្ស​ប្រឆាំង​នោះ។

លោក​មាន​ប្រសាសន៍​ថា “អ្វី​ដែល​លោក​ ​ស ខេង បាន​លើក​ឡើង​មាន​ន័យ​ថា ចង់​បំបែក​​​បំបាក់​យើងតែម្ត​ង​ ប៉ុន្តែ​យើង​បាន​​រួប​រួម​គ្នា ហើយ​លោក​បាន​បញ្ជាក់​ឡើង​​វិញ​ពីការ​ទាម​ទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​។ លោក កឹម សុខា បាន​​មាន​ប្រសាសន៍​ថា ​​“យើង​​​​​នឹង​ចរចា​ផ្អែក​លើ​គោល​ការ​ណ៍​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​តែ​ប៉ុណ្ណោះ​​។ ប្រសិន​បើ​​ពួកគេ​យល់ព្រម​​នឹង​ការ​​​ទាម​ទា​​រ​នេះ យើង​នឹងជួប​ពិភាក្សា​គ្នា​​”។

កាលពីសប្ដាហ៍​មុន​ លោក ស ខេង បាន​មាន​ប្រសាសន៍​ថា ការ​បោះឆ្នោត​ឡើង​វិញ​មិនអាច​ទៅ​រួច​ទេ។ ក្រសួង​មហាផ្ទៃ​ ​ធ្វើការ​អះអាង​ស្រដៀង​​​​​​គ្នា​មួយ​អំពី​ការ​បែក​បាក់​របស់​គណបក្ស​ប្រឆាំង​​​កាលពីខែ​តុលា នៅ​ពេល​​ដែល​លោក ​​ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​មួ​យ​លើក​ឡើង​ថា ការ​ចរចា​បាន​ជាប់​គាំង ដោយ​សារ​ប្រធាន​ និង​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ដាក់​លក្ខ​ខណ្ឌ​​ផ្ទុយ​គ្នា ​​​ចំពោះ​​​ការ​​​​អនុញ្ញាត​​​​ឲ្យ​សមាជិក​សភា​ទាំង​៥៥រូប​របស់​គណបក្ស​​​​សង្គ្រោះ​ជាតិ ចូល​​ប្រជុំ​សភា​។

រហូត​មក​ដល់ពេល​នេះ​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​បដិសេធ​ការ​អះអាង​នេះ។ ដោយ​ត្រូវ​បង្កើត​ឡើង​តាម​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ដឹក​នាំ​ដោយ​លោក កឹម សុខា កាលពីឆ្នាំ​២០១២​​នោះ គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ពុះពារ​​​​ជាប់​​​ជា​​​និច្ច​​​ចំពោះ​​​​ការ​លើក​​ឡើង​ថា ​​​ឯក​​​ភាព​​​​របស់​ខ្លួនងាយ​នឹង​បែក​បាក់​​៕សារុន​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស